អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

សាធារណរដ្ឋ​ចិន​ក្រោយ​សង្រ្គាម​លោក​លើកទី១៖ ​ស៊ុន យ៉ាតសេន ​ងាក​ទៅរក​កុម្មុយនិស្ត

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅសប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង អំពី​សាធារណរដ្ឋ​ចិន នៅ​ក្រោយ​សង្រ្គាម​លោកលើកទី១ ជាពិសេស អំពី​ការណ៍​ដែល​មេ​ដឹកនាំ​បដិវត្តន៍ ស៊ុន យ៉ាតសេន ងាក​ទៅចង​សម្ព័ន្ធភាព​ជាមួយ​នឹង​ពួក​កុម្មុយនិស្ត ដោយសារតែ​ខកចិត្ត​នឹង​ប្រទេស​លោកខាងលិច។

ស៊ុន យ៉ាតសេន មេដឹកនាំ​បដិវត្តន៍​ផ្តួលរំលំ​រាជវង្សឆេង នៅ​ឆ្នាំ​១៩១១
ស៊ុន យ៉ាតសេន មេដឹកនាំ​បដិវត្តន៍​ផ្តួលរំលំ​រាជវង្សឆេង នៅ​ឆ្នាំ​១៩១១
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​អំឡុង​សង្រ្គាម​លោកលើកទី១ ចិន​កំពុង​ស្ថិត​នៅ​ក្នុង​សង្រ្គាម​ផ្ទៃក្នុង គឺ​សង្រ្គាម​ រវាង​ យ័ន ស៊ីខាយ និង​ក្រុម​បដិវត្តន៍​ស៊ុន យ៉ាតសេន និង​ក្រោយ​មក​ទៀត គឺ​ភាពអនាធិបតេយ្យ និង​ជម្លោះ​រវាង​មេកន្រ្ទាញ ដែល​កើតឡើង នៅ​ក្រោយ​មរណភាព​របស់​ យ័ន ស៊ីខាយ នៅ​ឆ្នាំ​១៩១៦។

សូមអាន៖ សាធារណរដ្ឋ​ចិន​ក្រោយ​បដិវត្តន៍​ឆ្នាំ​១៩១១

ក៏ប៉ុន្តែ បើទោះជាយ៉ាងនេះ​ក៏ដោយ ចិន​បាន​គាំទ្រ​ក្រុមសម្ព័ន្ធមិត្ត ​អាមេរិក អង់គ្លេស និង​បារាំង ដើម្បី​ច្បាំង​ទល់​នឹង​អាល្លឺម៉ង់។ កម្មករចិន​​ប្រមាណ​ជា ១៤ម៉ឺននាក់ ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​ធ្វើការ​នៅ​​អឺរ៉ុប ដើម្បី​ជួយ​សម្ព័ន្ធមិត្ត ហើយ​ក្រោយ​មក​ទៀត ចិន​បាន​​ប្រកាស​សង្រ្គាម​ជា​ផ្លូវការ​​លើ​អាល្លឺម៉ង់ និង​អូទ្រីសហុងគ្រី នៅខែ​សីហា ឆ្នាំ​១៩១៧។

នៅពេលនោះ ចិនរំពឹង​ថា នៅ​ពេល​ទទួល​ជោគជ័យ ប្រទេស​សម្ព័ន្ធមិត្ត​អាមេរិក-អង់គ្លេស-បារាំង​នឹង​ជួយ​ឲ្យ​ចិន​យក​ទឹកដី​ពី​បរទេស​មក​គ្រប់គ្រង​វិញ ជាពិសេស ដែនដីដែល​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​អាល្លឺម៉ង់។ ក៏ប៉ុន្តែ ផ្ទុយស្រឡះ​ពី​ការរំពឹងទុក នៅ​ក្នុង​ពេល​ចុះ​សន្ធិសញ្ញា​សន្ធិភាព​នៅ Versailles បញ្ចប់​សង្រ្គាម​លោក​លើកទី១ បណ្តា​ប្រទេស​លោកខាងលិច​បែរ​ជា​បាន​សម្រេច​ប្រគល់​ដែនដី​​នៅ​ប៉ែក​ខាង​ជើង​ប្រទេស​ចិន ដែល​ធ្លាប់​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អាល្លឺម៉ង់ ទៅ​ឲ្យ​ជប៉ុន​ជា​អ្នក​កាន់កាប់​ទៅ​វិញ ដោយសារ​តែ​ជប៉ុន បាន​ចូល​រួម​ធ្វើ​សង្រ្គាម​ទល់​នឹង​អាល្លឹម៉ង់ តាំងពីដើមទី គឺ​តាំង​ពី​ខែ​សីហា ឆ្នាំ​១៩១៤។

ទទួល​បាន​ដំណឹង​នេះ និស្សិតចិន​រាប់ពាន់នាក់​បាន​នាំគ្នា​ចេញ​ធ្វើ​បាតុកម្ម​ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​សន្ធិសញ្ញា​ Versailles ហើយ​ចលនា​​និស្សិត​នេះ​ក៏​បាន​រាលដាល​ទៅ​ជា​ចលនា​ប្រឆាំង​ទៅនឹង​ចក្រពត្តិនិយម​បរទេស​ផង និង​ប្រឆាំង​ទៅនឹង​ផ្នត់គំនិត​ចាស់គំរឹល​របស់​ចិន​ផង ដែល​គេ​យល់ថា​ជា​ដើមហេតុ នៃ​ការ​ធ្លាក់ចុះទន់ខ្សោយ​របស់​ចិន ទល់​នឹង​បរទេស។ ចេញ​ពី​ចលនា​ប្រឆាំង​នេះ​ហើយ ដែល​ជា​ឫសគល់​នៃ​ការចាប់កំណើត​​ចលនា​កុម្មុយនិស្ត​ចិន។

ទង្វើ​របស់​ប្រទេស​មហាអំណាច​ប្រជាធិបតេយ្យ​លោកខាងលិច ដែល​ត្រូវ​បាន​ប្រជាជន​ចិន​ចាត់ទុក​ថា​ជា​ការ​ក្បត់មិត្ត គឺ​ជា​ចំណុច​របត់​ដ៏​សំខាន់មួយ នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ចិន​សម័យ​ទំនើប ហើយ​វា​ក៏​ជា​របត់​ដ៏សំខាន់​មួយ​ដែរ នៃ​ចលនាបដិវត្តន៍​របស់​ស៊ុន យ៉ាតសេន។

សូមអាន៖ បដិវត្តន៍​ផ្តួលរំលំ​របបរាជានិយម​ចិន ឆ្នាំ​១៩១១

កាលពីមុន ស៊ុន យ៉ាតសេន ដែល​ទទួល​ការ​អប់រំ នៅ​ប្រទេស​លោកខាងលិច តែងតែ​សំឡឹង​ទៅ​មហាអំណាច​ប្រជាធិបតេយ្យ​លោកខាងលិច​ថា​ជា​គំរូ និង​ជា​ជំនួយ ដើម្បី​នាំ​ប្រទេស​ចិន​ឆ្ពោះទៅរក​គន្លងផ្លូវ​ប្រជាធិបតេយ្យ។ ក៏ប៉ុន្តែ ពេលនេះ ស៊ុន យ៉ាតសេន បាន​កំណត់​ក្នុង​ចិត្ត​ថា ប្រទេស​ដែល​បិតា​ប្រជាធិបតេយ្យ​អស់ទាំងនេះ​គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន និង​ពី​ការ​កេងប្រវ័ញ្ច​លើ​ចិន​តែ​ប៉ុណ្ណោះ ដោយ​គ្មាន​ចាប់អារម្មណ៍​ទៅនឹង​ការ​នាំ​លទ្ធិប្រជាធិបតេយ្យ​មក​ឲ្យ​ចិន​អ្វី​នោះទេ។

ព្រមពេលជាមួយ​នឹង​ការ​ខកចិត្ត​ជាមួយ​នឹង​ប្រទេស​មហាអំណាច​ប្រជាធិបតេយ្យ​​លោក​ខាងលិច ជោគជ័យ​នៃ​បដិវត្តន៍​បុលឆេវិក​នៅ​រុស្ស៊ី ក៏​បាន​ទាក់ទាញ​​ ស៊ុន យ៉ាតសេន ឲ្យ​ងាក​ទៅ​រក​ពួក​កុម្មុយនិស្ត​វិញ​ម្តង។ ជាការពិត​ថា ស៊ុន យ៉ាតសេន មិនគាំទ្រ​ទាំងស្រុង​នូវ​មនោគមន៍​វិជ្ជា​កុម្មុយនិស្ត​ម៉ាក្ស-លេនីន​នោះទេ ក៏ប៉ុន្តែ មាន​ចំណុច​សំខាន់​ពីរ ដែល​ទាក់ទាញ​លោក​ឲ្យ​ងាក​ទៅរក​កុម្មុយនិស្ត​រុស្ស៊ី។

ទីមួយ ​​ស៊ុន យ៉ាតសេន​សំឡឹង​ឃើញ​ពី​គំរូ​នៃប្រសិទ្ធភាព​​របស់​បដិវត្តន៍​កុម្មុយនិស្ត​​នៅ​ក្នុងការ​ដណ្តើម​អំណាច​ និង​ពង្រឹងអំណាច​នៅ​រុស្ស៊ី និង​ទីពីរ គឺ​ភាព​ស្មោះត្រង់ និង​យុត្តិធម៌​របស់​រដ្ឋាភិបាល​កុម្មុយនិស្ត​រុស្ស៊ី ដែល​បង្ហាញ​ឲ្យ​ឃើញ​តាមរយៈ​ការ​ស្ម័គ្រចិត្ត​លុបចោល​ដោយ​ខ្លួនឯង នូវ​កិច្ចព្រមព្រៀង ដែល​ស្តេចត្សារ៍​រុស្ស៊ី​​ធ្លាប់បាន​ចុះ​ជាមួយ​ស្តេចឆេង កាល​ពី​សតវត្សរ៍ទី១៩ ហើយ​ដែល​ជា​កិច្ចព្រមព្រៀង​មាន​ភាព​លម្អៀង​ខ្លាំង​ទៅ​ខាង​រុស្ស៊ី។

សូមអាន៖ បដិវត្តន៍​រុស្ស៊ី ឆ្នាំ​១៩១៧

នៅ​ឆ្នាំ​១៩២០ ស៊ុន យ៉ាតសេន ក៏បាន​ចាប់ផ្តើម​ជួបពិភាក្សា​ជាមួយ​នឹង​តំណាង​បក្សកុម្មុយនិស្ត​សូវៀត ហើយ​បក្ស​កុម្មុយនិស្ត​សូវៀត​បាន​សន្យា​ជាមួយ​នឹង​ស៊ុន យ៉ាតសេន​ថា​នឹង​ផ្តល់​ជំនួយ​យោធា និង​ផ្តល់​ទីប្រឹក្សា​នៅ​ក្នុងការ​ធ្វើ​បដិវត្តន៍ ប្រសិនបើ​គណបក្ស​ជាតិនិយម​គួមីនតាង​សុខចិត្ត​ចងសម្ព័ន្ធភាព​ជាមួយ​នឹង​បក្ស​កុម្មុយនិស្ត​ចិន​ដែល​ទើប​នឹង​បង្កើត​ថ្មី ដើម្បី​រួមគ្នា​ដណ្តើម​អំណាច​ពី​ពួកមេកន្ទ្រាញ​ចិន។ សំណើ​ដែល​ត្រូ​វបាន​ស៊ុន យ៉ាតសេន និង​គណបក្ស​ជាតិនិយម​គួមីនតាង​​សុខចិត្ត​ទទួល​យក។

នៅ​ឆ្នាំ​១៩២៣ ស៊ុន យ៉ាតសេន បាន​ចាប់ផ្តើម​រៀបចំ​ឡើងវិញ​នូវ​រចនាសម្ព័ន្ធ និង​គោលនយោបាយ​របស់​គណបក្ស​គួមីនតាង ដោយ​ដើរតាម​មាគ៌ា​របស់​លេនីន ពោលគឺ សមាជិក​បក្ស​ត្រូវ​តែ​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិន័យ​បក្ស និង​អនុវត្ត​នូវ​អ្វី​ៗ​ទាំងអស់​ដែល​សម្រេច​ដោយ​​​មេដឹកនាំ​បក្ស។

លើសពីនេះ​ទៅទៀត គណបក្ស​គួមីនតាង​បាន​ចាប់ដៃ​សហការ​ខាង​ផ្នែក​យោធា​ជាមួយ​បក្ស​កុម្មុយនិស្ត​ចិន ដោយ​បាន​បង្កើត​សាលាហ្វឹកហ្វឺន​នាយទាហាន​រួម​មួយ នៅ​ខេត្ត​ខ្វាងទុង ប៉ែក​ខាងត្បូង​ប្រទេសចិន ដោយ​មាន​ចាង កាយចៀក ជា​នាយកសាលា។

សូមអាន៖ ប្រវត្តិរបស់​លេនីន ស្ថាបនិក​នៃ​បក្ស​កុម្មុយនិស្ត​រុស្ស៊ី

ក៏ប៉ុន្តែ ជារឿយៗ​ភាពតានតឹង​តែងតែ​កើតមាន​ឡើង នៅ​ក្នុង​ទំនាក់ទំនង​រវាង​ពួក​គួមីនតាង និង​ពួក​កុម្មុយនិស្ត​ចិន ដោយសារ​តែ​ពួកកុម្មុយនិស្ត​ប្រកាន់​នូវ​ជំហរតឹងរ៉ឹង​បំផុត នៅ​ក្នុង​គោលដៅ​បង្កើត​រដ្ឋកុម្មុយនិស្ត​ចិន និង​ការ​លុបបំបាត់​វណ្ណៈ​សក្តិភូមិ​ដែល​បន្សល់ទុក​ពី​របបរាជានិយម។ ចំណែក​ពួក​គួមីនតាងវិញ​ផ្តោត​អាទិភាព​ចម្បងតែ​ទៅលើ​ការ​ដណ្តើម​អំណាច​ពី​ពួកមេកន្ទ្រាញ ដើម្បី​ឈានទៅ​បង្រួបបង្រួម​ប្រទេស​ចិន ឲ្យ​ក្លាយទៅជា​ប្រទេស​មួយ​ដែល​មាន​ឧស្សាហកម្ម​ជឿនលឿន។

ក៏ប៉ុន្តែ បើទោះបីជា​មាន​ភាព​តានតឹង​ច្រើន​ក៏ដោយ សម្ព័ន្ធភាព​រវាង​គួមីនតាង និង​បក្ស​កុម្មុយនិស្ត​ ​ចេះតែ​បន្ត​ស្ថិតស្ថិរ​ទៅមុខ ដោយសារ​តែ​មាន​​ ស៊ុន យ៉ាតសេន ជាជំហរ។ ស៊ុន យ៉ាតសេន ដែល​ជា​ឥស្សរជន​ទទួល​បាន​នូវការ​គោរព​​កោតខ្លាច​ ទាំង​នៅ​ក្នុង​ចំណោម​អ្នក​ជាតិនិយម​គួមីនតាង និង​ក្នុង​ចំណោម​ពួក​កុម្មុយនិស្ត។ តែអ្វីៗ​ចាប់ផ្តើម​ប្រែប្រួល​ខ្លាំង នៅ​ឆ្នាំ​១៩២៥ នៅ​ក្រោយ​ពី​ស៊ុន យ៉ាតសេន ទទួលមរណភាព​ដោយ​ជំងឺ​មហារីក ហើយ​ចាង កាយចៀក ដែល​ជា​អ្នក​នយោបាយ​ស្តាំនិយម ហើយ​​មិនចូលចិត្ត​ពួក​កុម្មុយនិស្ត ​បាន​ឡើង​មក​ដឹកនាំ​គណបក្ស​គួមីនតាង។
 

ចាង កាយចៀក (Chiang Kai-Shek) មេដឹកនាំ​គណបក្ស​គួមីនតាង​បន្ត​ពី ​ស៊ុន យ៉ាតសេន
ចាង កាយចៀក (Chiang Kai-Shek) មេដឹកនាំ​គណបក្ស​គួមីនតាង​បន្ត​ពី ​ស៊ុន យ៉ាតសេន

នៅ​ពាក់កណ្តាល​ឆ្នាំ​១៩២៦ ចាង កាយចៀក បាន​ចាប់ផ្តើម​បើក​ប្រតិបត្តិការ​យោធា​​ ​ទ្រង់ទ្រាយធំ ដោយ​បាន​​​ដណ្តើម​កាន់កាប់​ទឹកដី​ពី​មេកន្រ្ទាញ​ចិន​ម្តងមួយៗ សំដៅ​ទៅផ្តួលរំលំ​រដ្ឋាភិបាល នៅ​ប៉េកាំង។

គិតត្រឹមឆ្នាំ​១៩២៧ កងទ័ព​របស់​ចាង កាយចៀក មាន​កម្លាំង​កាន់តែ​ខ្លាំង ដោយ​វាយ​ដណ្តើម​កាន់កាប់​ទឹកដី​​ចិន​បាន​មួយ​ផ្នែកធំ ជាពិសេស កាន់កាប់​បាន​ទីក្រុង​ណានជីង ដែល​ជា​អតីត​រាជធានី​នៃ​រាជវង្សម៉េង និង​ទីក្រុង​សៀងហៃ ដែល​ជា​ក្រុង​ពាណិជ្ជកម្ម​ដ៏​សំខាន់។

នៅពេល​ដែល​មើលឃើញ​ថា ជោគជ័យ​ចុងក្រោយ​​កាន់តែ​ខិតជិតចូល​មក​ដល់ នៅ​ខែ​មេសា ឆ្នាំ​១៩២៧ ចាង កាយចៀក ក៏ស្រាប់តែ​បាន​បើក​ប្រតិបត្តិការ​​បោសសម្អាត​ពួក​កុម្មុយនិស្ត​​ ដែល​ធ្លាប់​ជា​សម្ព័ន្ធមិត្ត ចេញ​ពី​ចលនា​បដិវត្តន៍​ ដោយ​ចាប់ផ្តើម​ចេញ​ពី​​ទីក្រុង​សៀងហៃ ដែល​ពួក​កុម្មុយនិស្ត​រាប់ពាន់នាក់​ត្រូវ​បាន​ក្រុម​របស់​ចាង កាយចៀក ចាប់ខ្លួន និង​សម្លាប់​ចោល នៅ​ក្នុង​ហេតុការណ៍​មួយ ដែល​គេ​ឲ្យ​ឈ្មោះ​ថា “ការសម្លាប់រង្គាល​នៅ​សៀងហៃ” (ថ្ងៃទី១២ ខែមេសា ឆ្នាំ​១៩២៧)។ បន្ទាប់មក ប្រតិបត្តិការ​បោសសម្អាត​ពួក​កុម្មុយនិស្ត​នេះ​ត្រូវ​បាន​ពង្រីក​ចេញ​ពី​ទីក្រុង​សៀងហៃ ទៅកាន់​តំបន់​ផ្សេងៗ​ទៀត។

គិតជាសរុប មេដឹកនាំ សមាជិក ព្រមទាំង​អ្នក​គាំទ្រ​បក្ស​កុម្មុយនិស្ត​ចិន​ប្រមាណ​ជាង ៣០ម៉ឺននាក់ ត្រូវស្លាប់ នៅ​ក្នុង​ជម្លោះ​ជាមួយ​ក្រុម​របស់​ចាង កាយចៀក។ ក្រុម​កុម្មុយនិស្ត​ដែល​រួច​ពីស្លាប់​ក៏​បាន​នាំគ្នា​រត់​ចេញ​ពី​ទីក្រុង ទៅ​លាក់ខ្លួន និង​បង្កើត​ចលនាតស៊ូ នៅ​តាម​ទីជនបទ។

ចំណែក ​ចាង កាយចៀកវិញ​​ បាន​ប្រកាស​បង្កើត​រដ្ឋាភិបាល​សាធាណរដ្ឋ​មួយឡើង នៅ​ឆ្នាំ​១៩២៨ ដោយ​យក​ទីក្រុង​ណានជីង​ធ្វើ​ជា​រដ្ឋធានី ហើយ​ចាង កាយចៀក​ផ្ទាល់ គឺ​ជា​ប្រធានាធិបតី​នៃ​សាធាណរដ្ឋ​ថ្មីនេះ។

ចាប់ពីឆ្នាំ​១៩២៨ ដល់​ឆ្នាំ​១៩៣៣ សាធារណរដ្ឋ​ចិន ក្រោម​ការដឹកនាំ​របស់ ចាង កាយចៀក បាន​​ស្តារឡើងវិញ នូវ​​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​ចិន ហើយ​ដែនដី​ដែល​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​បរទេស​ក៏​ត្រូវ​បាន​កាត់បន្ថយ​អស់​ជិត​ពាក់កណ្តាល​ផងដែរ។ ម្យ៉ាងទៀត វិស័យ​ឧស្សាហកម្ម​ទំនើបៗ​របស់​ចិន​ក៏​ចាប់ផ្តើម​រីកដុះដាល ហើយ​សេដ្ឋកិច្ច​​ក៏​ស្គាល់​នូវការ​អភិវឌ្ឍ ជាពិសេស នៅតាម​ទីក្រុង​ធំៗ។

ក៏ប៉ុន្តែ សុខសន្តិភាព និង​ការអភិវឌ្ឍ​នេះ​បាន​កើតមានឡើង​តែ​មួយរយៈពេល​ខ្លី​ប៉ុណ្ណោះ។ មិនយូរ​ប៉ុន្មានក្រោយ​មក ចិន​ក៏​បាន​ធ្លាក់​ទៅ​ក្នុង​សង្រ្គាម​ស៊ីវិល​សាជាថ្មីម្តងទៀត ម្តងនេះ គឺ​​សង្រ្គាម​ រវាង​រដ្ឋាភិបាល​គួមីនតាង​របស់​ចាង​ កាយចៀក និង​ចលនាបដិវត្តន៍​កុម្មុយនិស្ត​ដឹកនាំ​ដោយ​ម៉ៅសេទុង។ សង្រ្គាម​ស៊ីវិល ដែល​មាន​ឫសគល់​ចេញ​ពី​ការកាប់សម្លាប់​ពួក​កុម្មុយនិស្ត ដោយ​ក្រុម​ចាង កាយចៀក កាល​ពី​ឆ្នាំ​១៩២៧៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ