អានតួអត្ថបទ
កម្ពុជា

សង្គម​ស៊ីវិល​ ទាមទារ​ឲ្យ​រដ្ឋាភិបាល ​បង្ហាញ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​បច្ចេក​វិទ្យា​ជា​សាធារណៈ

ជាថ្មី​ម្ដង​ទៀត​ អង្គការ​សង្គម​ស៊ីវិល​មួយ​ក្រុម​ ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​សិទ្ធិសេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល ​បង្ហាញ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​បច្ចេក​វិទ្យា​ជា​សាធារណៈ។ ​ជា​ការ​ទាមទារ​ ដែល​ធ្វើ​ឡើង​តាម​រយៈ​យុទ្ធនា​ការ​ចុះ​ហត្ថលេខា​លើ​ញត្តិ​ តាម​ប្រព័ន្ធ​អ៊ីនធឺណែត​ ដែល​បាន​ចាប់​ផ្ដើម​កាល​ពី​ដើម​សប្ដាហ៍​នេះ។

ហ្វេសបុក​ជា​បណ្តាញ​សង្គ​ម​ដ៏​ពេញ​និយម​ដែល​អាច​អនុញ្ញាត​អោយ​មនុស្ស​ធ្វើ​ការ​បញ្ចេញ​មតិ​បាន​។​
ហ្វេសបុក​ជា​បណ្តាញ​សង្គ​ម​ដ៏​ពេញ​និយម​ដែល​អាច​អនុញ្ញាត​អោយ​មនុស្ស​ធ្វើ​ការ​បញ្ចេញ​មតិ​បាន​។​ REUTERS/Eric Thayer/Files
ផ្សាយពាណិជ្ជកម្ម

ញត្តិ​ដែលមាន​ចំណងជើង​ថា «ដោះលែង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត» ឬ​ជា​ភាសា​អង់គ្លេស​ថា «Free The Net» ត្រូវបាន​ចែកចាយ​យ៉ាង​ទូលំទូលាយ នៅតាម​បណ្ដាញ​សង្គម ក្នុងអំឡុងពេល​ពីរ​បី​ថ្ងៃ​ចុង​ក្រោយនេះ។ វា​ជាញ​ត្តិ ដែល​រៀបចំ​ដោយ​អង្គការ​សង្គម​ស៊ីវិល​មួយក្រុម ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ ដូចជា គណៈកម្មាធិការ​សហ​ប្រតប​ត្តិ​ការ​ដើម្បី​កម្ពុជា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯក​​រាជ្យ​​ជាដើម។ ញត្តិ​នេះ រៀបចំឡើង​ក្នុង​បំណង​ទាមទារ​ឲ្យ​រដ្ឋាភិបាល បង្ហាញ​សេចក្ដី​ព្រាង​ច្បាប់​​ស្ដីពី​ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ជា​សាធារណៈ។

កញ្ញា ឆាយ ឈុនលី មន្ដ្រី​សម្របសម្រួល​គម្រោង​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា មាន​ប្រសាសន៍ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ នៅ​ថ្ងៃ​សៅរ៍ ទី០៨វិច្ឆិកា​នេះ​ថា រហូតមកទល់​ពេលនេះ សង្គម​ស៊ីវិល​នៅ​មិនទាន់​ដឹង​ព័ត៌មាន​ជា​ផ្លូវការ​ណាមួយ ពាក់ព័ន្ធ​នឹង​សេចក្ដីព្រាងច្បាប់​ស្ដីពី​ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​នៅឡើយ​ទេ។ បើតាម​មន្ដ្រី​សិទ្ធិមនុស្ស​ដដែល កង្វះ​ព័ត៌​មាន​​បានធ្វើ​ឲ្យ​សង្គម​ស៊ីវិល​ព្រួយបារម្ភ​ថា ពេលដែល​ច្បាប់​ចេញមក អាច​កម្រិត​សិទ្ធិ​សេរី​ភាព​នៃ​ការបញ្ចេញមតិ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត របស់​ប្រជាពលរដ្ឋ​កម្ពុជា។

កញ្ញា ឆាយ ឈុនលី ឲ្យ​ដឹង​បន្ថែមទៀតថា សង្គម​ស៊ីវិល គ្មាន​បំណង​បង្អាក់ ឬ​រារាំង​ការរៀបចំ​បង្កើត​ច្បាប់​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា​ឡើយ។ និង​ថា តាម​ការពិត សង្គម​ស៊ីវិល​គាំទ្រ​ឲ្យ​មាន​ច្បាប់​​ស្ដីពី​ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា ដ៏​មាន​សារៈសំខាន់​នេះ។ គោលបំណង​របស់​សង្គម​ស៊ីវិល បើតាម​កញ្ញា ឆាយ ឈុនលី គឺ​ចង់​ឲ្យ​រដ្ឋាភិបាល បង្ហាញ​សេចក្ដីព្រាងច្បាប់​ស្ដីពី​ឧក្រិដ្ឋ​កម្ម​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​នេះ ជា​សាធារណៈ មុននឹង​បញ្ជូនទៅ​ឲ្យ​រដ្ឋសភា​អនុម័ត​តែ​ប៉ុណ្ណោះ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ