អានតួអត្ថបទ
កម្ពុជា

សង្គម​ស៊ីវិល​បង្ហាញ​ក្តី​បារម្ភ​ពី​ការការពារ​សិទ្ធមនុស្ស ខណៈ​លោកស្រី​រ៉ូណា ស្មីត​ទស្សនៈកិច្ច​នៅ​កោះកុង

សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ខាង​ជួយ​ការពារ​សិទ្ធមនុស្ស​ប្រចាំ​នៅក្នុង​ខេត្តកោះកុង បាន​បង្ហាញ​ពី​ក្តីកង្វល់​របស់​ខ្លួន​ទៅ​កាន់​លោក​ស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​ថ្មី​របស់​អង្គការសហប្រជាជាតិ នៅ​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ។ ការ​បង្ហាញ​ពីនេះ​ត្រូវបាន​ធ្វើឡើង​នៅ​ខណៈដែល​លោកស្រី​ធ្វើដំណើរ​ទៅកាន់​ខេត្ត​កោះកុង ដើម្បី​សាកសួរ​និង​ប្រមូល​ព័ត៌មាន​នានា ទាក់ទង​នឹង​ការគោរព​ច្បាប់ សិទ្ធិមនុស្ស និង​ការវិនិយោគ។

ដី​ស្រែ​ប្រជាពលរដ្ឋ នៅ​ឃុំ​តានូន ឃុំ​តានូន ស្រុក​បុទុម​សាគរ ខេត្ត​កោះកុង ដែល​ត្រូវ​ក្រុមហ៊ុន​ចិន​ឈូស​ឆាយ
ដី​ស្រែ​ប្រជាពលរដ្ឋ នៅ​ឃុំ​តានូន ឃុំ​តានូន ស្រុក​បុទុម​សាគរ ខេត្ត​កោះកុង ដែល​ត្រូវ​ក្រុមហ៊ុន​ចិន​ឈូស​ឆាយ Kongchit In
ផ្សាយពាណិជ្ជកម្ម

លោក​អ៊ិន កុង​ជិត មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អង្គការ​លីកាដូ ប្រចាំ​នៅ​ខេត្តកោះកុង បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃទី ១៩ កញ្ញា​នេះ​ថា ក្រុម​សង្គម​ស៊ីវិល​បានបង្ហាញ​ពី​ក្តីកង្វល់​របស់ខ្លួន ក្នុងការ​បំពេញ​ការងារ​ជា​អ្នក​ការពារ​សិទ្ធិមនុស្ស ទៅកាន់​លោកស្រី​រ៉ូ​ណា ស្មី​ត នៅ​ខណៈដែល​លោកស្រី​ទៅ​បំពេញ​ការងារ​និង​ប្រមូល​ព័ត៌មាន​ស្តីពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ទីនោះ។

 

ក្តីកង្វល់​ដែល​មន្ត្រី​ការពារ​សិទ្ធមនុស្ស​រូបនេះ​ថ្លែង​ទៅកាន់​អ្នករាយការណ៍​ពិសេស​ថ្មី​របស់​អង្គការ​សហប្រជាជាតិ រួមមាន​ការ​ហាមឃាត់ និង​រារាំង​ពី​សមត្ថកិច្ច និង​អាជ្ញាធរ ដែល​មិន​ឲ្យ​ក្រុមមន្ត្រី​ការ​ការពារ​សិទ្ធមនុស្ស​មកពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​បំពេញ​ការងារ​របស់​ពួកគេ​បាន​ដោយ​រលូន។

សូម​រំលឹក​ជូន​ថា​កាលពី​ថ្ងៃទី ២ កញ្ញា​កន្លង​ទៅ​នេះ ព្រះរាជ​អាជ្ញា​ខេត្តកោះកុង បានដាក់​បញ្ជា​ឲ្យ​ឃាត់ខ្លួន​មនុស្ស​១៧​នាក់ ដែល​រួមមាន​មន្ត្រី​ការពារ​សិទ្ធមនុស្ស សិស្ស​និស្សិត និង​ប្រជា​សហគមន៍ អស់​ជាច្រើន​ម៉ោង។ ហើយ​ការ​ឃាត់​ខ្លួន​នេះ​ត្រូវ​បាន​លោក អ៊ិន កុង​ជិត​ហៅថា​ជាការ​រារាំង​មិន​ឲ្យ​ពួកគាត់ អាច​ឃ្លាំមើល​ពី​ហេតុការណ៍​និង​សកម្មភាព​របស់​អាជ្ញាធ​រ និង​សមត្ថកិច្ច​នៅ​ពេល​ដែល​ចុះទៅ​បំបែកហ្វូង​របស់​ប្រជា​សហគមន៍​ដែល​តែងតែ​ធ្វើ​ការតវ៉ា​ពី​រឿង​បញ្ហាដីធ្លី​នានា។

ស្របពេល​ជាមួយគ្នា​នេះ មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អង្គការ​លីកាដូ​រូបនេះ​ក៏​សង្ឃឹម​ថា​លោក​ស្រី​រ៉ូណា ស្មី​ត និង​នាំយក​ក្តីកង្វល់​របស់​ពួកគាត់​ទៅ​ជម្រាបជូន​លោក​អភិបាល​ខេត្តកោះកុង និង​រដ្ឋាភិបាល​កម្ពុជា​ផងដែរ។ ហើយ​លោក​ក៏បាន​សំណូម​ពូរ​ឲ្យ​អាជ្ញាធរ និង​តុលាការ​ខេត្ត​ចាត់ទុក មន្ត្រី​ការពារ​សិទ្ធិមនុស្ស​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល ជា​ដៃគូ​ដ៏​ល្អ ដើម្បី​ជួយ​បំពេញ​ការងារ​មនុស្សធម៌​ជូន​ដល់​ប្រជា​ពលរដ្ឋ ដោយ​មិនត្រូវ​រារាំង​មិន​ឲ្យ​ឃ្លាំមើល​ហេតុការណ៍​ណាមួយ​នោះទេ។

សូម​ជម្រាបជូន​ថា លោកស្រី​រ៉ូ​ណា ស្មី​ត គឺជា​អ្នករាយការណ៍​ពិសេស​ថ្មី​ស្តីពី​ស្ថានភាព​សិទ្ធ​មនុស្ស​នៅ​កម្ពុជា ដែល​ជំនួស​តំណែង​របស់លោក​សូរិយា ប្រាសាទ ស៊ូប៊ែឌី។ នេះ​គឺជា​ដំណើរ​ទស្សនៈកិច្ច​លើក​ទី១ របស់​លោក​ស្រី​រ៉ូ​ណា ស្មីត​មកកាន់​កម្ពុជា ដែល​ផ្តើម​ឡើង​ចាប់ពី​ថ្ងៃទី ១៦ ដល់​ថ្ងៃទី ២៤​កញ្ញា​ខាងមុខនេះ។ មុន​នឹង​ចាកចេញ​ពី​កម្ពុជា លោក​ស្រី​ក៏​នឹង​ធ្វើ​សន្និសីទ​កាសែត បង្ហាញ​ពី​ការប្រមូល​ព័ត៌មាន​ស្តីពី​ស្ថានភាព​សិទ្ធមនុស្ស​នៅ​កម្ពុជា​នៅ​ថ្ងៃទី ២៤ កញ្ញា​ផងដែរ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ