អានតួអត្ថបទ
កម្ពុជា

គណបក្ស​សង្គ្រោះ​ជាតិ ផ្លាស់​ប្ដូរ​កន្លែង​ប្រារព្ធ​ពិធី​វេទិកា​សាធារណៈ នៅ​ខេត្ត​កំពង់ធំ

នៅ​ថ្ងៃ​ចន្ទ​នេះ វេទិកា​សាធារណៈ​ដែល​លោក​កឹម សុខា គ្រោង​ធ្វើ​​នៅ​ភូមិ​ទួល​ដំណាក់ ឃុំ​ចុង​ដូង ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ត្រូវ​ប្ដូរ​ទៅ​ធ្វើ​នៅ​ទី​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទី​រួម​ខេត្ត​កំពង់ធំ​វិញ។ បើ​តាម​មន្ដ្រី​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​កំពង់ធំ វេទិកា​សាធារណៈ របស់​បក្ស​ប្រឆាំង​នៅ​ថ្ងៃ​នេះ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​ការ​ឃ្លាំ​មើល​យ៉ាង​ដិត​ដល់​ពី​សំណាក់​អាជ្ញាធរ មាន​សមត្ថកិច្ច ព្រម​ទាំង​ការ​បើក​ឡាន​ក្រឡឹង​ទៅ​មក របស់​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។ ទោះ​ជា​យ៉ាង​នេះ​ក្ដី មិន​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា ឬ​ការ​ប៉ះ​ទង្គិច​ណាមួយ​កើត​មាន​ឡើយ។

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៤។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៤។
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ចន្ទ ទី​២៧​មករា​នេះ លោក​កឹម សុខា បាន​ចុះ​ទៅ​ជួប​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ នៅ​ខេត្ត​កំពង់ធំ។ ការ​ចុះ​ជួប​សកម្មជន​របស់​លោក​កឹម សុខា​នេះ ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​លោក​ត្រូវ​បាន​សកម្ម​ជន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ឡោមព័ទ្ធ​នៅ​សណ្ឋាគារ​ដែល​លោក​ស្នាក់​នៅ ក្នុង​ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៦​មករា។

លោក ស៊ុន ចន្ធី មន្ដ្រី​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ខេត្ត​កំពង់ធំ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា វេទិកា​សាធារណៈ​ដែល​បក្ស​ប្រឆាំង​គ្រោង​ធ្វើ​​នៅ​ភូមិ​ទួល​ដំណាក់ ឃុំ​ចុង​ដូង ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ត្រូវ​ប្ដូរ​ទៅ​ធ្វើ​នៅ​ទី​ស្នាក់​ការ​គណបក្ស​​ នៅ​ទី​រួម​ខេត្ត​កំពង់ធំ​វិញ។​ មូលហេតុ​នៃ​ការ​ផ្លាស់​ប្ដូរ​ទីតាំង​ប្រារព្ធ​ពិធី ត្រូវ​បាន​លោក​ស៊ុន ចន្ធី ឲ្យ​ដឹង​ថា គឺ​ដោយ​សារ​តែ​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​ប្រារព្ធ​ធ្វើ​វេទិកា​សាធារណៈ នៅ​ឃុំ​ចុង​ដូង។

បើ​តាម​មន្ដ្រី​បក្ស​ប្រឆាំង​​ប្រចាំ​ខេត្ត​កំពង់ធំ​នេះ​ដដែល​ វេទិកា​សាធារណៈ​របស់​លោក​កឹម សុខា បាន​ប្រព្រឹត្ត​ទៅ​ក្រោម​ការ​ឃ្លាំ​មើល​យ៉ាង​ដិត​ដល់​ពី​សំណាក់​អាជ្ញាធរ​​ខេត្ត ព្រម​ទាំង​ការ​បើក​ឡាន​​ក្រឡឹង​ទៅ​មក របស់​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។ ក្នុង​នោះ ក៏​មាន​ការ​ពង្រាយ​កង​កម្លាំង ប្រដាប់​ដោយ​ខែល និង​ដំបង ពាស​ពេញ​ទី​រួម​ខេត្ត​កំពង់ធំ​ផង​ដែរ។​ បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក ស៊ុន ចន្ធី ​អះអាង​ថា មិន​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា ឬ​ការ​ប៉ះ​ទង្គិច​ណាមួយ​កើត​មាន​ឡើយ។

ប្រធាន​ស្ដីទី​​គណបក្ស​សង្គ្រោះ​ជាតិ លោក​កឹម សុខា បាន​ថ្លែង​​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ជា​ច្រើន​រយ​នាក់ អំពី​គោលនយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​បាន​លើក​ឡើង​ពី​ជំហ​រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ។ ជា​ជំហរ​​ទាមទារ​យុត្តិធម៌ ជូន​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត តាម​រយៈ​ការស៊ើប​អង្កេត​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត និង​​បោះ​ឆ្នោត​ឡើង​វិញ​ជា​ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ