អានតួអត្ថបទ
កម្ពុជា

គណបក្ស​សង្គ្រោះជាតិ​បង្ហាញ​យុទ្ធវិធី​៣​យ៉ាង ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត

បន្ទាប់​ពី​បាន​ពិនិត្យ​ផ្ទៀងផ្ទាត់​កញ្ចប់​សុវត្ថិភាព «ក» និង​បាន​រក​ឃើញ​មាន​មិន​ប្រក្រតី​មួយ​ចំនួន គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​នេះ បាន​ចេញ​មុខ​មក​ប្រកាស​ពី​ជំហរ​របស់​ខ្លួន ពាក់ព័ន្ធ​នឹង​ការ​បើក​កញ្ចប់​សុវត្ថិភាព ព្រម​គ្នា​ជាមួយ​នឹង​យុទ្ធវិធី​ចំនួន​៣ ដែល​គណបក្ស​នេះ​នឹង​ធ្វើ​បន្ត​ទៀត នៅ​ពេល​ខាង​មុខ។

លោក​សម រង្ស៊ី និង​លោក កឹម សុខា នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ នៅ​ទី​ស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៣។
លោក​សម រង្ស៊ី និង​លោក កឹម សុខា នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ នៅ​ទី​ស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៣។ RFI/Im Rachna
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សន្និសីទ​កាសែត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ព្រឹក​មិញ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា គណបក្ស​លោក​មិន​ទាន់​សន្និដ្ឋាន​ជា​ស្ថាពរ​ថា ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​មាន​លក្ខណៈ​ធំ​ជា​ប្រព័ន្ធ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ ​ភាព​មិន​ប្រក្រតី​ទាំង​ឡាយ ​ដែល​កើត​មាន​នៅ​ពេល​បើក​កញ្ចប់​សុវត្ថិភាព «ក» កាល​ពី​ម្សិលមិញ គឺ​បាន​សរ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​ពិត​ចាប់​ផ្ដើម​បែក​ធ្លាយ​ហើយ។

ជាមួយ​គ្នា​នោះ ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ បាន​បញ្ជាក់​ប្រាប់​អ្នក​កាសែត និង​តំណាង​សង្គម​ស៊ីវិល អំពី​យុទ្ធវិធី​៣យ៉ាង ដែល​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បន្ត​ធ្វើ ចាប់​ពី​ពេល​នេះ​ត​ទៅ​មុខ​ទៀត។ យុទ្ធវិធី​ទាំង​៣​នោះ​រួម​មាន ទី​១៖ ជម្រុញ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បញ្ជា​ឲ្យ គ.ជ.ប បើក​កញ្ចប់​សុវត្ថិភាព «ក» នៅ​តាម​ខេត្ត​មួយ​ចំនួន​ទៀត ដើម្បី​ផ្ទៀងផ្ទាត់​លទ្ធផល​បោះ​ឆ្នោត។ លោក​សម រង្ស៊ី បន្ថែម​ថា ប្រសិន​បើ​បើក​រួច ហើយ​ឃើញ​ថា​បាត់​ចំនួន​ឬ​ផ្ទៀងផ្ទាត់​មិន​ត្រូវ​គ្នា នោះ​អាច​នឹង​មាន​លទ្ធភាព​បោះ​ឆ្នោត​សារ​ឡើង​វិញ។

យុទ្ធវិធី​ទី​២ គឺ​ទាមទារ​ឲ្យ​មាន​គណៈកម្មការ​ឯករាជ្យ ធ្វើ​ការ​ស្រាវ​ជ្រាវ​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត។ នេះ​បើ​តាម​លោក សម រង្ស៊ី។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ បន្ត​ថា លោក​នៅ​តែ​មិន​ទុក​ចិត្ត គ.ជ.ប និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ និង​មិន​ចង់​ឲ្យ​ស្ថាប័ន​ទាំង​២​នេះ​មាន​វត្តមាន​នៅ​ក្នុង​គណៈកម្មការ​ឯករាជ្យ​នោះ​ទេ។ ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​នឹង​គណៈកម្មការ​ចំពោះ​កិច្ច​នេះ​នៅ​ដដែល គឺ​ចង់​ឲ្យ​មាន​សមាសភាព​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ប្រជាជន​កម្ពុជា អង្គការ​សង្គម​ស៊ីវិល​សង្កេត​ការណ៍​បោះ​ឆ្នោត និង​អង្គការ​សហប្រជាជាតិ។

ចំណែក​យុទ្ធវិធី​ទី​៣ ដែល​ជា​ជម្រើស​ចុង​ក្រោយ​បង្អស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​គឺ បាតុកម្ម​អហិង្សា​​និង​សន្តិវិធី​ ដែល​អាច​នឹង​កើត​មាន​ឡើង​នៅ​ទូទាំង​ប្រទេស។ ជា​បាតុកម្ម​ដែល​ចូល​រួម​ដោយ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត ដើម្បី​ទាមទារ​យុត្តិធម៌៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ