អានតួអត្ថបទ
កម្ពុជា

គណបក្ស​សង្គ្រោះ​ជាតិ​បន្ទន់​ឥរិយាបថ​មក​ត្រឹម​ការ​សុំ​ឱ្យ​មាន​អ.ស.ប​.​ជា​​អ្នក​សង្កេតការណ៍​វិញ

គណបក្ស​សង្គ្រោះជាតិ​បាន បន្ទន់​ឥរិយាបថ​ ពី​ការ​ទាមទារ​ឲ្យ​អង្គការ​សហប្រជាជាតិ​ធ្វើ​ជា​អាជ្ញា​កណ្តាល​នៃ​គណៈកម្មាធិការ​ចម្រុះ អោយ​មកធ្វើ​​ត្រឹម​ជា​អ្នក​សង្កេត​ការណ៍វិញ។ ការ​បន្ទន់​ឥរិយាបថ​នេះ ​ត្រូវ​បាន​បង្ហាញ​តាម​រយៈ​លិខិត​របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ​ផ្ញើ​ទៅ​លោក​ បាន គីមូន អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ។

លោក សម រង្ស៊ី និង លោក កឹម ដែលកំពុងសម្តែងក្តី រីករាយរាក់ទាក់ ទៅកាន់អ្នកគាំទ្រដ៏ច្រើនកុះករ កាលពីថ្ងៃសុក្រ ទី១៩ កក្កដា។
លោក សម រង្ស៊ី និង លោក កឹម ដែលកំពុងសម្តែងក្តី រីករាយរាក់ទាក់ ទៅកាន់អ្នកគាំទ្រដ៏ច្រើនកុះករ កាលពីថ្ងៃសុក្រ ទី១៩ កក្កដា។ rfi/siv channa
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃទី​៥​សីហា លោក សម រង្ស៊ី​ បាន​ស្នើ​ឲ្យ​លោក ​បាន​ គីមូន ​បញ្ជូន​អ្នក​ជំនាញ ក្នុង​នាម​ជា​អ្នក​សង្កេត​ការណ៍ មក​ចូល​រួម​ក្នុង​គណៈកម្មការ​ចម្រុះ​មួយ ​វាយ​តម្លៃ​អំពី​សុពលភាព​នៃ​លទ្ធផល​បោះឆ្នោត​នីតិកាល​ទី៥ ​នៅ​កម្ពុជា។ លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រាប់​វិទ្យុ​បារាំង​ អន្តរជាតិថា ជំហរនៃ​ការ​បន្ទន់​ឥរិយាបថ​​នេះ​គឺ ជា​ការ​សម្រប​សម្រួល​បន្ធូរ​ភាព​តានតឹង​ ហើយ​ថា​ស្មារតី​នៃ​ការ​សម្រប​សម្រួល​នេះ​ បាន​កើត​ចេញ​ពី​ការ​ជជែក​គ្នា​រវាង​គណបក្ស​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ។

បើ​តាម​ប្រសាសន៍​របស់​ លោក កឹម សុខា គឺ​គណបក្ស​ទាំង​ពីរ​កំពុង​បន្ត​ធ្វើការ​ងារជាមួយ​គ្នា ដើម្បី​និយាយ​អំពី​ការ​បង្កើត​គណៈកម្មការ​មួយ។ ខណៈ​ដែល​លោក​កឹម សុខា ​បាន​បង្ហើប​អំពី​ការ​​ពិភាក្សា​ការងារ​រវាង​គណបក្ស​ទាំង​ពីរ ស្រាប់​តែ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត បាន​អំពាវនាវ​នៅ​ថ្ងៃ​ សុក្រ​នេះ ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម​ប្រជុំ ដើម្បី​សម្រេច​បង្កើត​គណៈកម្មការ​ពិសេស​មួយ​សម្រាប់​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​របាយការណ៍​នៃ​ភាព​មិន​ប្រក្រតី​ទាំង​ឡាយ​ក្នុង​ថ្ងៃ​បោះ​ ឆ្នោត។

គួររម្លឹកថា ប៉ុន្មាន​ថ្ងៃក្រោយ​ការបោះឆ្នោត គ.ជ.ប. បាន​កោះហៅ​គណបក្ស​ប្រជាជកម្ពុជា និង​គណបក្សសង្គ្រោះជាតិ ម្តង​រួច​មក​ហើយ តប​នឹងសំណើ​​របស់​បក្សទាំង​ពីរ ដើម្បីប្រជុំ​ឯកភាពគ្នា​បង្កើត​គណៈកម្មការពិសេសមួយ សម្រាប់​ដោះស្រាយភាពមិន​ប្រក្រតី។ តែ​ការកោះ​ហៅ​ប្រជុំ កាល​ពីថ្ងៃទី៣សីហា​កន្លង​ទៅ ត្រូវ​ទទួល​បរាជ័យដោយ​សារតែ​គណបក្ស​សង្គ្រោះជាតិ មិន​បញ្ជូន​តំណាង​ចូល​រួម ដោយគេអះអាងថាគណៈកម្មការ​ខាងលើ​នៅ​មានភាពចង្អៀត​នៅឡើយ ដែល​មិនសមស្រប​ទៅនឹង​ការស្នើ​សុំ​របស់​គណបក្ស​សង្គ្រោះជាតិ។

ហើយ​រហូតមក​ដល់​ពេល​នេះ សេចក្ដី​អំពាវនាវ​ចុង​ក្រោយ​មួយ​របស់ គ.ជ.ប ចុះ​ថ្ងៃ​សុក្រ​ទី៩ សីហា​នេះ បង្ហាញ​ថា កន្លង​មក គ.ជ.ប បាន​ទទួល​របាយការណ៍​ជាច្រើន​ស្ដីអំពី​ភាព​មិន​ប្រក្រតី ជុំ​វិញ​ការ​បោះ​ឆ្នោត។ ក្នុង​នោះ គ.ជ.ប សង្ឃឹម​ថា គណបក្ស​នយោបាយ​ទាំង​ពីរ នឹង​មាន​សុឆន្ទៈ ក្នុង​ការ​ចូល​រួម​បង្កើត​គណៈកម្មការ​ពិសេស​នេះ ឱ្យ​បាន​ឆាប់​រហ័ស ដើម្បី​ដោះ​ស្រាយ​បញ្ហា​ខាងលើ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ