អានតួអត្ថបទ
កម្ពុជា

សហ​ព្រះរាជ​អាជ្ញា​ផ្តើម​ធ្វើ​សេចក្តី​សន្និ​ដ្ឋាន​បិទ​បញ្ចប់​សំណុំ​រឿង​ ០០២​ វគ្គ​ទី១​

ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែលជា​ថ្ងៃទី២នៃ​សវនាការ​បិទ​បញ្ចប់​ការដេញដោល​សំណុំរឿង ០០២ វគ្គ​ទី១ សហ​ព្រះរាជអាជ្ញា​បាន​ផ្តើមធ្វើ​សេចក្តីសន្និដ្ឋាន​បិទ​បញ្ចប់​របស់ខ្លួន​ដោយ​ដាក់បន្ទុក​ទៅលើ​ជនជាប់ចោទ។ សហ​ព្រះរាជអាជ្ញា​មាន​រយៈពេល៣ថ្ងៃ​សម្រាប់ធ្វើ​សេចក្តីសន្និដ្ឋាន​របស់ខ្លួន។ សវនាការ​ថ្ងៃនេះ មាន​វត្តមាន​ជនជាប់ចោទ ខៀវ សំផន ក្នុង​បន្ទប់​សវនាការ ប៉ុន្តែ នួន ជា បាន​ស្តាប់​សវនាការ​ពី​ចម្ងាយ​ដោយសារតែ​បញ្ហា​សុខភាព។

ជនជាប់ចោទ ខៀវ សំផន អតីតប្រមុខរដ្ឋសម័យខ្មែរក្រហម
ជនជាប់ចោទ ខៀវ សំផន អតីតប្រមុខរដ្ឋសម័យខ្មែរក្រហម RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​មេធាវី​នាំមុខ​ដើម​បណ្តឹងរដ្ឋប្បវេណី​ដែល​បានបញ្ចប់​សេចក្តីសន្និដ្ឋាន​របស់ខ្លួន​កាលពី​ថ្ងៃ​ពុធ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​គឺ​ដល់​វេន​សហ​ព្រះរាជអាជ្ញា​ម្តង​ដែល​ត្រូវធ្វើ​សេចក្តីសន្និដ្ឋាន​បិទ​បញ្ចប់​របស់ខ្លួន។ លោកស្រី ជា លាង សហ​ព្រះរាជអាជ្ញា​ភាគី​ជាតិ​បានលើកឡើង​អំពី​ភស្តុតាង​នានា​ជាច្រើន​ទាក់ទង​នឹង​ការជម្លៀស​ប្រជាជន​ដោយ​បង្ខំ ការកាប់សម្លាប់​ទាហាន លន់ នល់ នៅ​តំបន់​ទួល​ពោធិ៍​ជ្រៃ និង​អំពី​តួនាទី​របស់​ជនជាប់ចោទ​នៅក្នុង​របប​ខ្មែរក្រហម។

រយៈពេល​ពេញ​មួយថ្ងៃ​នេះ លោកស្រី ជា លាង បាន​លើក​បង្ហាញ​ភស្តុតាង​ជាច្រើន​ដើម្បី​ដាក់បន្ទុក​លើ​ជនជាប់ចោទ។ ភស្តុតាង​ទាំងនោះ​មាន​រួមទាំង​សក្ខីកម្ម​នានា​ដែល​សាក្សី និង​ជនរងគ្រោះ​បាន​ឆ្លើយបំភ្លឺ​នៅ​ចំពោះមុខ​តុលាការ។ សហ​ព្រះរាជអាជ្ញា​ក៏បាន​លើកឡើង​អំពី​តួនាទី​របស់​ជនជាប់ចោទ​នៅក្នុង​សហ​ឧក្រិដ្ឋកម្ម​រួម​ផងដែរ។

សហ​ព្រះរាជអាជ្ញា​ក៏បាន​ច្រានចោល​ទាំងស្រុង​នូវ​ការអះអាង​របស់​ជនជាប់ចោទ នួន ជា និង ខៀវ សំផន ដែល​បដិសេធថា​ខ្លួន​មិនបាន​ដឹង​រឿង​កាប់សម្លាប់​ក្នុង​របប​ខ្មែរក្រហម។ បើ​យោងតាម​លោកស្រី ជា លាង ជនជាប់ចោទ​ទាំងពីរ​តែង​បាន​ចូលប្រជុំ​ជាមួយ​ប៉ុល ពត ជាប្រចាំ។ ដូច្នេះ ពួកគេ​គួរតែ​ទទួល​ការផ្តន្ទាទោស​ចំពោះ​អ្វីដែល​បាន​កើតឡើង​ក្នុង​របប​ដែល​ពួកគេ​ដឹកនាំ។

សហ​ព្រះរាជអាជ្ញា​មាន​រយៈពេល​ដល់​ទៅ៣ថ្ងៃ​សម្រាប់​អាន​សេចក្តីសន្និដ្ឋាន​បិទ​បញ្ចប់​របស់ខ្លួន។ គេ​រំពឹងថា នៅ​ទីបញ្ចប់ សហ​ព្រះរាជអាជ្ញា​នឹង​ទាមទារ​ឲ្យ​តុលាការ​ផ្តន្ទាទោស​ជនជាប់ចោទ​ទាំងពីរ​យ៉ាងធ្ងន់ធ្ងរ​ជាមិនខាន។

នៅក្នុង​អង្គ​សវនាការ​ថ្ងៃនេះ មានតែ​ជនជាប់ចោទ ខៀវ សំផន តែប៉ុណ្ណោះ​ដែល​បាន​អង្គុយ​ស្តាប់​ក្នុង​អង្គ​សវនាការ​ដោយផ្ទាល់។ ចំណែក ជនជាប់ចោទ នួន ជា បាន​ត្រឹម​ស្តាប់​សវនាការ​ពី​ចម្ងាយ​នៅក្នុង​បន្ទប់​ពិសេស​ដោយសារតែ​បញ្ហា​សុខភាព។

សូមបញ្ជាក់ថា សវនាការ​ដើម្បី​ធ្វើ​សេចក្តីសន្និដ្ឋាន​បិទ​បញ្ចប់​សំណុំរឿង០០២ វគ្គ​ទី១នេះ បានចាប់ផ្តើម​ធ្វើ​កាលពី​ថ្ងៃទី ១៦ តុលា និង​ត្រូវ​បន្ត​រហូតដល់​ថ្ងៃទី ៣១ តុលា។
នៅ​ចុងបញ្ចប់ ជនជាប់ចោទ នួន ជា និង ខៀវ សំផន ព្រមទាំង​មេធាវី​ការពារ​ក្តី​របស់​ពួកគេ​នឹង​ឡើង​ធ្វើ​សេចក្តីសន្និដ្ឋាន​ចុងក្រោយ​របស់ខ្លួន​រយៈពេល២ ម៉ោង សម្រាប់​ក្រុមនីមួយ។ សវនាការ​នឹង​បន្តធ្វើ​នៅ​ថ្ងៃ​សុក្រ​ទៀត​ដើម្បី​អនុញ្ញាត​ឲ្យ​សហ​ព្រះរាជអាជ្ញា​បន្ត​សេចក្តីសន្និដ្ឋាន​បញ្ចប់រ​បស់​ខ្លួន៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ