អានតួអត្ថបទ
កម្ពុជា

គ.ជ.ប ប្រកាស​ឲ្យ​គណបក្ស​នយោបាយ​តម្កល់ប្រាក់ ១៥លានរៀល

ខណៈ​ដែល​ការ​ចុះ​ឈ្មោះ​បេក្ខជន និង​គណបក្សនយោបាយ​សម្រាប់​ការ​បោះឆ្នោត​ជិត​ចូលមក​ដល់ គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បាន​ប្រកាស​ឲ្យ​គណបក្ស​នយោបាយ​ដែល​ចង់​ចូលរួម​ការបោះឆ្នោត​ត្រូវ​តម្កល់​ប្រាក់ ១៥លាន​រៀល។ ការ​តម្រូវ​ឲ្យ​បក្សនយោបាយ​តម្កល់​ប្រាក់​នេះ​ត្រូវ​បាន​អង្គការ​សង្កេតការណ៍​បោះឆ្នោត​ចាត់ទុក​ថា ជា​សម្ពាធ​ទៅ​លើ​គណបក្ស​តូចៗ ខណៈ​ដែល​រដ្ឋ​មិនបាន​ជួយ​គាំទ្រ​ថវិកា​ទាល់​តែ​សោះ​ដល់​បក្សនយោបាយ។

លោក អ៊ឹម សួស្តី (រូបកណ្តាល) ប្រធាន គ.ជ.ប
លោក អ៊ឹម សួស្តី (រូបកណ្តាល) ប្រធាន គ.ជ.ប ©Reuters
ផ្សាយពាណិជ្ជកម្ម

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បាន​ប្រកាស​ជូន​ដំណឹង​នៅ​ចុង​ខែ​មីនា​នេះ ឲ្យ​គណបក្សនយោបាយ​ដែល​មាន​បំណង​ចូលរួម​ការ​បោះឆ្នោត​ត្រូវ​តម្កល់​ប្រាក់១៥លាន​រៀល​នៅ​ឯ​រតនាគារជាតិ។ ការ​តម្រូវ​ឲ្យ​គណបក្ស​នយោបាយ​តម្កល់​ប្រាក់​ជា​មុន​បែប​នេះ​ធ្វើ​ឡើង ដោយ​យោង​ទៅ​តាម​ច្បាប់បោះឆ្នោត​ជ្រើសតាំង​អ្នកតំណាងរាស្ត្រ។ ប្រាក់​តម្កល់ ១៥ លាន​រៀល ឬ​ស្មើ​នឹង​ជាង ៣ ៧០០ដុល្លារ​អាមេរិក​នឹង​ត្រូវ​បង្វិល​ជូន​ទៅ​កាន់​គណបក្ស​សាម៉ី​វិញ ដរាប​ណា​គណបក្ស​នោះ​ដណ្តើម​បាន​ការ​គាំទ្រ​យ៉ាង​តិច ៣% នៃ​សំឡេង​ឆ្នោត​សរុប ឬ​បាន​ទទួល​កៅអី​យ៉ាងតិច​មួយ​នៅ​ក្នុង​រដ្ឋសភា។ ប្រសិន​បើ​ទទួល​បាន​សំឡេង​តិច​ជាង​នេះ ប្រាក់​នោះ​នឹង​មិន​ត្រូវ​បាន​បង្វិល​ជូន​វិញ​ឡើយ។ បទបញ្ញត្តិ​នេះ​ត្រូវ​បាន​អង្គការ​សង្កេតការណ៍​បោះឆ្នោត​មួយ​ចំនួន​ហៅថា ជា​សម្ពាធ​ទៅ​លើ​គណបក្ស​តូចៗ។

លោក​គល់ បញ្ញា នាយក​អង្គការ Comfrel បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​នេះ​ថា ការ​តម្រូវ​ឲ្យ​តម្កល់​ប្រាក់​ជា​មុន​នេះ គឺ​ជា​ឧបសគ្គ​ធ្វើ​ឲ្យ​គណបក្ស​នយោបាយ​ជា​ច្រើន​មិន​អាច​ចូលរួម​បោះឆ្នោត​បាន។ ជាក់ស្តែង គណបក្ស​នយោបាយ​ដែល​ចុះ​ឈ្មោះ​នៅ​ឯ​ក្រសួងមហាផ្ទៃ​មាន​ដល់​ទៅ​ជាង​៤០ ប៉ុន្តែ មាន​តែ​គណបក្ស​ប្រហែល ១០ ប៉ុណ្ណោះ​ដែល​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត។ លោក​កត់សម្គាល់​ទៀត​ថា នៅ​កម្ពុជា រដ្ឋ​មិន​បាន​ផ្តល់​ការ​គាំទ្រ​ថវិកា​ដល់​បក្ស​នយោបាយ​ទេ តែ​បែរ​ជា​ដាក់​សម្ពាធ​ទៅ​លើ​គណបក្ស​ទាំង​នោះ​ទៅវិញ។

គេ​នៅ​មិនទាន់​ដឹង​ថា មាន​គណបក្សនយោបាយ​ប៉ុន្មាន​ទេ​ដែល​នឹងចូលរួម​ក្នុង​ការ​បោះឆ្នោត​នៅ​ថ្ងៃទី២៨ កក្កដា​ខាងមុខនេះ។ ការ​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ និង​បេក្ខជន​សម្រាប់​ការបោះឆ្នោត​នឹង​ចូល​មក​ដល់​ក្នុង​ខែ​មេសា​នេះ​ហើយ។ អង្គការ Comfrel គ្រោង​នឹង​ពង្រាយ​អ្នកសង្កេតការណ៍ ៦០០០នាក់​នៅ​ថ្ងៃទី២៧ និង​២៨ កក្កដា ដើម្បី​ពិនិត្យមើល​ដំណើរការ​បោះឆ្នោត​នេះ។

លោក​អ៊ឹម សួស្តី ប្រធាន គ.ជ.ប បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា លោក​មិន​សង្ឃឹម​ថា​នឹង​មាន​អ្នកសង្កេតការណ៍​អន្តរជាតិ​ចូលរួម​ច្រើន​ទេ​សម្រាប់​ការ​បោះឆ្នោត​នៅ​កម្ពុជា​លើក​នេះ ពីព្រោះ​កម្ពុជា​ចេះ​រៀបចំ​ខ្លួនឯង​បាន​ល្អ​ហើយ។ ប៉ុន្តែ​គណបក្ស​ប្រឆាំង​បាន​ចាត់​ទុក​ថា អវត្តមាន​នៃ​អ្នកសង្កេតការណ៍​អន្តរជាតិ គឺ​ដោយសារ​តែ​អវត្តមាន​លោក​សម រង្ស៊ី ពី​ក្នុង​ការ​បោះឆ្នោត​នេះ។

យ៉ាង​ណា​ក៏​ដោយ គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​ការ​រួម​បញ្ចូល​គ្នា​រវាង​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​កំពុង​ត្រៀមខ្លួន​ដើម្បី​ចូលរួម​ការ​បោះឆ្នោត។ ការ​តម្កល់​ប្រាក់ ១៥លាន​រៀល និង​អវត្តមាន​លោក​សម រង្ស៊ី ទំនង​ជា​មិនមែន​ជា​ហេតុផល​ធ្វើ​ឲ្យ​គណបក្ស​នេះ​ធ្វើ​ពហិការ​មិន​ចូលរួម​ការ​បោះឆ្នោត​នោះ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ