អានតួអត្ថបទ
ចិន-ស៊ីរី

ក្រុមហ៊ុន​ចិន​បាន​ព្យួរ​គម្រោង​ជំនួញ​របស់ខ្លួន​នៅ​ក្នុង​ប្រទេស​ស៊ីរី

ប្រទេស​ចិន គឺ​សម្ព័ន្ធមិត្ត​ម្នាក់​របស់​ប្រទេស​ស៊ីរី។ តែ​នៅ​ចំពោះ​មុខ​វិបត្តិ​វឹកវរ​ដែល​ស៊ីរី​កំពុង​ជួប​ប្រទះ​បច្ចុប្បន្ន រដ្ឋាភិបាល​ក្រុង​ប៉េកំាង​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​ចិន​ដែល​រកស៊ី​នៅ​ស៊ីរី​ដកខ្លួន​ចេញ​ពី​ទីនោះ​មួយ​រយៈ។ យោង​តាម​ស្ថាទូត​ចិន​ប្រចំា​ក្រុង​ដាម៉ាស​ឲ្យ​ដឹង​ថា សព្វថ្ងៃ នៅ​សល់​ក្រុមហ៊ុន​ចិន​តែ២​គត់​ដែល​កំពុង​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ស៊ីរី។

ក្រុមហ៊ុន​ចិន​បាន​ព្យួរ​គម្រោង​ជំនួញ​របស់ខ្លួន​នៅ​ក្នុង​ប្រទេស​ស៊ីរី
ក្រុមហ៊ុន​ចិន​បាន​ព្យួរ​គម្រោង​ជំនួញ​របស់ខ្លួន​នៅ​ក្នុង​ប្រទេស​ស៊ីរី xclusive WEATHERFORD-SINOPEC/ REUTERS/Stringer/Files
ផ្សាយពាណិជ្ជកម្ម

សេចក្តីសម្រេច​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកំាង​យ៉ាង​ដូច្នេះ មក​ពី​ចិន​មិន​ចង់​ឃើញ​សេណារីយ៉ូ​នៅ​ក្នុង​ប្រទេស​លីប៊ី​កើត​មាន​ជាថ្មី​នៅ​ក្នុង​ប្រទេស​ស៊ីរី។ ចិន​ធ្លាប់​បាន​ទទួល​បទពិសោធន៍​យ៉ាង​ជូរចត់​នៅ​ក្នុង​ការ​ជម្លៀស​ជនជាតិចិន​ប្រមាណ​ជា ៣៦ ០០០នាក់​ចេញ​ពី​លីប៊ី​កាល​ពី​និទាឃរដូវ ឆ្នំា ២០១១។ « ព្រឹត្តិការណ៍​បច្ចុប្បន្ន​នៅ​ស៊ីរី​កំពុង​ជះឥទ្ធិពល​យ៉ាង​អាក្រក់​លើ​កិច្ចសហប្រតិបត្តិការណ៍​សេដ្ឋកិច្ច​ជាមួយ​ចិន។ ចិន​មិន​ជម្រុញ​ឲ្យ​ក្រុមហ៊ុន​របស់​ខ្លួន​ឲ្យ​ទៅ​បោះទុន​រកស៊ី​នៅ​ស៊ីរី​ទេ » នេះ​ជា​ការ​ថ្លែង​របស់​លោក Zhong Maning នាយកការិយាល័យ​ទទួល​បន្ទុក​កិច្ចការ​អាស៊ីខាងលិច និង​អាហ្រ្វិក​នៃ​ក្រសួង​ការបរទេស​ចិន​កាល​ពី​ថ្ងៃទី២៩ សីហា។

យោងតាម​លោក Fang Min អ្នក​ទទួល​ខុសត្រូវ​នៅ​ស្ថានកុងស៊ុល​នៃ​ស្ថានទូត​ចិន​ប្រចំា​ក្រុង​ដាម៉ាស​ឲ្យ​ដឹង​ថា សព្វថ្ងៃ មាន​ជនជាតិចិន​​ចំនួន ៤៦នាក់​កំពុង​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ស៊ីរី ដែល​ភាគ​ច្រើន ជា​អ្នកការទូត និង​អ្នកកាសែត ព្រម​ទំាង​ក្រុមហ៊ុន​ចិន​ចំនួន ២​ដែល​រកស៊ី​ផ្នែក​ទូរគមនាគមន៍​ជាមួយ​នឹង​បុគ្គលិក​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ។ ចំណែក​អ្នក​ផ្សេង​ទៀត​បាន​ចាកចេញ​ពី​ប្រទេស​ស៊ីរី​អស់​ហើយ។ មុន​គេ​គឺ China National Petroleum Corporation ដែល​បាន​បោះទុន​រកស៊ី​នៅ​ស៊ីរី​តំាង​ពី​ឆ្នំា ២០០២ និង​ដែល​មាន​ភាគហ៊ុន​រហូត​ដល់​ទៅ ៣៥% នៅ​ក្នុង​ក្រុមហ៊ុន​ប្រេង Syria Shell ក្នុង​ឆ្នំា ២០១០។

យ៉ាង​ណា​ក៏​ដោយ​សម្រាប់​ប្រទេស​ចិន គេ​មិន​អាច​ប្រៀបប្រដូច​ស៊ីរី ទៅ​នឹង​ប្រទេស​លីប៊ី​បាន​ទេ ព្រោះ​ថា​នៅ​ស៊ីរី ចិន​ទទួល​បាន​ផលប្រយោជន៍​តិច​ជាង​នៅ​លីប៊ី​ទំាង​ផ្នែក​ថាមពល និង​សេដ្ឋកិច្ច។ យោង​តាម​លោក Zhong Maning ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ចិន និង​ស៊ិរី​មិន​សូវ​ជា​មាន​ទំហំ​ធំធេង​ទេ និង​ថា បើ​ទោះ​បី​ជា​ស្ថានការណ៍​នៅ​ស៊ីរី​បន្ត​ធ្លាក់​ដុនដាប​ក៏​ដោយ ក៏​ចិន​មិន​ខ្វះ​ថាមពល​ប្រើ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ