អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ជំនឿ​​​លើ​​សេ​វា​​សុ​ខភាព​​​នៅ​​​កម្ពុជា​​​ហាក់​​​មិន​​​ប្រសើរ​​ឡើង​​​ឡើយ​​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

អ្នក​ជំងឺ​ខ្មែរ​នៅតែ​បន្ត​ទៅ​ព្យាបាល​ និង​យ៉ាងហោចណាស់ ពិនិត្យ​សុខភាពទូទៅ​នៅ​​បរទេស​ដដែល។ ជា​រៀងរាល់​ថ្ងៃ ប្រជាជន​ខ្មែរ​នៅតែ​​ធ្វើ​ដំណើរតាម​រថយន្តក្រុង​ទៅ​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម ជិះយន្ត​ហោះ​ទៅទីក្រុង​បាងកក​ប្រទេស​ថៃ និង​ទៅ​សិង្ហបុរី​ជាដើម ដើម្បី​ទទួល​ការ​ព្យាបាលជំងឺ​របស់​ពួកគេ។ ទិដ្ឋភាព​នេះ​បាន​បង្ហាញ​ថា ពលរដ្ឋ​នៅ​តែ​គ្មាន​ទំនុកចិត្ត​​លើ​សេវា​សុខភាព​របស់​កម្ពុជា ដែល​បង្កឡើងដោយ​ក្រុម​គ្រូពេទ្យ​មួយ​ចំនួន។ ដោយសារ​តែ​បាតុភូតនេះ កម្ពុជា​នៅ​តែ​បាត់បង់​ថវិកា​យ៉ាងច្រើន​ដែល​ពលរដ្ឋ​ខ្មែរ​យក​ទៅ​ចាយ​នៅ​បរទេស ហើយ​កិត្យានុភាព​ក្រុម​គ្រូពេទ្យ​ខ្មែរ​នៅ​តែ​​មិន​ត្រដែត​ឡើងឡើយ។

មន្ទីរ​ពេទ្យ​រដ្ឋ​មួយ​ នៅ​ក្នុង​ប្រទេស​វៀត​ណាម​
មន្ទីរ​ពេទ្យ​រដ្ឋ​មួយ​ នៅ​ក្នុង​ប្រទេស​វៀត​ណាម​ RFI/Sor Phorn
ផ្សាយពាណិជ្ជកម្ម

ការរិះគន់​លើ​ភាព​កំសោយនៃ​សេវា​សុខភាព​​នៅ​កម្ពុជា ត្រូវបាន​ពលរដ្ឋ​ខ្មែរ​លើកឡើង​​កាន់តែ​ច្រើនឡើង ​ក្នុង​ពេលបច្ចុប្បន្ននេះ។ បើទោះជាការ​រិះគន់​ត្រូវបានធ្វើ​ឡើង​យ៉ាង​ទូលំទូលាយ​ជា​យូរ​មកហើយ​ក៏ដោយ ប៉ុន្តែ គេ​សង្កេត​ឃើញថា គុណភាព​សេវាសុខភាព​ហាក់នៅ​តែ​មិន​ប្រសើរឡើងសោះ។

គេ​នៅតែ​លឺ​ព័ត៌មានស្តីពី​អ្នកជំងឺ​បន្ទោស​ក្រុម​គ្រូពេទ្យ​ខ្មែរ​មួយ​ចំនួន ដែល​បានផ្តល់​ការ​ពិភាក្សា​​ដែល​មិន​គួរ​អោយទុកចិត្ត។ រហូត​ដល់ពេលនេះ​ហើយ នៅពេល​ដែល​អ្នកជំងឺ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​នៅតាម​បន្ទប់​ព្យាបាល​ជំងឺ​ឯកជនទាំងនោះ គេនៅ​បន្ត​លឺ​គ្រូពេទ្យ​​សួរ​មក​អ្នកជំងឺវិញថា "តើ​ចង់​ធ្វើអេកូទេ?" "ចង់ចាក់ថ្នាំឬទេ?" ជាដើម ជំនួស​អោយការ​និយាយ​ប្រាប់អ្នកជំងឺអំពី​មូលហេតុ​នៃ​ជំងឺនោះ។ សំណួរ​ទាំងនេះ​ដែល​ធ្វើអោយ​គេ​គិត​ថា គ្រូពេទ្យ​មិន​ដឹង​ធ្វើ​អ្វី​ដើម្បី​ព្យាបាល​ជំងឺ ហើយមិនបាន​បង្ហាញអំពីចំណេះដឹងប្រាកដប្រជា ​ក្នុងការ​ធ្វើ​សេចក្តីសន្និដ្ឋាន​លើ​រោគវិនិច្ឆ័យ​ច្បាស់លាស់ ដើម្បី​ទាក់ទាញ​ការ​ជឿជាក់របស់​អ្នកជំងឺ​ឡើយ។​

ការ​ប៉ាន់ស្មាន​ទាំងប្រថុយប្រថាន​របស់​ក្រុម​គ្រូពេទ្យ​មួយ​ចំនួន មាន​កើតឡើង​តាំងពី​ជំងឺតូច​តាច​ រហូតដល់ជំងឺ​ធ្ងន់ធ្ងរ។ ទន្ទឹមគ្នានេះដែរ យូរៗម្តង​ គេនៅបន្ត​លឺ ស្ត្រី​សំរាលកូន​មាន​គ្រោះថ្នាក់ដល់ជីវិត ដោយសារតែ​ការ​ខ្វះខាត​ការ​យកចិត្ត​ទុកដាក់​របស់​គ្រូពេទ្យ​មួយ​ចំនួន​ដដែល។

ហេតុដូច្នេះហើយ ជារៀងរាល់ថ្ងៃ​គេនៅតែ​​សង្កេត​ឃើញ​ពលរដ្ឋ​ខ្មែរ ​បន្ត​ធ្វើ​ដំណើរ​ចាកចេញ​ទៅ​ប្រទេស​ជិតខាង​ ដោយ​គ្មាន​ស្រាកស្រាន​ឡើយ។ ពិសេស​នៅពេល​ចុងសប្តាហ៍ ឬ​ពេល​មាន​ឱកាស​ឈប់​សំរាក​ពីការងារ។ ពួកគេ​បន្តទៅ​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម ទីក្រុង​បាងកក​ប្រទេស​ថៃ ប្រទេស​សិង្ហបុរី និង​ម៉ាឡេស៊ី​ជាដើម។ អ្នក​មាន​ជីវភាព​មធ្យម ឬ​លើសនេះបន្តិច ពួកគេ​និយម​ទៅ​ព្យាបាល​នៅ​ប្រទេស​ជិត​ខាង រីឯ​អ្នក​មាន​ជីវភាព​ធូរធារខ្លាំង ​ពួក​គេ​ជ្រើសរើស​ការ​ព្យាបាល​នៅ​ប្រទេស​ឆ្ងាយ​ៗ​ ដូចជា​ប្រទេស​បារាំង​ និង​អាមេរិក​។

អ្នក​ជំងឺ​ភាគ​ច្រើន​បាន​និយាយ​ដូចៗគ្នាថា មូលហេតុ​ដែល​ជំរុញ​ឲ្យ​ពួកគេ​សម្រេចចិត្ត​ទៅ​ព្យាបាល​​នៅ​បរទេស​នោះ គឺ​ដោយសារ​ពួក​គេ​បាត់​បង់​ជំនឿ​លើ​គ្រូពេទ្យ​ខ្មែរ​មួយ​ចំនួន ​នៅ​ក្នុង​ប្រទេសនេះឯង។ ការ​បាត់បង់​ជំនឿ​ដែល​បណ្តាល​មកពី៖ ទី១​ ​គ្រូពេទ្យ​មួយ​ចំនួន​នៅ​តែ​មិនអាច​ប្រតិបត្តិ​ក្រម​សីលធម៌វិជ្ជាជីវៈ ដោយ​នៅតែ​ប៉ុនប៉ង​ព្យាយាម​យក​ថវិកា​ពី​អ្នកជំងឺ។

ជាទូទៅគេកត់សំគាល់ថា ប្រសិន​បើ​គ្រូ​ពេទ្យ​ម្នាក់ដែល​គ្មាន​​សមត្ថភាព​ពិនិត្យ​ជំងឺ​មួយ​ទេ គ្រូពេទ្យ​ក៏​មិន​ចង់​ណែនាំ​អ្នកជំងឺ​អោយ​ទៅគ្រូពេទ្យជំនាញ​ណាទៀត​ឡើយ។ គ្រូពេទ្យនោះ​ត្រូវ​សាកល្បង​ព្យាបាល​អ្នកជំងឺ​នោះសិន។ ទី២ កង្វះ​ខាត​​គ្រូពេទ្យ​ឯកទេសក៏នៅតែ​ជាបញ្ហា។ ទី៣ គឺកង្វះខាត​គ្រឿង​បរិក្ខាពេទ្យ​ទំនើបៗ និង​គ្រូពេទ្យជំនាញ​ដែល​ត្រូវប្រើប្រាស់បរិក្ខា​ទាំងនេះ។ ការ​ខ្វះខាតទាំងនេះ អាច​ល្មមអោយពលរដ្ឋ​ខ្មែរខកចិត្ត និង​សម្រេច​ចិត្ត​ទៅ​ទទួល​ការ​ព្យាបាល​នៅបរទេស​បាន​ហើយ។ កង្វះខាតទាំងនេះ បើទោះជាពលរដ្ឋ​កម្ពុជា​បាន​រិះគន់​ជាច្រើនឆ្នាំ​ចុងក្រោយ​ដដែល​​ជា​ដដែលក៏ដោយ ក៏​វា​ហាក់គ្មានការ​កែប្រែនោះឡើយ។

តើគេ​ត្រូវរង់ចាំ​ដល់ពេលណា ទើបត្រូវចាប់ផ្តើម​កែលំអ​ការ​ផ្តល់សេវា​សុខភាព​របស់​កម្ពុជា​ ដែល​គេអាច​ជឿទុកចិត្ត​បាន? រដ្ឋាភិបាល​និយាយ​រួម និង​ក្រសួង​សុខាភិបាល​និយាយ​ដោយ ឡែក ត្រូវ​ឆ្លើយ​តប​នឹង​សំណួរ​នេះ។ ពីព្រោះថា ការ​បណ្តែតបណ្តោយ​អោយ​ពលរដ្ឋ​របស់​ខ្លួន​ចេញទៅ​ទទួលការ​ព្យាបាល​នៅ​បរទេស វា​មាន​តែ​ការខាតបង់​ថវិកា​ជាតិ​យ៉ាងច្រើន ប៉ុណ្ណោះ។ គេ​អាច​យល់បាន​ហើយ​ថា អ្នកជំងឺ​តែ​ម្នាក់​ដែល​ធ្វើដំណើរទៅ​បរទេស ត្រូវ​ចំណាយ​​លើមធ្យោបាយធ្វើដំណើរ សេវាបកប្រែ ការ​ស្នាក់នៅ ការ​ទទួលទាន ការ​ចំណាយ​លើ​សេវាព្យាបាល និង​រួមទាំង​ថ្នាំពេទ្យ​ទៀត​ផង។ ថវិកា​របស់​​ប្រជាជន​កម្ពុជា​ត្រូវធ្លាក់ទៅលើ​ដៃ​ពលរដ្ឋបរទេស​ទាំងអស់ ឬ​គេអាច​និយាយ​បាន​ថា ពលរដ្ឋ​កម្ពុជា​កំពុង​បង្ហូរ​ថវិកាខ្លួន​ចូលទៅ​ក្នុង​ចរន្ត​សេដ្ឋកិច្ច​របស់​បរទេស។

ផ្ទុយទៅវិញ ប្រសិន​បើ​ប្រជាជន​ខ្មែរ​ អាច​ទទួល​ការ​ព្យាបាល​នៅ​ក្នុង​ប្រទេស​វិញ ប្រាក់កាស​ទាំង​នេះ​ពិត​ជា​ស្ថិត​នៅ​ក្នុង​ដៃ​របស់​ប្រជាជន​ខ្មែរ​។

មិនមែនមាន​តែ​ប្រាក់កាស ដែលត្រូវ​ខាតបង់​ពី​ចរន្ត​សេដ្ឋកិច្ច​ខ្មែរ​នោះទេ ក៏​ប៉ុន្តែ កិត្យានុភាព​នៃ​វិស័យ​សុខាភិបាល​កម្ពុជា ឬ​ក៏​កិត្តិយស​នៃ​ក្រុម​គ្រូពេទ្យ​ខ្មែរ​ក្នុងទិដ្ឋភាព​រួមនោះ ក៏​ត្រូវ​គេ​ទទួលស្គាល់​ថា​ អាប់ឱន​ដែរ។

គេ​ត្រូវ​យល់ថា ការ​កសាងជំនឿទុកចិត្តឡើងវិញ វា​មិន​មែនជា​ការងាយស្រួលនោះឡើយ។ ពិសេស​ការ​ជឿទុកចិត្ត​មួយ​ដែលប្តូរ​ជាមួយ​​នឹង​អាយុជីវិត​របស់មនុស្ស ក៏​មិន​ប្រាកដ​ជា​មាន​អ្នកហ៊ាន​សាកល្បងឡើយ។

ដូច្នេះ គេត្រូវការ​ដាក់ទុន​លើ​ពេល​វេលា​ដ៏យូរអង្វែង​មួយ ដើម្បី​ទាញ​យក​ការ​ជឿទុកចិត្ត​របស់​ពលរដ្ឋ​ខ្មែរ​ត្រឡប់មកវិញ។ ម្ល៉ោះហើយ ​ការ​ចាប់ផ្តើម​ពីពេលនេះ ជាមួយ​នឹង​វិធានការ​ច្បាស់លាស់​​ ដែលត្រូវ​ផ្តើម​ចេញពី​​គោលនយោបាយផង និង​ពី​បុគ្គល​ជា​ក្រុម​គ្រូពេទ្យ​ផង គឺជា​រឿងចាំបាច់បំផុត ដើម្បី​តម្លៃ​សេវា​សុខាភិបាល​របស់​កម្ពុជា​ក្នុង​នាម​ជា​ប្រទេស​មួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ