កូរ៉េខាងត្បូងអំពាវនាវឲ្យរៀបចំជំនួបរវាងក្រុមគ្រួសារដែលព្រាត់ប្រាសគ្នានៅក្រោយសង្រ្គាមកូរ៉េ
កូរ៉េខាងត្បូងបានអំពាវនាវឲ្យកូរ៉េខាងជើងរៀបចំជំនួបរវាងក្រុមគ្រួសារកូរ៉េដែលបានព្រាត់ប្រាសគ្នានៅក្នុងក្រោយសង្រ្គាមកូរ៉េកាលពី ៦០ឆ្នំាមុន។ ការអំពាវនាវជាថ្មីនេះត្រូវបានធ្វើឡើងដោយលោកស្រីប្រធានាធិបតីកូរ៉េខាងត្បូងប៉ាក់ គុនហឺនាថ្ងៃចន្ទ ទី៦ មករានេះ។ ជាមួយនឹងការអំពាវនាវថ្មីនេះ រដ្ឋាភិបាលទីក្រុងសេអ៊ូលក៏បានសន្យាផ្តល់ជំនួយមនុស្សធម៌បន្ថែមឲ្យរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងផងដែរ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:២៧
គឺនៅក្នុងឱកាសនៃការថ្លែងសារជូនពរឆ្នំាថ្មី ២០១៤ ដែលលោកស្រីប្រធានាធិបតីកូរ៉េខាងត្បូងប៉ាក់ គុនហឺបានអំពាវនាវឲ្យមានការរៀបចំជំនួបជាថ្មីរវាងក្រុមគ្រួសារកូរ៉េដែលបានព្រាត់ប្រាសគ្នានៅក្រោយសង្រ្គាមកូរ៉េកាលពី ៦០ឆ្នំាមុន។ « ខ្ញុំសង្ឃឹមថា សមាជិកក្រុមគ្រួសារដែលបច្ចុប្បន្នមានវ័យចំណាស់ និងដែលបានបែកបាក់ ព្រាត់ប្រាសគ្រួសារតំាងពីក្រោយសង្រ្គាមកូរ៉េមក នឹងត្រូវបានគេអនុញ្ញាតឲ្យជួបជុំគ្នាជាថ្មីនាក្នុងឱកាសបុណ្យចូលឆ្នំាចិនថ្ងៃទី៣១ មករាខាងមុខ » នេះជាការថ្លែងរបស់លោកស្រីប៉ាក់ គុនហឺ។
តាមពិតទៅ គម្រោងរៀបចំឲ្យមានជំនួបរវាងក្រុមគ្រួសារកូរ៉េបែកបាក់គ្នានៅក្រោយសង្រ្គាមកូរ៉េពីឆ្នំា ១៩៥០ ដល់ឆ្នំា ១៩៥៣ ត្រូវបានគេគ្រោងធ្វើម្តងហើយកាលពីខែកញ្ញាឆ្នំាទៅមិញ តែត្រូវបានរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងលុបចោលនៅនាទីចុងក្រោយទៅវិញ។ គួររម្លឹកជូនថា កាលពីឆ្នំា ២០១០ ក៏ធ្លាប់បានរៀបចំឲ្យមានការជួបជុំរវាងក្រុមគ្រួសារកូរ៉េបែកបាក់គ្នារបៀបនេះម្តងហើយ ក្រោមការជួយឧបត្ថម្ភពីកាកបាទក្រហម។ បច្ចុប្បន្ននេះ មានប្រជាជនកូរ៉េខាងត្បូងជាង ៧០ ០០០នាក់ ក្នុងនោះមានជាងពាក់កណ្តាលមានអាយុលើសពី ៨០ឆ្នំាកំពុងរង់ចំាជួបក្រុមគ្រួសាររបស់ពួកគេរស់នៅប៉ែកខាងជើងយ៉ាងអន្ទះសារ។
ជាមួយនឹងការអំពាវនាវឲ្យរៀបចំជំនួបជាថ្មីរវាងក្រុមគ្រួសារកូរ៉េដែលព្រាត់ប្រាសគ្នានៅក្រោយសង្រ្គាម លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូងក៏បានសន្យាបង្កើនជំនួយមនុស្សធម៌បន្ថែមឲ្យកូរ៉េខាងជើងដែរ។ ក្នុងឆ្នំា ២០១៣ ក្រុងសេអ៊ូលបានផ្តល់ជំនួយមនុស្សធម៌ឲ្យក្រុងព្យុងយ៉ាង គិតជាទឹកប្រាក់មានជាង ៩លានអឺរ៉ូ។ ការផ្តល់ជំនួយមនុស្សធម៌នោះត្រូវបានកូរ៉េខាងត្បូងធ្វើឡើងតាមរយៈអង្គការអន្តរជាតិនានាដូចយ៉ាង Unicef ជាដើម ពោលមិនមែនផ្តល់ឲ្យដោយផ្ទាល់ទេ។
ដោយឡែក និងក្រៅពីអំពាវនាវឲ្យរៀបចំជំនួបជាថ្មីរវាងក្រុមគ្រួសារកូរ៉េបែកបាក់គ្នានៅក្រោយសង្រ្គាម លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូងប៉ាក់ គុនហឺក៏មិននិយាយទេ ពីរឿងដែលប្រមុខដឹកនំាកូរ៉េខាងជើងគីម ជុងអ៊ុនបានប្រហារជីវិតមនុស្សខ្លំាងលំដាប់ទី២ ដែលត្រូវជាឱពុកមា គឺលោកចាង សុងថេកនាពេលថ្មីៗនេះ។ សម្រាប់លោកស្រីប៉ាក់ គុនហឺ នេះពិតជាព្រឹត្តិការណ៍មួយដែលគេពិបាកនឹងកំណត់ជាមុននូវទំនាក់ទំនងរវាងបងប្អូនបង្កើតគូសត្រូវទំាងពីរនាពេលខាងមុខ។ « គ្មាននរណាម្នាក់ក្នុងលោកអាចទាយទុកជាមុនបានឡើយថា តើអាចនឹងមានអ្វីកើតឡើងនៅកូរ៉េខាងជើងនាថ្ងៃខាងមុខ តែយើងត្រូវតែត្រៀមខ្លួនគ្រប់បែបយ៉ាងទំាងអស់ » នេះជាការបញ្ជាក់បន្ថែមរបស់លោកស្រីប៉ាក់ គុនហឺ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ