អានតួអត្ថបទ
កូរ៉េខាងត្បូង-ជប៉ុន

កូរ៉េខាងត្បូង​ហាម​ការនំាចូល​ផលិតផល​សមុទ្រ​ពី​តំបន់ Fukushima ប្រទេស​ជប៉ុន

នៅ​ថ្ងៃ​សុក្រ ទី៦ កញ្ញា​សប្តាហ៍​នេះ ប្រទេស​កូរ៉េខាងត្បូង​បាន​ហាម​មិន​ឲ្យ​មាន​ការ​នំា​ចូល​ផលិតផល​សមុទ្រ​ពី​តំបន់Fukushima ប្រទេស​ជប៉ុន។ សេចក្តីប្រកាស​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ព័ត៌មាន​លេចឡើង​ជុំវិញ​ការ​ធ្លាយ​ទឹក​មាន​ជាតិវិទ្យុសកម្ម​ពី​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Fukushima ហូរ​ចូល​ក្នុង​សមុទ្រ។

មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Fukushima ថតពី​លើមេឃ
មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Fukushima ថតពី​លើមេឃ REUTERS/Kyodo/Files
ផ្សាយពាណិជ្ជកម្ម

អ្វី​ដែល​បាន​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​សម្រេចចិត្ត​យ៉ាង​ដូច​នេះ គឺ​ដោយសារ​តែ​ទឹក​ធ្លាយ​ចេញ​ពី​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Fukushima មាន​បង្កប់​ដោយ​អត្រាជាតិវិទ្យុសកម្ម​ខ្ពស់។ អត្រាជាតិវិទ្យុសកម្ម​ដែល​នឹង​អាច​ជ្រាប​​ចូល​ទៅ​ក្នុង​ខ្លួន​ពពួក​សត្វសមុទ្រ​គ្រប់​បែប​យ៉ាង ពិសេស​ត្រី និង​គ្រឿងសមុទ្រ​ផ្សេងៗ​ទៀត។ គួរ​រម្លឹក​ជូន​ថា ព្រឹត្តិការណ៍​ផ្ទុះ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Fukushima ក្នុង​ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃទី១១ មីនា ឆ្នំា ២០១១ កន្លង​ទៅ បាន​ក្លាយ​ជា​រឿង​អាស្រូវ​យ៉ាង​ផុលផុស​ជា​ថ្មី​នា​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ពាក់ព័ន្ធ​នឹង​ការ​ធ្លាយទឹក​ពី​មជ្ឈមណ្ឌល​នោះ​ហូរ​ចូល​ក្នុង​សមុទ្រ។

តាម​ពិត​ទៅ និង​ក្រោយ​ព្រឹត្តិការណ៍​ថ្ងៃ១១ មីនា ឆ្នំា ២០១១ នោះ​មក ការ​បរិភោគ​គ្រឿងសមុទ្រ​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​មាន​ការ​ថយចុះ ក្នុង​ពេល​ដែល​រដ្ឋាភិបាល​បាន​កម្រិត​ការ​នំា​ចូល​ផលិតផល​សមុទ្រ​មក​ពី​តំបន់ Fukushima និង​តំបន់​ក្បែរ Fukushima មួយ​ចំនួន​ទៀត​ក្នុង​ប្រទេស​ជប៉ុន។ តែ​ចាប់​ពី​ពេល​នេះ​ត​ទៅ និង​បើ​ទោះ​បី​ជា​ផលិតផល​សមុទ្រ​ពី​តំបន់ Fukushima នោះ​មាន​ជាតិវិទ្យុសកម្ម ឬ​ក៏​គ្មាន​ក៏​ដោយ ក៏​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​ហាម​មិន​ឲ្យ​នំា​ចូល​ដែរ។

ក្រសួង​ជលផល​កូរ៉េខាងត្បូង​បាន​ពន្យល់​បកស្រាយ​ថា កំណើន​ក្តីបារម្ភ​របស់​ប្រជាជន​បាន​កើន​ឡើង ដោយសារ​តែ​ទឹកមានជាតិវិទ្យុសកម្ម​នៅ​មជ្ឈមណ្ឌល Fukushima រាប់សិបតោន​បាន​ហូរចូល​ក្នុង​សមុទ្រ​ជា​រៀងរាល់​ថ្ងៃ និង​ថា ព័ត៌មាន​ដែល​រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ឲ្យ​ហាក់​ដូច​ជា​មិន​សូវ​ច្បាស់លាស់​សោះ។

ជា​ការ​ឆ្លើយ​តបវិញ អ្នកនំាពាក្យ​រដ្ឋាភិបាល​ជប៉ុន​បាន​សម្តែង​ការខកចិត្ត​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ក្រុង​សេអ៊ូល និង​បញ្ជាក់​ថា សន្តិសុខ​ស្បៀងអាហារ​នៅ​ជប៉ុន​គឺ​មាន​ការ​ត្រួតពិនិត្យ​តឹងតែង ដោយ​ផ្អែក​លើ​បទដ្ឋាន​អន្តរជាតិ។ ទន្ទឹម​គ្នា​នេះ អ្នកនំាពាក្យ​រដ្ឋាភិបាល​ជប៉ុន​រូប​នោះ​ដដែល​ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​សម្រេចចិត្ត​ដោយ​ផ្អែក​លើ​លទ្ធផល​វិភាគ​តាម​បែប​វិទ្យាសាស្រ្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ