អានតួអត្ថបទ
កូរ៉េខាងត្បូង

កូរ៉េ​ខាងត្បូង៖​លោកស្រី​​ប៉ាក់ គុនហេ​ ត្រៀមខ្លួន​​ចុះ​​​ពី​អំណាច​

ថ្ងៃអង្គារ​នេះ ប្រធានាធិបតី​​កូរ៉េខាងត្បូង​ ប៉ាក់ គុនហេ បាន​​ប្រកាស​ត្រៀម​ខ្លួន​ចុះពី​អំណាច ដោយបាន​សុំអោយ​សភា​​​រៀបចំ​រកមធ្យោបាយ​​អោយលោកស្រី​អាច​ចុះ​ពី​តំណែង។ បក្ស​ប្រឆាំង​មើលឃើញ​ថា លោកស្រី​ប៉ាក់ គុនហឺ ប្រកាស​ដូច្នេះ ​ដើម្បី​ចៀសវាង​​​អោយ​ផុតពី​និតិវិធី​​​ដកលោកស្រី​ពីតំណែង​។ ​ 

លោកស្រី​ ប៉ាក់ គុនហេ
លោកស្រី​ ប៉ាក់ គុនហេ REUTERS/Jeon Heon-Kyun/Pool
ផ្សាយពាណិជ្ជកម្ម

ទីបំផុត ​ប្រធានាធិបតី​កូរ៉េខាងត្បូង ប៉ាក់ គុនហេ សម្រេចចិត្ត​ថា ព្រម​​ចុះពី​អំណាច​ហើយ។ ​ថ្ងៃអង្គារ​នេះ លោកស្រី​ប៉ាក់ បាន​ស្នើសភាអោយ​រកមធ្យោបាយ​អនុញ្ញាត​អោយ​លោកស្រី​បាន​​ចុះពី​អំណាច អោយ​រកថ្ងៃខែ ដែល​លោកស្រី​ត្រូវចុះ​ពី​អំណាច។

លោកស្រី​លើកឡើងថា៖”ខ្ញុំនឹង​ចុះពី​តំណែង​ស្របតាម​ច្បាប់ នៅពេល​ដែល​មានការ​រៀបចំ​រួចរាល់​ នូវ​​​ ​អន្តរកាលនយោបាយ​​ មួយ​ដែល​នឹងនរ។ ​ខ្ញុំ​ទុកអោយ​សភា​រៀបចំ​កិច្ចការ​ទាក់ទង​នឹងការកាត់​បន្ថយ​ពេលវេលា​នៃ​អាណត្តិ​របស់​ខ្ញុំ”។ ប្រធានាធិបតី​កូរ៉េខាងត្បូង​​​ប្រគល់​កិច្ចការ​ដោះស្រាយ​វិបត្តិ​នយោបាយ​ទៅអោយ​​សភា។ សភា​កូរ៉េខាងត្បូង​ពេលនេះ សំបូរ​សមាជិក​បក្ស​ប្រឆាំង ដោយសារ​តែ​បក្ស​កាន់​អំណាច​បាន​ចាញ់​ឆ្នោត​សភា កាលពី​ខែមេសា ដើមឆ្នាំ។

តាមធម្មតា ​​លោកស្រី ប៉ាក់ គុនហេ ​ត្រូវ​ផុតអាណត្តិ​នៅខែកុម្ភៈ ឆ្នាំ​២០១៨។ លោកស្រី​​ពោរពេញ​​ទៅដោយរឿងអាស្រូវ​ជាប់ពាក់ព័ន្ធ​នឹងអំពើ​មន្តអាគម ជាមួយ​​ស្ត្រី​ម្នាក់ ឈ្មោះ​ឆយ ស៊ុនស៊ីល ដែល​រឿងរ៉ាវ​នេះ​រាលដាល​ទៅជា​អំពើ​ពុករលួយ និង​ការ​ប្រើប្រាស់​អំណាច ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន។ ​ប្រជាជន​កូរ៉េ​បាន​ចុះបាតុកម្ម​ទាមទារ​អោយ​លោកស្រី​ប៉ាក់ ចុះ​ពី​អំណាច​ច្រើនលើក​មកហើយ​ តែ​លោកស្រី​​មិនដែល​​ធ្វើដឹង​លឺទេ កន្លងមក។

បក្ស​ប្រឆាំង​មើលឃើញថា លោកស្រី​ប៉ាក់ គុនហេ ព្រមចុះ​ពីអំណាច​ពេលនេះ គឺ​ដើម្បី​ចៀស​អោយ​ផុតពី​និតិវិធី​ដក​លោកស្រី​ចេញ​ពី​តំណែង​តែ​ប៉ុណ្ណោះ។ ទោះយ៉ាងនេះ​ក្តី បក្ស​ប្រឆាំង​​ប្រាប់ថា នឹង​ប្រឹងប្រែង​​​ដើម្បី​ដកហូត​តំណែង​លោកស្រី​អោយបាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ