អានតួអត្ថបទ
កម្ពុជា

លោក​​ហ៊ុន សែន ថា​CPP​​កំពុង​រៀប​ចំ​​ប្តឹង​​អ្នក​បង្ខូច​​កិត្តិយស​​បក្ស​​ខ្លួន​​

ស្រប​ពេល​ដែល​គណបក្ស​ប្រឆាំង​ដ៏​ធំ​បំផុត​នៅ​កម្ពុជា កំពុង​តែ​ជួប​ប្រសព្វ​នឹង​រឿង​អាស្រូវ​យ៉ាង​ក្តៅ​គគុក​ មជ្ឈដ្ឋាន​មួយ​ចំនួន យល់ថា កំដៅ​នេះ​គឺ​ប្រាកដ​ជា​កើត​ចេញ​ពី​​​រងើក​ភ្លើង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​ ចំពោះ​ការ​លើក​ឡើង​នេះ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​ប្រកាស​សារ​ព្រមាន​​មួយ​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ នា​ព្រឹក​ថ្ងៃ​ទី ២៥​មេសា​នេះ​ថា នឹង​មិន​មាន​ការ​អត់​ឱន​ឲ្យ​អ្នក​ណា​ក៏​ដោយ ដែល​មួល​បង្កាច់​បង្ខួច​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​។ ​លោក​ហ៊ុន សែន ​ថែម​ទាំង​បាន​បញ្ជាក់​ថា ពេល​នេះ​ គណបក្ស​ប្រជាជន​កម្ពុជា​ បាន​និង​កំពុង​រៀប​ចំ​ពាក្យ​ប្តឹង​​បុគ្គល​ទាំង​នោះ​ហើយ​។

លោកនាយករដ្ឋមន្ត្រី​​ហ៊ុន សែន ​។
លោកនាយករដ្ឋមន្ត្រី​​ហ៊ុន សែន ​។ @Samdech Hun Sen, Cambodia Prime Minister
ផ្សាយពាណិជ្ជកម្ម

ក្នុង​នាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​កាន់​អំណាច លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​បញ្ចេញ​សារ​ព្រមាន​មួយ​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា នឹង​មិន​អត់​ឱន​ឲ្យ​គ្រប់​បុគ្គល​ណា​ម្នាក់ ដែល​បង្កាច់​បង្ខួច​កិត្តិយស​របស់​គណបក្ស​ប្រជាជនកម្ពុជា​នោះ​ឡើយ​។ លោក​នាយករដ្ឋមន្ត្រី អះអាង​ថា គណបក្ស​របស់​លោក​ បាន​គោរព​សិទ្ធិ​បញ្ចេញ​មតិ​ ប៉ុន្តែ​គណបក្ស​ដាច់​ខាត​គឺ​ប្រឆាំង​ចំពោះ​អ្នក​ដែល​​បញ្ចេញ​មតិ ក្នុង​ន័យ​​បំផ្លាញ​សេចក្តី​ថ្លៃថ្នូរ​របស់​ខ្លួន​។ ចំពោះ​ប្រការ​នេះ​ ប្រធាន​គណបក្ស​កាន់អំណាច យល់​ថា សិទ្ធិ​បញ្ចេញ​មតិ និង​ការ​មួល​បង្កាច់ មាន​ចរិត​ខុស​គ្នា​ដូច​មេឃ និង​ដី​។
​ 
ក្រៅ​ពី​សារ​ព្រមាន លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ក៏​អំពាវនាវ​យ៉ាង​ស្លូត​ទៅ​កាន់​អ្នក​វិភាគ អ្នក​អត្ថាធិប្បាយ កុំ​ឲ្យ​ព្យាយាម​ក្លែង​បន្លំ ព័ណ៌​ក្រហម និង​ព័ណ៌​ផ្កាឈូក ថា​ដូចគ្នា​។ ហើយ​ប្រសិន​បើ​បំភ្លៃ​ព័ណ៌​នេះ គណបក្ស​ ក៏​លែង​អត់​ឱន​ឲ្យ​ទៀត​ឡើយ ព្រោះ​ការ​អត់​ឱន​កន្លង​មក​ គឺ​មាន​ដែន​កំណត់​​។ ក្នុង​នោះ លោក​ហ៊ុន សែន ក៏​អំពាវនាវ​ឲ្យ​សមាជិក​បក្ស​ប្រជាជន​ និង​ថ្នាក់​ដឹក​នាំ​គ្រប់​ជាន់​ថ្នាក់ រៀប​ចំ​មេធាវី​ ដើម្បី​ត្រៀម​ប្តឹង​ទៅ​កាន់​តុលាការ ក្នុង​ករណី​មាន​ការ​មួល​បង្កាច់​រំលោភ​សិទ្ធិ​គណបក្ស​របស់ខ្លួន​។

លោក​សុខ ឥសាន្ត អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ថា ពេល​នេះ គណបក្ស​ កំពុង​តែ​រៀបចំ​ពាក្យ​ប្តឹង​អ្នក​វិភាគ​ ដែល​មាន​ដូចជា​លោក​អ៊ូ វីរៈ ប្រធាន​អង្គការ​វេទិកា​អនាគត ជា​ជំហាន​ដំបូង ដោយ​យោង​តាម​ភស្តុង​ដែល​លោក​អ៊ូ វីរៈ បាន​និយាយ​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ​ចំណាត់​ការ​តាម​ប្រព័ន្ធ​តុលាការ​ទៅ​លើ​មន្ត្រី​ជាន់​ខ្ពស់​របស់​ គណបក្ស​សង្គ្រោះ​ជាតិ នា​ពេល​កន្លង​ទៅ គឺ​ជា​ការ​រៀប​ចំទាំង​ស្រុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ តាម​លោក​សុខ ឥសាន្ត មិន​មែន​អ្នក​វិភាគ​តែ​ម្នាក់ទេ ដែល​គណបក្ស​គ្រោង​ប្តឹង គឺ​នៅ​មាន​​អ្នក​វិភាគ​មួយ​ចំនួន​ទៀត ដែល​បាន​ប្រើ​សូរស័ព្ទ​ស្រដៀង​គ្នា​នេះ ទៅ​កាន់​មហាជន​។

គណបក្ស​កាន់​អំណាច​ យល់​ថា សម្តី​របស់​អ្នក​វិភាគ​សង្គម​របៀប​នេះ ហាក់​ដូច​ជា​ការ​បំផ្លាញ​រូបភាព​ល្អ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ទង្វើ​នេះ មិន​អាច​ធ្វើ​ឲ្យ​បក្ស​នៅ​ស្ងៀម​ មិន​បញ្ចេញ​សកម្មភាព​ដើម្បី​ការពារ​ខ្លួន​បាន​នោះ​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ