អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ការ​លុប​បំបាត់​ថ្លៃ​សេវា​ក្រៅ​ផ្លូវ​ការ ត្រូវ​ផ្តើម​ពី​មន្ត្រី​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយ​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ចាត់​វិធានការ​លើ​ករណី​ពុករលួយ​មួយ​ចំនួន ហើយ​ក្រោយ​មក​ បាន​ធ្វើ​យុទ្ធនាការ​នៅ​តាម​ឃុំ​សង្កាត់ ដើម្បី​លុប​បំបាត់​ការ​យក​លុយ​ក្រៅ​ផ្លូវ​ការ​នោះ ភាព​អសកម្ម​នេះ ក៏​បាន​ថម​ថយ​ច្រើន​គួរ​អោយ​កត់​សំគាល់។ ប៉ុន្តែ ក៏​នៅ​តែ​មាន​ករណី​ដែល​មន្ត្រី​ឆ្លៀត​ឱកាស​ដដែល។ មន្ត្រី​ខ្លះ​មិន​បាន​បង្គាប់​អោយ​ពលរដ្ឋ​បង់ថ្លែ​ក៏​ពិត​មែន ប៉ុន្តែ​ពួកគេ​ក៏​មិន​បដិសេធ​ដែរ ប្រសិន​បើ​ពលរដ្ឋ​​ចង់​ផ្តល់ប្រាក់​សគុណ​ខ្លះ​នោះ។ វត្តមាន​នៃ​ការ​ផ្តល់​ប្រាក់​សគុណ​នេះ​ហើយ ​ដែល​ពិបាក​អោយ​គេ​វាយតម្លៃ​ថា អំពើ​ពុករលួយ​ត្រូវ​បាន​លុប​បំបាត់​នោះ។

ថ្ងៃសុក្រទី២៤ធ្នូ រដ្ឋាភិបាល អនុម័ត សេចក្តីព្រាងអនុក្រឹត្យ​ចំនួន​៣របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​
ថ្ងៃសុក្រទី២៤ធ្នូ រដ្ឋាភិបាល អនុម័ត សេចក្តីព្រាងអនុក្រឹត្យ​ចំនួន​៣របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

ពលរដ្ឋ​មួយ​ចំនួន​បាន​សាទរ និង​បាន​អះអាង​ថា​ ពួកគេ​​មិន​បាន​ចំណាយ​ប្រាក់​ក្រៅ​ផ្លូវ​ការ ទៅ​អោយ​មន្ត្រី​តាមមូលដ្ឋាន ដូច​មុន​ទៀត​ឡើយ។ ទន្ទឹម​គ្នា​នេះ ក៏​នៅ​មាន​ពលរដ្ឋ​មួយ​ចំនួន ដែល​បញ្ជាក់​ថា​ពួកគេ​នៅ​បន្ត​អស់​ថវិកា​ក្រៅ​ផ្លូវ​ការ​ទៅ​អោយមន្ត្រី​​ឃុំ​សង្កាត់​ដដែល។ ប៉ុន្តែ សម្រាប់​មនុស្ស​ក្រុមទី២​នេះ រូបភាព​នៃ​ការ​អស់​ប្រាក់​ក្រៅ​ផ្លូវ​ការ​នោះ វា​ក៏​បាន​ប្រែប្រួល​ប្រសើរ​ខ្លះ​ដែរ។ ប្រែប្រួល​ពី​ការ​បង់ប្រាក់​ដោយ​ការ​ទារ​ពី​មន្ត្រី មក​នៅ​ត្រឹមការ​បង់ប្រាក់ដោយ​ចិត្ត​ឯង។ បានន័យ​ថា មនុស្ស​ក្រុម​ទី២​នេះ ដែល​ទំនង​ជា​ធ្លាប់តែផ្តល់​ថវិកា​ខ្លះ​អោយមន្ត្រីនោះ ឬ​ក៏​ខ្លាច​មន្ត្រីមូលដ្ឋាន​មិន​ធ្វើការ​អោយ​ពួកគេ ក៏​មិន​ហ៊ាន​ត្រឹម​តែ​និយាយ​អរគុណ​នោះ​ឡើយ ហើយ​ក៏​សួរ​សំណួរ​គួរសម​ ថា​តើ​គេ​ត្រូវ​ផ្តល់​ប្រាក់​ប៉ុន្មាន​នោះ។ បើ​តាមការ​អះអាងរបស់​អ្នក​ដែល​បាន​ចំណាយ​ប្រាក់កាស​អោយ​មន្ត្រីឃុំ​សង្កាត់​នោះ នៅពេល​ដែល​ពួកគេ​សួរ​អំពី​ការ​ចំណាយ​ប្រាក់​ ឬ​ក៏​ចង់​ផ្តល់​ប្រាក់សគុណ​ខ្លះ​ ដើម្បី​គ្រាន់តែ​ចង់​អោយ​មន្ត្រី​​ធ្វើ​ការងារ​អោយ​នោះ មន្ត្រី​មួយ​ចំនួន​មិន​បាន​ឆ្លើយ​បដិសេធ ឬ​ច្រាន​ចោល​ប្រាក់​សគុណ​នោះឡើយ ដោយ​ពួកគេ​និយាយ​ថា ស្រេច​តែ​មនោ​សញ្ចេតនា​ ឬ​ស្រេច​តែ​ទឹក​ចិត្ត​របស់​ពលរដ្ឋ​ដែល​ចង់​អោយ។

 
អ្នក​តាម​ដាន​សង្គម​សេដ្ឋកិច្ច​កម្ពុជា​បាន​អត្ថាធិប្បាយ​ថា ល្គឹក​ណា​មន្ត្រី​​នៅ​មិន​បដិសេធ​ប្រាក់​ក្រៅផ្លូវការ​ពី​ពលរដ្ឋ​នោះទេ អំពើ​អសកម្ម ដែល​ត្រូវបាន​គេ​មើល​ឃើញ​ដូច​ជា​អំពើ​ពុក​រលួយ​នេះ នៅ​តែ​កើត​មាន​ដដែល។ ហើយ​វា​ក៏​បង្ហាញ​អំពី​ភាព​មិន​ស្មោះ​ត្រង់​របស់​មន្ត្រី ដែល​ចង់​គេច​ពី​ការ​ទទួល​ខុសត្រូវ ហើយ​ទំលាក់​កំហុស​ទៅ​លើ​ពលរដ្ឋ​ទៅវិញ។

តាម​ពិត​ មន្ត្រី​ទាំងអស់​គួរ​តែ​បាន​យល់​ថា នៅពេល​ដែល​ពលរដ្ឋ​ចំណាយ​ថវិការ​ក្រៅ​ផ្លូវ​ការ​នោះ បើ​ទោះ​ក្នុង​រូបភាព​ក៏ដោយ វា​បាន​ធ្វើ​អោយ​ពួកគេ​មិន​សប្បាយ​ចិត្ត​ទាល់តែ​សោះ។ ពលរដ្ឋ​ត្រូវ​បង្ខំ​ចិត្តផ្តល់​ប្រាក់​ក្រៅ​ផ្លូវ​ការ​ខ្លះ ពីព្រោះ​យោងតាម​ពិសោធន៍​ចំនួន គឺ​ពួកគេ​មិន​ចង់អោយឯកសារ​របស់​ពួកគេ​ ​ជាប់​គាំង​នៅ​កន្លែងណា​មួយនោះ​ឡើយ ឬ​ក៏​ត្រូវ​យឺតយ៉ាវ​នោះទេ។ ដូច្នេះ​​ហើយ ទើប​ជា​ទម្លាប់​ ប្រជាពលរដ្ឋ តែងតែ​រំងាប់​កំហឹង​ក្នុង​អារម្មណ៍​ហើយ​​សុខចិត្ត​បង្ខំ​ចិត្ត​បង់​ប្រាក់​ ខុសច្បាប់​ទៅ​អោយ​មន្ត្រី​ថ្នាក់​ឃុំ​សង្កាត់​មួយចំនួននោះ។

ប្រាក់កម្រៃ​បង់​ក្រៅ​ផ្លូវការ​នៅថ្នាក់​មូលដ្ឋាន​អាច​មានចំនួន ១០ដុល្លារ ២០ដុល្លារ ៥០ដុល្លារ​ឬ​១០០​ដុល្លារ និង​អាច​លើស​ពី​នេះ ​វាអាស្រ័យ​ទៅ​លើសេវា​ដែល​ប្រជាពលរដ្ឋ​ត្រូវ​ពឹងពាក់​​​មន្រ្តី​ទាំង​នោះ។ ថវិកា​ក្នុង​កម្រិត​នេះ​មិន​ច្រើន​ទេ​សម្រាប់​អ្នកមាន​ធនធាន​។ ប៉ុន្តែ​ សម្រាប់​គ្រួសារ​ក្រីក្រដែល​រក​ចំណូល​រស់​មួយ​ថ្ងៃ​សម្រាប់​មួយ​ថ្ងៃ​នោះ ប្រាក់ទាំងនោះ​ពិត​ជា​មាន​ទំហំ​ច្រើន​ណាស់។ ពលរដ្ឋ​ក្រីក្រ​ខ្លះ ដែល​គ្មាន​សៀវភៅ​គ្រួសារ ឬ​បាត់​អត្តសញ្ញាណបណ្ណ ឬ​បណ្ណ​សំគាល់​ខ្លួន​ផ្សេងនោះ ពួកគេ​នៅ​បន្ត​គ្មាន​ឯកសារ​ទាំង​នេះ​ដដែល ពីព្រោះ​ពួកគេ​គ្មាន​ប្រាក់​បង់​អោយ​មន្ត្រី ដើម្បី​ធ្វើ​ឯកសារ​ទាំងនោះ​ជា​ថ្មី។

វា​មាន​ស្ថានភាព​ជាក់ស្តែង​ចំនួនពីរ​ដែល​កំពុង​កើត​មាន។ អ្នក​មាន​លុយ​ ពួកគេ​បាន​ពឹងពាក់មន្ត្រី​អោយ​ជួយ​ធ្វើការងារ​ជំនួស ដែល​ពាក្យ​សាមញ្ញ​គេ​ហៅថា​ រត់ការ។ ត្រង់​ចំនុច​នេះ មិន​មែន​មាន​ន័យថា គ្មាន​ការ​បម្រើ​សេវា​តាម​រដ្ឋបាល​ធម្មតា​នោះ​ដែរ។ ប៉ុន្តែអ្វី​ដែល​គេ​បារម្ភ​នោះ ថា​តើ អ្នក​ក្រីក្រ​អាច​ទទួល​បាន​សេវា​ដ៏​មាន​ប្រសិទ្ធភាព ទាន់ចិត្ត​ដោយ​គ្មាន​ចំណាយ​ប្រាក់​ដែរ​ឬទេ? ចុះ​បើ​មន្ត្រី​គ្រប់គ្នា​សុទ្ធ​តែ​ជា​អ្នក​រត់ការ​នោះ តើ​សេវាកម្ម​​របស់​រដ្ឋ​សម្រាប់​ពលរដ្ឋ​គ្មាន​ប្រាក់​នោះ អាច​ប្រព្រឹត្តិ​ទៅ​បាន​ដែរ​ឬទេ?

នេះ​ជា​សំណួរ​ដែល​ពិបាក​ផ្តល់​ចម្លើយ​​ ដោយសារតែ​ វា​ក៏​ពាក់ព័ន្ធ​នឹង​ជីរភាព​របស់​មន្ត្រីដែរ។ វា​គួរ​តែ​មាន​ការ​ដោះស្រាយ​ជា​កញ្ចប់​មួយ​។ ទីមួយ រដ្ឋាភិបាល​ត្រូវ​ធ្វើ​យ៉ាង​ណា អាច​អោយ​មន្ត្រី​ថ្នាក់​ឃុំ​សង្កាត់​អាច​ទទួល​ប្រាក់​ខែ​សមរម្យ​មួយ បូករួម​ជាមួយ​នឹង​រឹង​បន្តឹង​ផ្នែក​វិន័យ​រដ្ឋបាល ចំពោះ​មន្ត្រី​ពុករលួយ។

ទី២ ប្រសិន​បើ ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ត្រូវ​ចេញ​ពី​ប្រអប់​គណបក្ស​នយោបាយ គណបក្ស​នយោបាយ​និមួយ​ៗ គួរ​ជ្រើសតាំង​មន្ត្រី​របស់​ខ្លួន​ណា​ដែល​មាន​ការ​អប់រំ​ខ្ពស់ មាន​ឧត្តម​គតិ និង​មនសិការ​ខ្ពស់​ដែល​ប្តេជ្ញា​ធ្វើ​ការងារ​ដើម្បី​ប្រទេស​ជាតិ និង​ចុងក្រោយ គណបក្ស​ក៏​គួរ​តែ​លើក​ទឹកចិត្ត​ដល់​មន្ត្រីរបស់​ខ្លួន​ដែល​មាន​ទ្រព្យ​សម្បត្តិ ហើយ​ចង់​ធ្វើ​ការ​ងារ​បម្រើ​ពលរដ្ឋ និង​ប្រទេស​ជាតិ​នៅ​ថ្នាក់​មូលដ្ឋាន​នោះ។

ការ​រើស​បាន​មន្ត្រី​អ្នកមាន​ជីរភាព​សមរម្យ​ ហើយ​មាន​មនសិការ​ទៀតនោះ នៅពេល​នោះ គេ​នឹង​អាច​លុប​បំបាត់​អំពើ​ពុករលួយ ឬ​វប្បធម៌​អាក្រក់​មួយ​ចំនួន ដូចជា​ ​ ថ្លៃសគុណ ប្រាក់​ទឹកតែ ឬ​ប្រាក់ទឹកចិត្ត តាម​រយៈ​ការ​យក​សេវា​ក្រៅ​ផ្លូវការ​​ ពី​ពលរដ្ឋ​នោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ