អានតួអត្ថបទ
បច្ចេកវិទ្យា

ពិភពលោក​ព្រួយ​បារម្ភ​ពី​ការ​វាយ​ប្រហារ​បែប​ទំនើប​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា

ស្រប​ពេល​ជាមួយ​ការ​រីកចំរើន​នៃ​ប្រព័ន្ធ​ព័ត៌មានវិទ្យា និង​បច្ចេកវិទ្យា​ទំនើប​ អ្នក​ជំនាញ​ធំៗ​លើ​ពិភពលោក​ កំពុង​មាន​ការ​ព្រួយ​បារម្ភ​ជាខ្លាំង​ អំពី​ការ​វាយ​ប្រហារ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា។ ការ​វាយ​ប្រហារ​ប្រភេទ​នេះ​អាច​ធ្វើឡើង​ ដោយ​ក្រុម​ភេរវករ រឺ​ក៏​គេញ​សម្ងាត់ ទៅ​លើ​ស្ថាប័ន​ធំៗ​ ដែល​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា ដើម្បី​បន្លំ​លួច​យក​ប្រាក់ រឺ​ព័ត៌មាន​សំងាត់​ផ្សេងៗ រឺមួយ​ក៏​ធ្វើឲ្យ​ប្រព័ន្ធ​លែង​ដំណើរការ​តែ​ម្តង។

SPAM រឺ​មេរោគ​លើ​អ៊ីនធឺនែត ជា​ការ​វាយប្រហារ​តាម​ប្រព័ន្ធវិទ្យា​ ដែល​មាន​វ័យ​ចំណាស់​ជាង​គេ
SPAM រឺ​មេរោគ​លើ​អ៊ីនធឺនែត ជា​ការ​វាយប្រហារ​តាម​ប្រព័ន្ធវិទ្យា​ ដែល​មាន​វ័យ​ចំណាស់​ជាង​គេ REUTERS/Kacper Pempel/Files
ផ្សាយពាណិជ្ជកម្ម

ទូរស័ព្ទ កុំព្យូទ័រ បណ្តាញ​អ៊ីនធឺនែត​មាន​នៅ​គ្រប់​ទិសទី​ទាំងអស់។ មនុស្ស​លោក​សម័យ​ទំនើប​ត្រូវការ​វា ដើម្បី​ធ្វើ​ការងារ និង​ទំនាក់ទំនង​គ្នា។ ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​ជាន់ខ្ពស់​ គឺ​សំខាន់​ណាស់​នៅ​តាម​បណ្តា​ក្រុមហ៊ុន ធនាគារ រឺ​ស្ថាប័ន​រដ្ឋ​ធំៗ រាប់​ចាប់តាំង​ពី​ការ​គ្រប់គ្រង​បុគ្គលិក ការ​គ្រប់គ្រង​គណនី​ក្រុមហ៊ុន ការ​គ្រប់គ្រង​ចរន្ត​ទឹកប្រាក់​នៅ​តាម​ធនាគា ការ​គ្រប់គ្រង​បណ្តាញ​ចរាចរណ៍​រថភ្លើង និង​ការ​ហោះហើរ​របស់​យន្តហោះ​ជា​ដើម។ ដូច្នេះ តែ​កាលណា​ប្រព័ន្ធ​ព័ត៌មានវិទ្យា​មិន​ដំណើរការ មាន​ន័យ​ថា​ អ្វីៗ​នឹង​រាំងស្ទះ ហើយ​វា​អាច​បង្ក​គ្រោះថា្នក់​ធ្ងន់ធ្ងរ​ទៀត​ផង។

 
យោង​តាម​ការ​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​អាមេរិក ឈ្មោះ Pew Research Center ក្នុង​ចំណោម​អ្នក​ជំនាញ​ព័ត៌មានវិទ្យា​ចំនួន ១៦៤២​នាក់  មាន​៦១​ភាគរយ​ដែល​បាន​ឆ្លើយថា ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា នឹង​បង្ក​គ្រោះថ្នាក់​យ៉ាងខ្លាំង​ ដល់​សេដ្ឋកិច្ច​និង​សន្តិសុខ​របស់​បណ្តា​ប្រទេស​ទាំងអស់។ ការ​វាយ​ប្រហារ​ប្រភេទ​នេះ នឹង​កើនឡើង​កាន់​តែ​ខ្លាំង​ទៅៗ ចាប់​ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ​២០២៥។

មនុស្ស​ម្នាក់ៗ ក៍​ដូច​ជា​ក្រុមហ៊ុន​ធំៗ​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា ដើម្បី​ទំនាក់ទំនង​គ្នា និងផ្ទុកឯកសារ។ ដូច្នេះ ព័ត៌មាន​ទាំង​អស់​នេះ អាច​នឹង​ត្រូវ​ពួក​ជនល្មើស​លួច​យក​បាន ដោយ​បន្លំ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​របស់​បុគ្គល រឺ​ក្រុមហ៊ុន​នោះ ដែល​គ្មាន​ប្រព័ន្ធ​ការពារ​រឹងមាំ។ ក្រៅ​ពី​ការ​បង្កើត​មេរោគ​បំផ្លាញ​ប្រព័ន្ធ​ពត៌មានវិទ្យា​ណា​មួយ ពួក​ជនល្មើស​ អាច​ប្រើប្រាស់​វិធី​នេះ ដើម្បី​លួច​ដក​ប្រាក់​ចេញ​ពី​ធនាគារ រឺ​ក៏​យក​ព័ត៌មាន​ដែល​ពួកវា​លួច​បាន​ ទៅ​ប្រើ​ប្រាស់​ក្នុង​ការ​ធ្វើ​បទ​ឧក្រិដ្ឋ​ មួយ​ផ្សេង​ទៀត។ ទោះ​បី​ជា​យ៉ាង​ណា មាន​អ្នក​ជំនាញ ៣៩ភាគរយ បាន​និយាយ​ថា ការ​វាយ​ប្រហារ​តាម ប្រព័ន្ធ​ពត៌មានវិទ្យា អាច​ត្រូវ​គេ​បញ្ជៀស​បាន បើសិន​ជា​គេ​មាន​ប្រព័ន្ធ​កាពារ​រឹងមាំ និង​មាន​ប្រសិទ្ធភាព​ខ្ពស់។

ប្រព័ន្ធ​ការពារ​ជាតិ​ទំនើប​របស់​ប្រទេស​ជា​ច្រើន ជា​ពិសេស​ប្រទេស​ធំៗ ត្រូវ​ការ​ជា​ចាំបាច់​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា។ កាល​ពី​ជំនាន់​សង្គ្រាម​ត្រជាក់​ដែល​មាន​ការ​ប្រឈម​មុខ​គ្នា​រវាង​ប្រទេស​លោក​សេរី និង​ប្រទេស​កុម្មុយនិស្ត ការ​ស៊ើបការណ៍​សំងាត់ ទៅ​វិញ​ទៅ​មក ត្រូវ​បាន​គេ​ប្រើប្រាស់​ជានិច្ច ដើម្បី​ទទួល​បាន​ព័ត៌មាន​សំងាត់​របស់​សត្រូវ ហើយ​ងាយស្រួល​ក្នុង​ការ​រៀប​យុទ្ធសាស្ត្រ​វាយ​ប្រហារ។

បច្ចុប្បន្ន​នេះ ប្រទេស​ធំៗ​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ដើម្បី​វាយប្រហារ​គ្នា។ ជាក់ស្តែង សេតវិមាន​ប្រធានាធិបតី​អាមេរិក តែងតែ​រង​នូវ​ការ​វាយប្រហារ​ជា​ញឹកញាប់ ហើយ​ដែល​ជា​ទូទៅ​គេ​ចោទ​ថា ជា​អំពើ​របស់​ពួក​ចារកម្ម​រុស្ស៊ី។ ប្រទេស​ចិន និង​ជប៉ុន​ដែល​មាន​ជម្លោះ​ព្រំដែន​សមុទ្រ​នឹង​គ្នា កំពុង​តែ​ត្រៀម​ខ្លួន ចំណាយ​ប្រាក់​សន្ធឹក​សន្ធាប់​ ដើម្បី​ស្ថាបនា​ប្រពន្ធ័​ការពារ​ខ្លួន​ ពី​ការ​វាយប្រហារ​របស់​សត្រូវ​ តាម​បណ្តាញ​ព័ត៌មានវិទ្យា។ អាមេរិក និង​អ៊ីស្រាអែល​វិញ បាន​ស្ថាបនា​មេរោគ​ពត៌មានវិទ្យា​ពិសេស​មួយ​ ដើម្បី​រំខាន​ប្រព័ន្ធ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ