អានតួអត្ថបទ
នាទី​យល់ដឹង​អំពី​ច្បាប់ និង​ជំនួញ

អំពី​គ្រោះថ្នាក់​ការងារ៖ និយមន័យ និង​សិទ្ធិ​ទទួល​សំណង​ជួសជុល

ចុះផ្សាយ​នៅ​ថ្ងៃ៖

គ្រោះថ្នាក់ការងារ គឺ​ជា​ហានិភ័យ​ ដែល​​មាន​ជាប់​នឹង​ការ​បំពេញការងារ​របស់​កម្មករ និយោជិត។ ច្បាប់​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដាក់​បន្ទុក​ឲ្យ​និយោជក ឬ​ម្ចាស់​សហគ្រាស​ជា​អ្នក​រ៉ាប់រង​​ហានិភ័យនេះ ហើយ​​រដ្ឋ​ក៏​បាន​បង្កើត​បេឡា​ជាតិ​សន្តិសុខ​សង្គម​មួយ​ផងដែរ ដើម្បី​ធានា​រ៉ាប់រង​ហានិភ័យ​ការងារ​​របស់​កម្មករ​និយោជិត។ ខាងក្រោមនេះ គឺ​ជា​សំណួរ-ចម្លើយ​ ជុំវិញ​និយមន័យ​នៃ​គ្រោះថ្នាក់ការងារ និង​សំណង​ដែល​និយោជិត​រងគ្រោះ​ត្រូវ​ទទួលបាន ក្នុង​ពេល​មាន​គ្រោះថ្នាក់ការងារ។

ការ​ដែល​កម្មករ-កម្មការិនី​ដួល​សន្លប់​នៅ​កន្លែង​ធ្វើការ តែងតែ​កើតមាន​ជារឿយៗ នៅ​កម្ពុជា
ការ​ដែល​កម្មករ-កម្មការិនី​ដួល​សន្លប់​នៅ​កន្លែង​ធ្វើការ តែងតែ​កើតមាន​ជារឿយៗ នៅ​កម្ពុជា
ផ្សាយពាណិជ្ជកម្ម

តើ​អ្វី​ទៅជា​គ្រោះថ្នាក់​ការងារ?

យោងតាម​ច្បាប់​ការងារ​ (១៩៩៧) មាត្រា ២៤៨ “ត្រូវ​ចាត់ទុក​ជា​គ្រោះថ្នាក់​ការងារ គ្រោះថ្នាក់​ដែល​កើតឡើង​ដោយ​ធ្វើការ ឬ​ក្នុង​ពេល​ធ្វើការ ទោះដោយ​ហេតុយ៉ាងណា​ក៏ដោយ ហើយ​ទោះមាន​កំហុស​មក​ពី​កម្មករ​និយោជិត ឬ​គ្មាន​ក៏ដោយ (...) ម្យ៉ាងទៀត ត្រូវ​ចាត់ទុក​ជា​គ្រោះថ្នាក់​ការងារ​ដែរ ចំពោះ​គ្រោះថ្នាក់​ណា ដែល​ធ្លាក់​លើ​កម្មករ​និយោជិត​ក្នុង​ពេល​ដែល​សាមីខ្លួន​ធ្វើ​ដំណើរ​ពីលំនៅស្ថានខ្លួន​ត្រង់ឆ្ពោះ​ទៅ​ទីកន្លែង​ធ្វើការ ឬ​វិលមកវិញ ដោយ​គ្មាន​ឈប់ ឬ​ដោយ​គ្មាន​វាង​ទៅ​កន្លែង​ផ្សេង​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន ឬ​ក្រៅពី​ការងារ​ដែល​គេ​តម្រូវ​ឲ្យ​ទៅ”។

ដូច្នេះ បើ​មើលទៅលើ​និយមន័យ​នេះ យើងឃើញ​ថា គ្រោះថ្នាក់​ការងារ គឺ​អាច​ជា៖

  • គ្រោះថ្នាក់​ដែល​កើតឡើង​ដោយ​ការ​ធ្វើការ​ងារ (ដូចជា និយោជិត​ដែល​ធ្វើការ​ជាមួយ​ម៉ាស៊ីន ហើយ​​កំពុង​តែ​បញ្ជាម៉ាស៊ីន ក៏​ស្រាប់​តែ​ចៃដន្យ​ត្រូវ​ម៉ាស៊ីន​កៀបដៃ គឺ​ជា​គ្រោះថ្នាក់​ការងារ)។
  • គ្រោះថ្នាក់​មិនមែន​កើតឡើង​ដោយការ​ធ្វើការ​ងារ ក៏ប៉ុន្តែ កើតឡើង​ក្នុង​ពេល​កំពុង​ធ្វើការងារ (ដូចជា កំពុង​តែ​អង្គុយ​ធ្វើការ ស្រាប់តែ​ពិដាន​របេះ​ធ្លាក់​ត្រូវ​បែក​ក្បាល ឬ​ក៏​​ពេល​ដើរ​ចុះដើរ​ឡើង ក្នុង​ពេល​ធ្វើការ ក៏ស្រាប់​តែ​រអិល​ដួល​គ្រេចជើង គឺ​ជា​គ្រោះថ្នាក់​ការងារ)។
  • គ្រោះថ្នាក់​ក្នុង​ពេល​ធ្វើ​ដំណើរ​ទៅធ្វើការ ឬ​មក​ពី​ធ្វើការ (ដូចជា ពេល​ជិះម៉ូតូ ឬ​ជិះ​រ៉ឺម៉ក​​ទៅ​ធ្វើការ​ ស្រាប់តែ​ជួប​នឹង​គ្រោះថ្នាក់​ដួលម៉ូតូ ឬ​ក្រឡាប់​រ៉ឺម៉ក​បង្ក​ឲ្យ​មាន​របួស គឺ​ជា​គ្រោះថ្នាក់​ការងារ)។

ក៏ប៉ុន្តែ គ្រោះថ្នាក់​ក្នុងពេល​ធ្វើ​ដំណើរ​ទៅធ្វើការ ឬ​មក​ពីធ្វើការ​នេះ អាច​ចាត់បញ្ចូល​ជា​គ្រោះថ្នាក់ការងារ​បាន គឺ​ទាល់តែ​គ្រោះថ្នាក់​នោះ កើតឡើង នៅ​ក្នុង​ពេល​ដែល​និយោជិត​ធ្វើ​ដំណើរ​ត្រង់ទៅ ត្រង់មក រវាង​ទីលំនៅ (ឬ​កន្លែង​ស្នាក់នៅ​ជា​អចិន្រ្តៃយ៍) និង​កន្លែង​ធ្វើការ ដោយ​គ្មាន​ឈប់ ឬ​វាង​ទៅកន្លែង​ផ្សេង​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ក្រៅពីការងារ​ដែល​គេ​តម្រូវ​ឲ្យ​ទៅ។

ឧទាហរណ៍​ថា ផ្ទះ​ខ្ញុំ​នៅ​ក្បាល​ស្ពាន​ជ្រោយចង្វា លើ​ផ្លូវ​មុនីវង្ស ហើយ​កន្លែង​ធ្វើការ​ខ្ញុំ នៅ​ស្ពាន​​ក្បាលថ្នល់ លើ​ផ្លូវ​មុនីវង្សដែរ។ តើ​មានន័យថា ទាល់តែ​គ្រោះថ្នាក់ កើតឡើង​ពេល​ខ្ញុំ​​​ធ្វើ​ដំណើរ​​ទៅ និង​មក​ពី​ធ្វើការ តាម​​ផ្លូវ​មុនីវង្ស ទើប​ចាត់ទុក​ជា​គ្រោះថ្នាក់​ការងារ ឬ​ក៏​យ៉ាងម៉េច?
 
ពាក្យ​ថា “ធ្វើ​ដំណើរ​ត្រង់ទៅ ត្រង់មក” នេះ មិនមែន​មានន័យថា និយោជិត​ដាច់ខាត​ត្រូវ​តែ​ធ្វើ​ដំណើរ​ត្រង់ភ្លឹងនោះទេ។ ពាក្យ​គន្លឹះ នៅ​ត្រង់ចំណុចនេះ គឺ​ “ប្រយោជន៍​ផ្ទាល់ខ្លួន”។ ច្បាប់​ចែង​ថា ត្រូវ​ធ្វើ​ដំណើរ​ត្រង់ទៅ ត្រង់​មក “ដោយ​គ្មានឈប់​ ឬ​វាងទៅកន្លែង​ផ្សេង ជា​ប្រយោជន៍​ផ្ទាល់ខ្លួន” ដូចជា ចេញ​ពីធ្វើការ ឆៀង​ទៅ​ដើរលេង​មាត់ទន្លេរ ឬ​ទៅលេង​មិត្តភ័ក្តិ ឬ​បងប្អូន ឬ​ក៏​ឆ្លៀត​ឈប់ចូល​ញ៉ាំអី​តាមផ្លូវ .... ។ល។

ប្រសិនបើ​ឈប់ ឬ​វាង ក្នុង​ដំណើរ​ទៅធ្វើការ​ជាធម្មតា គឺ​ត្រូវ​ចាត់ទុក​ជា​ការ​ធ្វើ​ដំណើរ​ត្រង់ទៅ​ ត្រង់មក។

ឧទាហរណ៍​ទី១​៖ និយោជិត គាត់​ទៅធ្វើការ​ជាក្រុម ដោយ​ជិះរ៉ឺម៉ក។ រ៉ឺម៉ក​ត្រូវ​វាង ត្រូវ​ឈប់​យក​ និយោជិត​មួយៗ​តាមផ្ទះ មុននឹង​ទៅ​ដល់​កន្លែង​ធ្វើការ ហើយ​ពេល​ចេញ​ពី​ធ្វើការ​មកវិញ ក៏​ត្រូវ​ឆៀង ត្រូវ​ឈប់​ដាក់​​និយោជិត​មួយ​ៗ តាមផ្ទះ​ដែរ។ ដូច្នេះ គឺ​ត្រូវ​មាន​វាង មាន​ឈប់​តាមផ្លូវ ក៏​ប៉ុន្តែ ការ​វាង ឬឈប់​នេះ គឺ​​ស្ថិត​ក្នុង​ដំណើរ​ទៅ​ធ្វើការ​ជា​ធម្មតា មិនមែន​ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទេ។
 
ឧទាហរណ៍​ទី២៖ និយោជិត គាត់​ទៅធ្វើការ​ដោយ​យាន​ជំនិះ​ផ្ទាល់ខ្លួន (ជិះ​ម៉ូតូ ឬ​ក៏​ជិះឡាន​ផ្ទាល់​ខ្លួន) ក៏ប៉ុន្តែ ជិះទៅ​មាន​ស្ទះចរាចរណ៍ ហើយ​គាត់​ត្រូវ​វាង​តាម​ផ្លូវ​ផ្សេង ឬ​ក៏​ជិះ​ទៅម៉ូតូ ឬ​ឡាន​អស់​សាំង ហើយ​​ត្រូវ​ឈប់ចាក់សាំង។ ទាំងនេះ​ក៏​ជា​ការ​ឈប់ ឬ​វាង នៅ​ក្នុង​ដំណើរ​ទៅធ្វើការ​ជា​ធម្មតា ដោយ​មិនមែន​ឈប់ ឬ​វាង ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន។

ដូច្នេះ ក្នុងករណីទាំងនេះ បើ​សិន​ជា​មាន​គ្រោះថ្នាក់ ក៏​ត្រូវ​ចាត់ទុក​ជា​គ្រោះថ្នាក់​ការងារ​ដែរ។

បើ​នៅ​ប្រទេស​បារាំង​ ច្បាប់​មាន​​​ចែង​រហូតដល់​ទៅថា សម្រាប់​និយោជិត​ ដែល​មាន​កូនតូចៗ អាច​ឆៀង​យក​កូន​ទៅ​ដាក់​នៅ​សាលា មុននឹង​មក​ធ្វើការ ហើយ​ពេល​ចេញ​ពីធ្វើការ​ឆៀង​ទៅ​យក​កូន​ពីសាលា មុននឹង​ទៅផ្ទះ។ ទាំងនេះ​ក៏​ត្រូវ​រាប់​ថា​ជា​ការ​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​ជា​ធម្មតាដែរ ហើយ​បើ​មាន​គ្រោះថ្នាក់​ គឺ​ត្រូវ​រាប់ថា​ជា​គ្រោះថ្នាក់​ការងារ បើទោះជា​គ្រោះថ្នាក់ កើតមាន​ពេល​ឆៀង​ទៅយក​កូន​នៅ​សាលា​ក៏ដោយ។

ច្បាប់​ខ្មែរ​មិនមាន​ចែង​ច្បាស់ៗ​​ត្រង់ចំណុចនេះទេ ក៏ប៉ុន្តែ នៅពេល​មាន​វិវាទ ហើយ​មាន​បណ្តឹង​ទៅដល់​តុលាការ គឺ​វា​អាស្រ័យ​លើ​ចៅក្រម​ជា​អ្នក​​ពិចារណា វាយតម្លៃ​ ហើយ​កំណត់​ថា តើ​ការ​ឈប់ ឬ​ការ​វាង​ណា​ស្ថិត​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​ជាធម្មតា ហើយ​ការ​ឈប់ ឬ​ការ​វាងណា ដែល​ត្រូវ​ចាត់ទុក​ថាជា​ការ​ធ្វើ​ក្នុង​ប្រយោជន៍ផ្ទាល់ខ្លួន ដែល​មិន​ចូល​ក្នុង​ក្របខ័ណ្ឌ​នៃ​គ្រោះថ្នាក់ការងារ។​

តើ​កម្មករ និយោជិត​ដែល​​ទទួលរងគ្រោះថ្នាក់​ការងារ មាន​សិទ្ធិ​ទទួលបាន​នូវ​សំណង​អ្វីខ្លះ?

និយោជិត​ដែល​រងគ្រោះ មាន​សិទ្ធិ​ទទួល​បាន៖

  • សំណងដើម្បី​រ៉ាប់រង​ថ្លៃ​ព្យាបាល ទោះបី​ជា​គ្រោះថ្នាក់​នេះ​មិន​បណ្តាល​ឲ្យ​មាន​ការ​អាក់ខាន​ការងារ​ក៏ដោយ ឬ​ក៏​អាក់​ខាន​ការងារ​ក៏ដោយ។
  • បើ​សិន​ជា​​គ្រោះថ្នាក់​នោះ​តម្រូវ​ឲ្យ​និយោជិត​មិន​អាច​ធ្វើការ​បាន ក្រៅពី​ថ្លៃ​ព្យាបាល គាត់​មាន​សិទ្ធិ​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រចាំថ្ងៃ រហូតដល់​ពេល​គាត់​ជាសះស្បើយ ត្រឡប់​មក​ធ្វើការ​វិញ។
  • បើសិន​ជា​និយោជិត​ជា​ជនរងគ្រោះ​ត្រូវ​បាត់បង់​សមត្ថភាព​ធ្វើការ​ជា​អចិន្រ្តៃយ៍ គាត់​មានសិទ្ធិទទួល​បាន​សំណង​សម្រាប់​ថ្លៃ​ព្យាបាល​ហើយ បូក​បន្ថែម​នឹង​​ប្រាក់​បំណាច់​សម្រាប់​ការបង់​សមត្ថភាពការងារ​ជា​អចិន្រ្តៃយ៍​ទៀត។
  • បើសិន​ជា​និយោជិត​រងគ្រោះ​រហូតដល់​បាត់បង់​ជីវិត ត្រូវ​មាន​ជួយសោហ៊ុយ​សម្រាប់​បូជា​សព ហើយ​សិទ្ធិវន្ត​របស់​គាត់ (ប្តី-ប្រពន្ធ ឬ​កូន ឬ​ក៏​ម្តាយ​-ឪពុក​​ដែល​នៅ​ក្នុង​បន្ទុក) ត្រូវ​មាន​សិទ្ធិ​ទទួល​បាន​ប្រាក់បំណាច់។

ចំពោះ​សំណង​ដើម្បី​រ៉ាប់រង​ថ្លៃ​ព្យាបាល៖ មានរាប់ទាំង​ថ្លៃ​​​ដឹកជនរងគ្រោះ​ពី​កន្លែង​គ្រោះថ្នាក់​ទៅ​មន្ទីរពេទ្យ ឬ​ទៅ​លំនៅស្ថាន ថ្លៃ​ពិនិត្យ និង​ព្យាបាល​មុខរបួស ថ្លៃវះកាត់ ថ្លៃ​ពិនិត្យ​ដោយ​វិទ្យុ​កាំរស្មី ថ្លៃ​វិភាគ​ជំងឺ​ដោយ​មន្ទីរពិសោធន៍ ថ្លៃ​ថ្នាំពេទ្យ ថ្លៃ​បន្ទប់​មន្ទីរពេទ្យ ។ល។ ក៏ប៉ុន្តែ ជនរងគ្រោះ​ចាំបាច់​ត្រូវ​តែ​ពិនិត្យ​ និង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ ដែល​ទទួលស្គាល់​ដោយ​បេឡាជាតិ​​សន្តិសុខ​សង្គម (បាន​ចុះកិច្ចសន្យា​​ជាមួយ​បេឡាជាតិ​សន្តិសុខ​សង្គម) ដូចជា មន្ទីរពេទ្យ​កាល់ម៉ែត មន្ទីរពេទ្យ​ព្រះកុសមៈ (ពេទ្យ​លោកសង្ឃ) មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត (ពេទ្យ​រុស្ស៊ី) និង​មន្ទីរពេទ្យ​បង្អែក​​នៅ​តាម​ខេត្ត និង​ស្រុក​​មួយចំនួនផ្សេងទៀត។ បញ្ជីឈ្មោះ​ អាសយដ្ឋាន និង​លេខ​ទូរស័ព្ទ​របស់​មន្ទីរពេទ្យ​ទាំងអស់​នេះ គឺ​មាន​ក្នុង​សេចក្តីជូនដំណឹង​របស់​បេឡាជាតិ​របបសន្តិសុខ​សង្គម ហើយ​ដែល​ក្រុមហ៊ុន សហគ្រាស​មាន​ភារៈ​ត្រូវ​ផ្សព្វផ្សាយ​ដល់​បុគ្គលិក​និយោជិត​។
 
ចំពោះ​ប្រាក់ឈ្នួល​ប្រចាំថ្ងៃ៖

  • បើសិន​ជា​និយោជិត​ ដែល​រង​គ្រោះថ្នាក់​ការងារ បណ្តាល​ឲ្យ​អាក់​ខាន​ការងារ​​​​ត្រឹម ៤ថ្ងៃ ឬ​ក៏តិច​ជាង ៤ថ្ងៃ គាត់​ត្រូវ​ទទួល​បាន​ប្រាក់​ឈ្នួល​ដូចធម្មតា (ដូច​ពេល​ធ្វើការ) ពី​និយោជក។
  • បើ​សិន​ជា​គ្រោះថ្នាក់​ការងារ បណ្តាល​ឲ្យ​អាក់ខាន​ការងារ លើស​ពី ៤ថ្ងៃ គាត់​មានសិទ្ធិ​ទទួលបាន​ប្រាក់​បំណាច់​ ដែល​គេហៅថា “ប្រាក់បំណាច់​សម្រាប់​ការបាត់បង់​សមត្ថភាព​ការងារ​បណ្តោះអាសន្ន។ ប្រាក់បំណាច់​ សម្រាប់​ថ្ងៃ​ដំបូង ដែល​និយោជិត​រងគ្រោះ ត្រូវ​អាក់ខាន​ការងារ គឺ​ជា​បន្ទុក​របស់​និយោជក។ ចាប់ពីថ្ងៃ​ទី២​ទៅ គឺ​បេឡាជាតិ​របបសន្តិសុខ​សង្គម ដែល​ជា​អ្នក​ចេញ។ ប្រាក់បំណាច់​ប្រចាំថ្ងៃ ដែល​និយោជិត​រងគ្រោះ ត្រូវ​មាន​សិទ្ធិ​ទទួល​បាន​ពី​បេឡាជាតិ​របបសន្តិសុខ​សង្គម គឺ​ត្រូវ​ស្មើ​នឹង ៧០% នៃ​ប្រាក់ឈ្នួល​មធ្យម​ប្រចាំថ្ងៃ។ បន្ថែម​ពី​លើ​នេះ​ទៀត បើសិន​ជា​ស្ថានភាព​គ្រោះថ្នាក់​តម្រូវ​ឲ្យ​មាន​អ្នក​ថែទាំ​នៅ​មន្ទីរពេទ្យ តាម​សំណើ​របស់​គ្រូពេទ្យ និយោជិត​រងគ្រោះ​ ​មាន​សិទ្ធិ​ទទួល​បាន​​ប្រាក់​ឧបត្ថម្ភ​សម្រាប់​អ្នក​ថែទាំ​នៅ​មន្ទីរពេទ្យ​ ដែល​ត្រូវ​ស្មើ​នឹង ៥០% នៃ​ប្រាក់​បំណាច់​ប្រចាំថ្ងៃ។

 
ប្រសិនបើ​គ្រោះថ្នាក់​នោះ​កើតឡើង​ដោយ​កំហុស​របស់​កម្មករ​និយោជិត​ខ្លួនឯង​ តើ​និយោជិត​នៅតែ​មាន​សិទ្ធិ​ទទួល​ប្រាក់​បំណាច់​នេះ​ដែរ​ឬទេ?

និយមន័យ​នៃ​គ្រោះថ្នាក់ការងារ ដែល​មាន​ចែង​ក្នុង​​ច្បាប់​ការងារ (មាត្រា ២៤៨) មិន​ធ្វើការ​បែងចែក​រវាង​ថា តើ​គ្រោះថ្នាក់​នោះ​បណ្តាល​មក​ពី​មូលហេតុ​អ្វី ហើយ​និយោជិត​រងគ្រោះ​មាន​កំហុស ឬ​ក៏​គ្មាន​កំហុស​នោះទេ? ដូច្នេះ ជាគោលការណ៍ និយោជិត​ដែល​ទទួលរងគ្រោះថ្នាក់​ការងារ ទោះបី​ជា​គ្រោះថ្នាក់​នោះ​កើតឡើង​ដោយ​កំហុស​​របស់​អ្នករងគ្រោះ​ខ្លួនឯង​ក៏ដោយ ក៏​គាត់​ត្រូវ​មាន​សិទ្ធិ​ទទួល​បាន​ប្រាក់ឈ្នួល ឬ​ប្រាក់​បំណាច់​សម្រាប់​ការ​បាត់បង់​សមត្ថភាព​ការងារ​បណ្តោះ​អាសន្ន​នេះ​ដែរ។

ក៏ប៉ុន្តែ ច្បាប់​ការងារ​​បាន​ចែង​ទុក​លទ្ធភាព​ឲ្យ​មាន​ការ​ប្តឹង​តវ៉ា​ទៅ​តុលាការ​មាន​សមត្ថកិច្ច។ បើ​សិន​ជា​ចៅក្រម​រកឃើញ​ថា ​គ្រោះថ្នាក់​ការងារ​កើតឡើង​បណ្តាល​មក​ពី​កំហុស​ធ្ងន់ធ្ងរ​របស់​និយោជិត​ដែល​ជា​​អ្នក​រងគ្រោះ ចៅក្រម​អាច​សម្រេច​កាត់បន្ថយ​ប្រាក់​បំណាច់​​របស់​គាត់។ ផ្ទុយ​ទៅវិញ ប្រសិន​បើ​គ្រោះថ្នាក់​នេះ កើតឡើង​បណ្តាល​មក​ពី​កំហុស​ធ្ងន់ធ្ងរ​របស់​សហគ្រាស និយោជក ចៅក្រម​អាច​បន្ថែម​ប្រាក់​បំណាច់ ដែល​ត្រូវ​បង់​ទៅ​ឲ្យ​និយោជិត​រងគ្រោះ។

នៅពេល​ដែល​និយោជិត​រងគ្រោះថ្នាក់​ការងារ បេឡា​ជាតិ​សន្តិសុខ​សង្គម​រ៉ាប់រង​បង់​ប្រាក់សំណង។ ក៏ប៉ុន្តែ ចង់ដឹង​ថា តើ​និយោជិតមាន​កាតព្វកិច្ច​បង់​ប្រាក់​ភាគទាន​ ឬ​ត្រូវ​កាត់​ប្រាក់​ខែ​មួយ​ផ្នែកណាមួយ ជា​រៀងរាល់​ខែ ដើម្បី​បង់​ទៅ​ឲ្យ​បេឡាជាតិ​សន្តិសុខ​សង្គម​នេះ​ដែរ​ឬទេ?
 
តាមប្រកាស​របស់​ក្រសួង​សង្គមកិច្ច (១៦ មិថុនា ២០០៨) កំណត់ថា និយោជិត​មិន​ត្រូវ​តម្រូវ​ឲ្យ​ជាប់កាតព្វកិច្ច​បង់​ប្រាក់ភាគទាន​ហានិភ័យ​ការងារ ទៅ​ឲ្យ​បេឡា​ជាតិ​សន្តិសុខ​សង្គមទេ។ មានតែ​និយោជក និង​ម្ចាស់​សហគ្រាស​ទេ ដែល​ត្រូវ​ជាប់​កាតព្វកិច្ច​បង់​ប្រាក់​ភាគទាន​នេះ។

ប្រាក់ភាគទាន​ហានិភ័យការងារ ដែល​និយោជក និង​ម្ចាស់​សហគ្រាស​ត្រូវ​បង់​ទៅ​ឲ្យ​បេឡា​ជាតិ​សន្តិសុខ​សង្គមនេះ គឺ​ត្រូវ​បង់​តាម​អត្រា ០,៨% នៃ​ប្រាក់ឈ្នួល​មធ្យម​ប្រចាំខែ​របស់​និយោជិត។ ឧបមាថា បើប្រាក់ឈ្នួល​មធ្យម​ប្រចាំខែ គឺ ១លាន​​រៀល​ក្នុង​មួយខែ និយោជក​ត្រូវ​បង់​ប្រាក់​ភាគទាន​ហានិភ័យ​ការងារ ៨ពាន់​រៀល ក្នុង​មួយខែ សម្រាប់​និយោជិត​ម្នាក់។ បើ​ក្នុង​សហគ្រាស​មាន​និយោជិត ១០០នាក់ ក្នុងមួយខែៗ និយោជក​ត្រូវ​បង់​ភាគទាន​ហានិភ័យ​ការងារ ៨០ម៉ឺនរៀល ទៅ​ឲ្យ​បេឡាជាតិ​សន្តិសុខ​សង្គម។

គួរ​បញ្ជាក់ថា ប្រាក់​ភាគទាន ០,៨%នេះ មិនមែន​​និយោជក​កាត់​ប្រាក់ខែ ០,៨% ពី​និយោជិត​ ដើម្បី​យក​ទៅ​បង់​ឲ្យ​បេឡា​ជាតិ​សន្តិសុខ​សង្គម​ទេ។ ​និយោជក​ ឬ​ម្ចាស់​សហគ្រាស​ត្រូវ​ចេញ​លុយ​ខ្លួនឯង ព្រោះប្រាក់ភាគទាននេះ គឺ​ជា​កាតព្វកិច្ច​របស់​និយោជក មិនមែន​ជា​កាតព្វកិច្ច​របស់​និយោជិត​ទេ។

ឧបមាថា និយោជិត​ម្នាក់ មាន​ប្រាក់ខែ​ ​១លាន​រៀល​ក្នុង​មួយខែ ដូច្នេះ និយោជក​ត្រូវ​បើក​ប្រាក់​ខែ​ឲ្យ​គាត់ ១លាន​រៀល​ក្នុង​មួយខែ​ជា​ធម្មតា ហើយ​បន្ថែម ០,៨% (ត្រូវជា​ ៨ពាន់​រៀល) ពីលើ​នេះ​ទៀត ដើម្បី​បង់​ភាគទាន​ហានិភ័យការងារ ទៅ​ឲ្យ​បេឡាជាតិ​សន្តិសុខ​សង្គម (មិនមែន កាត់យក​ ៨ពាន់រៀល​ ពី​ក្នុងប្រាក់ខែ​​១លាន​រៀល​របស់​និយោជិត យកទៅបង់ទេ)៕
 


ដើម្បី​ស្វែងយល់​បន្ថែម​ សូម​មើល​ទំព័រ​វិបសៃត៍​របស់​បេឡាជាតិ​សន្តិសុខ​សង្គម www.nssf.gov.kh​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ