អានតួអត្ថបទ
កម្ពុជា

ថ្ងៃ​១៧​តុលា​ នឹង​មាន​បាតុកម្ម​ប្រឆាំង​នឹង​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ នៃ​ការ​បញ្ជូន ​និង​ទទួល​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី ​មក​រស់​នៅ​កម្ពុជា

សិស្ស​និស្សិត​បញ្ញវន្ត​ ព្រះសង្ឃ ​និង​ប្រជាពលរដ្ឋ​មាន​បញ្ហាដីធ្លី​ប្រមាណ ​១០០០​ នាក់ ​គ្រោង​នឹង​ជួបជុំ ​និង​ដង្ហែ​ញត្តិ ​ធ្វើ​បាតុកម្ម​ ក្នុង​គោល​បំណង​ស្វែង​រក​កិច្ច​អន្តរាគមន៍​ ដើម្បី​ទប់ស្កាត់​ការ​បញ្ជូន​ និង​ការ​ទទួល​ជនភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី ​មក​តាំង​ទី​លំនៅ ​នៅ​ប្រទេស​កម្ពុជា។​ បាតុកម្ម​ នៅ​ថ្ងៃ​សុក្រ ​ទី​១៧ ​ខែ​តុលា ​នឹង​ធ្វើ​ឡើង​ ចាប់​ពី​ម៉ោង ​៧​ ព្រឹក​ ដល់​ម៉ោង​ ៥​ ល្ងាច​ ដោយ​ចាប់​ផ្តើម​ប្រមូល​ផ្តុំ​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក ​ហែ​ទៅ​ដាក់​ញត្តិ​នៅ​វិមាន​សន្តិភាព​ អង្គការ​សហប្រជាជាតិ​ខាង​សិទ្ធិ​មនុស្ស ​សហភាព​អឺរ៉ុប​ រដ្ឋសភា ​និង​ទៅ​កាន់​ស្ថានទូត​អូស្ត្រាលី។

បាតុកម្ម​ប្រឆាំង​នឹង​ការ​ចុះកិច្ចព្រមព្រៀង​បញ្ជូន​ជនភៀសខ្លួន​ពី​អូស្រ្តាលី​មក​កម្ពុជា
បាតុកម្ម​ប្រឆាំង​នឹង​ការ​ចុះកិច្ចព្រមព្រៀង​បញ្ជូន​ជនភៀសខ្លួន​ពី​អូស្រ្តាលី​មក​កម្ពុជា REUTERS/Samrang Pring
ផ្សាយពាណិជ្ជកម្ម

លិខិត​អំពាវនាវ ធ្វើបាតុកម្ម ចុះហត្ថលេខា​ដោយ​លោក ម៉ៅ ពិសេស ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ចុះ​ថ្ងៃទី១៤ ខែតុលា បាន​លើកឡើងថា បាតុកម្ម នៅ​ថ្ងៃ​សុក្រ ទី១៧តុលា ដើម្បី​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អូស្ត្រាលី កុំ​អនុវត្ត​កិច្ចព្រមព្រៀង ដែល​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃទី២៦ ខែកញ្ញា ពីព្រោះ​វា​នឹងមិន​ផ្តល់​ផលប្រយោជន៍​អ្វី​ដល់​ប្រជ​ពលរដ្ឋ​កម្ពុជា និង​ជនភៀសខ្លួន​ទាំង​នោះទេ។

មេដឹកនាំ​បាតុកម្ម លោក ម៉ៅ ពិសេស ពន្យល់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា កម្ពុជា ជា​ប្រទេស​ក្រីក្រ វិស័យ​​អប់រំ​នៅ​ខ្សោយ ប្រព័ន្ធ​សុខាភិបាល និង​ការងារ​សម្រាប់​ប្រជាពលរដ្ឋ ក៏​មិនទាន់​ដោះ​ស្រាយ។ ក្រៅពីនោះ បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង​បញ្ហាដីធ្លី ក៏​រដ្ឋាភិបាល​កម្ពុជា មិនទាន់​បាន​ដោះស្រាយ​នៅឡើយ​ទេ។ ដូច្នេះ​តាម​លោក ម៉ៅ ពិសេស បើ​កម្ពុជា ទទួលយក​ជន​ភៀស​ខ្លួន ពី​ប្រទេស​អូស្ត្រាលី មក​រស់នៅ​កម្ពុជា ដូច​កិច្ចព្រមព្រៀង​មែន​នោះ គឺ​គ្រាន់តែ​ជា​ការ​ដាក់បន្ទុក​បន្ថែម​លើ​កម្ពុជា​ប៉ុណ្ណោះ។

ក៏ប៉ុន្តែ​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួងមហាផ្ទៃ បាន​យល់ឃើញ​ខុសពី​នេះ។ តាម​លោក​ឧ​ត្ត​ម​សេនីយ៍ ទោះជា​មានការ​តវ៉ា ប៉ុន្តែ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អូស្ត្រាលី នៅតែ​បន្ត ក្នុង​បញ្ហា​ជន​ភៀស​ខ្លួន។ ប៉ុន្តែ​កិច្ចព្រមព្រៀង​នោះ នឹងត្រូវ​ធ្វើ​ដោយ​ស្ម័គ្រចិត្ត ហើយ​ជា​លាយលក្ខណ៍។

លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ បាន​បញ្ជាក់ថា នៅ​ខែតុលា​នេះ រាជរដ្ឋាភិបាល​កម្ពុជា នឹង​បញ្ជូន​មន្ត្រី ទៅកាន់​ជំរុំ​ភៀសខ្លួន ណៅ​រុ ក្នុងប្រទេស​អូស្ត្រាលី ដើម្បី​ពន្យល់​ពី​ស្ថានភាព​កម្ពុជា ដល់​ជនភៀសខ្លួន​ទាំងនោះ ហើយ​បើ​ពួកគេ ស្ម័គ្រចិត្ត​មក​រស់នៅ​កម្ពុជា នោះ​កម្ពុជា​នឹង​ទទួលយក តែបើ​ពួកគេ មិន​ព្រម​ទេ រដ្ឋាភិបាល ក៏​មិន​ចាប់បង្ខំ​នោះដែរ។

អំពី​គម្រោង​ជួបជុំ​ធ្វើបាតុកម្ម ពេញ​មួយថ្ងៃ នៅ​ថ្ងៃ​សុក្រ ទី១៧តុលា គឺ​អាជ្ញាធរ​រាជធានី​ភ្នំពេញ បានទទួល​លិខិត​ជូនដំណឹង​រួចហើយ។ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក​ឡុង​ឌី​ម៉​ង់ បញ្ជាក់ថា អាជ្ញាធរ នឹង​ប្រជុំ​ជាមួយ​មេដឹកនាំ​បាតុកម្ម នៅ​ថ្ងៃទី១៥តុលា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ