អានតួអត្ថបទ
ស៊ុយអែត-អង្គការស៊ីព្រី

វិទ្យាស្ថាន​ស្រាវជ្រាវ​ស៊ីព្រី៖ការ​ចំណាយ​ក្នុង​វិស័យយោធា​ឆ្នំា ២០១៣ មាន​ការ​ថយ​ចុះ

នៅ​ថ្ងៃ​ចន្ទ ទី១៤ មេសា​នេះ វិទ្យាស្ថាន​ស្រាវជ្រាវ​ស៊ីព្រី​ក្នុង​ប្រទេស​ស៊ុយអែត​បាន​ប្រកាស​ឲ្យ​ដឹង​ថា ការ​ចំណាយ​ក្នុង​វិស័យ​យោធា​ឆ្នំា ២០១៣ មាន​ការ​ថយ​ចុះ​បន្ថែម​ទៀត បើ​ធៀប​នឹង​ឆ្នំា ២០១២។ យោង​តាម ស៊ីព្រី ការ​ថយ​ចុះ​នេះ​ត្រូវ​បាន​កត់សម្គាល់​ឃើញ​មាន​ច្រើន​នៅ​ក្នុង​ប្រទេស​បស្ចិមលោក ពិសេស​អាមេរិក តាម​រយៈ​ការ​កាត់​បន្ថយ​ថវិកា​យោធា។

ទីស្នាក់ការ​របស់​ស៊ីព្រី​នៅក្នុង​ទីក្រុង​ស្តុកខុល ប្រទេស​ស៊ុយអែត
ទីស្នាក់ការ​របស់​ស៊ីព្រី​នៅក្នុង​ទីក្រុង​ស្តុកខុល ប្រទេស​ស៊ុយអែត
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​មាន​ការ​ថយ​ចុះ​ជា​លើក​ទី១ ចំនួន ០,៤% ក្នុង​ឆ្នំា ២០១២ ធៀប​នឹង​ឆ្នំា ១៩៩៨ មក ការ​ចំណាយ​ក្នុង​វិស័យ​យោធា​លើ​ពិភពលោក​បាន​បន្ត​ធ្លាក់​ចុះ​ជា​បន្ត​ទៀត​ក្នុង​ឆ្នំា ២០១៣ ចំនួន ១,៩%។ យោង​តាម​វិទ្យាស្ថាន​ស៊ីព្រី ពិភពលោក​បាន​ចំណាយ​លុយ​សម្រាប់​វិស័យ​យោធា​ចំនួន ១ ៧៥០ ០០០ពាន់លានដុល្លារ​ក្នុង​ឆ្នំា ២០១៣។ ជា​ទូទៅ ការ​ធ្លាក់​ចុះ​ការ​ចំណាយ​ក្នុង​វិស័យ​យោធា​ច្រើន​កើត​មាន​នៅ​ក្នុង​ប្រទេស​បស្ចិមលោក តាម​រយៈ​ការ​កាត់​បន្ថយ​ថវិកា​យោធា។ ចំណែក​នៅ​ក្នុង​ក្រុម​ប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់​វិញ ការ​ចំណាយ​ក្នុង​វិស័យ​យោធា​បាន​កើន​ឡើង​រហូត​ដល់​ទៅ​ទ្វេដង។

នៅ​សហរដ្ឋអាមេរិក រដ្ឋាភិបាល​បាន​កាត់​បន្ថយ​ថវិកា​យោធា​ចំនួន ៧,៨% សម្រាប់​ឆ្នំា ២០១៣ បន្ទាប់​ពី​ការ​បិទបញ្ចប់​បេសសកម្ម​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ការ​ផ្តើម​ដកទ័ព​អាមេរិកំាង​បណ្តើរៗ​ចេញ​ពី​ប្រទេស​អាហ្វហ្កានីស្ថាន និង​ការ​កាត់បន្ថយ​ការ​ចំណាយ​ជា​ស្វ័យប្រវត្តិ​ដែល​អនុម័ត​ដោយ​សភា​អាមេរិក​កាល​ពី​ឆ្នំា ២០១១។ នៅ​អឺរ៉ុប ប្រទេស​បារំាង​បាន​កាត់​បន្ថយ​ថវិកា​យោធា​ប្រមាណ​ជា ៤% សម្រាប់​ឆ្នំា ២០១៣ ធៀប​នឹង​ឆ្នំា ២០០៨។

ប្រទេស​ចិន រុស្ស៊ី និង​អារ៉ាប៊ីសាអូឌីត​ជា​ប្រទេស​ស្ថិត​មុខ​គេ​នៅ​ក្នុង​ចំណោម​ប្រទេស​ទំាង ២៣ ដែល​បាន​បង្កើន​ថវិកា​យោធា​ទ្វេដង​តំាង​ពី​ឆ្នំា ២០០៤។ ចិន​បាន​បង្កើន​ថវិកា​យោធា​របស់​ខ្លួន​រហូត​ដល់​ទៅ ៧,៤% ក្នុង​ឆ្នំា ២០១៣ ដោយសារ​តែ​ខ្លួន​កំពុង​ប្រឈម​មុខ​នឹង​ជម្លោះ​ដែនដី​ជាមួយ​បណ្តា​ប្រទេស​អាស៊ី​មួយ​ចំនួន។ រីឯ​ជប៉ុន​ដែល​កំពុង​បារម្ភ​ពី​មហិច្ចតា​យោធា​របស់​ចិន រួម​ផ្សំ​នឹង​នយោបាយ​ជាតិនិយម​របស់​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​ស៊ីន ហ្សូអាបេ ក៏​បាន​បិទបញ្ចប់​ការ​កាត់​បន្ថយ​ថវិកា​យោធា​របស់​ខ្លួន​ដែរ។ ងាក​ទៅ​ប្រទេស​អាហ្វហ្កានីស្ថាន​វិញ វិទ្យាស្ថាន​ស៊ីព្រី​បាន​កត់សម្គាល់​ឃើញ​ពី​ការ​បង្កើន​ការ​ចំណាយ​ក្នុង​វិស័យ​យោធា​ដល់​ទៅ ៧៧% នៅ​ក្នុង​ក្របខណ្ឌ​នៃ​ការ​ដក​ទ័ព​បរទេស​ទំាង​អស់​ចេញ​ពី​ប្រទេស​នា​ដំណាច់​ឆ្នំា ២០១៤ នេះ។

នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា ថវិកាយោធា​បាន​កើន​ចំនួន ៤% ក្នុង​ឆ្នំា ២០១៣។ តែ​គេ​មិន​អាច​ដឹង​តួលេខ​នៅ​ក្នុង​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម អ៊ីរ៉ង់ កាតារ និង​ប្រទេស​ស៊ីរី។ នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត ការ​ចំណាយ​ក្នុង​វិស័យ​យោធា​បាន​កើន​លើស​ប្រទេស​បារំាង និង​ប្រទេស​អង់គ្លេស ដោយសារ​តែ​ភាព​តានតឹង​ជាមួយ​ប្រទេស​អ៊ីរ៉ង់ និង​បារម្ភ​ពី​ការ​បះបោរ​ផ្ទៃក្នុង។ នៅ​ក្នុង​ទ្វីបអាហ្រ្វិក​ឯណោះ ថវិកា​យោធា​ក្នុង​ឆ្នំា ២០១៣ មាន​ការ​កើន​ឡើង​ចំនួន ៨,៣% ពិសេស​នៅ​ក្នុង​ប្រទេស​ដែល​មាន​ចំណូល​ច្រើន​ពី​ការ​លក់​ប្រេងកាត​ដូច​យ៉ាង​អាល់ហ្សេរី និង​អង់ហ្គោឡា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ