អានតួអត្ថបទ
កូរ៉េខាងជើង

មន្ត្រី​ការទូត​កូរ៉េ​ខាងជើង​ធ្វើ​ទស្សនកិច្ច​នៅ​អឺរ៉ុប

យោង​តាម​ពត៌មាន​ផ្តល់​ឲ្យ​​ដោយ​ទីភ្នាក់ងារ​ពត៌មាន​ ជប៉ុន ក្យូដូ​ បាន​ឲ្យ​ដឹង​ថា លោក ​កាង សុកហ្ស៊ូ អ្នក​ទទួល​បន្ទុក​ទំនាក់ទំនង​ការបរទេស​របស់​របប​កុម្មុយនិស្ត​កូរ៉េ​ខាងជើង​ បាន​ចាកចេញ​ទៅ​ធ្វើ​ទស្សនៈកិច្ច​នៅ​ទ្វីបអឺរ៉ុប​នៅ​ថ្ងៃ​សោរ៍ទី ៦ កញ្ញា​នេះ។ ដំណើរ​ទស្សនៈកិច្ច​​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ដំណើរ​រំកិល​ខ្លួន​របស់​កូរ៉េ​ខាងជើង ក្នុង​ការ​ស្វែងរក​ទំនាក់ទំនក​ល្អ​ ជាមួយ​ប្រទេស​លោក​ខាងលិច​ដ៏ទៃ​ផ្សេង​ទៀត។

លោក កាង សុកហ្សូ អង្គុយខាងស្តាំដៃលោក គីម ជុងអ៊ីល
លោក កាង សុកហ្សូ អង្គុយខាងស្តាំដៃលោក គីម ជុងអ៊ីល
ផ្សាយពាណិជ្ជកម្ម

លោក កាង សុកហ្ស៊ូ អតីត​នាយករដ្ឋមន្ត្រី​ស្តីទី របស់​រដ្ឋាភិបាល​កុម្មុយនិស្ត​កូរ៉េ​ខាងជើង បាន​ចេញ​ទៅ​ធ្វើ​ទស្សនៈកិច្ច​លើក​ទីមួយ​ នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប មាន​ដូចជា​ប៊ែលហ្ស៊ិក និង​ស្វ៊ីស​ជាដើម។ លោក​ កាង ត្រូវ​បាន​តែងតាំង​ជា​លេខា​ទទួល​បន្ទុក​កិច្ចការ​បរទេស របស់​គណបក្ស​ពលករ​កូរ៉េ​ខាងជើង​ កាល​ពី​ខែ​មេសា។ យោង​តាម​ការ​ផ្តល់​ពត៌មាន​របស់ ទី​ភ្នាក់ងារ​ពត៌មាន​​​ជប៉ុន​ដដែល លោកកាង ប្រហែល​ជា​នឹង​ឆ្លៀត​ទៅ​ប្រទេស​ចិន ផងដែរ។

 
លោក កាង សុកហ្ស៊ូ ត្រូវ​បាន​គេ​ធ្លាប់​ស្គាល់​ថា​ជា​អ្នក​ការទូត​របស់​កូរ៉េ​ខាងជើង ដែល​កន្លង​មក​ ក្នុង​អំឡុង​ទសវត្ស​ឆ្នំា ៩០ គាត់​បាន​ដើរ​តួនាទី​សំខាន់​ ក្នុង​ការ​សម្រប​សម្រួល​ការទូត​រវាង​កូរ៉េ​ខាងជើង​ ជាមួយ​នឹង​អាមេរិក ចិន និងជប៉ុន។ ដំណើរ​ទស្សនៈកិច្ច​ទៅ​អឺរ៉ុប​នា​ពេល​នេះ ស​បង្ហាញ​អំពី​ឆន្ទៈ​របស់​កូរ៉េ​ខាងជើង ក្នុង​ការ​វិល​ទៅ​រក​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​លោក​សេរី។ យ៉ាង​ណា​មិញ ជប៉ុន​បាន​លុប​ចោល​នូវ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ ទៅ​លើ​កូរ៉េ​ខាងជើង​ ដើម្បី​ជា​ការ​លើក​ទឹកចិត្ត​ ដែល​អជ្ញាធរ​កូរ៉េ​ខាងជើង​បាន​ធ្វើ​ការ​ស៊ើបអង្កេត ពី​ការ​បាត់ខ្លួន​របស់​នាយ​ទាហាន​ជប៉ុន​ កាល​ពី​ជំនាន់​ឆ្នាំ​៧០-៨០។

មួយ​វិញ​ទៀត យោង​តាម​ទី​ភ្នាក់ងារ​ពត៌មាន​ដដែល លោក​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កូរ៉េ​ខាងជើង ហ្រ៊ី ស៊ូយុង នឹង​ទៅ​ចូលរួម​ក្នុង​មហាសន្និបាទ​របស់​អង្គការ​សហប្រជាជាតិ នៅ​ក្រុង​ញូវយ៉ក។ បើ​សិន​ពត៌មាន​នេះ​ជា​ការពិត​មែន​នោះ នេះ​ជា​លើក​ទីមួយ​ហើយ​ដែល រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កូរ៉េ​ខាងជើង ទៅ​ជាន់ដី​អាមេរិក នា​រយៈ​ពេល​១៥ឆ្នាំ​ចុង​ក្រោយ​​នេះ។ យ៉ាង​ណា​ក៏​ដោយ គេ​ពិបាក​ស្មាន​ចិត្ត កូរ៉េ​ខាងជើង​ណាស់ ព្រោះ​ថា​ម្តង​ក្តៅ ម្តង​ត្រជាក់ រក​ទុកចិត្ត​មិន​បាន។ តួយ៉ាង​មុន​នេះ​មួយ​ថ្ងៃ ភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ AIEA បាន​ចេញ​របាយការណ៍​មួយ​នៅ​ថ្ងៃ​សុក្រ ទី៥ កញ្ញា ថា កូរ៉េ​ខាងជើង​ទំនង​ជា​បាន​ បើក​ឲ្យ​ដំណើរ​ការ​ឡើងវិញ​ នូវ​រោងចក្រ​ផលិត​ជាតិ​ព្លុយតូនីញ៉ូម ដើម្បី​ធ្វើ​ជា​គ្រាប់បែក​បរមាណូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ