អានតួអត្ថបទ
កម្ពុជា

អាចារ្យ​ជាង​៣.០០០នាក់​ឆ្លងកាត់​វគ្គ​បណ្តុះ​បណ្តាល​

គិត​ចាប់ពី​ខែមិថុនា ឆ្នាំ​២០១០ ​មកដល់​ថ្ងៃ​ទី១៥​ខែ​ឧសភា​នេះ ​មាន​អាចារ្យ​សរុប​ចំនួន ​៣.២៥៥​នាក់​ បាន​ឆ្លង​កាត់​វគ្គ​បណ្តុះ​បណ្តាល ​ស្តីពី​តួនាទី​និង​ភារកិច្ច​អាចារ្យ​ក្នុង​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ​។ ​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​សរុប​ចំនួន​៩​វគ្គ ​មកនេះ ​មាន​មុខ​វិជ្ជា​សំខាន់ៗ​ ចំនួន​ ២០ ​មុខវិជ្ជា​ ត្រូវបាន​លើក​បង្ហាញ ក្នុង​វគ្គ​បណ្តុះ​បណ្តាល​នីមួយៗ​ ដើម្បី​តម្រង់​ទិស​តួនាទី​អាចារ្យ​តាម​ពិធីបុណ្យ​នានា​ ឲ្យមាន​ការឯកភាព​គ្នា​លើ​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ​។

លោកនាយក​រដ្ឋមន្ត្រី​បាន​​ប្រកាស​​ពី​​វិបត្តិ​​អាចារ្យ​​ដោយហេតុតែ​មិនមាន​​ឯកភាព​គ្នា​​ក្នុង​ការ​រៀបចំ​​ពិធី​បុណ្យ​​
លោកនាយក​រដ្ឋមន្ត្រី​បាន​​ប្រកាស​​ពី​​វិបត្តិ​​អាចារ្យ​​ដោយហេតុតែ​មិនមាន​​ឯកភាព​គ្នា​​ក្នុង​ការ​រៀបចំ​​ពិធី​បុណ្យ​​ © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

គ្រូ​ឧទ្ទេសាចារ្យ​ដែល​មាន​បទ​ពិសោធន៍​ និង​ចំណេះ​ដឹង​ពី​ក្រសួង​ធម្មការ​ និង​សាសនា ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ ​និង​ក្រសួង​ព័ត៌មាន​ បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​បង្ហាត់​បង្រៀន​ ផ្ទេរ​ចំណេះ​ដឹង​ ដើម្បី​បំពេញ​បន្ថែម​នូវ​ចំណេះ​ដឹង ​និង​ចំណេះធ្វើ​ដល់​អាចារ្យ​-​អាចារិនី ​សរុប​ចំនួន​ ៣.២៥៥ ​នាក់​។​ អាចារ្យ​ប្រុស​ស្រី​ទាំងនោះ​បាន​ឆ្លង​កាត់​វគ្គ​បណ្តុះ​បណ្តាល ​ចំនួន​ ៩​ វគ្គ គិត​ចាប់ពី​ខែមិថុនា​ឆ្នាំ​២០១០។

អាចារ្យ​ទាំង​ជាង​ ៣.០០០​ នាក់​បាន​ជួប​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ នៅ​ព្រឹក​ថ្ងៃ​ទី១៥​ឧសភា​នេះ​ នៅ​សាល​មហោស្រព​កោះ​ពេជ្រ​ក្នុង​ទីក្រុង​ភ្នំពេញ។

តាម​របាយការណ៍​ ការបណ្តុះ​បណ្តាល​អាចារ្យ​ធ្វើឡើង​ក្នុង​គោល​បំណង​ដើម្បី​ចែក​រំលែក​នូវ​ការ​យល់ដឹង​ បទ​ពិសោធន៍​ល្អៗ​ និង​ចក្ខុ​វិស័យ ​អំពី​ដំណើរ​ឆ្ពោះ​ទៅ​មុខ​នៃ​ប្រពៃណី ​វប្បធម៌​ និង​អរិយធម៌​របស់​ខ្មែរ​ ពិសេស​ចែក​រំលែក​ចំណេះដឹង​ដើម្បី​តម្រង់​ទិស​របៀប​រៀបចំ​ពិធី​បុណ្យ​ផ្សេងៗ។
អាចារ្យ​បុណ្យ ​អាចារ្យ​ដឹក​នាំ​ពិធី​បូជាសព​ និង​អាចារ្យ​ដឹកនាំ​ពិធី​អាពាហ៍​ពិពាហ៍​ជាដើម​ត្រូវបាន​គេ​ប៉ាន់​ស្មាន​ថា​ មាន​ចំនួន​ជាង​ ២០.០០០ ​នាក់ ​នៅ​ទូទាំង​ប្រទេសនៅក្នុង​វត្ត​ជាង៤.០០០ វត្ត​។ ​កន្លង​មក ​លោកនាយក​រដ្ឋមន្ត្រីបាន​ប្រកាស​ពី​វិបត្តិ​អាចារ្យ​ដោយហេតុតែមិនមាន​ការឯកភាព​គ្នា​ក្នុង​ការរៀបចំ​ពិធី​បុណ្យ​ផ្សេងៗ​ពិសេស​ពិធី​មង្គលការ​។

ក៏​ប៉ុន្តែ​ក្នុង​ពិធី​ជួបជុំ​នៅ​ព្រឹក​មិញ ​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​ថ្លែង​អំពាវ​នាវ​ជា​ថ្មី​ទៀត​ ឲ្យ​អាចារ្យ​ទូទាំង​ប្រទេស​ត្រូវមាន​ការឯកភាព​គ្នា និង​អនុវត្ត​តាម​តួនាទី​និង​ភារកិច្ច​របស់​អាចារ្យ​ ដូច​ដែល​ក្រសួង​ធម្មការ​ និង​សាសនា​បាន​រៀបចំ​ឯកសារ​និង​វគ្គ​បណ្តុះ​បណ្តាល​កន្លងមក​។

កម្រង​ឯកសារ​ស្ដីពី​តួនាទី​ភារកិច្ច​របស់​អាចារ្យ​ក្នុង​ការរៀបចំ​ពិធី​បុណ្យ​ផ្សេងៗ ​ក៏​ត្រូវបាន​រៀបចំ​ឡើង​ដោយ​មាន​ចំណុច​ខ្លឹមសារ​សំខាន់ៗ​កំណត់​ពី​ការរៀបចំ​ពិធី​សូត្រមន្ត​ពិធី​រៀប​ចំ​អាពាហ៍​ពិពាហ៍ ​និង​ពិធីបុណ្យ​បូជាសព​ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ