អានតួអត្ថបទ

Cafe Society ភាពយន្តបែប​ស្នេហា អ្នកបើកកម្មវិធី​មហោស្រព​ភាពយន្តលើកទី៦៩

ហូលីវ៉ូ​តសម័យ​ឆ្នាំ​១៩៣០ ស្នេហា​ខក​ខាន សមិទ្ធិករជាតិ​អាមេរិក​ដ៏​ល្បីល្បាញ លោក​ វ៉ូឌី អាឡែន Woody Allen អាយុ​៨០​ឆ្នាំ បាន​នាំ​អារម្មណ៍​ទស្សនិកជន​ឱ្យ​ត្រលប់​ទៅ​រក​អនុស្សា​ចាស់ តាម​រយៈ​ភាពយន្ត​បែប​រ៉ូម៉ង់ទិក​ “Сafe Society”។ ជា​ស្នាដៃ​ចុងក្រោយ​របស់​សមិទ្ធិករ​ វ៉ូតឌី អាឡែន Cafe Society ត្រូវ​បាន​ជ្រើសរើស​យក​​មក​ចាក់​បញ្ចាំង​​​ជា​កិច្ចបើក​មហោស្រព​កាន​លើក​ទី ៦៩ និង​ក៏​ត្រូវ​ផ្តើម​ចាក់​បញ្ចាំង​នៅ​តាម​រោង​ ក្នុង​ប្រទេស​បារាំង​ចាប់​ពី​ថ្ងៃពុធ​នេះ​ដែរ។

Kristen Stewart និង Jesse Eisenberg ក្នុង​រឿង « Café Society », ភាពយន្ត​ចុងក្រោយរបស់​លោក Woody Allen
Kristen Stewart និង Jesse Eisenberg ក្នុង​រឿង « Café Society », ភាពយន្ត​ចុងក្រោយរបស់​លោក Woody Allen Gravier Productions, Inc., Photographe - Sabrina Lantos
ផ្សាយពាណិជ្ជកម្ម

ដោយ​សារ​វ័យ​ចំណាស់ មិន​អាច​ដើរ​តួ​ខ្លួន​ឯង​ក្នុង​សាច់​រឿង​ក៏​ដោយ តែ​សមិទ្ធិករ​ដ៏​មាន​បទ​ពិសោធន៍​រូប​នេះ បានប្រើ​សំឡេង​ផ្ទាល់​ខ្លួន​ ធ្វើ​អត្ថាធិប្បាយ និទាន​អំពី​រឿង​ថ្មី​របស់​លោក រឿង​របស់យុវជន​ជ្វីហ្វ Bobby Dorfman អ្នក​ញូវយ៉ក ដែល​ស្រមៃ​ចង់​ទៅ​ផ្សងព្រេងនៅ​ហូលីវ៉ូត។ ជា​រឿង​ពិត ក្នុង​ទសវត្សរ៍​នោះ អ្នក​មាន​ មាន​ឥទ្ធិពល​ខ្លាំង​លើ​វិស័យ​សិល្បៈ​ លើ​មូដ ហើយ​គ្រប់គ្នា​ស្រមៃ​ចង់​ផ្សងព្រេង​នៅ​ទីនោះ។

គ្មាន​អ្វី​ចម្លែក ក្នុង​គ្រួសារ​អ្នក​ជួញដូរ​ជាតិ​ជ្វីហ្វ​ដ៏​សាមញ្ញ​មួយ ដែល​ម៉ែឪឈ្លោះ​គ្នា​រាល់​ថ្ងៃ​ព្រោះ​ប្រចាំ​គ្នា​ធ្វើ​ការ​រកស៊ី។ មាន​កូន​បី​នាក់ កូនស្រី​រៀប​ការ​ជាមួយ​បញ្ញាវន្ត​កុម្មុយនិស្ត  កូនប្រុស​​ពៅ Bobby ស្រមៃចង់​ចាក​ចេញ​ពី​ញូវយ៉ក ទៅ​ឃើញហូលីវ៉ូត។ ទី​ដែល​ឪពុកមា ឈ្មោះ Phil រកស៊ី​មាន​បាន មាន​ឈ្មោះ​បោះសំឡេង មាន​ក្រុមហ៊ុន​គ្រប់គ្រង​តារា​ល្បីៗ។ តែ​Bobby មិន​បាន​ទទួល​ជោគជ័យ​ដូច​មា​ឯណា ! នេះ​ក៏​ដោយ​សារ​ស្នេហា ! Bobby​លង់​ខ្លួន​ស្រលាញ់​ស្ត្រី​ម្នាក់ ដោយ​មិន​ដឹង​ថា Vonnie ជា​កំណាន់​ចិត្ត​របស់​ឪពុក​មាហ្វីលឡើយ។
 

លោក Woody Allen ធ្វើ​សន្និសីទកាសែត ពន្យល់​អំពី​ការ​ថត​រឿង "Café society"
លោក Woody Allen ធ្វើ​សន្និសីទកាសែត ពន្យល់​អំពី​ការ​ថត​រឿង "Café society" REUTERS/Regis Duvignau/Files

នៅ​ពេល​ហ្វីល​និង​វរនី ត្រូវរ៉ូវគ្នា​វិញ និង​រៀបការ​ បុបប៊ីបាន​ត្រលប់​មក​ញូវយ៉កវិញ និង​ដោយ​មាន​ជំនួយ​ពី​បង​ប្រុស​ បាន​បើក​ហាង​រង្គសាល​ពេលរាត្រី ដែលក្រោយ​មកបាន​ក្លាយ​ទីកំសាន​ដ៏​ពេញ​និយម។ បុបប៊ី ក្លាយ​ជា​ថៅកែមាន​បាន​ មាន​ប្រពន្ធ​ មាន​ឈ្មោះ​ដូច​សង្សារ​ចាស់ វីរ៉ូនីកា តែបុបប៊ី​ហៅ​តែវរនី។

នៅ​ពេល​មាហ្វីលនាំ​ប្រពន្ធ​ក្មេង​មក​លេង​ញូវយ៉ក មកលេង​កាហ្វេសុសាយធី បុប​បាន​ជួប​វរនី ជា​ថ្មី អនុស្សាវរីយ៍និង​ស្នាមស្នេហ៍បាន​រស់​ឡើង​វិញ ! ជា​ស្នេហ៍​ដែល​មិន​អាច​ទៅ​រួច តែ​សមិទ្ធិករ​ដ៏​ប៉ិន​ប្រសព្វ​ម្នាក់​នេះ ចេះ​ធ្វើ​បង្ហាញ​ឱ្យ​ឃើញ​ថា​តួប្រុស​គិត​ដល់​ស្នេហ៍​គ្រា​ដំបូង​ជារៀង​រាល់ថ្ងៃ​ក្នុង​ជីវិត និង​ដោយ​ប្រាកដ​ក្នុង​ចិត្ត​ថា​ខាង​ស្រី​ក៏​គិត​មក​ខ្លួន​វិញ​ដែរ។ បច្ចេកទេស​ប្រើ​បង្វិល​កាមេរ៉ា​ តែ​បន្តិច តែ​ពិត​ជា​បង្កប់​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ