អានតួអត្ថបទ

វ៉ាស៊ីនតោន​អំពាវនាវ​ឱ្យ​ទេសចរ​អាមេរិក​ប្រយ័ត្ន​ប្រយែង​ពេល​មក​អឺរ៉ុប​ -បារាំង

ក្រសួង​ការបរទេសអាមេរិក បាន​ចុះ​ផ្សាយនៅ​ក្នុងទំព័រ​វិបសៃត៍​ កាលពី​ល្ងាច​ថ្ងៃទី ៣១​ឧសភា ២០១៦ ណែនាំ​ដល់​ពលរដ្ឋ​ខ្លួន​ទាំង​អស់​ដែល​ចង់​ធ្វើ​ដំណើរ​ទៅ​កាន់​អឺរ៉ុប ឱ្យ​ចេះ​​​ប្រុង​ប្រយ័ត្ន​​ខ្លួន​។ សម្រាប់​រដ្ឋាបាល​អាមេរិក អឺរ៉ុប និងជា​ពិសេស​ប្រទេស​បារាំង​ កំពុង​ប្រឈម​នឹង​ហានិភ័យ​សន្តិសុខ​​ខ្ពស់ និង​ការ​គំរាម​កំហែង​សុវត្ថិភាព​ច្រើន ដូច​ជា​ការ​គំរាម​កំហែង​ភេរវកម្ម សកម្មភាព​កូដកម្មរបស់​សហជីព​ជា​បន្ត​បន្ទាប់ និង​ បាតុកម្ម​ដ៏​ហិង្សា​ កណ្តាល​ក្រុង ...

នៅ​ឆ្នាំ​២០១៥ មានទេសចរ​អាមេរិក​មក​លេង​បារាំង​៦​លាន​នាក់
នៅ​ឆ្នាំ​២០១៥ មានទេសចរ​អាមេរិក​មក​លេង​បារាំង​៦​លាន​នាក់ KENZO TRIBOUILLARD / AFP
ផ្សាយពាណិជ្ជកម្ម

“ទេសចរ​អាមេរិក​ដែល​មាន​ចេតនា​ធ្វើ​ដំណើរ​ទៅ​អឺរ៉ុប ត្រូវ​ដឹង​​ថា​ការ​គំរាម​កំហែង​នៅ​ទី​នោះ​មាន​កំរិត​ខ្ពស់ ជា​ពិសេស​នៅ​ប្រទេស​បារាំង”​» ! នេះ​ជា​សារ​ព្រមាន​ដែល​មាន​ចុះ​ផ្សាយ​នៅក្នុង​ទំព័រ​​វិបសៃត៍​នៃ​ក្រសួង​ការបរទេស​អាមេរិក ដោយ​ថែម​ទាំង​ចង្អុលបំភ័យ​ដោយ​ចំៗ​ថា ​ ​ពហុកីឡាដ្ឋាន​ ស្តាត ទីប្រមូល​ផ្តុំ​អ្នក​គាំទ្រ​កីឡាករ កន្លែងបញ្ចាំងមើល​បាល់ទាត់ មធ្យោបាយ​ដឹក​ជញ្ជូន​សាធារណៈ ... សុទ្ធ​សឹង​ជា​ចំណុច​​ដៅ​ភេរវកម្ម​​របស់ពួក​ជីហាត។

 
ថ្វីបើ​សារាចរណ៍​​នេះ​មិន​មែន​ជា​ការ​បម្រាម​ចំៗ​ប្រឆាំង​ប្រទេស​បារាំង​មែន តែ​វា​មាន​ខ្លឹមសារ​និង​អត្ថន័យ​គ្រប់​គ្រាន់​ សម្រាប់​ពលរដ្ឋ​អាមេរិក​ថា​គួរ​ចៀសវាង​​ធ្វើ​ដំណើរ​មក​បារាំង។ ព្រោះ​ក្នុង​​សារាចរណ៍​ អាជ្ញាធរ​អាមេរិក​បាន​ផ្តល់​អនុសាសន៍​ណែនាំ​​ពល​រដ្ឋ​ថា កូដកម្ម ​បាតុកម្ម​​ និង​ការ​ប្រមូល​ផ្តុំ​​ដោយ​សន្តិវិធី​នៅ​បារាំង​បាន​ក្លាយ​ជា​អំពើ​ហិង្សា​ និង​អាច​កើត​មាន​នៅ​គ្រប់​ខេត្ត​ក្រុង​ទាំង​អស់។ រទេះ​ភ្លើង យន្តហោះ​ មេត្រូ មិន​បា្រកដ​ថា​មាន​ដំណើរ​ការ​ជា​ធម្មតា​ទេ !

សហរដ្ឋអាមេរិក​បាន​ពន្យល់​ថា​បារាំង​បាន​ដាក់​ប្រទេសក្នុង​ភាព​អាសន្ន​រហូត​ដល់​ថ្ងៃទី ២៦​មិថុនា តែ​សេចក្តី​ណែនាំ​របស់​រដ្ឋាភិបាល​អាមេរិក​មាន​តម្លៃ​រហូត​ដល់​ថ្ងៃ​ទី ៣១ សីហា ២០១៦ ថ្ងៃ​​បញ្ចប់​វិស្សមកាល​ប្រចាំ​ឆ្នាំ។

សូម​បញ្ជាក់​ថា ក្រោយ​ភេរវកម្មក្រុង​ប៉ារីស ​ថ្ងៃទី ១៣​វិច្ឆិកា២០១៥​មក រូបភាព​ប្រទេស​បារាំង​​បាន​ស្រអាប់​យ៉ាង​ខ្លាំង។​ ក្រៅ​អំពី​ការ​គំរាម​កំហែង​ភេរវកម្ម​ដែល​អាជ្ញាធរ​បារាំង​ទទួល​ស្គាល់​ថា​មាន​កំរិត​ខ្ពស់​បំផុត​នោះ និង​កំពុង​ប្រឹង​ប្រែង​គ្រប់​មធ្យោបាយ​ ដើម្បី​ការពារ​ប្រទេស​នា​ឱកាស​រៀប​ចំ​ការ​ប្រកួត​កីឡា​បាល់ទាត់​អឺរ៉ុប ចាប់​ពី​ថ្ងៃ​ទី ១១​មិថុនានោះ បារាំង​បាន​និងកំពុង​ធ្លាក់​ក្នុង​វិបត្តិ​សង្គម​យ៉ាងធ្ងន់ធ្ងរ បាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​​ការងារ បាន​រៀប​ចំ​ធ្វើ​ឡើង​ស្ទើរ​ជា​រៀង​រាល់​សប្តាហ៍​ រាល​ដាល​ជា​អំពើហិង្សា និង​ការ​រាំង​ស្ទះ​សកម្មភាព​សេដ្ឋកិច្ច​​ មួយ​ចំនួន។
ក្រុម​សហជីព​ ក្នុង​វិស័យ​សំខាន់ៗ​ដូច​ជា​ថាមពល​ ប្រេង​ឥន្ធនៈ សេវាដឹកជញ្ជូន ... បាន​ប្រកាស​ធ្វើ​បាតុកម្ម​ ដោយ​គ្មាន​កំណត់​ពេល​ឈប់ ចាប់​ពី​ថ្ងៃ​ពុធ​ទី​១​មិថុនា​នេះ​តទៅ ដើម្បី​ដាក់​គំនាប​លើ​រដ្ឋាភិបាល ដែលក៏​​ដាច់​ខាត​មិន​ព្រម​ដក​ថយ​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ