អានតួអត្ថបទ

សន្និសីទ​អាកាសធាតុ​បិទ​បញ្ចប់ សម្ព័ន្ធ​ប្រឆាំង​នឹង​ថាមពល​ធ្យូងថ្ម​ត្រូវ​បាន​បង្កើត

នៅ​ថ្ងៃសុក្រ​ទី ១៧ វិច្ឆិកា ជា​ថ្ងៃ​បិទ​បញ្ចប់​សន្និសីទ​អន្តរជាតិ​ស្តី​អំពី​អាកាសធាតុ​លើក​ទី ២៣ នៅ​ទីក្រុង​ប៊ន ប្រទេស​អាល្លឺម៉ង់។ សន្និសីទ​COP២៣ ដែល​ហាក់​ដូច​ជា​មាន​ភាព​ស្មុគស្មាញ​ខ្លាំង ដោយ​ហេតុ​តែ​សហរដ្​ឋអាមេរិក​បាន​ប្រកាស​ដក​ខ្លួន​ចេញ​ទាំង​ស្រុង។ ប៉ុន្តែ​ជា​ចម្លើយ​តប​នឹងសកម្មភាព​របស់​រដ្ឋបាល​លោក​ត្រាំ ក្រុមប្រទេស​ជាង​២០​បាន​សម្រេច​បង្កើត​សម្ព័ន្ធដើរ​ចេញ​ពី​ថាមពល​ធ្យូងថ្ម ដោយ​មាន​​​ ​នា​ឱកាស​​សន្និសីទ​អន្តរជាតិ​នេះ។

រោងចក្រ​អគ្កិសនី​ដើរ​ដោយថាមពល​ធ្យូងថ្ម​ចិន នៅ​ជិត​ក្រុងប៉េកាំង
រោងចក្រ​អគ្កិសនី​ដើរ​ដោយថាមពល​ធ្យូងថ្ម​ចិន នៅ​ជិត​ក្រុងប៉េកាំង REUTERS/Jason Lee
ផ្សាយពាណិជ្ជកម្ម

ប្រតិភូ​ជិត​២០០​ប្រទេស បានសម្រេច​​លើក​សំណើ​ជា​ច្រើន​ និង​ដ៏​ចាំ​បាច់​ សម្រាប់​ដាក់​ឱ្យ​ដំណើរ​ការកិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស ​ចាប់ពី​ឆ្នាំ​២០២០​ទៅ ដើម្បី​ទប់​ស្កាត់ការ​ឡើង​កម្តៅ​នៃ​ភពផែនដី ដូច​ជា ៖ តើ​ប្រទេស​នីមួយ​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​ប្រឆាំង​នឹង​ការ​ឡើង​កម្តៅ​សីតុណ្ហភាព ? តើ​ត្រូ​វធ្វើ​សកម្មភាព​យ៉ាង​ដូចម្តេច ដើម្បី​អាច​ទទួល​ជំនួយ​ពី​ប្រទេស​អ្នក​មាន​ ។ល។ និង​។ល។ ប៉ុន្តែ​គ្មាន​អ្វី​ត្រូវ​បាន​អារកាត់ទេ ព្រោះ​នេះ​ជា​ភារៈ​របស់ COP 24​សន្និសីទលើក​ទី​២៤ ឆ្នាំ​២០១៨ ​ នៅ​ប្រទេស​ប៉ូឡូញ។

សន្និសីទ​ក្រុង​ប៊ន ក៏​ត្រូវ​ព្រមព្រៀង​គ្នា​ ចាប់​បើក​កិច្ចចរចារយៈ​ពេល​១​ឆ្នាំ ស្តី​ពី​ការ​​ដំឡើង​​កិច្ចសន្យាជាតិ​​កាត់​បន្ថយ​​ឧស្ម័ន​ផ្ទះ​កញ្ចក់​​ នៅ​ឆ្នាំ​២០២០។ ព្រោះ​បើ​តាម​អង្គការ​សហប្រជាជាតិ កិច្ចសន្យា​របស់រដ្ឋ​សមាជិក​នាពេល​បច្ចុប្បន្ន​នេះ អាច​កាត់​បន្ថយ​​ផ្សែង​ពុល​បាន​ប្រមាណ​មិន​ដល់​មួយ​ភាគ​បី​​ផង។ ហើយ​ជា​ចៃដន្យ​អាក្រក់ ​ ​ឆ្នាំ​២០១៧ គឺឆ្នាំ​ដែល​មាន​​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក ដោយឧស្សាហកម្ម​​ថាមពល​ចំហេះ (ធ្យូងថ្ម ហ្កាស ប្រេងកាត) បាន​ស្ទុះ​ឡើង​ខ្លាំង​ជា​ថ្មី​វិញ បន្ទាប់​ពី​នៅ​ថេរ​អស់​រយៈ​ពេល​បី​ឆ្នាំ។ ចិន​ ឥណ្ឌា​ ជា​ប្រទេស​ប្រើ​ថាមពល​ធ្យូងថ្ម​ខ្លាំង​ជាង​គេ តែ​អាមេរិករបស់​ត្រាំ​​ក៏​ងាក​មក​បង្កើន​ការ​ប្រើប្រាស់​ថាមពល​​ច្រើន គួរ​ឱ្យ​កត់​សម្គាល់។

ធ្យូងថ្ម ជា​ប្រភពទី​មួយ​នៃ​ការ​​ផ្តល់​ថាមពល​អគ្គិសនី​​ឱ្យ​​ពិភពលោក (៤០%) ប៉ុន្តែ​ថាមពល​ដែល​​ប៉ះពាល់​ខ្លាំងណាស់​ដល់​គុណភាព​ខ្យល់​បរិយាកាស និង​អាកាសធាតុនេះ ជា​ស្នូល​នៃ​សង្គ្រាម​​​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឡើង​កម្តៅ​នៃ​ភព​ផែនដី​។ ហេតុ​ដូច្នេះ​ហើយ​ បាន​ជាដើម្បី​ទប់​ទល់​នឹង​អាមេរិក​​ដែល​មាន​ចំណូល​ចិត្ត​ខ្លាំង​លើ​ថាមពល​ធ្យូងថ្ម និង​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀងអាកាសធាតុ​ក្រុង​ប៉ារីស ​នា​ឱកាស​សន្និសីទ​អន្តរជាតិ​លើក​ទី​២៣​នេះ ក្រុមប្រទេស​ជាង​២០ ដូច​ជា អង់គ្លេស បារាំង អ៊ីតាលី បែលហ្ស៊ិក ព័រទុយហ្កាល់ សាល់វាដរ ព្រមទាំង​រដ្ឋ​របស់​អាមេរិក​និង​កាណាដា​មួយ​ចំនួន ដែល​មាន​ប្រើ​ថាមពល​ធ្យូង​ថ្ម​ ដ៏​តិច​តួច​បំផុត បាន​ផ្តួចផ្តើម​គំនិត​បង្កើត​សម្ព័ន្ធ​ជាតិ​មួយ​ដើរ​ចេញ​ពី​ថាមពល​ធ្យូងថ្ម។ ​សម្ព័ន្ធ​នេះ បាន​ផ្តល់​សន្ទុះថ្មី​ដល់​ពិភពលោក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ធ្យូងថ្ម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ