អានតួអត្ថបទ
អូតង់

សមាជិក​​អូតង់​​​​​​​មិន​​និយាយ​​​​ភាព​តានតឹង​​ប្រឈម​​អាមេរិក​ ​តែ​​​សាមគ្គី​គ្នា​​ប្រឈម​​រុស្ស៊ី​​វិញ​​

ក្នុងឱកាស​​​ជំនួប​​រដ្ឋមន្ត្រី​​ការពារជាតិ​​អង្គការ​អូតង់ ​នៅ​ទីក្រុង​ព្រុចសែល​ថ្ងៃ​សុក្រ​​​នេះ​ សមាជិក​អង្គការ​អូតង់​បាននិយាយ​តិចតួច​ពី​​បញ្ហា​តានតឹង​ដែល​មា​នជាមួយ​អាមេរិក​ ហើយ​បាន​ផ្តោត​ការ​ពិភាក្សា​គ្នា ទៅលើ​យុទ្ធសាស្ត្រ​យោធា​ករណី​ត្រូវ​ប្រឈម​ជាមួយ​រុស្ស៊ី។

អគ្គលេខាធិការ​អង្គការ​អូតង់ លោក Jens Stoltenberg នៅ​ព្រុចសែល ថ្ងៃ​៧មិថុនា
អគ្គលេខាធិការ​អង្គការ​អូតង់ លោក Jens Stoltenberg នៅ​ព្រុចសែល ថ្ងៃ​៧មិថុនា EUTERS/Francois Lenoir
ផ្សាយពាណិជ្ជកម្ម

​​បញ្ហា​តានតឹង​ក្នុង​អង្គការ​អូតង់ គឺមាន​រវាង​អាមេរិក និង​​​សមាជិក​​អង្គការ​អូតង់ ផ្សេងទៀត ទាក់ទង​​បញ្ហា​ពន្ធ​ដែល​អាមេរិក​ដំឡើង​​​លើ​ផលិតផល​​ដែកថែប និង​អាលុយមីញ៉ូម​នាំចូលពីបរទេស ​មកក្នុង​ស្រុក​​អាមេរិក​។ រដ្ឋមន្ត្រី​ការពារជាតិ​អូតង់ បាន​តាមដាន​ពី​ការប៉ះសំដី​រវាងលោក​ដូណាល់ ត្រាំ តាម​ធ្វីតធ័រ ​ជាមួយ​នាយករដ្ឋមន្ត្រី​កាណាដា និង​ប្រធានាធិបតីបារាំង មុនជំនួប​កំពូល​ហ្សេ៧។ ​​

ប៉ុន្តែ ​ក្នុង​ជំនួប​ថ្នាក់​រដ្ឋមន្ត្រី​អូតង់ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ព្រុចសែល​ថ្ងៃសុក្រនេះ ​មាន​រដ្ឋមន្ត្រី តិចតួច​ណាស់ ដែល​លើកនិយាយ​ពី​បញ្ហា​នេះ ទៅ​រដ្ឋមន្ត្រីការពារ​ជាតិ​អាមេរិក លោក​ជីម ម៉ាទីស។ ពួកគេ​ព្យាយាម​​​ផ្តោត​ការជជែកគ្នា​ទៅ​លើ​យុទ្ធសាស្ត្រ​យោធា​វិញ ករណី​ត្រូវ​តទល់​ជាមួយ​រុស្ស៊ី។ ប្រទេស​សមាជិក​អង្គការ​អូតង់​ជាច្រើន​នាំគ្នា​លើកឡើង​ពីភាពចាំបាច់​នៃ​​សាមគ្គីភាព​​ ព្រោះ​ពួកគេ​​យល់ថា រុស្ស៊ី​កំពុង​បំបែក​បំបាក់​ពួកគេ។ ទាក់ទង​​​សាមគ្គីភាព​ក្នុង​អង្គការ​អូតង់​ ​អាល្លឺម៉ង់​បានបង្ហាញ​បំណង​ល្អ​រួចហើយ​ ដោយ​​សប្តាហ៍​នេះ ​បាន​ប្រកាស​ដំឡើង​ចំណាយ​យោធា​អោយ​ដល់​១,៥ភាគរយ​ នៃ​ផលិតផល​ជាតិ​សរុប​ក្នុងស្រុក នៅ​ឆ្នាំ​២០២៥។ ទោះយ៉ាងនេះ​ក្តី ក៏នៅ​​ទាប​ជាង​​ការ​ចង់បាន​របស់​អូតង់​​ ដែល​​​​ចង់​អោយ​សមាជិ​កដំឡើង​អោយ​ដល់​២ភាគរយ​។

ដោយឡែក ​ក្រុមរដ្ឋមន្ត្រីការពារ​ជាតិ​​អូតង់​បាន​អនុម័តគំរោង​ផ្តួចផ្តើម​របស់​អាមេរិកមួយ ដែល​ផ្តោត​លើ​សមត្ថភាពពង្រាយ​ទាហាន​ នាវា​ចម្បាំង​​ផ្សេងៗ​សន្ធឹកសន្ធាប់ ដើម្បី​ប្រឈម​នឹង​រុស្ស៊ី។ ឧទាហរណ៍​​​ពង្រាយ​កងវរសេនាតូច​មេកានិក​ចំនួន៣០ ក្នុង​មួយកងៗ មាន​​គ្នា​ពី​៦០០នាក់​ ទៅ​១០០០នាក់ អាស្រ័យ​តាម​ប្រទេសសមាជិក​។ ​សមាជិក​អូតង់​ក៏បាន​ពិភាក្សា​គ្នា​ផងដែរ​ពី​មធ្យោបាយ​ពង្រឹង​សមត្ថភាព​បម្លាស់ទី​របស់​កងទ័ព​ប្រទេស​សមាជិក នៅ​អាត្លង់ទិក​និង​អឺរ៉ុប។

ការពិភាក្សា​នៅ​ព្រុចសែល ថ្ងៃសុក្រ​នេះ ​គឺ​ដើម្បី​ត្រៀមជំនួប​កំពូល​អូតង់ នៅ​ថ្ងៃ​១១-១២​កក្កដា​ខាងមុខ។ ទន្ទឹម​នឹង​ពេល​សមាជិក​​អូតង់​កំពុង​ជជែកគ្នា​នៅព្រុចសែល​ មេដឺកនាំ​ប្រទេស​អូតង់​មួយចំនួន​បាន​បង្ហាញ​បំណង​ចង់អោយ​ពង្រឹង​វត្តមាន​​អូតង់​នៅ​តាម​ដែនទឹក និង​ដែនអាកាស​ថែមទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ