លោក ដូណាល់ ត្រាំ ដាក់សម្ពាធប្រទេសសមាជិកអូតង់ឲ្យបង្កើនការចំណាយលើកិច្ចការពារជាតិ
នៅអាមេរិក ជាងមួយសប្តាហ៍នៅមុនជំនួបកំពូលរបស់អង្គការអូតង់នៅទីក្រុងព្រុចសែល ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រំា បានផ្ញើលិខិតជំរុញអោយប្រទេសសមាជិកអង្គការអូតង់ ជាពិសេសអាល្លឺម៉ង់ ខិតខំប្រឹងប្រែង បង្កើនការចំណាយនៅលើវិស័យការពារជាតិ ឲ្យបានដល់គោលដៅ ២% នៃផលិតផលក្នុងស្រុកសរុប។ កាសែតញូយ៉កថៃម៍ ម្សិលមិញ បានចេញផ្សាយនូវ អត្ថន័យខ្លះៗនៅក្នុងលិខិតរបស់ប្រធានាធិបតីអាមេរិក។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៣១
ជាយូរពេលមកហើយ លោក ដូណាល់ ត្រំា មានការងឿងឆ្ងល់ពីផលប្រយោជន៍របស់អង្គការអូតង់សម្រាប់ពិភពលោកនិងជាពិសេសបានបរិហារថាអង្គការអូតង់ ជាបន្ទុកដ៏សែនធ្ងន់មួយសម្រាប់ពលរដ្ឋអាមេរិក។
តាមរយៈលិខិតដែលប្រធានាធិបតីអាមេរិក បានផ្ញើកាលពីចុងខែមិថុនាកន្លងទៅនេះ ជូនដល់បណ្តាប្រទេសដែលជាដៃគូរបស់អាមេរិក បានបង្ហាញឲ្យដឹងថា លោកដូណាល់ ត្រំ បានបាត់បង់អំណត់របស់ខ្លួន ជាពិសេស មានភាពតឹងរ៉ឺងខ្លាំងជាមួយអាល្លឺម៉ង់។
នៅក្នុងលិខិតជូនដល់លោកស្រី ម៉ែ កិល ប្រធានាធិបតីអាមេរិក បានអះអាងថា អាមេរិក នៅតែបន្តការផ្គត់ផ្គង់ហិរញ្ញវត្ថុសម្រាប់វិស័យការពារជាតិអឺរ៉ុប ក៏ប៉ុន្តែទន្ទឹមគ្នានេះ នៅអឺរ៉ុបជាអាទិ៍នៅអាល្លឺម៉ង់ ស្ថានភាពសេដ្ឋកិច្ច បានល្អប្រសើរឡើងវិញហើយ។ ដូច្នេះ អាមេរិក ពុំអាចទ្រាំទ្រធ្វើការផ្កត់ផ្គង់ហិរញ្ញវត្ថុនេះតែម្នាក់ឯងនោះទេ។
លោកត្រាំ បានបញ្ជាក់ទៀតថា “ការខ្វល់ខ្វាយចិត្តនេះ ពុំមែនមានតែរូបលោកម្នាក់គត់ប៉ុណ្ណោះនោះទេ ក៏ប៉ុន្តែក៏មានសភាអាមេរិផងដែរ។
លោកត្រំា បានបន្តទៀតថា លោកបានយល់អំពីសម្ពាធនយោបាយនៅក្នុងប្រទេសអាល្លឺម៉ង់ដែលរារាំងនៅលើការបង្កើនការចំណាយសម្រាប់កិច្ចការពារជាតិ ក៏ប៉ុន្តែ បញ្ហានេះ បានធ្វើឲ្យគាត់មានការតក់ប្រម៉ល់ចិត្តជាខ្លាំងណាស់នៅក្នុងការនិយាយពន្យល់ប្រាប់ដល់ពលរដ្ឋអាមេរិកថា មានប្រទេសខ្លះ ពុំបានជួយរំលែកនៅលើបន្ទុកចំណាយសម្រាប់វិស័យការពារជាតិ នៅខណៈដែលកងទាហានអាមេរិកកំពុងតែប្រឈមមុខនឹងហានិភ័យនៅបរទេសនោះ។
មួយវិញទៀត យោងតាមកាសែត New York Times រដ្ឋបាលអាមេរិក គ្រោងនឹងដកកងទ័ពខ្លួនមួយភាគធំនៅក្នុងចំណោមកងទ័ពចំនួន ៣ម៉ឺន៥០០០នាក់ដែលដាក់ពង្រាយនៅក្នុងប្រទេសអាល្លឺម៉ង់។
កំហឹងក្រេវក្រោធរបស់លោកTrump ពុំគ្រាន់តែជះទៅលើនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ Merkel ប៉ុណ្ណោះនោះទេ ក៏ប៉ុន្តែ បាន ជះទៅលើថ្នាក់ដឹកនាំប្រទេស១២ផ្សេងទៀតដែលជាសមាជិករបស់អូតង់ដែរ។
យ៉ាងណាមិញ ជំនួបកំពូលអូតង់នៅសប្តាហ៍ខាងមុខនេះ អាចនឹងមានភាពរំជើបរំជួលខ្លាំង។ ហើយស្របគ្នានេះ ប្រទេសសមាជិកអូតង់ ចាប់ផ្តើមសម្តែងការព្រួយបារម្ភ។ ជាពិសេស ចាប់តាំងពីលោកត្រាំ បានគ្រោងជួបប្រាស្រ័យមួយជាមួយប្រធានាធិបតីរុស្ស៊ី លោកពូទីនដែលជាគូប្រជែងដ៏សំខាន់របស់អូតង់ នៅបន្ទាប់ពីចប់ជំនួបកំពូលអូតង់ភ្លាម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ