អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

សង្រ្គាមត្រជាក់៖ ​៤ទសវត្សរ៍​នៃ​ការ​ប្រឈមមុខ​ដាក់គ្នា​រវាង​ប្លុក​សេរី​និង​ប្លុក​កុម្មុយនិស្ត

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ​ សេង ឌីណា សូម​លើកឡើង​អំពី​ចំណុច​ចាប់ផ្តើមនិង​ដំណាក់​កាល​សំខាន់ៗ​នៃ​សង្រ្គាម​ត្រជាក់។

ជញ្ជាំងក្រុង​ប៊ែរឡាំង ដែល​ជា​និមិត្តរូប​នៃ​ការ​ពុះចែក​​តំបន់​អឺរ៉ុប រវាង​ប្លុក​លោកខាងលិច និង​ប្លុក​កុម្មុយនិស្ត
ជញ្ជាំងក្រុង​ប៊ែរឡាំង ដែល​ជា​និមិត្តរូប​នៃ​ការ​ពុះចែក​​តំបន់​អឺរ៉ុប រវាង​ប្លុក​លោកខាងលិច និង​ប្លុក​កុម្មុយនិស្ត
ផ្សាយពាណិជ្ជកម្ម

ដើមហេតុ​ដំបូង​នៃ​សង្រ្គាម​ត្រជាក់​បាន​ចាក់ឫស​តាំង​ពី​ចុង​សង្រ្គាម​លោកលើកទី១ គឺ​ចាប់តាំង​ពី​បដិវត្តន៍​ខែតុលា​របស់​កុម្មុយនិស្ត​សូវៀត នៅ​ឆ្នាំ​១៩១៧។ ក៏ប៉ុន្តែ ហេតុការណ៍​សំខាន់ៗ ដែល​នាំ​ឲ្យ​ផ្ទុះ​ជា​សង្រ្គាម​ត្រជាក់​បាន​កើតមាន​ឡើង នៅ​ក្នុង​រយៈពេល ២ឆ្នាំ ក្រោយ​សង្រ្គាម​លោកលើកទី២។

នៅ​ឆ្នាំ​១៩៤៥ នៅ​ពេល​ដែល​សង្រ្គាម​លោកលើកទី២ ជិតឈាន​ដល់​ទីបញ្ចប់ លោក Franklin Roosevelt ត្រូវ​ទទួល​មរណភាព​ដោយ​ជំងឺ ហើយ​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ត្រូវធ្លាក់​ទៅ​លោក Harry Truman ដែល​ជា​អនុប្រធានាធិបតី។

នៅពេលនោះ សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត ថ្វីដ្បិត​តែ​សហការគ្នា​ក្នុង​ការ​ធ្វើ​សង្រ្គាម​ទល់​នឹង​អាល្លឺម៉ង់ ក៏ប៉ុន្តែ គឺ​ជា​ប្រទេស​ដែល​មាន​មនោគមន៍វិជ្ជា​ផ្ទុយគ្នា​រួចទៅហើយ។ អាមេរិក​ប្រកាន់​យក​នូវ​របបនយោបាយ​បែប​ប្រជាធិបតេយ្យ​សេរី និង​សេដ្ឋកិច្ច​បែបមូលធន​និយម ដែល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ម្នាក់ៗ​មាន​កម្មសិទ្ធិ​ឯកជន និង​សិទ្ធិ​ស្វែងរក​ភាព​មាន​បាន​ផ្ទាល់ខ្លួន។ ចំណែក​សហភាព​សូវៀតវិញ​ប្រកាន់​យក​នូវ​របបនយោបាយ​បែប​កុម្មុយនិស្ត​ផ្តាច់ការ និង​សេដ្ឋកិច្ច​ផែនការ ដែល​គ្រប់អ្វីៗ​ទាំងអស់​ត្រូវ​ជា​កម្មសិទ្ធិ​របស់​រដ្ឋ នៅ​ក្នុង​ជំនឿ​មួយ​ថា ភាពមាន​បាន​ត្រូវតែ​បែងចែក​ឲ្យ​បាន​ស្មើៗ​គ្នា​ទៅ​គ្រប់​ពលរដ្ឋ​ទាំងអស់។

ការឡើងកាន់តំណែង​របស់​លោក Harry Truman គឺ​ជា​របត់​ថ្មី​មួយ នៅ​ក្នុង​ទំនាក់ទំនង រវាង​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត ដោយសារ​តែ​លោក Truman គឺ​ជា​អ្នក​ដែល​មាន​គំនិត​ស្អប់​កុម្មុយនិស្ត​បំផុត គឺ​ដូចគ្នា​នឹង​ស្តាលីន ដែល​ស្អប់​ពួក​មូលធននិយម​យ៉ាងនោះដែរ។ លើសពីនេះ​ទៅទៀត ប្រមុខដឹកនាំ​អាមេរិក និង​សូវៀត មាន​គោលដៅ​ផ្ទុយគ្នា​ទាំងស្រុង​ចំពោះ​អាល្លឺម៉ង់។ អាមេរិក​ចង់​ឃើញ​អាល្លឺម៉ង់​ក្លាយ​ជា​ប្រទេស​មួយ​រឹងមាំឡើងវិញ ដើម្បី​អាច​ជា​ដៃគូ​ពាណិជ្ជកម្ម​នឹងគ្នា។ ចំណែក​ឯ​សូវៀតវិញ​ចង់​ជាន់​​អាល្លឺម៉ង់​ឲ្យ​កាន់តែ​ធ្លាក់​ទន់ខ្សោយ ដើម្បី​ងាយស្រួល​គ្រប់គ្រង និង​យក​ធ្វើ​ជា​តំបន់​ទ្រនាប់​ទប់ទល់​នឹង​មហាអំណាច​លោកខាងលិច។

នៅ​ដើមឆ្នាំ​១៩៤៦ មន្រ្តី​ទូត​អាមេរិក​ម្នាក់​ប្រចាំ​ទីក្រុង​ម៉ូស្គូ ឈ្មោះ​ថា Georges Kennan បាន​ផ្ញើ​តេឡេក្រាម​ដ៏វែងមួយ ទៅវ៉ាស៊ីងតោន ដោយ​បាន​សរសេរ​លម្អិត​ អំពី​យុទ្ធសាស្រ្ត​ដែល​អាមេរិក​គួរដាក់ចេញ​ចំពោះ​សហភាព​សូវៀត។ នៅ​ក្នុង​តេឡេក្រាម​នេះ លោក Georges Kennan បាន​លើកឡើង​ថា សហភាព​សូវៀត​បច្ចុប្បន្ន​ត្រូវ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​ចលនានយោបាយមួយ ដែល​មាន​ជំនឿ​យ៉ាងងប់ងល់​ថា សហភាព​សូវៀត​ និង​សហរដ្ឋ​អាមេរិក នឹង​មិន​អាច​ឈរនៅ​ជាមួយគ្នា​បាន​ជាដាច់ខាត។ ដូច្នេះ សហរដ្ឋ​អាមេរិក​មិនមាន​ជម្រើសអ្វី​ក្រៅតែ​ពីការ​ដាក់​ចេញ​នូវ​យុទ្ធសាស្រ្ត​រយៈពេល​វែងមួយ ដោយ​ប្រើ​គ្រប់មធ្យោបាយ ដើម្បី​រាំងខ្ទប់​​ការ​រីកសាយ​ភាយ​នៃ​ឥទ្ធិពល​កុម្មុយនិស្ត​សូវៀត។
 

យុទ្ធសាស្រ្ត ដែល​ត្រូវ​បាន​គេ​ស្គាល់​ជាទូទៅ តាម​ភាសា​អង់គ្លេស​ថា « Containment » ត្រូវបាន​លោក​​ប្រធានាធិបតី​​អាមេរិក Harry Truman ឯកភាព​តាម ហើយនៅ​ឆ្នាំ​១៩៤៧ លោក​ប្រធានាធិបតី​អាមេរិក​បាន​ថ្លែង​នៅ​ក្នុង​សភា​ពេញ​អង្គ​ថា អាមេរិក​ត្រូវ​តែ​ប្រកាន់​ខ្ជាប់​​នូវ​នយោបាយ​មួយ គឺ​អាមេរិក​ត្រូវ​តែ​ចេញមុខ​ជួយ​ប្រជាជន​នៅ​គ្រប់​ទីកន្លែង​ទាំងអស់ ដែល​ត្រូវ​ប្រឈមមុខ​នឹង​ការ​កៀបសង្កត់​ពី​ប្រទេស​ក្រៅ។ នៅ​ពេល​នោះ​ហើយ ដែល​លោក Harry Truman បាន​ស្នើសុំ​ឲ្យ​សភា​ផ្តល់​លុយ​ចំនួន ៤០០លាន​ដុល្លារ ដើម្បី​យក​ទៅ​ជួយ​តួកគី និង​ក្រិក ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ឧទ្ទាម​កុម្មុយនិស្ត ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​ប្លុក​សូវៀត។

សន្ទុរកថា​របស់​លោក Harry Truman ​នៅ​ចំពោះ​សភា​​អាមេរិក ត្រូវបាន​គេ​ដាក់ឈ្មោះ​ថា​ជា « Truman Doctrine » ហើយ​ឆ្នាំ​១៩៤៧ ត្រូវ​បាន​អ្នក​ប្រវត្តិសាស្រ្ត​ទូទៅ​កំណត់យក​​ជា​ចំណុច​ចាប់ផ្តើម​នៃ​សង្រ្គាម​ត្រជាក់ ដែល​បាន​អូសបន្លាយ​ពេល​អស់រយៈពេល​ជាង ៤ទសវត្សរ៍។

សង្រ្គាម​ត្រជាក់​បាន​ចាប់​ផ្ទុះឡើង​ជាផ្លូវការ នៅ​ឆ្នាំ​១៩៤៧ ជាមួយ​នឹង​ « Truman Doctrine » ហើយ​បិទបញ្ចប់ នៅ​ឆ្នាំ​១៩៩១ ជាមួយ​នឹង​ការ​ដួលរលំ​នៃ​សហភាព​សូវៀត។ នៅ​ក្នុងរយៈពេល​ជាង ៤០ឆ្នាំ​នេះ សង្រ្គាមត្រជាក់​ត្រូវបាន​គេ​បែងចែក​ជា​ច្រើន​ដំណាក់កាល។

នៅ​ដំណាក់កាល​ដំបូង ការប្រឈមមុខ​ដាក់គ្នា រវាង​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត​បាន​ផ្តោត​តែ​ទៅលើ​តំបន់​អឺរ៉ុប ជាមួយ​នឹង​ការ​បង្កើត​ “វាំងននដែក” ពុះចែក​តំបន់​អឺរ៉ុប​ជាពីរ គឺ​អឺរ៉ុប​ខាង​កើត​ ស្ថិតក្រោម​ឥទ្ធិពល​សូវៀត និង​អឺរ៉ុប​ខាងលិច​ស្ថិត​ក្រោម​ឥទ្ធិពល​អាមេរិក។ ប្រទេស​អាល្លឺម៉ង់​ក៏​ត្រូវ​បាន​ពុះចែក​ជា​ពីរ​ប្រទេស​ផងដែរ គឺ​អាល្លឺម៉ង់​ខាងកើត​គ្រប់គ្រង​ដោយ​កុម្មុយនិស្ត និង​អាល្លឺម៉ង់​ខាងលិច​​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក។

យុគសម័យ​នៃ​ការ​ប្រឈមមុខ​ដាក់គ្នា​ដោយ​អាវុធ​នុយក្លេអ៊ែរ​បាន​ចាប់ផ្តើម​ឡើង នៅ​ឆ្នាំ​១៩៤៩ នៅ​ក្រោយ​ពេល​ដែល​សហភាព​សូវៀត​បាន​ធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​​ប្រកបដោយ​ជោគជ័យ ហើយ​បិទបញ្ចប់​ភាព​ជា​មហាអំណាច​នុយក្លេអ៊ែរ​ផ្តាច់មុខ​របស់​សហរដ្ឋ​អាមេរិក។

នៅ​ដំណាក់​កាល​បន្ទាប់មក​ទៀត សង្រ្គាមត្រជាក់​បាន​ចាប់ផ្តើម​រីករាល​ចេញ​ពីតំបន់​អឺរ៉ុប ទៅ​ជា​សង្រ្គាម​ត្រជាក់​ពិភពលោក ជាមួយ​នឹង​ជ័យជម្នះ​របស់​ចលនា​កុម្មុយនិស្ត​ម៉ៅសេទុង​នៅ​ចិន និង​ការ​ផ្ទុះ​សង្រ្គាម​កូរ៉េ ពី​ឆ្នាំ​១៩៥០​ ដល់​ឆ្នាំ​១៩៥៣។

នៅ​ក្រោយ​ឆ្នាំ​១៩៥៣ ក្រោយ​ពេល​ដែល​ស្តាលីន​​ទទួលមរណភាព ទំនាក់ទំនង​ រវាង​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត​​មាន​ការ​ប្រែប្រួល មាន​ចុះ​មានឡើង ពេលខ្លះ​ក៏​ធូរស្រាល ហើយ​ពេលខ្លះ​ក៏​តានតឹង ជាពិសេស នៅ​ក្នុង​អំឡុង​សង្រ្គាម​វៀតណាម មុននឹង​ត្រូវ​ប្រឈមមុខ​ដាក់គ្នា​ខ្លាំងបំផុត​​ស្ទើរតែ​ផ្ទុះ​ជា​សង្រ្គាម​នុយក្លេអ៊ែរ នៅ​ក្នុង​អំឡុង​វិបត្តិ​មីស៊ីល​គុយបា នៅ​ឆ្នាំ​១៩៦២។

នៅ​ក្រោយ​វិបត្តិ​មីស៊ីល​គុយបា សង្រ្គាម​ត្រជាក់​បាន​ឈាន​ចូល​ដំណាក់កាល​ថ្មីមួយ​ទៀត គឺ​សហភាព​សូវៀត និង​ចិន ដែល​សុទ្ធសឹង​ជា​មហាអំណាច​កុម្មុយនិស្ត​បាន​បែកបាក់គ្នា ហើយ​ការ​ប្រឈមមុខ​ដាក់គ្នា រវាង​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត​ក៏​មាន​ភាព​ធូរស្រាល​ច្រើន នៅ​ក្នុង​ដំណាក់កាល​មួយ ដែល​គេច្រើន​ហៅ​តាម​ភាសា​បារាំង​ថា « Détente »។

នៅ​ឆ្នាំ​១៩៧៩ នៅក្រោយ​ពេល​ដែល អាមេរិក និង​សូវៀត​បាន​លូកដៃ​ចូល​អន្តរាគមន៍ ក្នុង​សង្រ្គាម​ស៊ីវិល​ នៅ​អាហ្វហ្កានីស្ថាន ដំណាក់កាល​ធូរស្រាល (ឬ Détente) ក៏​ត្រូវ​បញ្ចប់ ហើយ​សង្រ្គាមត្រជាក់​ក៏​ចាប់ពុះកញ្ជ្រោលឡើងវិញ។

នៅ​ឆ្នាំ​១៩៨៥ លោក​មីកាអ៊ីល ហ្កូបាឆូវ (Makhail Gorbachev) បានឡើងកាន់អំណាច​ជា​លេខាបក្ស​កុម្មុយនិស្ត ហើយ​បាន​រៀបចំ​ធ្វើ​កំណែទម្រង់​បើក​ចំហ​ទាំង​ខាង​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច គឺ​កំណែទម្រង់ ដែល​គេ​ហៅថា ប៉េរេស្ត្រយកា (Perestroika) និង​ហ្ក្លាស្នូស្ត (Glasnost)។ នៅ​ឆ្នាំ​១៩៨៨ សូវៀត​បាន​ប្រកាស​ដក​ទ័ព​ចេញ​ពី​អាហ្វហ្កានីស្ថាន ហើយ​លោក​ហ្កូបាឆូវ​បាន​ប្រកាស​បិទបញ្ចប់​នយោបាយ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ក្នុង​ប្លុក​សូវៀត ហើយ​​បើក​សិទ្ធិសេរីភាព​ឲ្យ​បណ្តា​ប្រទេស​​​នៅ​អឺរ៉ុប​ខាងកើត​អាច​ជ្រើសរើស​ផ្លូវ​ដើរ​ដោយ​ខ្លួនឯង។

ចាប់ពីពេលនោះមក ចលនា​បះបោរ​ប្រឆាំង​នឹង​របបកុម្មុយនិស្ត​ក៏​បាន​ផ្ទុះឡើង​នៅ​ពាសពេញ​អឺរ៉ុប​ខាងកើត ​រដ្ឋាភិបាល​រណប​សូវៀត​ក៏​ចាប់ផ្តើម​ដួលរលំ​ម្តងមួយៗ ហើយ​នៅ​ចុង​ឆ្នាំ​១៩៨៩ ជញ្ជាំងក្រុង​ប៊ែរឡាំង ដែល​ខណ្ឌ​ចែករវាង​ដែនដី​កុម្មុយនិស្ត និង​ដែនដី​លោកខាងលិច ត្រូវ​ដួលរលំ។ ការដួលរលំ​នៃ​ជញ្ជាំងប៊ែរឡាង​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជានិមិត្តរូប​នៃ​ការ​បិទបញ្ចប់ “វាំងននដែក” ដែល​​ខណ្ឌចែក​តំបន់​អឺរ៉ុប​ចាប់តាំង​ពី​ក្រោយ​សង្រ្គាម​លោកលើកទី២។

នយោបាយ​បើក​ចំហ​របស់​​​លោក​ហ្កូបាឆូវ​មិន​ត្រឹមតែ​បាន​ធ្វើ​ឲ្យ​រង្គោះរង្គើ​ដល់​របបកុម្មុយនិស្ត នៅ​ក្នុង​តំបន់​អឺរ៉ុប​ខាង​កើត​ប៉ុណ្ណោះទេ សូម្បីតែ​នៅ​ក្នុង​សហភាព​សូវៀត​ខ្លួន​ឯង​ក៏​ត្រូវ​រង្គោះរង្គើ​ផងដែរ ដោយ​បណ្តា​រដ្ឋ​ជាសមាជិក​ចាប់ផ្តើម​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​សហព័ន្ធ រួច​ហើយ​ក៏​បាន​នាំគ្នា​ប្រកាស​ផ្តាច់ខ្លួន​​​ជា​ប្រទេស​ឯករាជ្យ​ម្តងមួយៗ ដោយ​ចាប់ផ្តើម​ពី​ប្រទេស​នៅ​ជុំវិញ​សមុទ្រ​បាល់ទិក គឺ​លីទុយអានី អេស្តូនី និង​ឡេតូនី។

នៅទីចុងបំផុត សហភាព​សូវៀត​ក៏​ត្រូវ​ដួលរលំ​​បាត់រូប នៅ​​ឆ្នាំ​១៩៩១ ហើយ​សង្រ្គាម​ត្រជាក់​ក៏​ត្រូវ​បិទបញ្ចប់​ជាផ្លូវការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ