សិទ្ធិស្ត្រីខ្មែរមានការវិវឌ្ឍន៍ខ្លាំង ក្នុងថ្នាក់មូលដ្ឋានជាងក្នុងថ្នាក់នយោបាយ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៤៨
មានព្រឹត្តិការណ៍ជាច្រើន ដែលត្រូវបានគេរៀបចំឡើង ឬគ្រោងនឹងរៀបចំសម្រាប់ឧទ្ទិស ដល់ទិវាសិទ្ធិនារីអន្តរជាតិដែលនឹងឈានមកដល់នៅចុងសប្តាហ៍នេះ ។ នេះសបញ្ជាក់ថា ស្ត្រីខ្មែរបានធ្វើសកម្មភាពកាន់តែច្រើន ឬត្រូវបានគេលើកមកនិយាយកាន់តែកងរំពងជាងមុនទាំងក្នុងស្ថាប័នរដ្ឋ និងអង្គការក្រៅរដ្ឋាភិបាល។ ស្ត្រីខ្មែរក៏បានទទួលសេរីភាពច្រើនជាងមុនក្នុងគ្រប់សកម្មភាពរាប់ទាំងនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច។ យ៉ាងណាក៏ដោយ ស្ត្រីនៅតែមានចំនួនតិចតួចនៅក្នុងឆាកនយោបាយ។ ផ្ទុយទៅវិញ ស្ត្រីខ្មែរជាច្រើន បានទម្លាយភាពស្ងៀមស្ងាត់ ហើយក្លាយជាសកម្មជនជួរមុខក្នុងការតស៊ូទាមទារសិទ្ធិរបស់ខ្លួន។ តើនិន្នាការនេះមានអត្ថន័យយ៉ាងដូចម្តេច?
ពីសង្គមមួយដែលកូនស្រីរស់ក្នុងគំនាបប្រពៃណីយ៉ាងតឹងរ៉ឹង ស្ត្រីខ្មែរបច្ចុប្បន្នបានស្គាល់ការផ្លាស់ប្តូរមួយគួរឲ្យកត់សម្គាល់។ ស្ត្រីខ្មែរដែលកាលពីមុនធ្លាប់តែតោងកន្ទុយក្បិនឪពុកម្តាយ និងរស់ក្រោមឥទ្ធិពលរបស់ស្វាមី ឥឡូវនេះបានបង្ហាញវត្តមាននៅគ្រប់សកម្មភាពសង្គម និងនយោបាយចាប់តាំងពីថ្នាក់កំពូលរហូតដល់ថ្នាក់មូលដ្ឋាន។
ស្ត្រីខ្មែរមានវត្តមាននៅក្នុងស្ថាប័នកំពូលៗទាំងបីរបស់ជាតិ ទាំងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងក្នុងជួររដ្ឋាភិបាល។ ស្ត្រីមានតួនាទីរហូតដល់ថ្នាក់ឧបនាយករដ្ឋមន្ត្រី ថ្នាក់រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងជាអ្នកកាន់កិច្ចការសំខាន់ៗនៅឯថ្នាក់មូលដ្ឋានជាច្រើនទៀត។ បើទោះបីជាក្នុងឆាកនយោបាយ ស្ត្រីមានចំនួនតិចតួចក៏ដោយ ក៏ប៉ុន្តែ នៅក្នុងសកម្មភាពសង្គមផ្សេងទៀត ស្ត្រីបែរជាលេចមុខមាត់គួរឲ្យកត់សម្គាល់ ជាពិសេសគឺស្ត្រីខ្មែរកាន់តែច្រើនឡើងបានក្លាយជាសកម្មជនជួរមុខក្នុងការតស៊ូទាមទារសិទ្ធិសេរីភាព និងការពារប្រយោជន៍របស់ខ្លួន។
ជាក់ស្តែង ស្ត្រីអ្នកភូមិបឹងកក់ បូរីកីឡា ស្ត្រីជាកម្មការិនីក្នុងវិស័យកាត់ដេរ ស្ត្រីដែលចូលរួមធ្វើបាតុកម្មជាច្រើនទៀតជាមួយគណបក្សប្រឆាំង និងស្ត្រីដែលចូលរួមក្នុងសកម្មភាពសហគមន៍ការពារព្រៃឈើ សហគមន៍នេសាទ ជាដើម។ វត្តមានរបស់ស្ត្រីក្នុងសកម្មភាពក្តៅគគុកទាំងនោះសបញ្ជាក់ឲ្យឃើញថា ស្ត្រីខ្មែរហាក់ទទួលការវិវឌ្ឍលឿនក្នុងវិស័យសង្គមជាងក្នុងវិស័យនយោបាយ។ ពីភាពស្ងៀមស្ងាត់នៅពីក្រោយបុរសទៅជាសកម្មជនជួរមុខ ហ៊ានប្រឈមជាមួយកម្លាំងសមត្ថកិច្ចគឺជាការវិវឌ្ឍដែលគេមិនអាចមើលរំលងបាន។
ជាការពិតណាស់ ទាំងនេះគឺជាលទ្ធផលនៃសកម្មភាពលើកស្ទួយស្ត្រីរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះពីសំណាក់រដ្ឋាភិបាល បក្សនយោបាយ និងអង្គការសង្គមស៊ីវិល។ ទន្ទឹមគ្នានោះ លំហូរព័ត៌មានក៏កាន់តែជ្រួតជ្រាបខ្លាំងឡើងទៅដល់ស្រទាប់មហាជនគ្រប់ទិសទី។ លំហូរព័ត៌មាននេះហើយដែលធ្វើឲ្យស្ត្រីផ្លាស់ប្តូរផ្នត់គំនិតយ៉ាងឆាប់រហ័ស រហូតដល់អ្នកនយោបាយខ្លះគិតមិនដល់។ ដូច្នេះ ថ្នាក់នយោបាយគួរតែត្រូវពន្លឿនកិច្ចការលើកស្ទួយស្ត្រីឲ្យបានខ្លាំងក្លាជាងនេះ។
ទន្ទឹមនឹងនោះដែរ រដ្ឋាភិបាលនិងអាជ្ញាធរមានសមត្ថកិច្ចក៏ត្រូវតែឆ្លើយតបនឹងបញ្ហាដែលស្ត្រីកំពុងប្រឈមឲ្យបានលឿនជាងនេះដែរពីព្រោះគេមិនអាចនិយាយពីការលើកស្ទួយស្ត្រីដោយទុកឲ្យស្ត្រីជាច្រើនស្រែកតវ៉ាដោយគ្មានអ្នកស្តាប់លឺនោះឡើយ។ លើសពីនេះ ស្ត្រីជាច្រើនបានរងអំពើហិង្សាដោយសារសមត្ថកិច្ចថែមទៀត។ ការបង្ក្រាបទៅលើក្រុមអ្នកតវ៉ា ដែលភាគច្រើនជាស្ត្រីមិនមែនជាឧបសគ្គរារាំងមិនឲ្យស្ត្រីចេញមុខតវ៉ានោះឡើយ។ ផ្ទុយទៅវិញ វិធានការនេះរឹតតែបង្កើនភាពរឹងមាំរបស់ស្ត្រីក្នុងការតវ៉ាប្រឆាំងអយុត្តិធម៌សង្គមថែមទៀត។
យ៉ាងណាក៏ដោយ នៅក្នុងប្រទេសមួយដែលស្ត្រីតំណាងឲ្យ ៥២ ភាគរយនៃចំនួនប្រជាជនសរុប ប៉ុន្តែ ស្ត្រីខ្មែរនៅតែមានតួនាទីក្នុងសង្គមតិចតួចនៅឡើយបើធៀបទៅនឹងតួនាទីបុរស។ មានកត្តាពីរយ៉ាងដែលធ្វើឱ្យចលនាលើកស្ទួយស្ត្រីខ្មែរមិនទាន់ទទួលបានលទ្ធផលជាទីគាប់ចិត្តនៅឡើយ។ កត្តាទី១ គឺកត្តាបុរសមានន័យថា បុរសខ្មែរជាច្រើននៅមិនទាន់លះបង់ចោលទស្សនៈចាស់គំរឹលដែលថាស្ត្រីបង្វិលចង្ក្រានមិនជុំនៅឡើយ។ និងកត្តាទី២ គឺកត្តាស្ត្រីខ្លួនឯង មានន័យថា ស្ត្រីខ្មែរមួយចំនួននៅមិនទាន់យល់ដឹងពីតួនាទីរបស់ខ្លួននៅឡើយហើយសុខចិត្តផ្តល់តួនាទីសំខាន់ដល់បុរសដដែល។ ស្ត្រីខ្មែរជាច្រើនទៀតបានទទួលការអប់រំតិចជាងបុរសដែលធ្វើឲ្យពួកគេខ្វះសមត្ថភាពក្នុងការឡើងទៅកាន់តួនាទីសំខាន់ដូចបុរស។
ដូច្នេះ ការលើកស្ទួយសិទ្ធិស្ត្រីឲ្យស្មើបុរសក្នុងគ្រប់វិស័យ និងការដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រីឲ្យបានរួសរាន់គឺជាកិច្ចការចំពោះមុខរបស់រដ្ឋាភិបាល។ ស្ត្រីខ្មែរគួរតែក្លាយជាអ្នកជួរមុខក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសទៅតាមសមត្ថភាពរៀងៗខ្លួន ប៉ុន្តែ គេមិនគួរបណ្តោយទុកឲ្យស្ត្រីក្លាយជាអ្នកសកម្មជួរមុខដោយសារបុព្វហេតុការពារដីធ្លី ផ្ទះសម្បែង ព្រោះតែការបំពានតទៅទៀតឡើយ។ ម្យ៉ាងទៀត ការលើកស្ទួយសិទ្ធិស្ត្រីក៏មិនគួរក្លាយជាមូលហេតុធ្វើឲ្យបែកបាក់សង្គមគ្រួសារខ្មែរនោះដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ