អានតួអត្ថបទ
កម្ពុជា

កិច្ចប្រជុំ​ជាច្រើន​បាន​ធ្វើ​ឡើង នៅមុន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន

ចាប់តាំងពី​ដើម​សប្តាហ៍​នេះ កិច្ចប្រជុំ​រវាង​មេបញ្ជាការ​កងទ័ព​អាស៊ាន អនុរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ វេទិកា​សង្គម​ស៊ីវិល និង​ប្រជាជន​អាស៊ាន ព្រមទាំង​វេទិកា​យុវជន​អាស៊ាន បាន​បើក​កិច្ចប្រជុំ​ដាច់ដោយឡែក​ពីគ្នា នៅ​ទីក្រុង​ភ្នំពេញ។ កិច្ចប្រជុំ​ទាំងនោះ បាន​ធ្វើឡើង ដើម្បី​ពិភាក្សា​លើ​ឯកសារ​ជាច្រើន មុន​នឹង​ដាក់​ឲ្យ​រដ្ឋមន្ត្រី និង​ប្រមុខ​ដឹកនាំ​អាស៊ាន ពិនិត្យ និង​អនុម័ត ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២០ ចាប់ពី​ថ្ងៃ​ទី​៣០​មីនា ដល់​ថ្ងៃ​ទី​៤​មេសា ដែល​កម្ពុជា ធ្វើជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០១២​នេះ។

លោក​សុខអាន រដ្ឋមន្រ្តីទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្រ្តីកម្ពុជា
លោក​សុខអាន រដ្ឋមន្រ្តីទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្រ្តីកម្ពុជា ©RFI Siv Channa
ផ្សាយពាណិជ្ជកម្ម

 

សន្និសីទ​សង្គម​ស៊ីវិល​អាស៊ាន និង​វេទិកា​ប្រជាជន​អាស៊ាន ស្ដីពី “​យើង​ជា​ប្រជាជន​អាស៊ាន រួមគ្នា​សម្រាប់​សហគមន៍​អាស៊ាន​” បាន​ធ្វើឡើង​រយៈពេល​បី​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃ​ទី​២៨​មីនា​នេះ នៅ​សាលសន្និសីទ​ចតុមុខ ក្នុង​ទីក្រុង​ភ្នំពេញ។

អង្គការ​សង្គម​ស៊ីវិល និង​ប្រជាជន មកពី​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០ បាន​ចូលរួម​ក្នុង​វេទិកា​រយៈពេល ៣ ថ្ងៃ ដែល​បាន​បើក​ធ្វើ​នៅ​មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន។

លោក សុខ អាន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី តំណាង​រដ្ឋាភិបាល​កម្ពុ​ជា ជា​ម្ចាស់ផ្ទះ បាន​លើកឡើង​ថា ភាពក្រីក្រ គម្លាត​នៃ​ការអភិវឌ្ឍន៍​យ៉ាង​ធំ ការប្រែប្រួល​អាកាសធាតុ និង​គ្រោះ​ធម្មជាតិ នៅតែ​ជា​បញ្ហា​ប្រឈម​ជា​ចម្បង​យ៉ាងសំខាន់ ដែល​អាស៊ាន ត្រូវ​ដោះស្រាយ ដើម្បី​សម្រេចបាន​នូវ​សង្គម​មួយ ដែល​មាន​សន្តិសុខ​ស្បៀង សន្តិសុខ​ថាមពល និង​សន្តិសុខ​ធនធានទឹក ក៏ដូចជា សិទ្ធិមនុស្ស ការការពារ​បរិស្ថាន និង​អភិបាលកិច្ច​ល្អ ជាដើម។

តំណាង​រដ្ឋាភិបាល​បាន​អំពាវនាវ​ឲ្យ​សង្គម​ស៊ីវិល និង​ប្រជាជន ក្នុង​ប្រទេស​អាស៊ាន ទាំង ១០ ចូលរួម​ទាំងអស់គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម ព្រមទាំង​ចូលរួម ដើម្បី​បង្កើត​សហគមន៍​អាស៊ាន​តែមួយ នៅ​ឆ្នាំ​២០១៥។

ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ នៅ​ទីក្រុង​ភ្នំពេញ ក៏​មាន​បើក​កិច្ចប្រជុំ​រយៈពេល ២ ថ្ងៃ រវាង​អនុរដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ និង​ទេសាភិបាលរង​ធនាគារកណ្ដាល មក​ពី​បណ្តា​ប្រទេស​អាស៊ាន បូក​៣ គឺ​កូរ៉េ ចិន និង​ជប៉ុន។ កិច្ចប្រជុំ​ពិភាក្សា នឹង​ព្រមព្រៀងគ្នា​ពី​ជំហរ​របស់​អាស៊ាន ពាក់ព័ន្ធ​នឹង​ការពង្រឹង និង​ពង្រីក​យន្តការ គំនិត​ផ្តួចផ្តើម​ទីផ្សារ​សញ្ញាប័ណ្ណ​អាស៊ី យន្តការ ពហុ​ភាគីនីយកម្ម​គំនិត​ផ្តួចផ្តើម​ឈៀងម៉ៃ និង​ការធានារ៉ាប់រង​លើ​គ្រោះមហន្តរាយ ជាដើម។

ជា​ការកត់សម្គាល់ កិច្ចប្រជុំ​អនុរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​ទេសាភិបាលរង​ធនាគារ​កណ្តាល​អាស៊ាន បាន​បើក​ធ្វើ​នៅ​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១២​។ កិច្ចប្រជុំ​នោះ បាន​ផ្តោត​ការពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ហិរញ្ញវត្ថុ នៅក្នុង​ក្របខ័ណ្ឌ​អាស៊ាន ជាពិសេស​ដើម្បី​បន្ត​ជំរុញ​សមាហរ័ណកម្ម​វិស័យ​ហិរញ្ញវត្ថុ និង​រួមចំណែក​ដល់​ការបង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ក្នុង​ឆ្នាំ​២០១៥។ លទ្ធផល​នៃ​កិច្ចពិភាក្សា​នេះ នឹង​ត្រូវ​ដាក់ជូន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាស៊ាន ពិនិត្យ និង​អនុម័ត នៅ​ថ្ងៃ​ទី​៣០​មីនា ឆ្នាំ​២០១២។

ចាប់តាំងពី​ថ្ងៃ​ច័ន្ទ ទី​២៦​មីនា ក្រុម​មេបញ្ជាការ​កងទ័ព អាស៊ាន បាន​បើក​កិច្ចប្រជុំ​ជា​ច្រើន ក្នុង​ទីក្រុង​ភ្នំពេញ លើកឡើង​ពី​ការពង្រឹង​សហប្រតិបត្តិការ​ ដើម្បីរក្សា​សន្តិសុខ​ក្នុង​តំបន់ និង​ពិភពលោក។ កិច្ចប្រជុំ​កងទ័ព​អាស៊ាន ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃទី​៣០​មីនា ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន ដែល​នឹង​ធ្វើឡើង​នៅ​កម្ពុជា នា​ខែ​ឧសភា​ខាងមុខ។

វេទិកា​យុវជន​អាស៊ាន ក្រោម​ប្រធានបទ “ការចូលរួម​របស់​យុវជន ក្នុងការ​ប្រែក្លាយ​អាស៊ាន ទៅជា​សហគមន៍​មួយ ដែល​យក​ប្រជាពលរដ្ឋ​ជា​ស្នូល” ក៏​ត្រូវបាន​រៀបចំឡើង ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៨​មីនា។ យុវជន ១០០ នាក់ មកពី​ប្រទេស​អាស៊ាន​ទាំង​១០ បាន​ជជែក​ពិភាក្សា​ពី​កង្វល់ ដែល​ពាក់ព័ន្ធ​នឹង​ការអប់រំ បរិស្ថាន ការចូលរួម​ពេញលេញ​របស់​យុវជន និង​ចងក្រង​អនុសាសន៍ ដាក់ជូន​កិច្ចប្រជុំ​កំពូល​អាស៊ាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ