អានតួអត្ថបទ
ខ្មែរក្រហម

ការស្លាប់​របស់​ប៉ុល ពត៖ រវាង​យុត្តិធម៌​របស់​មនុស្ស និង​យុត្តិធម៌​របស់​ធម្មជាតិ

ក្រោយពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវបាន​កងទ័ព​វៀតណាម​ផ្តួលរំលំ​នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប៉ុល ពត ក៏បាន​ភៀសខ្លួន​ចេញពី​ទីក្រុង​ភ្នំពេញ ទៅកាន់​ប្រទេស​ថៃ ហើយ​បាន​ដឹកនាំ​ចលនា​តស៊ូ​ខ្មែរក្រហម​នៅក្នុងព្រៃ​ ដើម្បី​ប្រឆាំង​នឹង​របប​ដឹកនាំ​ក្រុង​ភ្នំពេញ ដែល​គាំទ្រ​ដោយ​វៀតណាម។ ប៉ុន្តែ ក្រោយមក ប៉ុល ពត ត្រូវបាន​ក្រុម​ខ្មែរក្រហម​គ្នាឯង ចាប់ខ្លួន ហើយ​កាត់ទោស​ឲ្យ​ជាប់ឃុំ​ក្នុង​ផ្ទះ​អស់មួយ​ជីវិត ហើយ​ទីបំផុត ជីវិត​របស់ ប៉ុល ពត ត្រូវ​បាន​បញ្ចប់ទៅ​ដោយ​សោះកក្រោះ។

បងទីមួយ​ ប៉ុល ពត នៅមុនពេល​ស្លាប់
បងទីមួយ​ ប៉ុល ពត នៅមុនពេល​ស្លាប់ AFP
ផ្សាយពាណិជ្ជកម្ម

ភ្លាមៗ​ក្រោយពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវបាន​ដួលរលំ គេ​គ្រាន់តែ​ដឹង​ថា ប៉ុល ពត រត់ចេញ​ពី​ភ្នំពេញ​ ទៅ​ប្រទេស​ថៃ។ តែ​ក្រោយមក តើ ប៉ុល ពត ទៅ​លាក់ខ្លួន​នៅ​ទីណា ហើយ​ធ្វើអ្វីខ្លះ នោះ គេ​មិនបាន​ដឹងច្បាស់​នោះទេ។

រហូតដល់​ចុងឆ្នាំ​១៩៧៩ ទើប ប៉ុល ពត លេចមុខ​សាជាថ្មី នៅ​ទីបញ្ជាការដ្ឋាន​កងទ័ព​ខ្មែរក្រហម ដែល​ស្ថិតនៅក្នុង​ទឹកដី​ថៃ ជាប់​នឹង​ព្រំដែន​កម្ពុជា។ ការ​វិលត្រឡប់​របស់ ប៉ុល ពត ចូលទៅ​ក្នុង​ព្រៃ ធ្វើឲ្យ​គេ​នឹកឃើញ​ទៅដល់​ទសវត្សរ៍​ឆ្នាំ៦០ ដែល ប៉ុល ពត បាន​រត់ចេញ​ពី​ភ្នំពេញ ទៅ​លាក់ខ្លួន​ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​កំពង់ចាម។ ប៉ុន្តែ នៅពេល​នោះ ប៉ុល ពត គឺ​ជា​សម្ព័ន្ធមិត្ត​របស់​វៀតណាម ស្ថិតក្រោម​ការ​ការពារ​របស់​វៀតណាម ហើយ​តស៊ូ​ប្រឆាំង​នឹង​អាមេរិក។ ម្យ៉ាងទៀត នៅពេលនោះ ប៉ុល ពត មិនមាន​អ្នក​ហែហម​ គាំទ្រ​ច្រើន​នោះទេ។

ផ្ទុយទៅវិញ នៅក្រោយ​ឆ្នាំ​១៩៧៩ ប៉ុល ពត មាន​កងទ័ព​នៅក្នុង​ដៃ​ប្រមាណ​៥ម៉ឺន​នាក់ ហើយ​ទទួលបាន​នូវ​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​ប្រទេស​មហាអំណាច​ធំៗ​ជាច្រើន ដូចជា ថៃ ចិន និង​អាមេរិក ដែលជា​អតីត​សត្រូវ​របស់​ខ្មែរក្រហម។ សត្រូវ​របស់ ប៉ុល ពត នៅពេល​នេះ គឺ​វៀតណាម និង​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ដែល​គាំទ្រ​ដោយ​វៀតណាម។

លើសពីនេះទៅទៀត រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ ដែល​មាន ប៉ុល ពត ជា​នាយករដ្ឋមន្រ្តី​នោះ ថែមទាំង​ត្រូវបាន​អង្គការ​សហប្រជាជាតិ ទទួលស្គាល់​ថា​ជា​រដ្ឋាភិបាល​ស្របច្បាប់​របស់​កម្ពុជា ហើយ​មានសិទ្ធិ​កាន់កាប់​អាសនៈ​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​ទៀតផង។

ស្របពេល​ជាមួយគ្នា​នោះ ឈ្មោះ ប៉ុល ពត បាន​ចាប់ផ្តើម​ល្បី​សុះសាយ​នៅលើ​ឆាក​អន្តរជាតិ​ថា​ជា​មេដឹកនាំ​ប្រល័យ​ពូជសាសន៍ រហូតដល់​អ្នកខ្លះ​ប្រៀបធៀប ប៉ុល ពត ទៅនឹង ស្តាលីន ឬ​ហ៊ីត្លែរ ទៀតផង។ ពាក្យថា ប៉ុល ពត ក៏បាន​ក្លាយ​ទៅជា​ពាក្យ ដែល​មានន័យ​ស្មើនឹង​ពាក្យ​ប្រល័យ​ពូជសាសន៍។

នៅខែសីហា​ ឆ្នាំ១៩៧៩ ប៉ុល ពត និង អៀង សារី ត្រូវបាន​តុលាការ​ប្រជាជន​បដិវត្តន៍​កម្ពុជា នៅ​ទីក្រុង​ភ្នំពេញ កាត់ទោស​ប្រហារ​ជីវិត។ យោងតាម​លោក David Chandler មាន​សកម្មជន​សិទ្ធិមនុស្ស​មួយចំនួន​បាន​ទាមទារ​តុលាការ​អន្តរជាតិ​ឲ្យ​យក ប៉ុល ពត ទៅ​កាត់ទោស។ ក៏ប៉ុន្តែ រដ្ឋាភិបាល​ថៃ នៅពេលនោះ បាន​បដិសេធ​មិនព្រម​ប្រគល់ខ្លួន ប៉ុល ពត ទៅ​ឲ្យ​តុលាការ​អន្តរជាតិ ហើយ​សហរដ្ឋ​អាមេរិក និង​ចិន ដែលជា​សមាជិក​អចិន្រ្តៃយ៍​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​ការពារ​ប៉ុល ពត ដោយ​លើកឡើង​ថា គេ​គួរតែ​កាត់ទោស​វៀតណាម មុន​កាត់ទោស ប៉ុល ពត។

ប្រឈមមុខ​នឹង​កេរ្តិ៍ឈ្មោះ​យ៉ាង​ស្អុយអសោច​បែបនេះ នៅឆ្នាំ​១៩៨១ ប៉ុល ពត ក៏បាន​ប្រកាស​រំលាយ​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​ចោល ហើយ​ទៅ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ត្រីភាគី​ជាមួយ​សម្តេច នរោត្តម សីហនុ និង សឺន សាន អតីត​នាយករដ្ឋមន្រ្តី​នៃ​រាជរដ្ឋាភិបាល​សង្គម​រាស្រ្ត​និយម។ ប៉ុល ពត ក៏​បាន​លាក់ខ្លួន លែង​បង្ហាញមុខ​ជា​សាធារណៈ ដោយ​ទុកឲ្យ ខៀវ សំផន និង អៀង សារី ចេញមុខ​ធ្វើជា​តំណាង​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ​ក្នុង​រដ្ឋាភិបាល​ចម្រុះ។

នៅឆ្នាំ១៩៩៣ ភាគីពីរ ក្នុង​រដ្ឋាភិបាល​ចម្រុះ​ត្រីភាគី បាន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជាតិ ដែល​រៀបចំ​ឡើង​ដោយ​អាជ្ញាធរ​បណ្តោះអាសន្ន​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ហៅកាត់​ថា “អ៊ុនតាក់”។ ខ្មែរក្រហម​គឺជា​ភាគី​តែមួយគត់ ដែល​ប្រកាស​មិនចូលរួម​ក្នុង​ការបោះឆ្នោត​នេះ ដោយ​អះអាង​ថា វៀតណាម​នៅ​មិនទាន់​ដកចេញ​អស់ពី​ប្រទេស​កម្ពុជា។

ខ្មែរក្រហម​ក៏បាន​ក្លាយទៅជា​ក្រុមឧទ្ទាម​ខុស​ច្បាប់ លែងមាន​ប្រទេសណា​ជួយ​ឧបត្ថម្ភ​គាំទ្រ​តទៅទៀត។

នៅខែសីហា ឆ្នាំ១៩៩៦ កងទ័ព​ខ្មែរក្រហម​ប្រមាណ​៤ពាន់​នាក់ ដឹកនាំ​ដោយ អៀង សារី បាន​ចុះចូល​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា។ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ​១៩៩៧ សុន សេន ព្រមទាំង​ក្រុមគ្រួសារ ត្រូវបាន ប៉ុល ពត បញ្ជា​ឲ្យគេ​សម្លាប់ ដោយ​ចោទ​ថា មាន​គម្រោង​ក្បត់ ទៅចុះចូល​ជាមួយ​រដ្ឋាភិបាល។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​លោក Nate Thayerប៉ុល ពត បាន​អះអាង​ថា គាត់​បា​ន​បញ្ជា​ឲ្យ​គេ​សម្លាប់​តែ​សុន សេន និង​ប្រពន្ធ​តែ​ប៉ុណ្ណោះ មិនបាន​ឲ្យ​សម្លាប់​ទាំង​គ្រួសារ​នោះទេ។

ក្រោយពី​សម្លាប់ សុន សេន ហើយ ប៉ុល ពត បាន​ព្យាយាម​រត់គេច​ចេញពី​ជំរំ​របស់​គាត់ ក៏ប៉ុន្តែ ត្រូវបាន​ទាហាន​ខ្មែរក្រហម​ ដែល​ស្ថិតក្រោម​បញ្ជា​របស់ តាម៉ុក ចាប់ខ្លួន​បាន។
 
នៅខែវិច្ឆិកា ឆ្នាំ១៩៩៧ ប៉ុល ពត ត្រូវបាន​តុលាការ​របស់​ពួក​ខ្មែរក្រហម​ខ្លួនឯង​​កាត់ទោស​ឲ្យ​ជាប់ឃុំ​ក្នុងផ្ទះ​អស់មួយ​ជីវិត ពីបទ​ថាបាន​បញ្ជាឲ្យ​គេ​សម្លាប់ សុន សេន និង​ក្រុមគ្រួសារ។

ជីវិតនយោបាយ​របស់ ប៉ុល ពត ក៏បាន​ឈាន​មកដល់​ទីបញ្ចប់។ ក៏ប៉ុន្តែ ទោះជា​មកដល់​ដំណាក់កាល​នេះ​ហើយ​ក៏ដោយ ក៏ ប៉ុល ពត នៅតែ​ជឿថា​ខ្លួន​គឺ​ជា​មេដឹកនាំ​ស្នេហាជាតិ​មួយរូប ដែល​លះបង់​អ្វីៗ​ទាំងអស់ ដើម្បី​ការពារ​ប្រទេស​ជាតិ ប្រយុទ្ធ​ប្រឆាំង​នឹង​ចក្រពត្តិ​អាមេរិក និង​ ជាពិសេស​ ប្រឆាំងនឹង​វៀតណាម។ បើទោះជា​ការ​តស៊ូនេះ​បាន​បណ្តាល​ឲ្យ​ជន​ស្លូតត្រង់​កម្ពុជា​រាប់លាននាក់​បាត់បង់​ជីវិត ហើយ​ប្រទេសជាតិ​ត្រូវ​ខ្ទេចខ្ទាំ​ដោយសារ​សង្រ្គាម​រ៉ាំរ៉ៃ​ក៏ដោយ ក៏ ប៉ុល ពត មិនមាន​វិប្បដិសារី​ដែរ។ ប៉ុល ពត ទម្លាក់​កំហុស​អស់ទាំងនេះ​ទៅលើ​មន្រ្តី​ខ្មែរក្រហម ដែល​គាត់​ចោទថា​ជា​ភ្នាក់ងារ​របស់​វៀតណាម។ ប៉ុល ពត ទទួលស្គាល់​ថា​ គាត់​ខុស​តែមួយ​ចំណុចគត់ គឺ​គាត់​មិនមាន​បទពិសោធន៍​គ្រប់គ្រាន់​ក្នុងការ​គ្រប់គ្រង​ចលនា​បដិវត្តន៍​របស់​គាត់។

គេ​សង្កេតឃើញ​ថា ការ​ទម្លាក់​កំហុស​ដាក់គ្នា​ពីមួយ​ទៅមួយ គឺជា​វប្បធម៌​របស់​មេដឹកនាំ​ខ្មែរក្រហម ទាំង ប៉ុល ពត ដែល​បាន​ស្លាប់ទៅ និង​ទាំង​មេដឹកនាំ​ខ្មែរក្រហម​ ដែល​កំពុង​នៅ​រស់រាន​មានជីវិត​ ហើយ​ដែល​កំពុងតែ​ប្រឈមមុខ​នឹង​ការ​កាត់ទោស​ពី​តុលាការ​ខ្មែរក្រហម។

មកដល់​ដំណាក់កាល​ចុងក្រោយ​នៃ​ជីវិត​របស់​គាត់ ប៉ុល ពត បាន​បាត់បង់​អ្វីៗ​ស្ទើរតែ​ទាំងអស់ រស់នៅ​យ៉ាង​កណ្តោចកណ្តែង រង់ចាំ​តែ​ថ្ងៃ​ស្លាប់។

នៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៩៨ ប៉ុល ពត ដែល​មាន​ឈ្មោះដើម​ថា សាឡុត ស បាន​ស្លាប់​នៅក្នុង​ផ្ទះ​របស់​គាត់​ ដែល​ស្ថិតនៅក្នុង​ស្រុក​អន្លង់វែង។ តាម៉ុក បាន​អះអាង​ថា ប៉ុល ពត ស្លាប់​ដោយ​គាំង​បេះដូង ក៏ប៉ុន្តែ​បាន​បដិសេធ​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ពិនិត្យ​សាកសព​របស់​ ប៉ុល ពត​ ដែល​ជាហេតុ​នាំឲ្យ​មាន​ការ​មន្ទិលសង្ស័យ ​ចំពោះ​មូលហេតុ​ពិតប្រាកដ​នៃ​ការ​ស្លាប់នេះ។ តើ ប៉ុល ពត ពិតជា​ស្លាប់​ដោយ​គាំងបេះដូង​ពិតមែន ឬ​ក៏ត្រូវ​គេ​ដាក់ថ្នាំ​បំពុល​សម្លាប់? ឬមួយ​ក៏ ប៉ុល ពត បាន​ធ្វើ​អត្តឃាត​ខ្លួនឯង? មកទល់​ពេលនេះ មូលហេតុ​ពិតប្រាកដ​នៃ​ការ​ស្លាប់​របស់ ប៉ុល ពត នៅតែ​ស្ថិតក្នុង​ភាព​ស្រពិចស្រពិល​ដដែល។

អ្វីដែលគួរឲ្យ​សោកស្តាយ​បំផុត​នោះ គឺ ប៉ុល ពត មិនមាន​ជីវិត​រស់នៅ​ប្រឈមមុខ​នឹង​ការ​កាត់ទោស​ពី​តុលាការ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ប្រជាជន​ស្លូតត្រង់​កម្ពុជា​រាប់​លាននាក់​ ដែល​បាន​បាត់បង់​ជីវិត ដោយសារ​របប​ខ្មែរក្រហម។

ទោះជាយ៉ាងណា គេ​អាច​បាន​ត្រឹម​និយាយ​បានថា នៅ​ទីបំផុត​ទៅ ជីវិត​មេដឹកនាំ​ដ៏​មហាអស្ចារ្យ មហាលោតផ្លោះ​របស់​ខ្មែរក្រហម បាន​បញ្ចប់ទៅ​យ៉ាង​សោះកក្រោះ។ ប៉ុល ពត ស្លាប់​យ៉ាង​កណ្តោចកណ្តែង កណ្តាល​ព្រៃ។ សព​របស់ ប៉ុល ពត ត្រូវបាន​គេ​រុំ​នឹង​ក្រណាត់​កៅស៊ូ​ខ្មៅ​ ដាក់​ក្នុង​ក្តាមឈូស​ គ្របពីលើ​ដោយ​ភួយ​ដ៏កញ្ចាស់ ហើយ​យកទៅ​ដុត​នៅ​កណ្តាលវាល ដោយ​យក​សម្បក​កង់ឡាន​ចាស់ៗ​មក​គរ​ធ្វើជា​បច្ឆា។

ស្ថានភាព​នៃ​ការ​ស្លាប់​របស់ ប៉ុល ពត នេះ បាន​បង្ហាញនូវ​រូបភាព​មួយ​ថា យ៉ាងហោចណាស់ ធម្មជាតិ​បានផ្តល់​នូវ​យុត្តិធម៌​ខ្លះៗ ដល់​ជន​ស្លូតត្រង់​កម្ពុជា ដែល​បាន​រង់ចាំ​អស់រយៈពេល​រាប់​សិបឆ្នាំ ​នូវ​យុត្តិធម៌​រៀបចំ​ដោយ​មនុស្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ