អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

បារាំង​ក្រោម​ការ​ដឹកនាំ​របស់​អធិរាជ​ណាប៉ូឡេអុង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​រៀបរាប់​ អំពី​ចក្រភព​បារាំង​ក្រោម​ការដឹកនាំ​របស់​អធិរាជ​ណាប៉ូឡេអុង។

រូបគំនូរ​អំពី​ណាប៉ូឡេអុង ដែល​គេ​ដាក់តាំង​នៅ​ក្នុង​សារមន្ទីរ​មួយ ស្ថិត​នៅ​ជាយក្រុង​ប៉ារីស (Château de Malmaison)
រូបគំនូរ​អំពី​ណាប៉ូឡេអុង ដែល​គេ​ដាក់តាំង​នៅ​ក្នុង​សារមន្ទីរ​មួយ ស្ថិត​នៅ​ជាយក្រុង​ប៉ារីស (Château de Malmaison)
ផ្សាយពាណិជ្ជកម្ម

ណាប៉ូឡេអុង បូណាប៉ាត (Napoléon Bonaparte) បាន​ឡើង​កាន់អំណាច​នៅ​ប្រទេស​បារាំង តាមរយៈ​ការ​ធ្វើ​រដ្ឋប្រហារ នៅ​ឆ្នាំ​១៧៩៩ ដោយ​ពីដំបូង​​​​ណាប៉ូឡេអុង កាន់តំណែង​ជា​​​​កុងស៊ុល ដែលមាន​ឋានៈ​​ជា​ប្រមុខរដ្ឋ​​នៃ​របប​សាធារណរដ្ឋ​បារាំង។ ក៏ប៉ុន្តែ នៅ​ឆ្នាំ​១៨០៤ ពោលគឺ ១៥ឆ្នាំ ក្រោយ​ការធ្វើ​បដិវត្តន៍​ផ្តួលរំលំ​របបរាជានិយម​ផ្តាច់ការ បារាំង​ស្រាប់​តែ​បាន​បោះបង់​ចោល​របបសាធារណរដ្ឋ ហើយ​​វិលត្រឡប់​ទៅ​រក​របបដឹកនាំ​បែប​រាជានិយម​ផ្តាច់ការ​ដូច​កាល​ពី​មុនវិញ តាមរយៈ​ការបង្កើត​ចក្រភព​បារាំង ដែល​មាន​ណាប៉ូឡេអុង​ជា​អធិរាជ។

សូមអាន៖ បដិវត្តន៍​ផ្តួលរំលំ​របបរាជានិយម​នៅ​បារាំង ឆ្នាំ​១៧៨៩

ក៏ប៉ុន្តែ ថ្វីដ្បិត​តែ​បារាំង​វិលត្រឡប់​ទៅរក​របបរាជានិយម​ផ្តាច់ការវិញ ក៏ប៉ុន្តែ ​ក្រោម​ការដឹកនាំ​របស់​ណាប៉ូឡេអុង បារាំង​បាន​ស្គាល់​នូវ​ភាព​រុងរឿង ហើយ​អធិរាជ​ណាប៉ូឡេអុង​​បាន​ទទួល​នូវការ​គាំទ្រ និង​ស្រឡាញ់​ចូលចិត្ត​ពី​សំណាក់​ប្រជាជន​បារាំង​ជា​ទូទៅ។ តាមការពិត ការ​បង្កើត​ចក្រភព​បារាំង និង​ការ​តែងតាំង​ណាប៉ូឡេអុង​ជា​អធិរាជ ត្រូវបាន​ធ្វើឡើង ដោយ​មាន​ការ​បោះឆ្នោត​គាំទ្រ​យ៉ាងច្រើន​លើសលុប ពី​សំណាក់​សភាបារាំង។

នៅ​ខែ​ធ្នូ ឆ្នាំ​១៨០៤ ណាប៉ូឡេអុង​​បាន​ទទួល​ការ​ចាក់ប្រេងតាំង​ជា​អធិរាជ ពី​សំណាក់​សម្តេច​ប៉ាប ទៅតាម​ទំនៀមទម្លាប់​របស់​មហាក្សត្រ​នៅ​អឺរ៉ុប។ នៅ​ក្នុង​ប្រទេស​បារាំង ណាប៉ូឡេអុង ត្រូវ​បាន​ប្រជាជន​ចាត់ទុក​​ជា​ស្តេច​ ក៏ប៉ុន្តែ នៅ​ក្រៅ​ប្រទេស​វិញ ស្តេច​នៅ​តាម​បណ្តា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប នៅតែ​ចាត់ទុក​ណាប៉ូឡេអុង​ជា​​និមិត្តរូប​នៃ​បដិវត្តន៍​ប្រឆាំង​នឹង​របបរាជានិយម ហើយ​សង្រ្គាម ​រវាង​បារាំង និង​​បណ្តា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប ដែល​បាន​ផ្ទុះឡើង តាំងពី​ក្រោយ​បដិវត្តន៍​​ទម្លាក់​ស្តេច​ល្វីសទី១៦ នៅ​តែ​បន្ត​កើតមាន។

ក៏ប៉ុន្តែ តាមរយៈ​យុទ្ធសាស្រ្ត​ទ័ព និង​​នយោបាយ​ការទូត​ដ៏ឆ្លាតវៃ ណាប៉ូឡេអុងបាន​ដឹកនាំប្រទេស​បារាំង​​ឲ្យ​ក្លាយ​ទៅជា​មហាអំណាច ដែល​កាន់កាប់​តំបន់​អឺរ៉ុប​ស្ទើរតែ​ទាំងអស់។

នៅ​ឆ្នាំ​១៨០៥ ចក្រភព​រុស្ស៊ី និង​ចក្រភព​អូទ្រីស ដែល​មាន​ការ​ជួយ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​សំណាក់​អង់គ្លេស បាន​រួមគ្នា​បង្កើត​​សម្ព័ន្ធភាព​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ណាប៉ូឡេអុង។ ណាប៉ូឡេអុង​ក៏​បាន​នាំទ័ព ឆ្លងកាត់​តាម​អាល្លឺម៉ង់ សំដៅ​​វាយលុក​ទៅលើ​ចក្រភព​អូទ្រីស។

នៅថ្ងៃ​ទី២ ខែធ្នូ ឆ្នាំ​១៨០៥ នៅ​ក្នុង​សមរភូមិ Austerlitz កងទ័ព​របស់​ណាប៉ូឡេអុង ដែល​មាន​ចំនួន​តិច​ជាង បាន​វាយបំបាក់​កងទ័ព​របស់​អូទ្រីស និង​រុស្ស៊ី។

នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​តមក​ទៀត ណាប៉ូឡេអុង​​បាន​បន្ត​ប្រតិបត្តិការ​យោធា​វាយ​កាន់កាប់​ប្រទេស​​​ម្តងមួយៗ​នៅ​អឺរ៉ុប ហើយ​គិត​ត្រឹម​ឆ្នាំ​១៨១២ អេស្ប៉ាញ អ៊ីតាលី អាល្លឺម៉ង់ ប៊ែលហ្ស៊ិក ហូឡង់ និង​មួយផ្នែក​របស់​ប៉ូឡូញ ពោលគឺ ​តំបន់​អឺរ៉ុប​ស្ទើរតែ​ទាំងមូល​ ត្រូវ​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​បារាំង។ ចំណែក​ឯ​ចក្រភព​អូទ្រីស និង​ចក្រភព​រុស្ស៊ី​វិញ ដែល​ត្រូវ​បាន​កងទ័ព​ណាប៉ូឡេអុង​វាយបំបាក់​ជាច្រើន​លើក​ បាន​ចុះ​សន្ធិសញ្ញា​សន្ធិភាព​ជាមួយ​បារាំង។ ណាប៉ូឡេអុង​បាន​នាំចក្រភព​​បារាំង​ទៅ​ក្នុង​សម័យកាល​​ដ៏រុងរឿងមួយ ក្នុង​ប្រវត្តិសាស្រ្ត​បារាំង។ ចក្រភព​បារាំង គឺ​ជា​មហាអំណាច​ដែល​ត្រួតត្រា​អឺរ៉ុប​ស្ទើរតែ​ទាំងមូល! ក៏ប៉ុន្តែ ណាប៉ូឡេអុង​មិន​បាន​ស្កប់ចិត្ត​តែ​ត្រឹមនោះទេ។​ ណាប៉ូឡេអុង​មាន​មហិច្ឆតា​ចង់​វាតទី​​ពង្រីក​អំណាច​របស់​បារាំង​ឲ្យ​បាន​កាន់តែ​ធំជាង​នេះ​ថែមទៀត។ មហិច្ឆតា​ដែល​នឹង​នាំ​ទៅដល់​ការ​ធ្លាក់ដុនដាប​នៃ​ចក្រភព​បារាំង។

សូមអាន៖ សករាជ​ខ្មៅងងឹត​នៅ​បារាំង​ក្រោយ​បដិវត្តន៍​ឆ្នាំ​១៧៨៩

នៅខែមិថុនា​ ឆ្នាំ​១៨១២ នៅ​ក្នុង​ពេល​ដែល​ចក្រភព​បារាំង​​ត្រួតត្រា​តំបន់​អឺរ៉ុប​បាន​ស្ទើរតែ​ទាំងមូល​ហើយ​នោះ ណាប៉ូឡេអុង​​​នៅតែ​មាន​មហិច្ឆតា​ចង់​ពង្រីក​អំណាច​របស់​បារាំង​បន្ថែម​ទៀត ហើយ​បាន​លើកទ័ព​ចូល​ឈ្លានពាន​រុស្ស៊ី ដែល​បាន​ចុះ​សន្ធិសញ្ញា​សន្តិភាព​ជាមួយបារាំង​រួចហើយ។ នៅ​ខែ​កញ្ញា ឆ្នាំ​១៨១២ បីខែ​ក្រោយ​ពីណាប៉ូឡេអុង​ប្រកាស​សង្រ្គាម​ជាមួយ​រុស្ស៊ី កងទ័ព​បារាំង​បាន​វាយ​យក​បាន​ក្រុង​ម៉ូស្គូ ក៏ប៉ុន្តែ ខុសពី​ទម្លាប់​ដែល​គេ​ធ្លាប់​អនុវត្ត​​​ជាទូទៅ ស្តេច​ត្សារ៍​របស់​រុស្ស៊ី​បាន​បដិសេធ​មិនព្រម​ចុះចាញ់។ ផ្ទុយទៅវិញ កងទ័ព​រុស្ស៊ី​​​បាន​ប្រើ​យុទ្ធសាស្រ្ត​វាយដកថយ ដោយ​ដុតបំផ្លាញ​ស្បៀង និង​​ផ្ទះសម្បែង ទុក​ឲ្យ​ទាហាន​របស់​ណាប៉ូឡេអុង​​​ប្រឈមមុខ​នឹង​អាកាសធាតុ​ត្រជាក់​​នៃ​រដូវ​រងារ​រុស្ស៊ី ដោយ​គ្មាន​ទីជម្រក។

ប្រឈមមុខ​នឹង​អាកាសធាតុ​ត្រជាក់ ការខ្វះស្បៀង និង​ជំងឺ ទាហាន​របស់​ណាប៉ូឡេអុង​ត្រូវ​បាក់កម្លាំង ហើយ​ការរត់ចោលជួរ​ក៏​កើតមាន​កាន់តែ​ច្រើន។ ទីបំផុត ណាប៉ូឡេអុង​ក៏​​​ត្រូវ​បង្ខំចិត្ត​ដក​ទ័ព​ចេញ​ពី​រុស្ស៊ី។ ក៏ប៉ុន្តែ នៅ​ក្នុង​ពេល​ដកថយ ទាហាន​​របស់​ណាប៉ូឡេអុង ដែល​កំពុង​តែ​ចុះខ្សោយ​ស្រាប់ ត្រូវ​ប្រឈមមុខ​នឹង​ការ​វាយឆ្មក់​ពី​សំណាក់​ទាហាន​រុស្ស៊ី នៅ​ស្ទើរតែ​ជាប់តាម​ផ្លូវ​​ចេញ​ពី​​រុស្ស៊ី។

ការឈ្លានពាន​ទៅលើ​រុស្ស៊ី គឺ​ជា​បរាជ័យ​ដ៏​ធំមួយ សម្រាប់​ណាប៉ូឡេអុង។ កងទ័ព​បារាំង ដែល​ធ្លាប់តែ​ជា​ទ័ព​ដ៏ខ្លាំង ធ្វើ​ឲ្យ​គេ​ខ្លាច​រអា​ពេញ​អឺរ៉ុប ​ត្រូវ​ទទួលរង​នូវ​ការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​បំផុត។ ក្នុង​ចំណោម​ទាហាន​ប្រមាណ​ជា ៦០ម៉ឺន​នាក់ ដែល​ណាប៉ូឡេអុង​បញ្ជូន​ទៅ​ឈ្លានពាន​រុស្ស៊ី នៅសល់តែ​ប្រមាណ​ជា ៣ម៉ឺននាក់​ប៉ុណ្ណោះ ដែល​វិលត្រឡប់​មកវិញ។ ក្រៅពីនោះ ខ្លះ​ត្រូវ​ស្លាប់ ខ្លះទៀត​ត្រូវ​ចាប់ជា​ឈ្លើយសឹក​នៅ​រុស្ស៊ី ហើយ​ខ្លះ​ទៀត​បាន​រត់ចោលជួរ។

នៅ​ក្នុងពេល​ដែល​ទាហានបារាំង​កំពុង​ធ្លាក់ចុះខ្សោយ ប្រទេស​ដែល​ធ្លាប់តែ​​ជា​ប្រទេស​រណប ឬ​ជា​​សម្ព័ន្ធមិត្តរបស់​បារាំង​ក៏បាន​នាំគ្នា​ងើបឡើង​ប្រឆាំង​នឹង​ណាប៉ូឡេអុង ហើយ​នៅ​ឆ្នាំ​១៨១៤ អង់គ្លេស រុស្ស៊ី អូទ្រីស ស៊ុយអែដ និង​អាល្លឺម៉ង់ ក៏បាន​រួមដៃគ្នា​ជា​សម្ព័ន្ធមិត្ត ហើយ​​​​លើកទ័ព​ចូល​មក​ឈ្លានពាន​បារាំង​សាជាថ្មី​ម្តងទៀត ដោយ​លើកនេះ ពួកគេ​បាន​វាយបំបាក់​ទាហានរបស់​ណាប៉ូឡេអុង ហើយ​បាន​វាយលុក​ចូលដល់​ក្រុង​ប៉ារីស នៅខែ​មេសា ឆ្នាំ​១៨១៤។ បារាំង​សុំចុះចាញ់ ហើយ​ណាប៉ូឡេអុង​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ដាក់រាជ្យ និង​និរទេស​ខ្លួន​ទៅ​រស់នៅលើ​កោះ​មួយ​នៅ​ក្បែរ​អ៊ីតាលី (កោះ Elbe)។

ក៏ប៉ុន្តែ រស់នៅ​និរទេស​បាន​ប្រហែល​ជិត​មួយឆ្នាំ ណាប៉ូឡេអុង​នៅ​មិនសុខ​ក៏​​​វិលត្រឡប់​មក​​ប្រទេស​បារាំង ហើយ​​ឡើងគ្រងរាជ្យ​​ជាលើកទីពីរ នៅ​ខែ​មីនា​ ឆ្នាំ​១៨១៥។

ភ្លាមៗ​ក្រោយ​ការវិលត្រឡប់​មក​គ្រងរាជ្យ​របស់​ណាប៉ូឡេអុង​ ប្រទេស​ដែល​ជា​សត្រូវ​របស់​ណាប៉ូឡេអុង​ក៏​បាន​រួមគ្នា​​បង្កើត​សម្ព័ន្ធភាព​យោធា​សាជាថ្មី ហើយ​សង្រ្គាម​រវាង​កងទ័ព​សម្ព័ន្ធមិត្ត និង​កងទ័ព​ណាប៉ូឡេអុង​ក៏​បាន​ផ្ទុះឡើង​ម្តងទៀត។
 

សាកសព​របស់​ណាប៉ូឡេអុង ដែល​គេ​តម្កល់​ទុក​នៅ​ក្នុង​សារមន្ទីរ ឈ្មោះ Les Invalides ក្នុង​ក្រុង​ប៉ារីស
សាកសព​របស់​ណាប៉ូឡេអុង ដែល​គេ​តម្កល់​ទុក​នៅ​ក្នុង​សារមន្ទីរ ឈ្មោះ Les Invalides ក្នុង​ក្រុង​ប៉ារីស

នៅថ្ងៃ​ទី១៨ ខែ​មិថុនា ឆ្នាំ​១៨១៥ ​ នៅ​ Waterloo (ប្រទេស​ប៊ែលហ្ស៊ិក) កងទ័ព​ណាប៉ូឡេអុង​ត្រូវ​ទទួល​​បរាជ័យ ហើយ​​ណាប៉ូឡេអុង​ក៏​ត្រូវ​បង្ខំ​ចិត្ត​ដាក់រាជ្យ​ជាលើក​ទីពីរ និង​ជា​លើក​ចុងក្រោយ។ ណាប៉ូឡេអុង​ត្រូវ​បាន​អង់គ្លេស​ចាប់​និរទេស​ខ្លួន​ឲ្យ​ទៅរស់នៅលើ​កោះ Saint Hélène ដែល​ជា​កូនកោះ​តូចមួយ ស្ថិតនៅ​ដាច់ស្រយាល​ កណ្តាល​មហាសមុទ្រ​អាត្លង់ទិក។

ណាប៉ូឡេអុង​ទទួល​មរណភាព នៅថ្ងៃ​ទី៥ ខែ​ឧសភា ឆ្នាំ​១៨២១ ក្នុងវ័យ ៥២ឆ្នាំ។ បច្ចុប្បន្ន សាកសព​របស់​ណាប៉ូឡេអុង​ត្រូវ​បាន​គេ​តម្កល់​ទុក​នៅ​ក្នុង​សារមន្ទីរ​មួយ​ក្នុង​ក្រុងប៉ារីស ឈ្មោះ​ថា “Les Invalides”។

ណាប៉ូឡេអុង​ត្រូវ​បាន​គេ​ចារឈ្មោះ​ទុក​ថា​ជា​មេដឹកនាំ​មួយរូប ប្រកប​ដោយ​ភាព​វាងវៃ​ខាង​ផ្នែក​យុទ្ធសាស្រ្ត​សង្រ្គាម។ ជា​មេដឹកនាំ​ដែល​បាន​នាំ​ប្រទេស​បារាំង​ទៅរក​ភាព​រុងរឿង និង​មាន​ទឹកដី​ធំធេង​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្រ្ត​បារាំង។ ក៏ប៉ុន្តែ ណាប៉ូឡេអុង​ក៏​ជាប់ឈ្មោះ​ផងដែរ​ថា​ជា​មេដឹកនាំ​ដែល​​ប្រកប​ដោយ​មហិច្ឆតា​ខ្ពស់​ហួសហេតុ ដែល​បង្ក​​ជា​សង្រ្គាម​ឈ្លានពាន​វាតទី​ពាសពេញ​តំបន់​អឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ