Fidel Castro៖ « គំរូសេដ្ឋកិច្ចគុយបាបច្ចុប្បន្ន ឈប់ដំណើរការទៀតហើយ »
អស់រយៈពេល ៤ឆ្នំាកន្លងមកហើយ ដែលលោក Fidel Castro បានលាឈប់ពីតំណែងប្រធានាធិបតីនៃប្រទេសគុយបា។ ក៏ប៉ុន្តែនាពេលថ្មីៗកន្លងទៅនេះ លោកអតីតប្រធានាធិបតី Fidel Castro បានផ្តើមលេចមុខជាច្រើនដង និងថែមបញ្ចេញមតិធ្វើឲ្យគេ ឯងភ្ញាក់ផ្អើលទៀតផង។ លោក Fidel Castro បានប្រកាសទទួលស្គាល់ពេញមាត់ អំពីកំហុសឆ្គងមួយចំនួននៃបដិវត្តន៍គុយបា ដែលមានអាយុកាលជាង ៥០ឆ្នំាកន្លងទៅនេះ។
ចុះផ្សាយនៅថ្ងៃ៖
បទអន្តរាគមន៍របស់ គួច គន្ធារ៉ា
បច្ចុប្បន្នមានអាយុ ៨៤ឆ្នំា លោក Fidel Castro ត្រូវបានគេស្គាល់ថា ជាបិតាបដិវត្តន៍គុយបាក្នុងឆ្នំា ១៩៥៩។ លោក Fidel Castro ជាអ្នកកាច់ចង្កូតប្រទេសគុយបាតំាងពីឆ្នំា ១៩៥៩។ គឺទើបតែនៅឆ្នំា ២០០៦ ពោលគឺនៅពេលដែលធ្លាក់ខ្លួនឈឺ ធ្វើអ្វីលែងកើតទេ ទើប Fidel Castro បានសម្រេចផ្ទេរតំណែងប្រធានាធិបតី ទៅឲ្យប្អូនប្រុសរបស់គាត់ គឺលោក Raul Castro ដែលបច្ចុប្បន្នមានអាយុ ៧៩ឆ្នំា។ គេមិនត្រូវភ្លេចទេថា ទោះបីជាលោក Fidel Castro មិនកាន់អំណាចដោយផ្ទាល់ក៏ដោយ សូម្បីតែពេលគាត់ឈឺដេកនឹងកន្ទេលរាល់ថ្ងៃហើយក៏ដោយ ក៏ Fidel Castro នៅតែជាអគ្គមគ្គុទេសក៍របស់គុយបា Fidel Castro នៅតែជាអគ្គលេខាធិការបក្សកុម្មុយនិស្ត និយាយបែបម្យ៉ាងទៀត ស្រមោល Fidel Castro នៅតែបន្តគ្របដណ្តប់លើឆាកនយោបាយគុយបាបច្ចុប្បន្ន។
Fidel Castro មានមោទនភាពខ្លំាងណាស់ ចំពោះនយោបាយរបស់ខ្លួន ជាង ៥០ឆ្នំាកន្លងទៅនេះ។ តែបើយើងនិយាយអំពីស្ថានភាពសេដ្ឋកិច្ចជាតិ និងពីជីវភាពប្រជាជនគុយបាទូទៅវិញ បដិវត្តន៍របស់ Fidel Castro ហាក់ដូចជាមិនបាននាំការជឿនលឿនអ្វីឲ្យគុយបាទេ។ ក្នុងករណីនេះ អាចថាជារឿងមួយធម្មតាទេ ព្រោះថា ក្នុងរយៈពេលជាង៥០ឆ្នាំកន្លងទៅនេះ សេដ្ឋកិច្ចគុយបាស្ថិតក្រោមទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ កន្លងមក សេដ្ឋកិច្ចគុយបាពឹងផ្អែកសឹងតែស្រុងលើអតីតសហភាពសូវៀត។ ឥឡូវនេះ គ្មានទៀតទេ សហភាពសូវៀត តែគុយបាបានងាកទៅរកប្រទេសចិន និងប្រទេសវ៉េណេហ្សុយអេឡា (Venezuela) ឲ្យជួយវិញម្តង។ ក៏ប៉ុន្តែ សេដ្ឋកិច្ចគុយបានៅតែស្ថិតក្នុងសភាពដុនដាបដដែល។ បើនិយាយពីជីវភាពប្រជាជនគុយបាវិញ អ្នកធ្វើការបានប្រាក់ខែគិតជាមធ្យមតែ១៨ដុល្លារប៉ុណ្ណោះ ក្នុងមួយខែ។
Fidel Castro៖ « គំរូសេដ្ឋកិច្ចគុយបាបច្ចុប្បន្ន ឈប់ដំណើរការទៀតហើយ »
ឆ្លើយនឹងសំណួររបស់អ្នកកាសែតអាមេរិកំាងម្នាក់ លោក Fidel Castro បែរជាធ្វើការទិតៀនរបបដឹកនំានយោបាយរបស់ខ្លួនឯងទៅវិញ។ គឺចម្លើយមួយ ដែលបានធ្វើឲ្យគេឯង ភ្ញាក់ផ្អើលគ្រប់គ្នា។ សំណួររបស់អ្នកកាសែតនោះ សួរថា តើនយោបាយសេដ្ឋកិច្ចគុយបាបច្ចុប្បន្ន អាចនឹងយកទៅអនុវត្តន៍នៅក្នុងបណ្តាប្រទេសផ្សេងទៀត ក្នុងលោកដែរ ឬទេ ?
ឆ្លើយដោយមិនបាច់គិតយូរ Fidel Castro បានប្រកាសជាសាធារណៈ ដោយទទួលស្គាល់ពេញមាត់ ថា កុំថាឡើយ យកទៅអនុវត្តន៍នៅក្នុងប្រទេសផ្សេងទៀត សូម្បីតែសម្រាប់ប្រទេសគុយបាខ្លួនឯង ក៏លែងមានដំណើរការទៀតឡើយ។ មួយវិញទៀត Fidel Castro ក៏បានលើកមកនិយាយដែរ អំពីវិបត្តិគ្រាប់មីស៊ីលកាលពីឆ្នំា ១៩៦២។ វិបត្តិ ដែលកាលណោះ Fidel Castro បានជំរុញសហភាពសូវៀត ឲ្យប្រើអាវុធនុយក្លេអ៊ែរ វាយប្រហារសហរដ្ឋអាមេរិក នៅក្នុងករណីណា ដែលអាមេរិកវាយប្រហារគុយបានោះ។ នេះជាទង្វើមួយ ដែល Fidel Castro បានសម្តែងការសោកស្តាយយ៉ាងខ្លំាង។ និយាយជារួមទៅ Fidel Castro ហាក់ដូចជាបានទទួលស្គាល់របបមូលធននិយម តាមបែបអាមេរិកំាង និងមានការខកចិត្តជាខ្លំាង ដែលបាននំាគុយបាឲ្យធ្លាក់ក្នុងរបបកុម្មុយនិស្តជាង ៥០ឆ្នំាកន្លងទៅនេះ។
Fidel Castro ជួយគំាទ្រកំណែទម្រង់នយោបាយសេដ្ឋកិច្ចរបស់ប្អូនប្រុស
តំាងពី Fidel Castro បានប្រគល់តំណែងប្រធានាធិបតី ទៅឲ្យប្អូនប្រុស គឺ Raul Castro ក្នុងឆ្នំា ២០០៦មក Fidel Castro មិនដែរនិយាយពីការដឹកនំារបស់ប្អូនខ្លួនទេ។ ក៏ប៉ុន្តែ ពាក្យពេចន៍ដែលលោក Fidel Castro បាននិយាយពេលនេះ ក៏មិនមានជារឿងមួយចៃដន្យដែរ ព្រោះថា ទីមួយ៖ មានអាយុ ៨៤ឆ្នំា និងកំពុងមានជំងឺផងនោះ Fidel Castro បានដឹងខ្លួនឯងរួចជាស្រេចថា ប្រហែលជាគ្មានថ្ងៃណាមួយ ដែលលោកអាចវិលត្រឡប់ទៅកាន់ឆាកនយោបាយ ជាថ្មីបានទេ។ ទីពីរ៖ Fidel Castro យល់យ៉ាងច្បាស់ អំពីអនាគត គ្មានកោះត្រើយរបស់ប្រទេសគុយបា និងពីជីវភាពដុនដាបរបស់ប្រជាជនគុយបា ពីមួយថ្ងៃ ទៅមួយថ្ងៃ និងទីបី៖ គឺ Fidel Castro ចង់ជួយប្អូនប្រុសខ្លួន លោក Raul Castro ដែលកំពុងកាន់តំណែងប្រធានាធិបតី និងដែលបានចាប់ផ្តើមធ្វើកំណែទម្រង់នយោបាយសេដ្ឋកិច្ចជាតិ។
សូមជម្រាបជូនថា ចាប់តាំងពី Fidel Castro ធ្លាក់ខ្លួនឈឺធ្វើការលែងកើត នៅឆ្នាំ២០០៦មក គេសង្កេតឃើញមានចរន្តពីរ ដើរបែកផ្លូវគ្នា នៅក្នុងរដ្ឋាភិបាលគុយបាបច្ចុប្បន្ន៖ នៅម្ខាង គឺអ្នកដែលចង់ឲ្យរដ្ឋាភិបាលប្រកាន់យកនយោបាយដដែល ដោយមិនមានផ្លាស់ប្តូរអ្វីទាំងអស់។ នៅម្ខាងទៀត ពិសេសគឺលោក Raul Castro ដែលជាប្អូនប្រុសលោក Fidel Castro តែម្តង ចង់ធ្វើការកែប្រែនយោបាយសេដ្ឋកិច្ចគុយបាខ្លះៗ តាមរយៈការបើកចំហទីផ្សារ ដោយប្តូរពីសេដ្ឋកិច្ចផែនការ ទៅជាសេដ្ឋកិច្ចទីផ្សារវិញម្តង ពោលគឺយកគំរូតាមចិន ព្រោះនៅគុយបាសព្វថ្ងៃនេះ អ្វីៗស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋទាំងអស់។
សរុបមកវិញ ក្រោយពីអវត្តមានលើឆាកនយោបាយគុយបាអស់រយៈពេល ៤ឆ្នំាមក លោក Fidel Castro មិនមែនជាអ្នកកំណត់ជោគវាសនាអនាគតប្រទេសគុយបាទេ។ តែដោយ Fidel Castro ជាអ្នកដឹកនំាដុះស្លែម្នាក់ក្នុងលោកនោះ អ្វីដែលលោកនិយាយចេញមក ក៏បានធ្វើឲ្យគេឯងចាប់អារម្មណ៍គ្រប់ៗគ្នាតែម្តង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ