អានតួអត្ថបទ
កម្ពុជា

លោក​កឹម សុខា ​និង​មន្ត្រី​បក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត​ចេញ​ទៅ​បាង​កក​ថ្ងៃ​នេះ​ដើម្បី​ដង្ហែ​​លោក​សម​ រង្ស៊ី​

លោក ​កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ថ្នាក់​ដឹក​នាំ​របស់​គណ​បក្ស​ប្រឆាំង​មួយ​នេះ​មួយ​ចំនួន​ទៀត​ នឹង​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​បាង​កក​នៅ​ថ្ងៃ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដើម្បី​អមដំណើរ​ លោក​ សម រង្ស៊ី​ប្រធាន​គណ​បក្ស មក​កាន់​ព្រលាន​យន្ត​ហោះអន្តរ​ជាតិ​ភ្នំពេញ​នៅព្រឹក​ថ្ងៃ​សុក្រ​ស្អែក។ គណ​បក្សសង្គ្រោះ​ជាតិ​បាន​រៀប​ចំការ​ទទួល​ស្វាគមន៍​ប្រធាន​គណបក្ស​យ៉ាង​ហ្មត់​ចត់​ ដោយ​គេ​រំពឹង​ថា មាន​អ្នក​គាំទ្រ​ច្រើន​ម៉ឺន​នាក់ នៅ​រង់​ចាំទ​ទួល​លោក​សម​ រង្ស៊ី​ ដែល​បាន​និរទេស​ខ្លួន​ពី​សាល​ដីកា​តុលា​ការ​កម្ពុជា​ក្នុង​សំណុំ​រឿង​ព្រំ​ដែន​ ជាងជិត៤​ឆ្នាំ​មក​ហើយ​នោះ​។

លោក​ សម​ រង្ស៊ី​ ក្នុង​ពេល​យុទ្ធ​នាការ​ឃោសនា​បោះ​ឆ្នោត​នា​ពេល​កន្លង​មក​
លោក​ សម​ រង្ស៊ី​ ក្នុង​ពេល​យុទ្ធ​នាការ​ឃោសនា​បោះ​ឆ្នោត​នា​ពេល​កន្លង​មក​
ផ្សាយពាណិជ្ជកម្ម

បើ​មិនមាន​ការប្រែប្រួល នៅ​ថ្ងៃស្អែក​នេះ ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បានឃើញ​វត្តមាន​លោក​សម រង្ស៊ី ជា​លើកដំបូង​ក្រោយ​ពេលដែល​លោក​បានរស់នៅ​និរទេស​ខ្លួន​ជាង​៤​ឆ្នាំ​​ប្រទេស​បារាំង​នោះ នឹងត្រូវ​អមដំណើរ​ដោយ​លោក កឹម សុខា និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន​តូច​ទៀត ចុះ​ពីលើ​យន្តហោះ​នៅ​ម៉ោង៩ ព្រឹក នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ។

ក្រុម​អ្នកគាំទ្រ​ក៏​អាច​នឹង​ស្រ​ម៉ៃ​មើលឃើញ​រូបភាព​លោក​ប្រធាន សម រង្ស៊ី និង​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ចុះ​ពីលើ​យន្តហោះ ដូច​រូបភាព ចាប់ដៃ​រួមគ្នា​លើក​ឡើងលើ​របស់​ថ្នាក់ដឹកនាំ​ទាំងពីរ​នៅ​ផ្លាកសញ្ញា​ឃោសនា​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ក្រោយពី​ធ្វើ​ដំណើរ​រួមគ្នា​នៅក្នុង​យន្ត​តែមួយ​ចេញពី​ទីក្រុង​បាងកក​មក​នោះ។

លោកស្រី មួរ សុខ​ហួរ ប្រធានការិយាល័យ​ទំនាក់ទំនង​កិច្ចការ​សាធារណៈ នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍​​នេះ​ថា លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​និង​ថា្នក់​ដឹកនាំ​ក្នុង​ជួរ​បក្ស​មួយចំនួនទៀត​នឹងធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​បាងកក នៅ​រសៀល​ថ្ងៃនេះ ដើម្បី​ត្រៀម​ទទួល និង​អមដំណើរ​ការវិលត្រឡប់​របស់លោក សម រង្ស៊ី​មកកាន់​ប្រទេស​កម្ពុជា​វិញ។

កម្មវិធី​ទាំងឡាយ​សម្រាប់​ការវិលត្រឡប់​របស់លោក សម រង្ស៊ី​ត្រូវបាន​ត្រៀម​រួចរាល់ ខណៈ​ដែល​​អ្នកគាំទ្រ​ដែល​ត្រៀម​ទទួល​លោក​ប្រធាន​រូបនេះ ត្រូវបាន​ជូនដំណឹង​ឲ្យ​រក្សា​សណ្តាប់​ធ្នាប់​ឲ្យ​បានល្អ ហើយ ការរក្សាសន្តិសុខ​សុវត្ថិភាព​សម្រាប់​លោក សម រង្ស៊ី ក៏​ត្រូវបាន​អាជ្ញាធរ​ប្រកាសថា បាន​ត្រៀម​រួចរាល់​ហើយ​ផងដែរ​នោះ។ នេះ​បើតាម​ការអះអាង​របស់​លោកស្រី មួរ សុខ​ហួរ។

សេចក្តីជូនដំណឹង របស់​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃទី១៦ ខែកក្កដា​នេះ​ឲ្យ​ដឹងថា ដើម្បី​សម្រួល​​កុំ​ឲ្យ​មានការ​ស្ទះចរាចរណ៍ នៅ​ថ្ងៃ​លោក សម រង្ស៊ី ធ្វើ​មាតុភូមិនិវត្តន៍ គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​អ្នកចូលរួម​ទាំងអស់ ធ្វើយ៉ាងណា​ឲ្យ​មាន​របៀបរៀបរយ និង​មាន​សណ្តាប់ធ្នាប់​នៅថ្ងៃនោះ។ ក្នុងនោះ​ស្នើ​ឲ្យ​អ្នកធ្វើដំណើរ​កង់​បី និង​រថយន្ត​សូម​រង់ចាំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ជិត​វត្តភ្នំ។

ចំណែក​អ្នក​ថ្មើរជើង ឬ​អ្នកធ្វើដំណើរ​ដោយ​ម៉ូតូ មកជួបជុំ​គ្នា​នៅ​សួនច្បារ​ស៊ិន​ជូ​រី​ផ្លា​ហ្សា និង​នៅ​សួនច្បារ មុខ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ។

លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បានឱ្យដឹងថា ក្រសួងមហាផ្ទៃ​បាន​ប្រជុំ​សម្រេច​​ដាក់ពង្រាយ​កម្លាំង​ការពារ​សុវត្ថិភាព ចំពោះ​ការវិលត្រឡប់​របស់លោក សម រង្ស៊ី រួច​រាល់​​អស់ហើយ។

តាម​គម្រោង មាន​មនុស្ស​ប្រមាណ ៤ម៉ឺន​នាក់ នឹង​ចាំ​ទទួល​ស្វាគមន៍ លោក សម រង្ស៊ី ប្រធាន​គណបក្សប្រឆាំង ដែល​ព្រះមហាក្សត្រ​ទើបនឹង​លើកលែងទោសថ្មីៗនេះ។

លោក សម រង្ស៊ី ដែល​រស់នៅ​និរទេស​ជាង៤ឆ្នាំ ដើម្បី​គេច​ពី​ការផ្តន្ទាទោស១២ឆ្នាំ ត្រូវបាន​ប្រទាន​ការលើកលែងទោស​ដោយ​ព្រះមហាក្សត្រ នរោត្តម សីហមុនី កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ដើម្បី​ត្រួស​ត្រាយផ្លូវ​អនុញ្ញាត​ឲ្យ​មេបក្ស​ប្រឆាំង​លេចធ្លោ​នៅ​កម្ពុជា​រូបនេះ អាច​ចូលរួម​ការបោះឆ្នោត​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ជា​មួ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​គ្រប់គ្រង​ប្រទេស​ជាង៣០ឆ្នាំ​មកហើយ​នោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ