អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

សង្រ្គាម​ឥណ្ឌូចិន ​ឆ្នាំ​១៩៤៦-១៩៥៤

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង អំពី​សង្រ្គាម​ ​រវាង​បារាំង និង​ចលនា​ឧទ្ទាម​កុម្មុយនិស្ត​​វៀតមិញ ដែល​គេ​ច្រើន​ហៅ​ថា ​សង្រ្គាម​​​ឥណ្ឌូចិន នៅ​ចន្លោះ​ពី​ឆ្នាំ​១៩៤៦ ដល់​ឆ្នាំ​១៩៥៤។

ទាហាន​បារាំង​សួរ​ចម្លើយ​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ក្រុម​វៀតមិញ
ទាហាន​បារាំង​សួរ​ចម្លើយ​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ក្រុម​វៀតមិញ
ផ្សាយពាណិជ្ជកម្ម

ការ​ប្រកាស​ឯករាជ្យ​របស់​ឥណ្ឌា​ពី​អាណានិគម​អង់គ្លេស នៅ​ក្រោយ​សង្រ្គាមលោក​លើកទី២ ត្រូវ​បាន​គេ​ស្គាល់​ជាទូទៅ​ថា​ជា​គំរូ​នៃ​ការ​រំសាយ​អាណានិគម​ដោយ​សន្តិវិធី តាមរយៈ​ការចរចា។ ក៏ប៉ុន្តែ ការរំសាយ​អាណានិគម​នេះ​មិនមែន​សុទ្ធតែ​ធ្វើឡើង​​ដោយ​សន្តិវិធី​ នៅ​គ្រប់កន្លែង​ទាំងអស់ ដូចជា​ករណី​ឥណ្ឌា​នោះទេ ហើយ​សង្រ្គាម​ដំបូង​បំផុត​​នៅ​ក្នុង​ចលនា​រំសាយ​អាណានិគម​ ក្រោយ​សង្រ្គាម​លោកលើកទី២ គឺ​សង្រ្គាម​​នៅ​ឥណ្ឌូចិន រវាង​កងទ័ព​បារាំង និង​​ក្រុម​ឧទ្ទាម​វៀតមិញ ដឹកនាំ​ដោយ​ហូ ជីមិញ។

តំបន់​ឥណ្ឌូចិន ដែល​រួមមាន​ កម្ពុជា វៀតណាម ឡាវ និង​ដែនដី​កូសាំងស៊ីន (កម្ពុជាក្រោម) ត្រូវ​ស្ថិត​ក្រោម​អាណានិគម​បារាំង តាំង​ពី​សតវត្សរ៍​ទី​១៩​។ ក៏ប៉ុន្តែ នៅ​ក្នុង​អំឡុង​សង្រ្គាម​លោកលើកទី២ (១៩៣៩-១៩៤៥) បារាំង ដែល​ចាញ់​សង្រ្គាម​ទល់​នឹង​អាល្លឺម៉ង់ ក៏​ត្រូវ​បង្ខំចិត្ត​​បើក​ឲ្យ​ជប៉ុន ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ហ៊ីត្លែរ ចូល​មក​តាំង​មូលដ្ឋាន​ទ័ព​ នៅ​ក្នុង​ដែនដី​ឥណ្ឌូចិន ជាពិសេស នៅ​វៀតណាម​ខាង​ជើង។ នៅ​ដើមឆ្នាំ​១៩៤៥ ទាហាន​ជប៉ុន​បាន​វាតទី​ពង្រីក​ទីតាំង​របស់​ខ្លួន នៅ​ស្ទើរតែ​ពាសពេញ​តំបន់​ឥណ្ឌូចិន​ទាំងមូល គឺ​ទាំង​នៅ​វៀតណាម កម្ពុជា និង​ឡាវ។ នៅ​ក្នុង​អំឡុង​ពេលនោះ ចលនា​ជាតិនិយម​​មួយ​បាន​រីកដុះដាល​ឡើង​នៅ​វៀតណាម គឺ​ “បក្ស​សម្ព័ន្ធ​ដើម្បី​ឯករាជ្យ​វៀតណាម” ដែល​គេ​ច្រើន​ហៅ​កាត់ជាទូទៅ​ថា “វៀតមិញ” ក្រោម​ការដឹកនាំ​របស់​មេចលនា​កុម្មុយនិស្ត ហូ ជីមិញ។

នៅថ្ងៃ​ទី២ ខែ​កញ្ញា ឆ្នាំ​១៩៤៥ ជប៉ុន​បាន​ប្រកាស​ចុះចាញ់​សង្រ្គាម​លោកលើកទី២។ នៅថ្ងៃ​ដដែ​លនោះ ហូ ជីមិញ ក៏បាន​ឆ្លៀត​ឱ​កាស​ប្រកាសជា​ឯកតោ​ភាគី​បង្កើត​ឡើង​នូវ​រដ្ឋ​វៀតណាម​ឯករាជ្យ ដោយ​ដាក់​ឈ្មោះ​ថា “សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម”។ ក៏ប៉ុន្តែ បារាំង ដែល​ទើប​តែ​នឹង​ទទួល​ជ័យជម្នះ​​ក្នុង​សង្រ្គាម​លោកលើកទី២ មិនសុខចិត្ត​ទុក​​បណ្តោយ​ឲ្យ​​វៀតណាម​ប្រកាស​ឯករាជ្យ​ជា​ឯកតោ​ភាគី​​ទេ។ បារាំង​ក៏​បាន​បញ្ជូន​ទាហាន​ឲ្យ​ចូល​មក​កាន់កាប់​ដែនដី​​អាណានិគម​នៅ​ឥណ្ឌូចិន​ឡើងវិញ។ ក៏ប៉ុន្តែ បារាំង​​កាន់កាប់​បាន​តែ​ប្រទេស​ឡាវ កម្ពុជា ដែនដី​កូសាំងស៊ីន និង​ប៉ែក​កណ្តាល​ប្រទេស​វៀតណាម​តែ​ប៉ុណ្ណោះ។ ចំណែក​ឯ​នៅ​តំបន់​តុងកឹង (ប៉ែក​ខាងជើង​វៀតណាម) កងទ័ព​បារាំង​ត្រូវ​ប្រឈមមុខ​នឹង​កងកម្លាំង​របស់​ពួក​វៀតមិញ។
 

ក្រោយ​ពី​ចរចា​​អស់រយៈពេល​ជាច្រើន​ខែ​តែ​មិនមាន​ដំណោះស្រាយ នៅ​ខែ​ធ្នូ ឆ្នាំ​១៩៤៦ សង្រ្គាម​រវាង​កងទ័ព​បារាំង និង​ពួក​វៀតមិញ​ក៏​បាន​ផ្ទុះឡើង។ ​សង្រ្គាម​​ដែល​នឹង​ត្រូវ​អូសបន្លាយ​ពេល​​រហូត​ដល់​ទៅ​ជិត ១០ឆ្នាំ ហើយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា "សង្រ្គាម​ឥណ្ឌូចិន"។

នៅ​ក្នុង​ដំណាក់កាល​ដំបូង កងកម្លាំង​របស់​ពួកវៀតមិញ ដែល​មាន​កម្លាំង​ខ្សោយ​ជាង មិន​បាន​ចេញមុខ​ច្បាំង​​ដោយ​ចំហ​ទល់​នឹង​​ទាហាន​បារាំង​នោះទេ ក៏ប៉ុន្តែ​ បាន​​ប្រើ​វិធី​វាយឆ្មក់​តាម​យុទ្ធសាស្រ្ត​ទ័ពព្រៃ។ ក៏ប៉ុន្តែ មិនយូរ​ប៉ុន្មាន​ពួក​ឧទ្ទាម​ទ័ពព្រៃ​នេះ​ក៏​បាន​ពង្រីក​ការ​កាន់កាប់​តំបន់មួយ​ផ្នែក​ធំ នៅ​វៀតណាម​ខាងជើង និង​តំបន់​មួយ​ចំនួន​ផ្សេងទៀត នៅ​វៀតណាម​ប៉ែក​កណ្តាល និង​កូសាំងស៊ីន។

នៅ​ឆ្នាំ​១៩៤៩​ សង្រ្គាម​ឥណ្ឌូចិន​បាន​ស្គាល់​នូវ​របត់​ដ៏​សំខាន់​មួយ។ ​បក្ស​កុម្មុយនិស្ត​ចិន​​ដឹកនាំ​ដោយ​ម៉ៅសេទុង បាន​វាយ​កាន់កាប់​ចិនដីគោក ហើយ​បណ្តេញ​រដ្ឋាភិបាល​របស់​លោក​ចាង កាយចៀក ឲ្យ​និរទេស​ទៅ​កាន់​កោះតៃវ៉ាន់។ សាធារណរដ្ឋ​ប្រជាមានិតចិន​ក៏​បាន​ក្លាយ​ទៅជា​ខ្នងបង្អែក​យ៉ាង​ធំ​មួយ ដែល​​បាន​ផ្តល់​ទាំង​លុយកាក់ និង​គ្រឿង​សព្វាវុធ​ទៅ​ឲ្យ​​​ក្រុម​ឧទ្ទាម​វៀតមិញ ដើម្បី​ច្បាំង​ទល់​នឹង​កងទ័ព​បារាំង។

សហរដ្ឋ​អាមេរិក​វិញ ដែល​តាមពិត​​ជា​ប្រទេស​មាន​គោលនយោបាយ​ប្រឆាំង​នឹង​អាណានិគម ក៏ប៉ុន្តែ បែរ​ជា​​ចូល​មក​ជួយ​បារាំង​ ដើម្បី​បង្រ្កាប​ពួក​វៀតមិញ ដែល​ជា​ចលនា​ឧទ្ទាម​ទាមទារ​ឯករាជ្យ។ នេះ​ក៏ដោយសារ​តែ​អាមេរិក​បារម្ភ​ខ្លាច​តំបន់​ឥណ្ឌូចិន​ត្រូវ​ធ្លាក់​ក្រោម​ការ​គ្រប់គ្រង​របស់​ប្លុក​កុម្មុយនិស្ត ហើយ​អាច​គំរាមកំហែង​ដល់​ប្រទេស​ផ្សេងៗ​ទៀត នៅ​អាស៊ី​អាគ្នេយ៍។ ចាប់ពីពេលនោះ​មក ​សង្រ្គាម​ឥណ្ឌូចិន ដែល​កាល​ពីដំបូង​ជា​សង្រ្គាម​ទាមទារ​ឯករាជ្យ​ពី​អាណានិគម ក៏​ត្រូវ​បាន​ប្រទេស​មហាអំណាច​ទាញ​ទម្លាក់​បន្តិចម្តងៗ​ឲ្យ​ធ្លាក់​​ចូល​ទៅ​ក្នុង​សង្រ្គាមត្រជាក់​ ហើយ​តំបន់​ឥណ្ឌូចិន​ក៏​បាន​ក្លាយ​ទៅ​ជា​ចំណុច​ក្តៅ​មួយ នៃ​ការ​ប្រជែងគ្នា រវាង​សហរដ្ឋ​អាមេរិក និង​ប្លុក​កុម្មុយនិស្ត។

ដើម្បី​ស្វែងរក​កម្លាំង​នយោបាយ​ទប់ទល់​នឹង​ពួក​វៀតមិញ បារាំង​បាន​សម្រេច​បង្កើត​រដ្ឋ​វៀតណាម​មួយ​នៅ​ប៉ែក​ខាង​ត្បូង នៅ​ឆ្នាំ​១៩៤៩ ដោយ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​អធិរាជ​បាវដាយ។ កងទ័ព​ជាតិ​​​វៀតណាម​ខាង​ត្បូង​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ផងដែរ ក្រោម​ការ​ជួយជ្រោមជ្រែង​របស់​បារាំង និង​ដោយ​មាន​ជំនួយ​យោធា​យ៉ាងច្រើន​ពី​​​សំណាក់​សហរដ្ឋ​អាមេរិក។

ក៏ប៉ុន្តែ បើទោះបី​ជា​មាន​ជំនួយ​យោធា​ពី​សហរដ្ឋ​អាមេរិកក៏ដោយ កងទ័ព​បារាំង និង​កងទ័ព​វៀតណាម​ខាង​ត្បូង នៅតែ​ពិបាក​នឹង​​យក​ជ័យជម្នះ​លើ​ពួក​វៀតមិញ​ ដោយសារ​ចលនា​ឧទ្ទាម​កុម្មុយនិស្ត​នេះ​ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​សំណាក់​ប្រជាជន​វៀតណាម​ជាទូទៅ ដែល​ទាមទារ​ចង់​បាន​ឯករាជ្យ​ពេញលេញ​ពី​នឹម​អាណានិគមបារាំង។

នៅ​ក្នុង​ប្រទេស​បារាំង​វិញ ចលនា​ប្រឆាំង​នឹង​សង្រ្គាម​នៅ​ឥណ្ឌូចិន​បាន​រីកដុះដាល​កាន់តែ​ខ្លាំងឡើងៗ ដោយ​អ្នក​នយោបាយ និង​សាធារណមតិ​បារាំង​ជាច្រើន​យល់ថា អាណានិគម​នៅ​តំបន់​ឥណ្ឌូចិន​នេះ​មិន​មាន​តម្លៃ​អ្វី​ធំដុំ ដែល​​បារាំងត្រូវ​ចំណាយ​លុយ និង​អាយុជីវិត​ទាហាន​​​យកទៅ​ធ្វើ​សង្រ្គាម​នេះ​ទេ។

រដ្ឋាភិបាល​បារាំង ដែល​មើលឃើញ​ថា តាមផ្លូវ​យោធា​ក៏​ពិបាក​នឹង​យក​ជ័យជម្នះ​លើ​ពួក​វៀតមិញ ហើយ​ចលនា​ប្រឆាំង​ក្នុងស្រុក​ក៏​មាន​កាន់តែ​ច្រើន ក៏​ចាប់ផ្តើម​សំឡឹង​មើល​ទៅ​រក​ដំណោះស្រាយ​តាម​ផ្លូវ​ចរចា។ ក៏ប៉ុន្តែ នៅ​ក្នុង​ពេល​ដែល​ការចរចា​បាន​បើក​ធ្វើ​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ការ​វាយប្រយុទ្ធគ្នា​ក៏​នៅតែ​បន្ត​ធ្វើ​ ដោយ​ភាគី​ម្ខាងៗ​ព្យាយាម​វាយ​ដណ្តើម​យក​ទីតាំង​សំខាន់ៗ ដើម្បី​យក​ប្រៀប​​លើ​តុចរចា។
 

សន្និសីទ​ក្រុង​ហ្សឺណែវ ស្តីពី​ឥណ្ឌូចិន ថ្ងៃ​ទី២១ កក្កដា ១៩៥៤
សន្និសីទ​ក្រុង​ហ្សឺណែវ ស្តីពី​ឥណ្ឌូចិន ថ្ងៃ​ទី២១ កក្កដា ១៩៥៤

នៅ​ខែមេសា​ ឆ្នាំ​១៩៥៤ ទាហាន​បារាំង​ជាង​១ម៉ឺននាក់ ត្រូវ​បាន​កងកម្លាំង​វៀតមិញ​​ប្រមាណ​ជា ៨ម៉ឺននាក់​វាយ​ឡោមព័ទ្ធ នៅ​ឌៀនបៀនភូ ដែល​ជា​ទីតាំង​យុទ្ធសាស្រ្ត​ដ៏​សំខាន់​មួយ ស្ថិត​នៅ​ក្បែរ​ព្រំដែន រវាង​វៀតណាម​ និង​ឡាវ។ ក្រោយ​ពី​បាន​វាយប្រយុទ្ធគ្នា​អស់រយៈពេល​ជិត ២ខែ កងទ័ព​បារាំង​ក៏​ត្រូវ​ទទួល​បរាជ័យ។ ដៀនបៀនភូ​ត្រូវ​ធ្លាក់​ក្នុង​ដៃ​វៀតមិញ។ ទាហាន​បារាំង​ជាង​២ពាន់​នាក់​ត្រូវ​ស្លាប់ ជាង​៥ពាន់​នាក់​ត្រូវរងរបួស ហើយ​ជាច្រើន​ពាន់​នាក់​ផ្សេងទៀត​ត្រូវ​ចាប់ជា​ឈ្លើយសឹក។

បរាជ័យ​នៅ​ឌៀនបៀន​ភូ​បាន​ធ្វើ​ឲ្យ​កក្រើក​រញ្ជួយ​​ទាំង​នៅ​ផ្ទៃក្នុង​ប្រទេស​បារាំង និង​នៅលើ​ពិភពលោក​ទាំងមូល ហើយ​រដ្ឋាភិបាល​បារាំង​​ក៏​ត្រូវ​បង្ខំ​ចិត្ត​ចុះកិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ពួកវៀតមិញ នៅ​ក្នុង​សន្និសីទ​ក្រុង​ហ្សឺណែវ នៅថ្ងៃ​ទី២១ ខែ​កក្កដា ឆ្នាំ​១៩៥៤។ តាមរយៈ​កិច្ចព្រមព្រៀង​​ហ្សឺណែវ​នេះ បារាំង​បាន​​សុខចិត្ត​​ប្រគល់​ឯករាជ្យ​ពេញលេញ​ដល់​ប្រទេស​វៀតណាម។ ​ឯករាជ្យ​របស់​​កម្ពុជា និង​ឡាវ ក៏​ត្រូវ​បាន​បារាំង​ទទួលស្គាល់​យ៉ាង​ពេញលេញ​ផងដែរ។

សង្រ្គាម​ឥណ្ឌូចិន​ត្រូវ​បញ្ចប់។ តំបន់​ឥណ្ឌូចិន​ទាំងមូល​ត្រូវ​រួចផុត​ពី​នឹម​អាណានិគម​បារាំង។ ក៏ប៉ុន្តែ សង្រ្គាម​ត្រជាក់​នៅតែ​បន្ត​ឆាបឆេះ​នៅ​ក្នុង​តំបន់​នេះ។ ​នៅ​ក្នុង​សន្និសីទ​ក្រុង​ហ្សឺណែវ ប្រទេស​វៀតណាម​​ត្រូវ​បាន​គេ​​បន្ត​ទុក​ឲ្យ​នៅ​បែក​គ្នា​​ជា​ពីរ គឺ​វៀតណាម​​ខាងជើង និង​​វៀតណាម​ខាង​ត្បូង ដោយ​កំណត់​គ្នា​ថា វៀតណាម​ទាំងពីរ​នេះ​នឹង​ត្រូវ​បង្រួបបង្រួម​គ្នា​មកវិញ នៅ​ក្រោយ​ការបោះឆ្នោត​ជាតិ ដែល​គេ​គ្រោង​ធ្វើ​ នៅ​ឆ្នាំ​១៩៥៦។ ក៏ប៉ុន្តែ រដ្ឋាភិបាល​វៀតណាម​ខាង​ត្បូង ដែល​មាន​ការ​គាំទ្រ​ពី​សំណាក់​សហរដ្ឋ​អាមេរិក បាន​បដិសេធ​មិន​ទទួល​ស្គាល់​កិច្ចព្រមព្រៀង​ក្រុង​ហ្សឺណែវ​ ដោយ​លើកហេតុផល​ថា កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ចុះ​តែ​រវាង​បារាំង និង​ពួក​វៀតមិញ​តែ​ប៉ុណ្ណោះ ដោយ​គ្មាន​ការចូលរួម​ពី​វៀតណាម​ខាង​ត្បូង​នោះទេ។

ទីបំផុត ការ​បោះឆ្នោតជាតិ​មិន​អាច​ធ្វើ​ទៅបាន​តាម​ការ​គ្រោង​ទុក ប្រទេស​វៀតណាម​ក៏​នៅ​បន្តបែក​ជា​ពីរ គឺ​វៀតណាម​ខាងជើង​​ស្និទ្ធ​នឹង​ប្លុក​កុម្មុយនិស្ត និង​វៀតណាម​ខាង​ត្បូង​ស្និទ្ធ​នឹង​សហរដ្ឋ​អាមេរិក ហើយ​មិនយូរ​ប៉ុន្មាន​ក្រោយ​មក តំបន់​ឥណ្ឌូចិន​ក៏​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ភ្នក់ភ្លើង​សង្រ្គាម​សាជាថ្មី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ