អានតួអត្ថបទ
ជនភៀសខ្លួន កូវីដ១៩

របាយការណ៍ IDMC៖ ជនភៀសខ្លួន​ក្នុងស្រុក ឡើងដល់ជាង៥០លាននាក់

ក្នុងឆ្នាំ២០១៩ ជនភៀសខ្លួននៅក្នុងស្រុក មានចំនួន​នប្រមាណ​៣៣លាន៤សែននាក់ ដែលធ្វើឲ្យចំនួន​ជនភៀសខ្លួនក្នុងស្រុក សរុបឡើងដល់ ៥០លាន៨សែននាក់ នៅទូទាំងពិភពលោក។ នេះបើយោងតាមរបាយការណ៍ របស់អង្គការឃ្លាំមើល​ស្ថានភាពជនភៀសខ្លួន​ក្នុងស្រុក ​សហការជាមួយ ក្រុមប្រឹក្សាន័រវ៉េសដើម្បីជនភៀសខ្លួន។ របាយការណ៍ បានទាញសញ្ញាអាសន្ន ស្តីពីភាព​ងាយរងគ្រោះ របស់ជនភៀសខ្លួនទាំងនោះ នៅតាមជំរំបណ្តោះអាសន្ននានា ដែលពួកគេត្រូវ​ប្រឈម​មុខ​ខ្លាំងបំផុត ជាមួយនឹងការឆ្លងរាលដាល នូវជម្ងឺកូវីដ១៩។

មន្ត្រីអង្គការមនុស្សធម៌ បង្រៀនកុមារឲ្យ​ចេះរក្សាអនាម័យ លាងសំអាតដៃ នៅជំរំខាងជើងក្រុង អ៊ីតលីប ប្រទេសស៊ីរី ថ្ងៃទី​១៤ មេសា ២០២០
មន្ត្រីអង្គការមនុស្សធម៌ បង្រៀនកុមារឲ្យ​ចេះរក្សាអនាម័យ លាងសំអាតដៃ នៅជំរំខាងជើងក្រុង អ៊ីតលីប ប្រទេសស៊ីរី ថ្ងៃទី​១៤ មេសា ២០២០ REUTERS - KHALIL ASHAWI
ផ្សាយពាណិជ្ជកម្ម

សង្រ្គាម គ្រោះធម្មជាតិ ភាពទីទ័លក្រ នឹងការរឹបអូសយកដីស្រែចំការ ទាំងអស់នេះគឺជាមូលហេតុ ដែលជំរុញឲ្យ​ប្រជាជនធ្វើចំណាកស្រុក។ ប្រជាជនខ្លះបានសម្រេចរត់ចេញពីប្រទេសរបស់ខ្លួន ក្លាយជាជនភៀសខ្លួនក្រៅស្រុក។ ពួកគេមានចំនួន​ប្រមាណ​ជា២៦លាននាក់។

ចំណែកប្រជាជនខ្លះ មិនបាន​ចាកចេញ​ពីប្រទេសទេ តែពួកគេត្រូវបង្ខំចិត្ត ចាកចោលភូមិស្រុក ទៅរស់នៅទីតាំងផ្សេងជាបណ្តោះអាសន្ន។ ជនភៀសខ្លួនក្នុងស្រុកទាំងនេះ មានចំនួន​សរុប ប្រមាណ ៥០លាន៨សែននាក់។ យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១៩ របស់អង្គការឃ្លាំមើលស្ថានភាព​ជនភៀសខ្លួនក្នុងស្រុក (IDMC) បាន​ឲ្យដឹងថា ក្នុងឆ្នាំ​២០១៩កន្លងទៅ ចំនួន​ជនភៀសខ្លួនក្នុងស្រុក បានកើនបន្ថែមចំនួន​៣៣លាន៤សែននាក់។

លោកស្រី Alexandra Bilak នាយកអង្គការ IDMC បានលើកឡើងថា ជនភៀសខ្លួនក្នុងស្រុក គឺជាប្រជាជនងាយរងគ្រោះណាស់ ដោយពួកគេរស់នៅតាមជំរំបណ្តោះអាសន្ន គ្មានអនាម័យ គ្មានទឹកស្អាតប្រើប្រាស់ និងពុំមានសេវាថែទាំសុខភាព​។ ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ នឹងកាន់តែធ្វើឲ្យពួកគេ ប្រឈមនឹងគ្រោះថ្នាក់កាន់តែខ្លាំង។

គួរបញ្ជាក់ថា ក្នុងចំណោមជនភៀសខ្លួនក្នុងស្រុក ទាំង៣៣លាន៤សែននាក់ ក្នុងឆ្នាំ២០១៩​ គឺ២៤លាន៩សែននាក់ គឺពួកគេភៀសខ្លួន ដោយសារតែកត្តាគ្រោះមហន្តរាយធម្មជាតិ។ ក្នុងនោះ ៤លាន៥សែននាក់ គឺជាប្រជាជន ដែលបានភៀសខ្លួនគេចចេញពីខ្យល់ព្យុះ ស៊ីក្លូន Fani នៅឥណ្ឌា បង់ក្លាដែស ​នឹងព្យុះស៊ីក្លូន Idai នៅប្រទេសម៉ូហ្សំបិក ជាដើម។ ភ្លៀងធ្លាក់ខ្លាំងបង្ក ទឹកជំនន់ បាក់រមៀលដី ក៏ជាមូលហេតុបង្ខំឲ្យប្រជាជនប្រមាណ​២លាននាក់ ត្រូវធ្វើបំលាស់ទី នៅអាហ្វ្រិក។

ចំណែកជនភៀសខ្លួន ប្រមាណ​៨លាន៥សែននាក់ គឺជាជនភៀសខ្លួន រត់គេចពីសង្រ្គាម ពីជម្លោះប្រដាប់អាវុធ នៅតាមប្រទេសប្រមាណ​៦១ប្រទេស ដូចជា ស៊ីរី សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ អេត្យូពី ស៊ូដង់ខាងត្បូង។ ចំនួនជនភៀសខ្លួនដោយសង្រ្គាម សរុបទាំងអស់ មានចំនួន​ប្រមាណ​៤៥លាន៧សែននាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ