អានតួអត្ថបទ
នុយក្លេអ៊ែរ

អាវុធនុយក្លេអ៊ែរ​កាន់តែ​ទំនើប ខណៈ​ការគ្រប់គ្រង ​កាន់តែ​លែង​ត្រូវ​បាន​គេ​យកចិត្ត​ទុកដាក់

ជំងឺកូវីដ១៩ បានផ្តាច់ជីវិតមនុស្ស និងបង្កឲ្យមានវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ទូទាំងពិភពលោក។ តែទន្ទឹមនឹង​នេះ សង្រ្គាម​នុយក្លេអ៊ែរ ដែលជាអាវុធប្រល័យលោកដ៏សាហាវបំផុតនោះ ក៏នៅតែគម្រាមពិភពលោកយើងដែរ។ យោងតាមរបាយការណ៍ប្រចាំ​ឆ្នាំ​២០២០​ របស់វិទ្យាស្ថានស្រាវជ្រាវអន្តជាតិដើម្បីសន្តិភាព​ នៅទីក្រុងស្តុកខូម ប្រទេសស៊ុយអ៊ែដ បានឲ្យដឹងថា អាវុធនុយក្លេអ៊ែរបច្ចុប្បន្ននេះ មានភាពកាន់តែទំនើប ហើយជាងនេះទៅទៀត យន្តការនៃការគ្រប់គ្រង ដើម្បីបញ្ចៀសនូវការប្រកួតប្រជែងគ្នានោះ ហាក់លែងសូវមានប្រទេសមហាអំណាចណា យកចិត្តទុកដាក់ឡើយ។

របាយការណ៍ប្រចាំឆ្នាំ២០២០ ស្តីពីអាវុធនុយក្លេអ៊ែរ ទូទាំងពិភពលោក។ រូបភាពស្រង់ចេញ​ពីគេហទំព័រ របស់ Sipri
របាយការណ៍ប្រចាំឆ្នាំ២០២០ ស្តីពីអាវុធនុយក្លេអ៊ែរ ទូទាំងពិភពលោក។ រូបភាពស្រង់ចេញ​ពីគេហទំព័រ របស់ Sipri © SIPRI
ផ្សាយពាណិជ្ជកម្ម

របាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវអន្តរជាតិដើម្បីសន្តិភាព ហៅកាត់ថា SIPRI ចេញផ្សាយនៅថ្ងៃទី​១៥មិថុនានេះ​បានលើកឡើងអំពីការព្រួយបារម្ភ ទាក់ទិននឹងការប្រណាំងប្រជែងគ្នា ផ្នែកអាវុធនុយក្លេអ៊ែរ របស់ប្រទេសមហាអំណាច។ លោក Shannon Kile នាយកកម្មវិធីសិក្សាស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ នៃវិទ្យាស្ថាន SIPRI បានថ្លែងថា ការដែលអាេមរិក និងរុស្ស៊ី លែងនិយាយគ្នា ស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ នាពេលបច្ចុប្បន្ននេះ គែវាជារឿងគ្រោះថ្នាក់ណាស់ ព្រោះថាវា​នឹងធ្វើឲ្យ​ប្រទេសទាំង២ ប្រឹងបង្កើនសមត្ថភាពតែរៀងៗខ្លួន។

របាយការណ៍បានលើកឡើងថា អាវុធនុយក្លេអ៊ែរសរុបទាំងអស់ គឺមាន៩០% ជារបស់រុស្ស៊ី និងអាមេរិក។ មហាអំណាចទាំង២នេះ បានធ្វើកិច្ចព្រមព្រៀងមួួយឈ្មោះថា New Start នៅឆ្នាំ២០១០ ដើម្បីគ្រប់គ្រង​កំណត់ចំនួន​អាវុធនុយក្លេអ៊ែរ មិនឲ្យ​លើសពីអ្វីដែលធ្លាប់មាន កាលពីជំនាន់សង្រ្គាមត្រជាក់។ កិច្ចព្រមព្រៀងនេះ នឹងអស់សុពលភាពនៅដើមឆ្នាំ២០២១ឆាប់ៗនេះហើយ។ ក៏ប៉ុន្តែតាំងតែពីឆ្នាំ២០១៩មក ការចរចារវាងមហាអំណាចទាំង២ ដើម្បី​ធ្វើកិច្ចព្រមព្រៀងថ្មី បានជាប់គាំងមិនទៅមុខទាល់តែសោះ។

ទន្ទឹមគ្នានេះ មហាអំណាចនុយក្លេអ៊ែរផ្សេងទៀត មានចិន ឥណ្ឌា ជាដើម កំពុងតែបង្កើនសមត្ថភាព​របស់​ខ្លួន យ៉ាងពេញទំហឹង។ របាយការណ៍បានរៀបរាប់ អំពីការពង្រឹងសមត្ថភាពរបស់កងទ័ពចិន ដែលបំពាក់ដោយ​អាវុធនុយក្លេអ៊ែរទាំង៣មុខ មានមីស៊ីល​ចេញពីដី បាញ់តាមយន្តហោះ និងមីស៊ីល​សមុទ្រ។ មិនត្រឹមតែប៉ុណ្ណោះ ចិនបានបដិសេធ មិនព្រមចូលរួមក្នុងការចរចា ដើម្បីធ្វើកិច្ចព្រមព្រៀង គ្រប់គ្រងអាវុធនុយក្លេអ៊ែរ ទៅតាមការអញ្ជើញរបស់អាមេរិកទេ។

សូមបញ្ញាក់ថា យោងតាមការប៉ាន់ស្មានរបស់​វិទ្យា​ស្ថាន​ SIPRI គិតត្រឹមដើមឆ្នាំ២០២០ អាវុធនុយក្លេអ៊ែរ ទាំងអស់មានចំនួនប្រមាណ​ ១៣៤០០គ្រឿង។ ចំនួននេះ គឺវានៅតិចខ្លាំងណាស់ បើប្រៀបធៀបទៅនឹងចំនួន​ ៧០០០០គ្រាប់ កាលពី​ទសវត្សឆ្នាំ១៩៨០។ ក៏ប៉ុន្តែអាវុធដែលផលិតថ្មី គឺមាន​ភាព​កាន់តែទំនើប។

១ឆ្នាំចុងក្រោយនេះ ចំនួនគ្រាប់នុយក្លេអ៊ែរ បានថយចុះប្រមាណ​ជា៥០០គ្រាប់ ដែលការថយចុះនេះ គឺមកពីរុស្ស៊ី និងអាមេរិក បានបន្តកាត់បន្ថយ ដោយគោរពទៅតាមកិច្ចព្រមព្រៀង។ តែទោះជាយ៉ាងនេះក្តី អ្នកជំនាញនៅតែមានការព្រួយបារម្ភ ព្រោះប្រទេសទាំង២នេះ មានសមត្ថភាព និង​ កម្មវិធីស្រាវជ្រាវផលិត ដ៏ទំនើបឈានមុខ និងរហ័សបំផុត។ ឆ្នាំ២០២០នេះ គឺជាថ្នាំគម្រប់ខួបទី៥០នៃសន្ធិសញ្ញាមិនរីកសាយភាពអាវុធនុយក្លេអ៊ែរ។ កាលពីខែមីនាកន្លងទៅ មហាអំណាចធំៗ មានអាេមរិក រុស្ស៊ី បារាំង អង់គ្លេស និងចិន បានអះអាងថាខ្លួន នៅតែបន្តគោរព ផ្តល់តម្លៃដល់សន្ធិសញ្ញានេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ