អានតួអត្ថបទ
G20-បំណុលប្រទេសក្រីក្រ

ក្រុម​ប្រទេស​G20 សម្រេច​ពន្យារ​ការសង​បំណុល​ពី​ប្រទេស​ក្រីក្រ រហូត​ដល់ពាក់​កណ្តាល​ឆ្នាំ​​២០២១

ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G20 បានសម្រេច​កាលពីថ្ងៃពុធទី​១៤តុលា ថានឹងពន្យារការយកការប្រាក់ពីប្រទេសក្រីក្រ ចំនួន​៦ខែទៀត ពោលគឺរហូតដល់ពាក់កណ្តាលឆ្នាំ​២០២១ ​ដើម្បី​ជួយ​ប្រទេសទាំងនោះ ខណៈដែលសេដ្ឋកិច្ច​ពិភព​លោក​ កំពុង​រងគ្រោះខ្លាំង ដោយ​វិបត្តិ​ជំងឺកូវីដ១៩។ តែយ៉ាងណាក៏ដោយ អ្នកជំនាញ​និងអង្គការក្រៅរដ្ឋាភិបាលខ្លះ បាន​លើកឡើងថា វិធានការ​នេះ នៅស្តួចស្តើងណាស់ មិនអាចជួយប្រទេសក្រីក្របានទេ ព្រោះដល់ពេលកំណត់ ពួកគេ នៅតែត្រូវសងការប្រាក់​សរុប ដដែលជាដដែល។

រូបភាពថត​ថ្ងៃទី​៦ កុម្ភៈ ២០២០ កុមារកំពុង​ប្រមូលរើស​គ្រាប់សណ្តែក ​ដែលបែកធ្លាយ​ចេញ​ពីបាវ ក្រោយ​ពេលអង្គការ​World Food Programme ទំលាក់​ស្បៀង​តាមយន្តហោះ នៅប្រទេសស៊ូដង់ខាងត្បូង។
រូបភាពថត​ថ្ងៃទី​៦ កុម្ភៈ ២០២០ កុមារកំពុង​ប្រមូលរើស​គ្រាប់សណ្តែក ​ដែលបែកធ្លាយ​ចេញ​ពីបាវ ក្រោយ​ពេលអង្គការ​World Food Programme ទំលាក់​ស្បៀង​តាមយន្តហោះ នៅប្រទេសស៊ូដង់ខាងត្បូង។ AFP - TONY KARUMBA
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ នៃប្រទេសសេដ្ឋកិច្ចនាំមុខG20 បានប្រជុំគ្នាពីចំងាយ កាលពីថ្ងៃទី​១៤តុលា។ ក្រោយការប្រជុំនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុអារ៉ាប៊ីសាអូឌីត ដែលជាប្រធានវិលជុំ បាន​ប្រកាសថា ក្រុមប្រទេសG20 បានយល់ស្របគ្នា ពន្យារការសងការប្រាក់ពីប្រទេសក្រីក្រ ចំនួន​៦ខែបន្ថែមទៀត។ ដែលមានន័យថា គឺរហូតទាល់តែដល់ដាច់ខែមិថុនា ឆ្នាំ២០២១។ រដ្ឋមន្ត្រីហិរញ្ញវត្ថុអារ៉ាប៊ីសាអូឌីត បន្ថែមទៀតថា ការពន្យារនេះ អាចនឹងបន្តដល់ដាច់ឆ្នាំ២០២១ បើសិនជាមានការត្រូវរ៉ូវគ្នា នៅក្នុងពេលប្រជុំលើកក្រោយ ជាមួយ​មូលនិធិហិរញ្ញវត្ថុអន្តរជាតិ និងធនាគារពិភពលោក។

ក្រៅពីនេះទៀត រដ្ឋមន្ត្រីហិរញ្ញវត្ថុអារ៉ាប៊ីសាអូឌីត បានឲ្យដឹងថា ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខទាំង២០ ក៏កំពុងតែពិចារណា​ អំពីការ​ពិនិត្យ​សើររើឡើងវិញ នូវអត្រាការប្រាក់ ព្រមទាំងបំណុល របស់ប្រទេសក្រីក្របំផុត​មួយចំនួន ដោយពិនិត្យលើករណីជាក់ស្តែងនីមួយៗ។ ក្រមខណ្ឌរួមនៃការ​ ពិនិត្យសើររើបំណុលឡើងវិញនេះ អាចនឹងត្រូវអនុម័តនៅក្នុងការប្រជុំនៅខែ​វិច្ឆិកាខាងមុខ។

សូមបញ្ជាក់ថា ​មូលនិធិហិរញ្ញវត្ថុអន្តរជាតិ និងធនាគារពិភពលោក បានអំពាវនាវឲ្យ​ប្រទេសអ្នកមាន ដែលជាម្ចាស់បំណុល ព្រមទាំងក្រុមហ៊ុនឯកជនដែលជាម្ចាស់បំណុល ត្រូវតែរួមគ្នាជួយ​ប្រទេសក្រីក្របំផុត ឲ្យ​ឆ្លងផុតវិបត្តិសេដ្ឋកិច្ច បង្កឡើងដោយកូវីដ១៩។

ទោះជាយ៉ាងនេះក្តី ការជួយ​ត្រឹមតែពន្យាការយកការប្រាក់ ពីប្រទេសក្រីក្រ គឺត្រូវបានអ្នកជំនាញខ្លះ លើកឡើងថា មិនគ្រប់គ្រាន់ទេ។ អង្គការក្រៅរដ្ឋាភិបាលមួយចំនួន បានអំពាវនាវ ថាត្រូវតែលុប​បំណុលខ្លះចោលតែម្តង សម្រាប់ប្រទេសដែលក្រីក្របំផុត។ លោក Jaime Atienza តំណាងអង្គការ Oxfam បានលើកឡើងថា ការពន្យារពេលយកការប្រាក់​ គឺមានន័យថាប្រទេសក្រីក្រនៅតែត្រូវសងការប្រាក់ដដែលទេ។ ជាងនេះទៀត​ រហូតមកទល់ពេលនេះ ក្នុងចំណោមប្រទេសក្រីក្របំផុតចំនួន​៧៣ គឺមានតែ​៤៦ទេ ដែលបានទទួលការយល់ព្រម ឲ្យ​ពន្យារពេលសងបំណុល។

យោងតាមតួលេខរបស់ បណ្តាញ​Eurodad  គិតត្រឹមពេលនេះ វិធានការពន្យារការសងបំណុលនេះ មានត្រឹមតែ​១,៦៦% នៃចំនួនបំណុលសរុប នៃប្រទេសក្រីក្រតែប៉ុណ្ណោះ ដោយសារតែវិធានការនេះ មិនត្រូវបានម្ចាស់បំណុលឯកជន ចូលរួមឡើយ។ ដោយឡែក តួលេខរបស់​ធនាគារពិភពលោកបង្ហាញថា ក្នុងឆ្នាំ​២០១៩ ប្រទេសក្រីក្របំផុតចំនួន​៧៣ ដែលភាគច្រើននៅអាហ្វ្រិក គឺបំណុល​ពួកគេ បានឡើងដល់ទៅ​៩,៥% ពោលគឺសរុបចំនួន ៧៤៤ពាន់លានដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ