អានតួអត្ថបទ
អប់រំ-កូវីដ១៩

អង្គការយូណេស្កូ អំពាវនាវ ឲ្យ​រដ្ឋាភិបាលនានា ចាប់ផ្តើមបើកសាលារៀនឡើងវិញ

អង្គការយូណេស្កូ បានបើក​វេទិកាកំពូលពិភព​លោក​នៃការអប់រំ កាលពីថ្ងៃព្រហស្បតិ៍ទី​២២តុលា។ ដោយសារ​តែបញ្ហាកូវីដ១៩ វេទិកាកំពូលប្រចាំឆ្នាំនេះ ត្រូវបានធ្វើតាមប្រព័ន្ធវីស្យូខុនហ្វឺរិនស៍ ដោយមានវត្តមាន​ តារាភាពយន្តហូលីវូដ លោកស្រី Angelina Jolie ប្រមុខរដ្ឋាភិបាល​ចំនួន​ជាង១០ប្រទេស ព្រមទាំងរដ្ឋមន្ត្រីអប់រំ​ ចំនួន​ប្រមាណ​៦០នាក់ផ្សេងទៀត។ ឆ្លៀតក្នុងឱកាសនេះ លោកស្រី អូដ្រេ អាហ៊្សូឡេ អគ្គលេខាធិការអង្គការយូណេស្កូ បានអំពាវនាវ ឲ្យ​រដ្ឋាភិបាល​ប្រទេសនានា ចាប់ផ្តើមបើកសាលារៀនឡើងវិញ ដើម្បីធានាឲ្យ​បាន​នូវ​សិទ្ធិទទួលបានការអប់រំរបស់កុមារ ព្រមទាំងទប់ស្កាត់ការ​បោះបង់ចោលការសិក្សារបស់សិស្សក្រីក្រ។

កុមារប៉ាឡេស្ទីនកំពុងដើរទៅសាលា Ras El-Teen ក្បែរក្រុងរ៉ាម៉ាឡា ថ្ងៃទី​១១ តុលា ២០២០
កុមារប៉ាឡេស្ទីនកំពុងដើរទៅសាលា Ras El-Teen ក្បែរក្រុងរ៉ាម៉ាឡា ថ្ងៃទី​១១ តុលា ២០២០ REUTERS - MOHAMAD TOROKMAN
ផ្សាយពាណិជ្ជកម្ម

វេទិកាកំពូលនៃការអប់រំ របស់អង្គការយូណេស្កូ ប្រចាំឆ្នាំ២០២០ បានផ្តើមឡើង ជាមួយ​នឹង​ការស្មឹងស្មាតមួយនាទី ដើម្បីរំលឹកវិញ្ញាណក្ខន្ធ លោក សាមុអ៊ែល ប៉ាទី គ្រូបង្រៀនអនុវិទ្យាល័យម្នាក់នៅជាយក្រុងប៉ារីស ដែលត្រូវបាន​ជនអ៊ីស្លាមជ្រុលនិយមម្នាក់ សម្លាប់កាត់ក កាលពីថ្ងៃទី​១៦តុលា។ អង្គវេទិកាកំពូល បាន​ឆ្លៀតឱកាស ថ្លែងសារ រំលឹកអំពីគុណឧបការៈរបស់​គ្រូបង្រៀន នៅទូទាំងពិភពលោក ដែលបាន​បូជាកម្លាំងកាយចិត្ត ក្នុងការបណ្តុះបណ្តាល​កុមារ សិស្សានុសិស្ស ដែលជាធនធានមនុស្ស មិនអាចខ្វះ​បានរបស់ពិភពលោក។

ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រី Audrey Azoulay អគ្គលេខាធិការអង្គការយូណេស្កូ បានអំពាវនាវ ឲ្យ​រដ្ឋាភិបាលប្រទេសទាំងអស់ ចាប់ផ្តើមបើកសាលារៀនឡើងវិញ។ លោកស្រីបានលើកឡើងថា ជាមួយនឹងវិធានការបិទខ្ទប់នានា ដោយសារ​បញ្ហាជំងឺឆ្លងកូវីដ​១៩ មានកុមារជាច្រើនដែលប្រឈមនឹងការបាក់ទឹកចិត្ត បាត់បង់ទំលាប់សិក្សា ហើយឈានទៅបោះបង់ចោលការសិក្សាជារៀងរហូត។ យោងតាមតួលេខផ្លូវការ បច្ចុប្បន្ន កុមារប្រមាណជា​៦០០លាននាក់នៅទូទៅពិភពលោក គឺសាលារៀនពួកគេនៅតែបិទទ្វារនៅឡើយ ដោយសារតែកូវីដ១៩។

អង្គការយូណេស្កូ សន្និដ្ឋានថា វិបត្តិជំងឺកូវីដ១៩ នឹងបន្ថែមឲ្យ​មាន​គម្លាតគ្នាកាន់តែខ្លាំងឡើង រវាងកម្រិត​នៃការអប់រំដែលទទួលបាន រវាង​សិស្សកូនអ្នកមាន និងសិស្សកូនអ្នកក្រីក្រ។ កុមារយ៉ាងហោច ២៤លាននាក់ អាច​នឹងត្រូវ​បង្ខំចិត្តលែងចូលរៀនជារៀងរហូត ដោយសារតែជីវភាពលំបាក។ យ៉ាងណាមិញ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកឡើងនៅក្នុង​វេទិកាកំពូលនេះថា ពិភពលោកយើងអាចនឹងជួបវិបត្តិ ដោយសារក្មេងជំនាន់​ក្រោយ​ ជាអ្នករងថ្មបាក់ ព្រោះថាការប្រឹងប្រែងកន្លងមក ក្នុងការ​អប់រំ ជាពិសេសសម្រាប់កុមារនិងសិស្សភេទ​ស្រី កំពុងតែប្រឈមនឹងការដើរថយក្រោយ។

លោកស្រីអគ្គលេខាធិការអង្គការយូណេស្កូ បាន​លើកឡើងថា រដ្ឋាភិបាលទាំងអស់ ត្រូវតែប្រឹងប្រែង ពិចារណា រិះរកវិធីថ្មីៗ បើកសាលារៀនឡើងវិញ នឹងដោយ​មិន​បោះបង់ការប្រុងប្រយ័ត្ន ក្នុងការការពារសុខភាពកុមារ។ លោកស្រីបានអំពាវនាវ ឲ្យរដ្ឋត្រូវតែចំណាយប្រាក់វិនិយោគ បន្ថែមក្នុងវិស័យអប់រំសិក្សាធិការ​។

គួរបញ្ជាក់ថា នៅក្នុងឱកាសវេទិកាកំពូលនេះដែរ ប្រទេសសមាជិក បានចុះហត្ថលេខា​ លើសេចក្តីប្រកាសរួមមួយ ដោយសន្យាផ្តល់ប្រាក់ ចន្លោះពី​៤ ទៅ ៦%នៃផលិតផលដុលក្នុងស្រុកសរុប ដើម្បីប្រមូលឲ្យ​បានគ្រប់​​២០០ពាន់លានដុល្លារ ទុកជួយ​ប្រទេសក្រីក្របំផុត។ លោកស្រី Audrey Azoulay សង្កត់ធ្ងន់ថា ការ​ចំណាយ​ប្រាក់បោះទុនក្នុងវិស័យអប់រំ គឺជាការវិនិយោគ​ កសាងអនគត់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ