អានតួអត្ថបទ
ព្រៃឈើ

របាយការណ៍៖ ទំហំ​ព្រៃធម្មជាតិ បាន​ថយចុះ​ជាង​​៤លានហិកតា​បន្ថែមទៀត ក្នុង​ឆ្នាំ​​២០២០

យោងតាមរបាយការណ៍ប្រចាំឆ្នាំ របស់អង្គការ Global Forest Watch បានឲ្យ​ដឹងថា ទំហំព្រៃធម្មជាតិ បានថយចុះបន្ថែមទៀត ចំនួន​ប្រមាណ ៤លាន២សែនហិកតា ដោយសារតែការកាប់បំផ្លាញ ដុតរានរបស់មនុស្ស ក្នុងឆ្នាំ​២០២០កន្លងទៅ។ ការហិនហោចនេះ គឺបានកើនឡើងចំនួន​១២% បើប្រៀបធៀបទៅឆ្នាំ​២០១៩។

ភ្លេងឆេះព្រៃអាម៉ាហ្សូន នៅប្រទេសប្រេស៊ីល
ភ្លេងឆេះព្រៃអាម៉ាហ្សូន នៅប្រទេសប្រេស៊ីល AP - Leo Correa
ផ្សាយពាណិជ្ជកម្ម

ក្នុងឆ្នាំ​២០២០ បើទោះបីជាពិភពលោកយើងជួប​បញ្ហាជំងឺឆ្លងកូវីដ​១៩ យ៉ាងធ្ងន់ធ្ងរក្តី តែមនុស្សយើង​មិនបាន​សម្រាកទេ គឺនៅតែ​បន្តកាប់​បំផ្លាញព្រៃធម្មជាតិ។ ទំហំព្រៃធម្មជាតិបានចុះថយចំនួន ៤លាន​២សែន​ហិកតា ពោលគឺស្មើនឹងទំហំផ្ទៃដៃប្រទេសហូឡង់។ នេះបើផ្អែកតាម​របាយការណ៍របស់អង្គការ Global Forest Watch ដែលបាន​ពិនិត្យលើទិន្នន័យ រូបភាពផ្កាយរណប។ ការ​កាប់​បំផ្លាញព្រៃធម្មជាតិ ក្នុងឆ្នាំ២០២០ មានទំហំកើនឡើង លើសឆ្នាំ​២០១៩ ចំនួន​១២%។ ជាសរុប ក្នុងឆ្នាំ​២០២០ ព្រៃ​ឈើបានបាត់បង់​ក្នុងទំហំ ១២លាន២សែនហិកតា បើរាប់បញ្ចូលទាំងព្រៃធម្មជាតិ និងព្រៃដែលគេដាំ។

មូលហេតុចំបងនៃការ​រួញខើចទំហំព្រៃ គឺបណ្តាលមក​ពី​ការកាប់រាន ដើម្បីធ្វើកសិកម្ម។ តម្រូវការកាហ្វេ និង គ្រាប់ធុញ្ញជាតិផ្សេងៗដូចជាសណ្តែកសៀង បានកើនឡើងខ្លាំងទូទាំងពិភពលោក ដែលនេះវាបានជំរុញធ្វើឲ្យ​រីកកាន់តែធំនូវផ្ទៃដីកសិកម្ម។ អ្នកជំនាញ​​បាន​លើកឡើងនូវហេតុផលមួយ​ទៀត គឺបញ្ហាភ្លើងឆេះព្រៃនៅអូស្ត្រាលី នៅតំបន់ស៊ីបេរី និង​និងនៅតំបន់ព្រៃអាម៉ាហ្សូន។ វិបត្តិសេដ្ឋកិច្ច​បង្កឡើង​កូវីដ​១៩ ក៏ជាមូលហេតុមួយផ្នែកដែរ ក្នុងការរុញច្រានមនុស្ស​ ឲ្យ​កាប់បំផ្លាញដើមឈើ នៅតាមតំបន់​អភិរក្សដែលគ្មានការការពារម៉ដ្ឋចត់។ កូវីដ​១៩ក៏បានរុញច្រាន​ឲ្យ​មនុស្សចាកចេញពីទីក្រុង ត្រលប់ទៅភូមិស្រុកវិញ ហើយ​ចាប់យករបរកសិកម្ម​។

លោក Frances Seymour អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន World Resources Institute ដែលដឹកនាំ​របាយការណ៍នេះ បាន​លើកឡើងថា ការហិនហោចព្រៃឈើ គឺជារឿង​អាសន្នធំបំផុតសម្រាប់បញ្ហាអាកាសធាតុ វិបត្តិ​ប្រព័ន្ធ​ជីវចម្រុះ គ្រោះមហន្តរាយដល់ជីវិតមនុស្ស និង​ការបាត់បង់ឱកាសរកចំណូលសេដ្ឋកិច្ច។ ព្រៃឈើគឺជាប្រៀបបីដូចជាអណ្តូង ដែលអាចស្រូបបឺតយកឧស្ម័នកាបូនិកចំនួន​១ភាគ​៣ ដែលបញ្ចេញចោលទៅក្នុងបរិយាកាស ដោយសកម្មភាពមនុស្ស។ លោក​អះអាងថា ឆ្នាំ​២០២០ព្រៃធម្មជាតិបានបាត់បង់ជាង៤លានហិកតា គឺមានន័យថាឧស្ម័នកាបូនិកប្រមាណ ២.៦២ជីហ្កាតោន ត្រូវបានព្រលែងចោលទៅក្នុងបរិយាកាស ដែលស្មើនឹងទំហំផ្សែងពុលជះចេញពីរថយន្តចំនួន​៥៧០លានគ្រឿង ក្នុងមួយឆ្នាំ។

យោងតាមរបាយការណ៍ ប្រទេសដែល​ព្រៃធម្មជាតិ បានសិករិចរិលខ្លាំងបំផុត គឺ ប្រទេសប្រេស៊ីល បន្ទាប់មកលំដាប់ទី២ គឺសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ ដោយឡែក ប្រទេសឥណ្ឌូណេស៊ី ការកាប់បំផ្លាញព្រៃធម្មជាតិ បាន​ថយចុះចំនួន​១៧% បើប្រៀបធៀបទៅឆ្នាំ​២០១៩។ អ្នកជំនាញសង្កេតឃើញថា ៤ឆ្នាំជាប់គ្នាហើយ ដែលការកាប់បំផ្លាញព្រៃធម្មជាតិនៅក្នុង​ប្រទេសនេះបានថយចុះ ដែលនេះគឺអាចមាន​មក​គោលនយោបាយរដ្ឋាភិបាល​ ដែលមានប្រសិទ្ធិភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ