អានតួអត្ថបទ
សុខភាព-វ៉ាក់សាំង

G20 សន្យា​ពន្លឿន​​នីតិវិធី​ផលិត​​វ៉ាក់សាំង ដើម្បី​​បង្ការ​ទប់ស្កាត់​​ករណី​​ជម្ងឺឆ្លង នៅថ្ងៃ​ខាងមុខ

ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G20 ដែលនឹងជួប​ប្រជុំគ្នា នៅទីក្រុងរ៉ូម​ប្រទេសអ៊ីតាលី ចាប់ពីថ្ងៃទី​៣០តុលានេះទៅ មានគម្រោង​សន្យាគ្នា ធ្វើ​យ៉ាងណា ផ្តល់​ភាព​ងាយ​ស្រួល​ ក្នុងការពន្លឿន​នីតិវិធីផលិតថ្នាំវ៉ាក់សាំង នៅក្នុងករណី​មាន​វិបត្តិជម្ងឺឆ្លងថ្មីណាមួយ ទៅថ្ងៃអនាគត។ មន្ទីពិសោធន៍ឱសថ នឹងត្រូវកាត់បន្ថយ​រយៈពេល ៣០០ថ្ងៃ មកនៅត្រឹមតែ១០០ថ្ងៃ ដើម្បី​ស្រាវជ្រាវសាកល្បង និង​ផលិតវ៉ាក់សាំង។

បុគ្គលិកសុខាភិបាល​កំពុងចាក់វ៉ាក់សាំងJohnson & Johnson នៅមន្ទីរពេទ្យ Bundung Maternal and Child Health Hospital ប្រទេសហ្កំប៊ី ថ្ងៃទី ២៤ កញ្ញា ២០២១
បុគ្គលិកសុខាភិបាល​កំពុងចាក់វ៉ាក់សាំងJohnson & Johnson នៅមន្ទីរពេទ្យ Bundung Maternal and Child Health Hospital ប្រទេសហ្កំប៊ី ថ្ងៃទី ២៤ កញ្ញា ២០២១ AP - Leo Correa
ផ្សាយពាណិជ្ជកម្ម

ដោយស្រង់ពិសោធន៍ ពីវិបត្តិកូវីដ​១៩ នាពេលកន្លងមកនេះ ប្រទេសឧស្សាហកម្មនាំមុខ G20 មានបំណងរួមគ្នា រកវិធីបង្ការ ដោះស្រាយបញ្ហាឲ្យ​ទាន់ពេលវេលា។ ​ជាទូទៅ ដើម្បី​អាចផលិត​វ៉ាក់សាំងបាន​នីមួយៗ គេត្រូវចំណាយ​ពេល ខ្លះដល់ទៅ១០ឆ្នាំក៏មាន​ ដោយសារតែត្រូវឆ្លងកាត់ ការធ្វើតេស្តសាកល្បង  ជាច្រើនដំណាក់។ ក៏ប៉ុន្តែ ជាមួយ​នឹងវិបត្តិកូវីដ១៩ ដែលបាន​បោក​បក់​ផ្ទប់​មកលើ​សកលលោកទាំងមូល នៅឆ្នាំ​២០២០ បណ្តាមន្ទីរពិសោធន៍ បាន​ប្រឹងប្រែង ស្រាវជ្រាវ​ផលិតចេញជាវ៉ាក់សាំង ក្នុងរយៈពេល​មិនដល់មួយឆ្នាំ។

យោងតាមអត្ថបទនៃគម្រោង​សេចក្តីប្រកាសរួមគ្នា ក្នុងក្របខណ្ឌកិច្ចប្រជុំG20 នៅទីក្រុងរ៉ូម គឺគេបាន​សរសេរថា “ក្នុងករណី​បន្ទាន់ ដែលមានជម្ងឺឆ្លងកាចសាហាវ យើងសូមជំរុញ លើកទឹកចិត្ត ឲ្យ​ផ្នែកវិទ្យាសាស្ត្រ ត្រូវកាត់បន្ថយ​រយៈពេល​ស្រាវជ្រាវ សាកល្បង និង​ផលិតវ៉ាក់សាំង ក៏ដូចជាថ្នាំព្យាបាល ពី​៣០០ថ្ងៃ មកនៅត្រឹម១០០ថ្ងៃ។ ប៉ុន្តែ ដោយរក្សាភាពគួរឲ្យទុកចិត្ត និង​ប្រសិទ្ធភាព​”។ ទោះយ៉ាងណាក៏ដោយ នេះគ្រាន់តែជាអត្ថបទគ្រោងប៉ុណ្ណោះ។ ប៉ុន្តែបើយោងតាម​ប្រភពស្និទ្ធនឹងកម្មវិធីប្រជុំ គឺប្រហែលជាគ្មាន​ការប្រែប្រួលណាមួយទេ។ ពោលគេក្រុមប្រទេសG20 ប្រាកដជានឹងអនុម័ត។

គួរបញ្ជាក់ថា ដើម្បី​កាត់បំព្រួញ​រយៈពេល​នៃនីតិវិធីផលិត វ៉ាក់សាំង ក៏ដូចជាថ្នាំព្យាបាល គឺគេត្រូវតែរៀបចំយន្តការសហការគ្នា ​ជាចាំបាច់ រវាង​មន្ទីរពិសោធន៍ ជាពិសេសគឺក្នុងដំណាក់កាល​សាកល្បងទ្រង់ទ្រាយធំ។ ការប្រមូល ជ្រើស​រើសមនុស្សស្ម័គ្រចិត្ត មកសាកល្បង គឺជារឿងលំបាកបំផុត។ ​ចំណុចសំខាន់មួយទៀត នោះ គឺត្រូវតែ​បែកចែកទិន្នន័យគ្នា រវាងមន្ទីរពិសោធន៍ឱសថ។ យ៉ាងណាមិញ សហភាព​អឺរ៉ុប កំពុងតែពិចារណា ជំរុញបង្កើតបណ្ដាញ​រួមមួយ ដើម្បី​ភ្ជាប់ទំនាក់ទំនង រវាង​អ្នកទទួលខុសត្រូវ​ ចាត់ចែងនីតិវិធិធ្វើតេស្តសាកល្បងឱសថ។

ដោយឡែក ក្រៅពីសន្យាទៅថ្ងៃអនាគត ក្នុងការជួយ​ពន្លឿននីតិវិធីផលិតវ៉ាក់សាំង ក្រុមប្រទេសG20 ក៏បានផ្តល់ការគាំទ្រផងដែរ ដល់កម្មវត្ថុរបស់អង្គការសុខភាពពិភពលោក ដែលចង់ចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ឲ្យបាន៧០% នៅតាមប្រទេសទាំងអស់ទូទាំងពិភពលោក ពីនេះដល់ពាក់កណ្តាលឆ្នាំ​២០២២។

គួរកត់សំគាល់ថា គិតមកត្រឹមពេលនេះ អសមភាព គំលាតគ្នានៃយុទ្ធនាការចាក់វ៉ាក់សាំង គឺមាន​ខ្ពស់ណាស់ រវាងប្រទេសអ្នកមាន និង​ប្រទេសអ្នកក្រ។​ ខណៈដែលប្រទេសអ្នកមានសឹងទាំងអស់ បានចាក់វ៉ាក់សាំងបានជិត៧០% តែប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍វិញ កម្រិតចាក់វ៉ាក់សាំង មានជាមធ្យម មិនដល់​៥%ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ