អានតួអត្ថបទ
សុខភាព-ចំណីអាហារ

ជិតពាក់​កណ្តាល​​នៃ​មនុស្ស​ទូទាំង​ពិភពលោក បរិភោគ​ចំណី​អាហារ​មិនត្រឹមត្រូវ

យោងតាមរបាយការណ៍ Global Nutrition Report ដែលទើបតែចេញផ្សាយ​នៅថ្ងៃអង្គា ទី២៣​វិច្ឆិកា​ គឺជិតពាក់កណ្តាល នៃមនុស្សទូទាំងពិភពលោកយើង កំពុងជួប​នឹងបញ្ហាបរិភោគចំណីអាហារមិនត្រឹមត្រូវ។ ខណៈដែលមនុស្សមួយចំនួន មានចំណីអាហារ​បរិភោគមិនគ្រប់គ្រាន់ មួយចំនួន​ទៀតវិញ បរិភោគលើសចំណុះ។

កុមារី​ជនជាតិយេម៉ែន Rahmah Watheeq ដែលមាន​ជំងឺ​ខ្វះចំណីអាហារធ្ងន់ធ្ងរ​កំពុងត្រូវបាន​គេសង្គ្រោះ នៅមន្ទីរពេទ្យ Al-Sabeen hospital ក្នុងក្រុងសាណា ប្រទេសយេម៉ែន។ ថ្ងៃទី ៣០ មិថុនា ២០២០
កុមារី​ជនជាតិយេម៉ែន Rahmah Watheeq ដែលមាន​ជំងឺ​ខ្វះចំណីអាហារធ្ងន់ធ្ងរ​កំពុងត្រូវបាន​គេសង្គ្រោះ នៅមន្ទីរពេទ្យ Al-Sabeen hospital ក្នុងក្រុងសាណា ប្រទេសយេម៉ែន។ ថ្ងៃទី ៣០ មិថុនា ២០២០ © AP Photo/Hani Mohammed
ផ្សាយពាណិជ្ជកម្ម

បាយការណ៍​ប្រចាំឆ្នាំ "Global nutrition report" (GNR) ចេញ​ដោយ​អង្គការសហប្រជាជាតិ សហការជាមួយ អង្គការFAO អង្គការ​Unicef និងអង្គការសុខភាពពិភពលោក បានបង្ហាញថា​ ៤៨% នៃប្រជាជនទូទាំងពិភពលោក កំពុងតែជួបបញ្ហាចំណីអាហារ ដោយ​ការ​បរិភោគមិនគ្រប់គ្រាន់ ឬបរិភោគលើសតម្រូវការ។ ស្ថិតក្នុងបរិបទនេះ អ្នកជំនាញ​រំពឹងថា នៅរវាងឆ្នាំ​២០២៥ ពិភពលោក​យើង នឹងមិនអាច​សម្រេចកម្មវត្ថុទាំង៩ ស្តីអំពីការបរិភោគចំណីអាហារ ដែលត្រូវបាន​ដាក់ចេញដោយ​អង្គការ​សុខភាព​ពិភពលោកទេ។ កម្មវត្ថុដែលមានជាអាទិ៍ ការ​កាត់បន្ថយ​ចំនួន​កុមារស្គមស្គាំង ក្រិន ធំធាត់មិន​ត្រូវតាមអាយុ ស្គមជ្រុល ធាតុជ្រុល និង​ចំនួន​មនុស្សពេញវ័យ ដែលមាន​បញ្ហាធាត់លើសទំងន់ជាដើម។

មានកុមារអាយុក្រោម​៥ឆ្នាំ យ៉ាងហោច១៥០លាននាក់ កំពុងជួប​បញ្ហា​ជំងឺ​ក្រិន រាងកាយ​ធំធាត់យឺតយ៉ាង ​៤៥លាននាក់ទៀត ស្គមខ្លាំងមិនត្រូវនឹងកំពស់ និងយ៉ាងហោច​​៤០លាននាក់ ដែលធាត់​ជ្រុលលើសទំងន់។ របាយការណ៍នេះលើកឡើង​ផងដែរថា ៤០%នៃមនុស្សពេញវ័យ ទាំងប្រុសទាំងស្រី ពោល​គឺប្រមាណ​ ២២០០លាននាក់ មាន​បញ្ហា​ធាត់​លើស​ទំងន់ ឬ ធាត់ចុកខ្លាញ់។

បើគិតចាប់ពីឆ្នាំ​២០១០មក ករណី​ស្លាប់ ដោយ​សារតែបញ្ហាបរិភោគចំណីអាហារមិនត្រូវនេះ បាន​កើនឡើង ប្រមាណ​ជា​១៥%។ លោកស្រី Renata Micha ប្រធានក្រុម​អ្នកជំនាញសរសេររបាយការណ៍នេះ បានអះអាងថា បច្ចុប្បន្ននេះ ១ភាគ៤ នៃករណីមរណភាព របស់​មនុស្សធំពេញវ័យ គឺបណ្តាលមកពីបញ្ហា​ការបរិភោគមិនត្រឹមត្រូវ។ លោកស្រីបន្ថែមថា ១០ឆ្នាំមកនេះ គុណភាព​ចំណីអាហារ នៅទូទាំងពិភពលោក មិនបាន​ប្រសើរឡើងទេ ដែលនេះវាគឺជាការគំរាម​មួយដ៏ធំ មកលើសុខភាព របស់មនុស្សទាំងអស់។

របាយការណ៍អះអាងថា ជាទូទៅប្រជាជន មិន​បានបរិភោគចំណីអាហារ ឲ្យត្រឹមត្រូវតាមចំនួន​ បរិមាណ ដែល​អ្នកជំនាញ​ផ្តល់អនុសាសន៍ទេ ជាក់ស្តែងដូចជាការបរិភោគ​ បន្លែ និងផ្លែឈើមិនគ្រប់គ្រាន់​។ ភាគច្រើន ប្រទេសក្រីក្រ ដែល​មានចំណូលទាប ប្រជាជនបរិភោគចំណីអាហារសំខាន់ៗ​ទាំងនេះ ក្នុង​បរិមាណ​មិនគ្រប់គ្រាន់។

ផ្ទុយទៅវិញ នៅតាម​ប្រទេសអ្នកមាន ប្រជាជន​បរិភោគប្រភេទ​ចំណីអាហារ ដែល​អាចបង្កផលវិបាក​ដល់សុខភាព​ ច្រើនជ្រុលខ្លាំងទៅវិញ តួយ៉ាងដូចជា សាច់ក្រហម​ ទំនិញផលិត​ចេញពីទឹកដោះគោ ភេសជ្ជៈដែលមានជាតិស្ករខ្លាំង។ កត្តាទាំងនេះ ដែលធ្វើឲ្យមនុស្សមានបញ្ហាធាត់​លើសទំងន់ នៅ​​តាមប្រទេសអ្នកមាន​។ ការបរិភោគចំណីអាហារ ដែលមានប្រភពចេញពីសត្វ ច្រើនជ្រុល គឺមិនត្រឹមតែអាចបង្កហានិភ័យដល់សុខភាពនោះទេ តែចំណីអាហារប្រភេទនេះ ក៏បានចូលរួមខ្លាំងផងដែរ ក្នុងការបំពុលបរិស្ថាន និង​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ បើ​ប្រៀបធៀបទៅនឹងចំណីអាហារ ដែលជាបន្លែផ្លែឈើ។

ជាងនេះទៀត វិបត្តិកូវីដ​១៩ បានរុញច្រាន​មនុស្ស ប្រមាណ​១៥៥លាននាក់​បន្ថែមទៀត ឲ្យធ្លាក់ទៅក្នុងភាពក្រីក្រតោកយ៉ាកខ្លាំង ហើយ​ដែលពួកគេ កាន់តែប្រឈមនឹងបញ្ហា​ស្បៀងអាហារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ