អានតួអត្ថបទ
សុខភាព

OMS/WHO ចង់ពង្រឹងតួនាទី និង​សមត្ថភាព​ខ្លួន ដើម្បី​អាចដោះ​ស្រាយ​វិបត្តិ​សុខភាព​ ទៅថ្ងៃ​អនាគត

អង្គការសុខភាពពិភពលោក បានចាប់ផ្តើម​កាលពីថ្ងៃចន្ទទី​២៩វិច្ឆិកា  បើកអង្គសន្និបាតវិសាមញ្ញមួយ ដែលមានរយៈពេល៣ថ្ងៃ។ ជាកិច្ចប្រជុំពិសេស រវាងប្រទេសសមាជិកទាំងអស់ ដែលអង្គការកំពូលនេះ ចង់ជជែករៀបចំយន្តការ ក្នុងការពង្រឹងតួនាទី ក៏ដូចជាសមត្ថភាព​របស់ខ្លួន ឲ្យបានប្រសើរឡើង ដើម្បី​អាចដោះស្រាយ​ ទប់ទល់នឹងវិបត្តិសុខភាពផ្សេងទៀត ទៅថ្ងៃខាងមុខ។

លោក Tedros Adhanom Ghebreyesus អគ្គលេខាធិការអង្គការសុខភាពពិភពលោក WHO/OMS
លោក Tedros Adhanom Ghebreyesus អគ្គលេខាធិការអង្គការសុខភាពពិភពលោក WHO/OMS © Laurent Gillieron/Keystone via AP
ផ្សាយពាណិជ្ជកម្ម

« វិបត្តិសុខភាពធ្ងន់ធ្ងរ នឹងកើតឡើងជាថ្មីទៀត ដរាបណា យើងគ្រប់គ្នា មិនរួមគ្នា និយាយក្នុង​សម្លេងតែមួយ​ថា ត្រូវតែបញ្ឈប់វាឲ្យ​បាន ទេនោះ »។ នេះគឺជាការលើកឡើង របស់លោក អគ្គលេខាធិការអង្គការសុខភាពពិភពលោក នៅក្នុងឱកាសបើកអង្គ​សន្និបាតវិសាមញ្ញ ចំពោះមុខប្រទេសសមាជិកទាំង​១៩៤ប្រទេស នៅថ្ងៃចន្ទ ទី​២៩វិច្ឆិកា។

លោក​បាន​បន្តថា « ពេលវេលាដល់ហើយ ដែលយើងទាំងអស់គ្នា ត្រូវរួមគ្នាកសាងអ្វីម្យ៉ាង ដើម្បីជាកេរតំណែល សម្រាប់​ក្មេងជំនាន់ក្រោយ។ ជាមួយ​នឹង​ កូវីដបំប្លែងខ្លួនថ្មី ឈ្មោះអូមីក្រុង ដែលកំពុង​តែធ្វើ​ឲ្យ​គ្រប់គ្នាភ័យបារម្ភនេះ គឺបានសបង្ហាញថា មិនដឹងពេលណាទេ ដែល​ពិភពលោកយើង នឹងអាចចេញផុត ពីវិបត្តិសកលមួយនេះ។

គួរបញ្ជាក់ថា ប្រទេសសមាជិកអង្គការ​សុខភាព​ពិភពលោក បានស្រុះស្រួលគ្នា យកឱកាសសន្និបាត​វិសាមញ្ញរយៈពេល​៣ថ្ងៃនេះ ដើម្បី​និយាយគ្នា អំពីការរៀបចំ​យន្តការ​ផ្ដល់តួនាទី និង​ លទ្ធភាព​​បច្ចេកទេស ឲ្យ​​អង្គការ​សុខភាព​​ពិភព​លោក ឲ្យ​បានច្រើនជាងមុន។ វិបត្តិជំងឺកូវីដ១៩ បាន​ផ្តល់បទពិសោធន៍ថា អង្គការសុខភាពពិភពលោក នៅមានតួនាទី និងសមត្ថភាព​មានកម្រិតខ្លាំងណាស់ មិនអាចដោះស្រាយ​បញ្ហា ឲ្យ​ទាន់ពេលវេលា និង​មានប្រសិទ្ធភាព​បានទេ។ បញ្ហាទាំងនោះ មានជាអាទិ៍ កង្វះការបែងចែក ឲ្យគ្នាទៅវិញទៅមក នូវទិន្នន័យ​វិទ្យាសាស្ត្រ និងសុខភាព ព្រមទាំង​គ្មាន​យន្តការ​បែងចែក​វ៉ាក់សាំងជាដើម។ លោកអគ្គលេខាធិការអង្គការនេះ បានអំពាវនាវ ថាត្រូវតែពង្រឹងតួនាទី និងសមត្ថភាពរបស់អង្គការសុខភាពពិភពលោក។

យ៉ាងណាមិញ លោកស្រី អង់ហ្កេឡា មែរកិល ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ បាន​លើកឡើង នៅក្នុងសន្និបាតនេះថា វិធានការ​ចាំបាច់ ដើម្បី​ពង្រឹងសមត្ថភាព​របស់ស្ថាប័ននេះ គឺត្រូវតែគូសវាស នៅក្នុង​​​សន្ធិសញ្ញា​អន្តរជាតិមួយ ដែលមានកម្លាំង​ចាប់បង្ខំ​ឲ្យ​គោរព។ ដូចគ្នាដែរ លោករដ្ឋមន្ត្រីក្រសួង​សុខាភិបាលស្វ៊ីស បានលើកឡើងថា វិបត្តិកន្លងមកនេះ បាន​បង្ហាញថា យើងត្រូវតែមាន​ អង្គការសុខភាពពិភពលោកមួយ ដែលមានភាពរឹងមាំ ទើបអាចដោះស្រាយវិបត្តិទៅថ្ងៃមុខបាន។

បើតាមប្រភពស្និទ្ធនឹងសន្និសីទនេះ ជាជំហានបឋម ប្រទេសសមាជិក បានព្រមព្រៀងគ្នា បង្កើតជា​អង្គភាពអន្តររដ្ឋាភិបាល​មួយ ដើម្បី​រួមគ្នាសរសេរ តាក់តែងសន្ធិសញ្ញាថ្មីមួយ ទាក់ទិននឹងការពង្រឹងតួនាទីរបស់អង្គការសុខភាពពិភពលោក និង​ដើម្បី​ដោះស្រាយ​វិបត្តិសុខភាព​ ឲ្យ​មានប្រសិទ្ធភាព។ នៅរវាងខែឧសភា ឆ្នាំ​២០២៣ គេនឹងបង្ហាញរបាយការណ៍​ មុននឹងយកសេចក្តីព្រាងអត្ថបទនេះ មកដាក់លើកតុពិភាក្សាគ្នា ក្នុងឱកាសមហា​សន្និបាទសុខភាពពិភពលោក ខែឧសភា ឆ្នាំ​២០២៤៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ