អានតួអត្ថបទ
សុខភាព-ជំងឺឆ្លង

WHO/OMS៖ ប្រទេស​សមាជិក​ស្រុះស្រួល​គ្នា បើក​ការចរចា​តាក់តែង​សន្ធិសញ្ញាមួយ ដើម្បី​រួមគ្នា​ទប់ទល់​នឹង​​​ជំងឺឆ្លង​សកល

អង្គការសុខភាពពិភពលោក បាន​បើក​សន្និសីទវិសាមញ្ញរបស់ខ្លួន កាលពីថ្ងៃចន្ទ ទី២៩កញ្ញា នៅក្នុងបរិបទនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅទូទាំងពិភពលោក។ ឆ្លងកាត់ ការប្រជុំរយៈពេល​៣ថ្ងៃមកនេះ ប្រទេសសមាជិកទាំងអស់ បានស្រុះស្រួលគ្នា ថានឹងបើកការចរចា ដើម្បីតាក់តែងអនាគតសន្ធិសញ្ញាអន្តរជាតិមួយ។ សន្ធិសញ្ញាដែលនឹងមានខ្លឹមសារ កំណត់កម្មវត្ថុ​ និង​យន្តការនានា​ ដើម្បី​ឲ្យ​ពិភពលោកទាំងមូល អាចប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាល ជំងឺរាតត្បាតផ្សេងៗទៀត​ នៅថ្ងៃអនាគត។

ថ្ងៃទី២៤ មេសា ២០២១ ៖  សាកសពអ្នកជំងឺស្លាប់ដោយកូវីដ១៩ នៅប្រទេសឥណ្ឌា ត្រូវគេបូជារួមគ្នា នៅក្រុងញូដេលី។
ថ្ងៃទី២៤ មេសា ២០២១ ៖ សាកសពអ្នកជំងឺស្លាប់ដោយកូវីដ១៩ នៅប្រទេសឥណ្ឌា ត្រូវគេបូជារួមគ្នា នៅក្រុងញូដេលី។ © AP Photo/Altaf Qadri
ផ្សាយពាណិជ្ជកម្ម

លោកអគ្គលេខាធិការអង្គការសុខភាពពិភពលោក បានថ្លែង​ថា ការសម្រេចស្រុះស្រួលគ្នារវាងប្រទេសសមាជិកទាំងអស់ នៅថ្ងៃទី១ធ្នូ​ ដើម្បីឈានទៅបើកការចរចា តាក់តែងសន្ធិសញ្ញាអន្តរជាតិមួយ គឺវាជាដំណឹងដ៏ល្អដែលត្រូ​វតែអបអរសាទរ។ លោក បានបន្ថែម វិបត្តិកូវីដ១៩ កន្លងមកជិត​២ឆ្នាំមកនេះ វាបានបង្ហាញថា ពិភពលោកយើង ត្រូវតែរួមគ្នា សមគ្គីគ្នា រៀបចំយន្តការឲ្យ​បានរឹងមាំ ដើម្បីត្រៀម ប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងផ្សេងទៀត នៅថ្ងៃអនាគត។

លោកស្រី Lotte Knudsen អគ្គរដ្ឋទូត​សហភាពអឺរ៉ុប ប្រចាំអង្គការសហប្រជាជាតិ បានថ្លែងថា ប្រទេសទាំងអស់ ត្រូវតែ​មូលគ្នា រៀបចំកសាងគ្រោងឆ្អឹងប្រព័ន្ធសុខាភិបាលពិភពលោក ឲ្យរឹងមាំ​​ ដើម្បីធ្វើយ៉ាងណា អាច​ឆ្លើយតប ទប់ទល់ទៅនឹងជំងឺកាចសាហាវផ្សេងៗទៀត ដោយ​ការសមគ្គីគ្នា ដោយប្រសិទ្ធភាព ​និងដោយរហ័សបំផុត។

សូមបញ្ជាក់ថា មានប្រទេសជាច្រើន និងសហភាពអឺរ៉ុប បានរួមគ្នាជំរុញ លើកជាមតិ ផ្តួចផ្តើម ឲ្យ​អង្គការសុខភាពពិភពលោក ដឹកនាំការចរចា តាក់តែងសន្ធិសញ្ញាអន្តរជាតិថ្មីមួយ។ ជាសន្ធិសញ្ញា ដែលនឹងភ្ជាប់ចំណងសន្យា​រវាងប្រទេសសមាជិក ដាក់កម្មវត្ថុ និងវិធានការ ផ្តល់លទ្ធភាព សមត្ថភាពធ្វើការ ឲ្យអង្គការសុខភាពពិភពលោក ឲ្យ​កាន់តែប្រសើរជាងមុន។

តែយ៉ាងណា មានមតិខ្វែងគ្នាខ្លាំង ទាក់ទិននឹងកម្លាំងចាប់បង្ខំ នៃសន្ធិសញ្ញាអន្តរជាតិនេះ។ លោកស្រីអង់ហ្កេឡា មែរកិល បានលើកឡើងថា សន្ធិសញ្ញានេះ ត្រូវតែមានកម្លាំងអំណាច ចាប់បង្ខំឲ្យសមាជិកទាំងអស់គោរព។ ផ្ទុយទៅ​វិញ ភាគីសហរដ្ឋអាមេរិក បានបង្ហាញ​ការរារែក ដោយលើកឡើងថា វាមិនមែនជាដំណោះស្រាយល្អ។ ដោយឡែក ចិនមិនបានចូលរួមដាក់សំណើរចរចាសន្ធិសញ្ញានេះទេ តែបានប្រកាសថា ខ្លួននឹងចូលរួមចរចាដែរ។​

តាមការគ្រោងទុក ជាជំហានដំបូង គេនឹងបង្កើត អង្គភាពអន្តររដ្ឋាភិបាលមួយ ដើម្បីបើកការចរចា លើសេចក្តីព្រាង នៃសន្ធិសញ្ញានេះ។ នៅពាក់កណ្តាលឆ្នាំ២០២៣ គេនឹងបង្ហាញរបាយការណ៍ មុននឹងយកទៅអនុម័តចុងក្រោយ នៅក្នុង​មហាសន្និបាតសុខភាពពិភពលោក នៅខែឧសភា ឆ្នាំ​២០២៤។

មន្ត្រីទូតបារាំងម្នាក់ បានលើកឡើងថា អ្វីដែលគេរំពឹងរងចាំបំផុត ពីខ្លឹមសារនៃសន្ធិសញ្ញានេះ គឺការផ្តល់មធ្យោបាយ និង​សមត្ថកិច្ច ឲ្យទៅអង្គការសុខភាពពិភពលោក ឲ្យ​បានធំទូលាយ និងរឹងមាំជាងមុន ជាក់ស្តែង ដូចជាក្នុង​តួនាទីស៊ើបអង្កេត ស្រាវជ្រាវ។ លោកអគ្គលេខាធិការអង្គការសុខភាពពិភពលោក ក៏បានអំពាវនាវផងដែរ ឲ្យ​មានការរៀបចំ បង្កើតប្រព័ន្ធ​រួមមួយ ជាលក្ខណៈអន្តររដ្ឋាភិបាល ក្នុងការវាយតម្លៃ​ ស្ថានការណ៍​សុខាភិបាលពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ