អានតួអត្ថបទ
សេដ្ឋកិច្ច-វិសមភាពសង្គម

វិបត្តិ​កូវីដ១៩ ជីក​រណ្តៅ​គម្លាត​រវាង​អ្នកមាន​និង​អ្នកក្រ ឲ្យ​កាន់តែ​ជ្រៅឡើង​ថែមទៀត

គម្លាតរវាងអ្នកមាន និងអ្នកក្រ មានទំហំកាន់តែធំ និងជ្រៅខ្លាំង​ឡើង ដោយសារតែវិបត្តិជំងឺឆ្លង​កូវីដ​១៩​។ នេះបើផ្អែកតាម​របាយការណ៍ World Inequality Report ចេញផ្សាយ​កាលពី​ថ្ងៃ​ទី៧ធ្នូម្សិលមិញ។​ ខណៈដែលវិបត្តិកូវីដ​១៩ បានរុញច្រានមនុស្សជាច្រើនសិបលាននាក់ ឲ្យ​ធ្លាក់ទៅក្នុងភាពក្រីក្រតោកយ៉ាក កំពូលមហាសេដ្ឋីធំៗឯនោះវិញ បាន​ពង្រីកទ្រព្យសម្បត្តិរបស់​ខ្លួន កាន់តែច្រើនឡើងថែមទៀត នៅក្នុងឆ្នាំ​២០២០កន្លងទៅនេះ។

បុរសម្នាក់កំពុងរុញរទេះ នៅតាមផ្លូវក្នុងសង្កាត់ក្រីក្រ ក្នុងក្រុងកូឡាឡំពួរ។ ខែតុលា ឆ្នាំ២០១៩
បុរសម្នាក់កំពុងរុញរទេះ នៅតាមផ្លូវក្នុងសង្កាត់ក្រីក្រ ក្នុងក្រុងកូឡាឡំពួរ។ ខែតុលា ឆ្នាំ២០១៩ REUTERS - Lim Huey Teng
ផ្សាយពាណិជ្ជកម្ម

World Inequality Report គឺជាលទ្ធផលប្រមូលផ្តុំតួលេខ ដោយ​អ្នកសេដ្ឋកិច្ចវិទូជាច្រើននាក់ នៅទូទាំងពិភពលោក។ តួលេខទាំងនេះ បានបង្ហាញដោយ​ឥតប្រកែកបាន ថាគម្លាតរវាងអ្នកមាន និងអ្នកក្រ កាន់តែមានទំហំធំឡើង និងកាន់តែជ្រៅខ្លាំងជាងមុន ក្នុងឆ្នាំ​២០២០កន្លងទៅនេះ។

៥០% នៃប្រជាជនទូទាំងពិភពលោក មានទ្រព្យសម្បតិ្តសរុប ត្រឹមតែ២%ប៉ុណ្ណោះ នៃទំហំទ្រព្យ​សម្បតិ្តទូទាំងពិភពលោក។ ផ្ទុយទៅវិញ មនុស្សដែលមានជីវភាពស្តុកស្តម្ភ ដែលមានចំនួន​ប្រមាណ​​១០%​ នៃចំនួន​មនុស្សលើផែនដី មានទ្រព្យសម្បត្តិរួម​ចំនួន​៧៦% នៃទ្រព្យ​ទូទាំងពិភពលោក​។​ នៅតំបន់ដើមបូព៌ា នៅអាហ្វ្រិកខាងជើង និង​នៅតំបន់អាមេរិកខាងត្បូង ដែល​គម្លាតគ្នា​ រវាងអ្នកមាននិងអ្នកក្រនេះ មានកម្រិតគួរឲ្យ​កត់សំគាល់បំផុត។​

ជារួម កម្រិតទំហំទ្រព្យសម្បត្តិរបស់​ក្រុមមនុស្ស អ្នកមានខ្លាំងបំផុត បានកើនឡើងមួយគុណជា៣ ក្នុងរវាង​២៥ឆ្នាំចុងក្រោយ​នេះ។ យោងតាមរបាយការណ៍ វិបត្តិកូវីដ១៩ បានជួយជំរុញ ឲ្យ​អ្នកមានទ្រព្យមហាសាលទាំងនោះ កាន់តែមានខ្លាំងឡើងថែមទៀត។ ជាក់ស្តែង ក្នុងឆ្នាំ​២០២០ ខណៈដែលសេដ្ឋកិច្ចត្រូវរាំងស្ទះ ដោយសារកូវីដ​១៩ ក្រុមកំពូលមហាសេដ្ឋី បានបង្កើនប្រាក់ចំណូល និង​ពង្រីកទ្រព្យសម្បតិ្ត បានសរុបចំនួន​ ៣៦០ម៉ឺនលានដុល្លារបន្ថែមទៀត។ ៣៦០ម៉ឺនលានដុល្លារ បើគិតទៅ គឺស្មើនឹងទំហំនៃកញ្ចប់ថវិកាចំណាយ​ ក្នុងវិស័យសុខាភិបាល នៅទូទាំងពិភពលោក​។​ បើនិយាយពីកម្រិត រកប្រាក់ចំណូល​វិញ គឺគម្លាតរវាងអ្នករកចំណូលបានច្រើនបំផុត និងអ្នកក្រ នៅក្នុងឆ្នាំ​២០២០ គឺមានលក្ខណៈដូចទៅ​ក្នុងឆ្នាំ​១៩១០។

គួរកត់សំគាល់ថា ទំហំកាន់តែធំ និងជ្រៅឡើង នៃគម្លាតរវាងអ្នកមាននិងអ្នកក្រនេះ គឺជាការគំរាមកំហែងមួយ ដែលមិន​អាចប្រហែសបាន។ ចលាចល ការបះបោរ អំពើហិង្សា អស្ថិរភាពសង្គម សង្គ្រាម អាចផ្ទុះរីកសាយភាព ដរាបណា ថ្នាកដឹកនាំនយោបាយ​ មិនរកវិធីដោះស្រាយ​ ជួយជី​វភាព​ប្រជាជន និង​កាត់បន្ថយ​វិសមភាព​ក្នុងសង្គម។​

មានចំណុចសំខាន់ធំៗ៣ ដែលថ្នាក់ដឹកនាំនយោបាយ ត្រូវពិចារណា។ ទីមួយគឺការរៀបចំគោលនយោបាយ បែកចែកទ្រព្យសម្បត្តិនិងចំណូល ឲ្យ​ខិតទៅរកសមភាព តាមរយៈការប្រមូលពន្ធ​ពីអ្នកមាន អ្នកវិនិយោគ ម្ចាស់ភាគហ៊ុន និង​ក្រុមហ៊ុន​អន្តរជាតិ ដែលរកចំណូលបានច្រើន។ ទី២ គឺត្រូវតែមានគោលនយោបាយ​ អន្តរាគមន៍រដ្ឋ ឲ្យ​មាន​ប្រសិទ្ធភាព តាមរយៈការវិនិយោគទៅលើេហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធសន្តិសុខសង្គម វិស័យអប់រំ វិស័យសុខាភិបាល ជាដើម ដើម្បីលើកកំពស់ជីវភាព និង​សុខមាលភាពរបស់ប្រជាពលរដ្ឋឲ្យស្មើភាពគ្នា។ និងចុងក្រោយទី៣ គឺរដ្ឋត្រូវតែចាប់ផ្តើមគិតគូរ ពីផលវិបាកបង្កឡើងដោយវិបត្តិអាកាសធាតុ ដោយធ្វើយ៉ាងណា ឲ្យ​ក្រុមមនុស្សដែលមានស្តុកស្តម្ភ ចូលរួមផ្នែកថវិកាឲ្យ​បាន​ច្រើន ដើម្បីយកទៅជួយ​ដោះស្រាយការលំបាក ដែលប្រជាជនក្រីក្ររងទទួល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ