អានតួអត្ថបទ
សេរីភាពសារព័ត៌មាន

ឆ្នាំ២០២១ ចំនួន​អ្នកសារព័ត៌មាន​ត្រូវ​គេ​ចាប់​ដាក់ឃុំ មាន​ច្រើន​ជាង​ឆ្នាំ​ណាៗ​ទាំងអស់

យោងតាម​របាយការណ៍ របស់​គណកម្មាធិការការពារអ្នកសារព័ត៌មាន គឺក្នុងឆ្នាំ​២០២១នេះ អ្នកកាសែតដែលត្រូវបាន​គេចាប់ដាក់ឃុំ មានចំនួន​ដល់ទៅជិត​៣០០នាក់ នៅទូទាំងពិភពលោក​។ នេះគឺជាចំនួន​កើនឡើងខ្លាំងបំផុត មិនធ្លាប់មាន ដែលបង្ហាញ​អំពីការធ្លាក់ចុះខ្លាំង នៃសិទ្ធិសេរីភាពសារព័ត៌មាន។

ក្រុមសកម្មជនគាំទ្រអ្នកកាសែតហុងកុង Choy Yuk-ling នៅខាងមុខតុលាការហុងកុង ថ្ងៃទី​២២ មេសា ២០២១
ក្រុមសកម្មជនគាំទ្រអ្នកកាសែតហុងកុង Choy Yuk-ling នៅខាងមុខតុលាការហុងកុង ថ្ងៃទី​២២ មេសា ២០២១ AP - Kin Cheung
ផ្សាយពាណិជ្ជកម្ម

គិតត្រឹមថ្ងៃទី១ធ្នូ ឆ្នាំ​២០២១ មានអ្នកសារព័ត៌មាន យ៉ាងហោច ២៩៣នាក់ ត្រូវបានគេចាប់ដាក់ឃុំ។ យោង​តាម​របាយការណ៍ ក្រៅពីអ្នកកាសែតដែលត្រូវគេចាប់ដាក់ឃុំ ក្នុងឆ្នាំ​២០២១ មានអ្នកកាសែតចំនួន ២៤នាក់ ត្រូវបានគេសម្លាប់ ដោយ​សារមូលហេតុ ពួកគេបាន​ធ្វើបទយកការណ៍ លើប្រធានបទរសើបមួយចំនួន។ បន្ថែមពីនេះ មាន​ករណីស្លាប់ អ្នកកាសែតចំនួន​១៨នាក់ផ្សេងទៀត តែដោយ​មិនអាចកំណត់បានឲ្យ​ច្បាស់ ថាបណ្តាលមកពីមូលហេតុការងារសារព័ត៌មាន ឬយ៉ាងណា។

ចិន គឺជាប្រទេសឈានមុខគេ ដោយ​បាន​ចាប់អ្នកកាសែតដាក់ឃុំ ចំនួន​យ៉ាងហោច ៥០នាក់ នៅក្នុងឆ្នាំ​២០២១។ បន្ទាប់មកទៀត គឺភូមា មានចំនួន​២៦នាក់ វៀតណាម២៣នាក់ បេឡារុស ១៩នាក់។ ដោយឡែក ហុងកុង បានលេចមុខជាលើកទីមួយ នៅក្នុងរបាយការណ៍របស់ CPJ បន្ទាប់ពីច្បាប់សន្តិសុខជាតិចិន បានចូលជាធរមាន ហើយធ្វើឲ្យអ្នកកាសែតឯករាជ្យជាច្រើននាក់ ត្រូវគេចាប់ដាក់ឃុំ។

ដោយឡែក ប្រទេសមិចស៊ិក គឺជាប្រទេសតែមួយគត់ នៅទ្វីបអាេមរិក​ ដែល​ការងារសារព័ត៌មាន​ ប្រឈមគ្រោះថ្នាក់​បំផុត។ អ្នកកាសែតនៅមិចស៊ិក អាចប្រឈមនឹងការធ្វើឃាត បើពួកគេហ៊ានធ្វើបទយកការណ៍ ស៊ើបអង្កេត ទាក់ទិននឹងបណ្តាញ​ឧក្រិដ្ឋកម្ម ឬក៏អ្នកនយោបាយ​ពុករលួយ។ នៅឥណ្ឌា ក្នុងឆ្នាំ​២០២១ អ្នកកាសែតចំនួនយ៉ាងហោច ៤នាក់​ ត្រូវបានគេសម្លាប់។​

លោក Joel Simon នាយកប្រតិបត្តិនៃគណកម្មារធិការការពារអ្នកសារព័ត៌មាន CPJ បានលើកឡើងថា នេះគឺជាឆ្នាំទី៦ជាប់គ្នាហើយ ដែល​ចំនួនអ្នកសារព័ត៌មាន ត្រូវគេចាប់ដាក់ឃុំ បាន​ឡើងខ្ពស់ខ្លាំងបែបនេះ នៅទូទាំងពិភពលោក។ លោក​បានបន្ថែមថា ការកើនឡើង នៃចំនួន​​អ្នកកាសែតដែលត្រូវគេចាប់ដាក់ឃុំនេះ ព្រមទាំងករណីធ្វើឃាតអ្នកកាសែត គឺវាបានបង្ហាញឲ្យ​ឃើញ អំពី​ការតាំងចិត្ត ដ៏រឹងរូស របស់របបផ្តាច់ការ និង​អាជ្ញាធររដ្ឋាភិបាល​ប្រទេសមួយចំនួន ក្នុង​ការរារាំង​សិទ្ធិសេរីភាពសារព័ត៌មាន។ វាគឺជាទំនោរគោលនយោបាយ​ វាយ​បំបាក់បណ្តាញ​ព័ត៌មានឯករាជ្យ នៅតាមប្រទេសដែល​ប្រើអំណាចផ្តាច់ការ​។ ជាក់ស្តែង ក្នុងឆ្នាំ២០២១ ប្រទេសដូចជាភូមា អេត្យូពី បានបិទទ្វារបង្ឃាំងសិទ្ធិសេរីភាពសារព័ត៌មាន គួរឲ្យ​ព្រួយបារម្ភបំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ