អានតួអត្ថបទ
អាកាសធាតុ-សន្តិសុខ

រុស្ស៊ី​បោះឆ្នោតវេតូ ប្រឆាំងគំនិត​ភ្ជាប់​ទំនាក់ទំនង​ហេតុនិងផល​ រវាង​វិបត្តិអាកាសធាតុ ទៅនឹង​​បញ្ហា​សន្តិសុខ

កាលពីថ្ងៃចន្ទ ទី​១៣ធ្នូ ក្រុមប្រឹក្សាសន្តិសុខបានបោះឆ្នោត​ លើគម្រោង​សេចក្តីសម្រេចចិត្តមួយ ស្នើដោយ​អៀរឡង់ និង​ នីហ្សេ ដែលមានខ្លឹមសារ ភ្ជាប់ទំនាក់ទំនងហេតុនិងផល រវាងវិបត្តិអាកាសធាតុ ទៅនឹងបញ្ហាសន្តិសុខនៅទូទាំងពិភពលោក។ ក៏ប៉ុន្តែ គម្រោងសម្រេចចិត្តនេះ ត្រូវបាន​រុស្ស៊ី​បោះឆ្នោតវេតូប្រឆាំង ដោយលើកហេតុផលថា វានឹងបង្កើតឲ្យ​មានមតិភ័ន្តច្រឡំ ព្រមទាំងមានលក្ខណៈស្ទួន ប្រជែងគ្នា ជាមួយនឹង​វេទិកាអន្តរជាតិផ្សេងទៀត ដែលជជែកគ្នា អំពីវិបត្តិអាកាសធាតុដែរ។

កុមារអាហ្វហ្កានីស្ថាន កំពុងអង្គុយរងចាំដំណក់ទឹកហូរបំពេញ​ធុងប៊ីដុង នៅតំបន់ Herat ប្រទេសអាហ្វហ្កានីស្ថាន ដែលជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរបំផុត។ ថ្ងៃទី ២៦ វិច្ឆិកា ២០២១
កុមារអាហ្វហ្កានីស្ថាន កំពុងអង្គុយរងចាំដំណក់ទឹកហូរបំពេញ​ធុងប៊ីដុង នៅតំបន់ Herat ប្រទេសអាហ្វហ្កានីស្ថាន ដែលជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរបំផុត។ ថ្ងៃទី ២៦ វិច្ឆិកា ២០២១ AP - Petros Giannakouris
ផ្សាយពាណិជ្ជកម្ម

អត្ថបទកម្រោងសេចក្តីសម្រេចចិត្ត ដែលស្នើដោយ​ប្រទេសអៀរឡង់ និង ប្រទេសនីហ្សេ មាន​ខ្លឹមសារ ចង់ឲ្យ​អង្គការសហប្រជាជាតិ ចាត់បញ្ចូលបញ្ហាវិបត្តិអាកាសធាតុ ការកើនឡើងកំដៅផែនដី ថាគឺជាមូលហេតុមួយ បណ្តាលឲ្យ​មាន​ការប្រឈមនឹងបញ្ហាសន្តិសុខ នៅទូទាំងពិភពលោក​។  គម្រោងនេះ ក៏បានទាមទារផងដែរ ឲ្យ​អង្គការសហប្រជាជាតិ​ ត្រូវធ្វើរបាយការណ៍បូកសរុប ក្នុងរវាង២ឆ្នាំទៀត អំពីផលប៉ះពាល់ទាំងឡាយ បណ្តាលមកពីបម្រែបម្រួលអាកាសធាតុ ទៅលើស្ថិរភាព សន្តិភាព និងសន្តិសុខសកលលោក។

គម្រោងសេចក្តីសម្រេចចិត្តនេះ ត្រូវបាន​ប្រទេសចំនួន​១១៣ប្រទេសគាំទ្រ។ ក៏ប៉ុន្តែនៅពេលយកទៅបោះឆ្នោតសម្រេច នៅក្នុងក្រុមប្រឹក្សាសន្តិសុខ រុស្ស៊ីបានបោះឆ្នោត វេតូប្រឆាំង ខណៈប្រទេសទាំង​១២ផ្សេងទៀត បានបោះឆ្នោតយល់ព្រម។ ចិនបានបោះឆ្នោតអនុបវាទ។ ចំណែកឥណ្ឌា ដែលគ្មានសិទ្ធិវេតូ បាន​បោះឆ្នោត​បដិសេធ ដោយលើកហេតុផលថា វិបត្តិអាកាសធាតុ គឺវាពាក់ព័ន្ធតែទៅនឹង បញ្ហាអភិវឌ្ឍន៍សេដ្ឋកិច្ចតែប៉ុណ្ណោះ វាមិនពាក់ព័ន្ធទៅហ្នឹងរឿងសន្តិសុខទេ។

លោក អគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា គេមិនអាចទទួលយកគម្រោងសេចក្តីសម្រេចចិត្តនេះបានទេ។ សម្រាប់រុស្ស៊ី ការភ្ជាប់ទំនាក់ទំនងហេតុនិងផល រវាង​វិបត្តិអាកាសធាតុ ទៅនឹងបញ្ហាសន្តិសុខ អំពើភេរវកម្មជាដើម គឺវាជារឿងមិនត្រឹមត្រូវ​ ព្រោះវាបង្កើតជាការភ័ន្តច្រឡំ ព្រមទាំងបញ្ហាស្ទួន ប្រជែងជាមួយ​នឹងវេទិកាអន្តរជាតិផ្សេងទៀត ដែលជជែកគ្នាពីបញ្ហាអាកាសធាតុរួចហើយ។ លោកអះអាងថា ប្រទេសនីមួយៗ មានលក្ខណៈ និង​ស្ថានការណ៍ខុសៗគ្នា ដោយ​មិនអាចប្រមូលសរុប គិតជាស្វ័យប្រវត្តិថាបញ្ហាសន្តិសុខ សុទ្ធតែបណ្តាលមកពីវិបត្តិអាកាសធាតុនោះទេ។

យ៉ាងណាក៏ដោយ អគ្គរដ្ឋទូតអាមេរិក ប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា សន្លឹកឆ្នោតវេតូ​របស់​រុស្ស៊ី គឺពុំមានភ្ជាប់ជាមួយហេតុផល ដែលអាចទទួលយកបានទេ។ អគ្គរដ្ឋទូតអៀរឡង់ និង​នីហ្សេ បានសម្តែងការខកចិត្តជាខ្លាំង និងបាន​រិះគន់យ៉ាងធ្ងន់ៗ ទៅលើសិទ្ធិវេតូ នៅក្នុងក្របខណ្ឌ​​ក្រុមប្រឹក្សាសន្តិសុខ ថាជានីតិវិធីចាស់គំរិល កម្អែលនៃសង្គ្រាមលោកលើកទី២។ អៀរឡង់​ និងនីហ្សេ បានអំពាវនាវ ថាត្រូវតែបោះបង់សិទ្ធិវេតូចោល ដើម្បីឲ្យ​អង្គការ​សហប្រជាជាតិ​ អាចធ្វើការដោយពេញលេញ ឆ្លើយតបទៅនឹងឧបសគ្គនានា ដែលកំពុងចោទឡើង ក្នុង​ពិភពលោក​ នាពេលបច្ចុប្បន្ន។

ដោយឡែក សម្រាប់បារាំង ដែលជាអ្នកគាំទ្រគម្រោងសេចក្តីសម្រេចចិត្តនេះដែរ បានអះអាងថា វាជារឿងដែលមិនអាចប្រកែក​បានទេ ដែលថា បញ្ហាអសន្តិសុខ អស្ថិរភាព ជាផលវិបាកមួយ​បណ្តាលមកពីវិបត្តិអាកាសធាតុ។ គ្រោះរាំងស្ងួត មហន្តរាយធម្មជាតិ គ្រោះទុរភិក្ខ កង្វះទឹកស្អាត ជាដើម ទាំងអស់នេះ បានជួយ​ជំរុញឲ្យ​ក្រុមប្រដាប់អាវុធ កាន់តែមាន​កម្លាំងឥទ្ធិពល ទៅលើ​ប្រជាពលរដ្ឋ ដែលងាយរងគ្រោះខ្លាំងបំផុត។ យ៉ាងណាមិញ លោកអគ្គលេខាធិការអង្គការ​សហប្រជាជាតិ ធ្លាប់បានលើកឡើងថា គ្រប់វិបត្តិទាំងអស់ វាមិនមែនសុទ្ធតែបណ្តាលមកពី​វិបត្តិអាកាសធាតុមែន តែវិបត្តិអាកាសធាតុ វាជាកត្តាជំរុញ ពន្លឿន ពង្រីកធ្វើឲ្យ​បញ្ហាស្ថិរភាព ជម្លោះប្រដាប់អាវុធ សង្គ្រាម និង​ភេរវកម្ម កាន់តែធ្ងន់ធ្ងរឡើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ