អានតួអត្ថបទ
ប្រព័ន្ធជីវចម្រុះ

ប្រព័ន្ធជីវចម្រុះ៖ ​អ្នកវិទ្យាសាស្រ្ត​​អះអាង​ថា ត្រឹម​បន្ថែម​​ទំហំ​តំបន់​អភិរក្ស គឺមិន​អាច​​ទប់ស្កាត់​ការ​រលាយ​​​​ផុតពូជ​​បាន​​ឡើយ

ការពង្រីកទំហំផ្ទៃដីនៃតំបន់អភិរក្សធម្មជាតិ គឺវាអាចជួយ​ការពារ​បរិស្ថានធម្មជាតិបានមែន ក៏ប៉ុន្តែ គឺវាមិនគ្រប់គ្រាន់នោះទេ ក្នុងការទប់ស្កាត់​ការរលាយ​ផុតពូជ នៃសត្វ និង​រុក្ខជាតិមួយចំនួន។ នេះគឺជាការលើកឡើង របស់ក្រុមអ្នកវិទ្យាសាស្ត្រ ដែលកំពុងតែត​រៀបចំតាក់តែងអត្ថបទសន្ធិសញ្ញាការពារប្រព័ន្ធជីវចម្រុះ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។ ក្រុមជំនាញនេះ បានអំពាវនាវឲ្យ​មាន​ការ​ផ្លាស់​ប្តូរឲ្យ​បានស៊ីជំរៅ នៃសង្គម​មនុស្ស​យើង ដើម្បីស្រោចស្រង់​ប្រព័ន្ធជីវចម្រុះ ពីការរលាយ​សាបសូន្យ។​

រូបថតថ្ងៃទី ២២ មករា ២០២១ ៖ ដប និងកាកំណល់​ប្លាស្ទិក អណ្តែត​នៅ​ផ្ទៃបឹង Potpecko តំបន់​ Priboj ភាគនិរតីប្រទេសស៊ែរប៊ី។
រូបថតថ្ងៃទី ២២ មករា ២០២១ ៖ ដប និងកាកំណល់​ប្លាស្ទិក អណ្តែត​នៅ​ផ្ទៃបឹង Potpecko តំបន់​ Priboj ភាគនិរតីប្រទេសស៊ែរប៊ី។ AP - Darko Vojinovic
ផ្សាយពាណិជ្ជកម្ម

អ្នកជំនាញចំនួន​ជាង​៥០នាក់ នៃក្រុមការងាររបស់អង្គការសហប្រជាជាតិ កំពុងតែព្យាយាមតាក់តែង​ខ្លឹមសារ​​នៃសន្ធិសញ្ញាអន្តរជាតិ ដើម្បីការពារប្រព័ន្ធជីវចម្រុះ (CDB)។ គម្រោងសន្ធិសញ្ញា​នេះ នឹងត្រូវគេយកមកពិភាក្សាគ្នា នៅក្នុង​ឱកាសសន្និសីទ COP15 ស្តីពី​ប្រព័ន្ធជីវចម្រុះ ដែល​នឹង​​ត្រូវធ្វើ​ឡើង នៅទីក្រុងគុនមីង ប្រទេសចិន នៅចុងខែមេសាខាងមុខ។

គួរបញ្ជាក់ថា ក្រុមប្រទេសប្រមាណ​៧៥ប្រទេស បានរួមគ្នាបង្កើតសម្ព័ន្ធ​ភាពមួយ ដើម្បី​ការពារ​យ៉ាងហោច ៣០% នៃផ្ទៃដី និង​ផ្ទៃសមុទ្រ ពីនេះរហូតដល់ឆ្នាំ​២០៣០។ ជាកម្មវត្ថុ ដែល​ត្រូវបាន​ក្រុមអ្នកជំនាញ​អង្គការសហប្រជាជាតិ បាន​កំណត់តាម​ផងដែរ នៅក្នុង​គម្រោង​អត្ថបទសន្ធិសញ្ញា ដែលគេកំពុងតាក់តែង។

តែយ៉ាងណា ក្រុមការងារជំនាញនេះ បាន​លើកឡើងថា ការពង្រីកទំហំផ្ទៃក្រឡា នៃតំបន់អភិរក្ស គឺវាជួយបានតែមួយផ្នែកតូចតែប៉ុណ្ណោះ ពោលគឺមិនអាចទប់ស្កាត់​ការឈានទៅផុតពូជ នៃ​សត្វនិង​រុក្ខជាតិមួយចំនួន​បានទេ​។ លោក Paul Leadley សមាជិកម្នាក់នៃក្រុមការងារជំនាញនេះ បាន​លើកឡើងថា ពិភពលោកយើង កំពុងតែ​ស្ថិតនៅចំកណ្តាលវិបត្តិ​ប្រព័ន្ធជីវចម្រុះ ព្រោះសត្វនិងរុក្ខជាតិ ប្រមាណ​១លានពូជ កំពុងប្រឈមនឹងការផុតពូជសូន្យសុងតែម្តង។

ក្រុមអ្នកជំនាញបានចេញរបាយការណ៍មួយ នៅថ្ងៃពុធទី​១៩មករា ដោយ​បាន​សង្កត់ធ្ងន់ពីភាពចាំបាច់ ក្នុងការ​កែប្រែឲ្យ​បានស៊ីជំរៅ វាយ​ឲ្យចំគោលដៅ បំបាត់ឲ្យ​បាន​នូវ​ការគំរាមកំហែងទាំងឡាយ​ ទៅលើ​ស្ថិរភាព អាយុជីវិត នៃប្រព័ន្ធជីវចម្រុះ។ ពិភពលោកត្រូវតែរួមគ្នា ធ្វើការផ្លាស់​ប្តូរឲ្យ​បានភ្លាមៗ នូវទម្លាប់​អាក្រក់ទាំងឡាយ ដូចជាទម្លាប់ក្នុងការប្រើប្រាស់ដី ឬក៏សមុទ្រ ការ​រុករក ការប្រម៉ាញ់ ជ្រុលហួសប្រមាណ ការបំពុលបរិស្ថាន និង​ការ​បង្ហិនបង្ហោច​​ធនធានធម្មជាតិជាដើម ។ល។ មនុស្សលោក ត្រូវតែផ្លាស់ប្តូរទម្លាប់​រស់នៅ ទម្លាប់ប្រើប្រាស់ ដើម្បីកាត់​បន្ថយការការកើនឡើងកំដៅផែនដី ហើយរដ្ឋាភិបាល ត្រូវ​តែ​បោះបង់ចោលគម្រោងវិនិយោគទាំងអស់ ដែល​មានភាព​ចង្រៃ បំផ្លាញធម្មជាតិ។

របាយការណ៍ ក៏បាន​លើកឡើងផងដែរថា សកម្មភាពការងារទាំងអស់ ដើម្បីទ្រទ្រង់ប្រព័ន្ធជីវចម្រុះ គឺត្រូវតែធ្វើ​នៅក្នុង​ក្របខណ្ឌមូលដ្ឋាន បូកផ្សំជាមួយ​ក្របខណ្ឌអន្តរជាតិ ដោយ​ឆ្លងកាត់ការ​វាយ​តម្លៃ​ត្រួតពិនិត្យ​ ឲ្យ​បាន​ទៀងទាត់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ