អានតួអត្ថបទ
បរិស្ថាន-ធនធានធម្មជាតិ-ព្រៃឈើ

ទិវាពិភពលោក​ដើម្បី​បរិស្ថាន៖ មនុស្សជាតិ​ត្រូវតែ​​ការពារ និង​ស្រោចស្រង់​ព្រៃ​ត្រូពិក

ថ្ងៃទី ៥មិថុនា គឺជាទិវាពិភពលោកដើម្បីបរិស្ថាន។ កម្មវិធីអង្គការសហប្រជាជាតិ ដើម្បីបរិស្ថាន បានក្រើនរំលឹក ឲ្យ​ពិភពលោកទាំងមូល ចូលរួមអភិរក្ស និង​ស្រោចស្រង់ឡើងវិញ នូវប្រព័ន្ធបរិស្ថានធម្មជាតិ ដែលមនុស្សខ្លួនឯង បានបំផ្លាញកន្លងមក។ ការស្រោចស្រង់​ឡើង​វិញ ដែលអាចចាប់ផ្តើមធ្វើឡើង ជាមួយនឹង​ការអភិរក្សថែរក្សាព្រៃត្រូពិក ព្រោះវាមានសារៈសំខាន់មិនអាចកាត់ថ្លៃបាន សម្រាប់ជីវិត។

ផ្សែងភ្លើងដែលគេដុតព្រៃ នៅតំបន់ Altamira រដ្ឋ Para ប្រទេសប្រស៊ីល។ រូបថតថ្ងៃទី ១៨ សីហា ២០១៩
ផ្សែងភ្លើងដែលគេដុតព្រៃ នៅតំបន់ Altamira រដ្ឋ Para ប្រទេសប្រស៊ីល។ រូបថតថ្ងៃទី ១៨ សីហា ២០១៩ AP - Leo Correa
ផ្សាយពាណិជ្ជកម្ម

ព្រៃឈើនៅតំបន់ត្រូពិក កាន់តែហិនហោចសិករិចរិល​ ដោយសារតែការពង្រីកទំហំ​ដីកសិកម្ម ការ​កាប់បំផ្លាញយកឈើលក់ ព្រមទាំង​ការ​បរបាញ់ជាដើម។ សូម្បីតែតំបន់ស្ថិតក្នុង​ការការពារ ក៏បានរងនូវការខូចខាត ដោយសារស្នាដៃមនុស្សដែរ។ នេះគឺជាការលើកឡើង របស់លោក Pierre-Michel Forget សាស្ត្រាចារ្យផ្នែកធម្មជាតិនិងប្រព័ន្ធជីវចម្រុះតំបន់ត្រូពិក ប្រចាំនៅ​សារមន្ទីរប្រវត្តិធម្មជាតិ។

លោកសាស្ត្រាចារ្យ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ៥០%នៃព្រៃត្រូពិក ដែល​ស្ថិតនៅក្នុងការអភិរក្សការពារ គឺមានស្ថានភាព​អាក្រក់ជាខ្លាំង។ ព្រៃទាំងនោះ បានរងនូវការបំផ្លិចបំផ្លាញ គ្រប់រូបភាព ជាក់ស្តែងដូចជាការ​កាប់រាន ការបរបាញ់សត្វ ព្រមទាំង​ការ​សាងសង់ផ្លូវថ្នល់ឆ្លងកាត់ជាដើម។ ការ​ជីកកកាយ​យកធនធានរ៉ែ ក៏ជាកត្តាមួយធំដែរ ដែលបាន​កំទេចព្រៃធម្មជាតិ ស្ថិតក្នុងតំបន់អភិរក្ស។

តើត្រូវធ្វើយ៉ាងណា ដើម្បីស្រោចស្រង់ស្ថានការណ៍នេះ? យោងតាម​លោកសាស្ត្រាចារ្យ ការដាំដើមឈើឡើងវិញ គឺជាចំណុចចាប់ផ្តើមដ៏ល្អមួយ​តែវាមិនទាន់គ្រប់គ្រាន់ទេ។ គឺត្រូវ​តែការពារ​សត្វព្រៃគ្រប់ប្រភេទបន្ថែមទៀត។ សត្វទាំងអស់ រាប់ទាំងសត្វល្អិត បក្សាបក្សី សត្វចិញ្ចឹមកូនដោយទឹកដោះ គឺសុទ្ធតែមានតួនាទីចូលរួមចំណែក នៅក្នុងកង់ជីវិតរបស់​ព្រៃឈើ។ ដើម្បីដាំដើមឈើឡើងវិញបាន គឺគេត្រូវការ​គ្រាប់ពូជ។ គ្រាប់ពូជដើមឈើក្នុងព្រៃត្រូពិក គឺមានអាយុកាលខ្លីណាស់ ដោយមិនអាចឲ្យយ​ើងស្តុកទុកបានទេ។ ជាទូទៅ នៅក្នុងព្រៃត្រូពិក គឺសត្វដែលជាអ្នក​ពាំនាំ សាបព្រួសគ្រាប់ពូជឈើនានា ឲ្យដុះបន្តពូជទៅមុខទៀត។

ព្រៃឈើ មានសារៈសំខាន់ណាស់ ព្រោះវាជាអ្នកផលិតខ្យល់អុកស៊ីសែន ឲ្យ​មនុស្សដកដង្ហើម។ វាគឺជារឿងបន្ទាន់បំផុត ដែលត្រូវតែ​ស្រោចស្រង់ និងការពារប្រព័ន្ធជីវចម្រុះរបស់ព្រៃឈើ។ ព្រៃឈើមិនត្រឹមតែផលិតអុកស៊ីសែន ស្រូបយកឧស្ម័នកាបូនិកនោះទេ តែវាបានជួយកាត់បន្ថយ​សីតុណ្ហភាពរបស់ដី កុំ​ឲ្យ​ក្តៅ​ខ្លាំង។

លោកសាស្ត្រាចារ្យ បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ មនុស្សជាតិយើង កំពុងប្រឈមនឹងបញ្ហាបន្ទាន់៣ ។ ទីមួយគឺសីតុណ្ហភាពឡើងក្តៅ​លឿនរហ័សជ្រុល ដែលធ្វើឲ្យ​មនុស្សសត្វនិងរុក្ខជាតិ មិនអាចសម្របខ្លួនបានទាន់ពេលវេលា។ ទី២ គឺការរលាយហិនហោច នៃប្រព័ន្ធជីវចម្រុះ ជាក់ស្តែងរុក្ខជាតិ និងសត្វចំនួន​យ៉ាងហោច ១លានពូជ ដែលប្រឈមនឹងការវិនាសដាច់ពូជ។ ទី៣ចុងក្រោយ គឺមនុស្សយើង នៅតែបន្ត​បំពុលខ្យល់បរិយាកាសដែលខ្លួនដកដង្ហើម បំពុលដីដែលខ្លួនរស់នៅពីលើ និង​បំផុតទឹកដែលខ្លួន​បរិភោគ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ