អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងការទូត

ភូមាប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយអាស៊ានក្នុងការអនុវត្តគោលការណ៍ ៥ចំណុច

ភូមាបញ្ជាក់ជាថ្មីពីការប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយអាស៊ានក្នុងការអនុវត្តគោលការណ៍ ៥ចំណុចដោយផ្អែកលើធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋានរបស់អាស៊ាន។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសនៃរបបយោធាភូមា ប្រាប់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន កាលពីថ្ងៃទី៣០ ខែមិថុនា។ ប៉ុន្តែអ្នកជំនាញទំនាក់ទំនងអន្តរជាតិវិញ មើលឃើញពីវឌ្ឍនភាពតិចតួចប៉ុណ្ណោះ ចំពោះការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ន ៥ចំណុចដោយភាគីភូមា។

រដ្ឋមន្រ្តីការបរទេសយោធាភូមា និងរដ្ឋមន្រ្តីការបរទេសកម្ពុជា
រដ្ឋមន្រ្តីការបរទេសយោធាភូមា និងរដ្ឋមន្រ្តីការបរទេសកម្ពុជា © FB
ផ្សាយពាណិជ្ជកម្ម

លោក U Wunna Maung Lwin រដ្ឋមន្ត្រីការបរទេសនៃរបបយោធាភូមា​ កាលពីថ្ងៃទី៣០ ខែមិថុនា បានទទួលជួបលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន។ ក្នុងជំនួបនោះ រដ្ឋមន្ត្រីការបទេសភូមាបានរំលឹកឡើងវិញថា ភូមាប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយអាស៊ានក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ន ៥ចំណុច ដោយផ្អែកលើធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋានរបស់អាស៊ាន។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការនៃក្រសួងការបរទេសភូមា ដែលស្ថិតក្រោមការដឹកនាំដោយយោធាភូមា។

ក្រៅពីនេះ រដ្ឋមន្ត្រីការបរទេសនៃរបបយោធាភូមាក៏បានប្រាប់លោក ប្រាក់ សុខុន ទាក់ទងនឹងការការផ្តល់ជំនួយមនុស្សធម៌ ការបញ្ឈប់អំពើហិង្សា ការកំណត់យកឆ្នាំ២០២២ ជាឆ្នាំសន្តិភាព និងការវិវឌ្ឍថ្មីៗ នៃកិច្ចចរចាសន្តិភាពជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិច(EAOs) ជាអាទិភាពរបស់រដ្ឋាភិបាលភូមា។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ក្នុងនាមជាប្រេសិតពិសេសប្រធានអាស៊ានបានទៅបំពេញទស្សនកិច្ចជាលើកទី២ នៅប្រទេសភូមា ចាប់ពីថ្ងៃទី២៩ ខែមិថុនានេះ ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ដើម្បីជួយស្វែងរកដំណោះស្រាយជុំវិញជម្លោះនយោបាយ និងជួបជាមួយភាគីពាក់ព័ន្ធនានារបស់ភូមា។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ​ នៅថ្ងៃទី០១ ខែកក្កដា ថា បញ្ហាភូមានឹងមិនមានអ្វីប្រែប្រួលគួរឲ្យកត់សម្គាល់ទេ ទោះបីកម្ពុជាបានខិតខំប្រឹងប្រែងជួយក៏ដោយ។ លោកបន្តថា ការចេញដំណើររបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ចាប់ផ្តើមជាមួយដំណើរទស្សនៈកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ភូមា គឺជាកិច្ចខិតខំប្រឹងប្រែងកំពូលមួយ ប៉ុន្តែរហូតមកដល់ពេលនេះ សភាពការណ៍មិនមានការវិវឌ្ឍគួរឲ្យកត់សម្គាល់ទេ។

លោកបណ្ឌិត គិន ភា បានបន្តដាក់បន្ទុកលើមេដឹកនាំយោធាភូមា ដោយបញ្ជាក់ថាមេដឹកនាំរូបនេះ គ្មានសុច្ឆន្ទៈ និងការប្តេជ្ញាចិត្តសហការឲ្យបានទូលំទូលាយ ដើម្បីបញ្ចប់វិបត្តិនយោបាយនៅក្នុងប្រទេសនេះទេ។

សូមរំលឹកថា កាលពីថ្ងៃទី២១​ ដល់ថ្ងៃទី២៣ ខែមិនា ដើមឆ្នាំនេះ លោកប្រាក់ សុខុន ក្នុងនាមប្រេសិតពិសេសប្រធានអាស៊ាន បានបំពេញទស្សនកិច្ចជាលើកដំបូងនៅប្រទេសភូមា ដោយក្រោយបញ្ចប់ទស្សនកិច្ចនោះលោកបានវាយតម្លៃថាគ្រប់គូជម្លោះនយោបាយក្នុងប្រទេសនេះ មិនទាន់បានត្រៀមខ្លួនដើម្បីធ្វើការចរចានៅឡើយ។ ក៏ប៉ុន្តែប្រមុខការទូតកម្ពុជាបានរំពឹងថា ដំណើរទស្សនកិច្ចរបស់លោកនៅពេលនោះ ក៏បានជួយជំរុញមួយកម្រិតដែរក្នុងដំណើរការស្វែងរកសន្តិភាពនៅប្រទេសភូមា តែត្រូវចំណាយពេលច្រើនខែឆ្នាំទៀត ព្រោះជម្លោះសង្គ្រាមនៅភូមាមានភាពស្មុគស្មាញខ្លាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ