អានតួអត្ថបទ
វិបត្តិស្បៀងអាហារ

សហគមន៍​អន្តរជាតិ រួមគ្នា​អំពាវនាវ​ឲ្យ​ប្រយុទ្ធ​ប្រឆាំង នឹង​វិបត្តិ​អសន្តិសុខ​ស្បៀង​អាហារ

វិបត្តិអសន្តិសុខស្បៀងអាហារ កាន់តែចោទខ្លាំងឡើងនៅទូទាំងពិភពលោក បណ្តាលមកពីហេតុផល​ជាច្រើន គួបផ្សំគ្នា ក្នុងនោះ​គឺមានដូចជា ​វិបត្តិអាកាសធាតុ​ ព្រមទាំងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ជាដើម។ នៅក្នុងឱកាសមហាសន្និបាទនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារទី​២០កញ្ញា ក្រុមប្រទេសធំៗមួយចំនួន បានរួម​គ្នា​ប្រកាសអំពាវនាវ ថាត្រូវតែប្រយុទ្ធប្រឆាំងនឹងវិបត្តិ​អសន្តិសុខស្បៀងអាហារ តាមរយៈវិធានការបន្ទាន់មួយចំនួន ដើម្បីជួយ​ប្រទេសដែលប្រឈមខ្លាំង ដោយ​បញ្ហាខ្វះស្បៀងអាហារ។​

កុមារកំពុងតែបរិភោគចំណីអាហារ ដែលអង្គការមនុស្សធម៌បានចែកចាយនៅ Jaffarabad ខេត្ត​ Baluchistan ប្រទេសប៉ាគីស្ថានដែលរងគ្រោះដោយទឹកជំនន់។ ថ្ងៃទី ១៥ កញ្ញា ២០២២
កុមារកំពុងតែបរិភោគចំណីអាហារ ដែលអង្គការមនុស្សធម៌បានចែកចាយនៅ Jaffarabad ខេត្ត​ Baluchistan ប្រទេសប៉ាគីស្ថានដែលរងគ្រោះដោយទឹកជំនន់។ ថ្ងៃទី ១៥ កញ្ញា ២០២២ AP - Zahid Hussain
ផ្សាយពាណិជ្ជកម្ម

សហរដ្ឋអាមេរិក សហភាពអឺរ៉ុប សហព័ន្ធអាហ្វ្រិក កូឡុំប៊ី នីហ្សេរីយ៉ា និងឥណ្ឌូណេស៊ី បានចេញលិខិតប្រកាសរួមគ្នា ដោយ​សន្យាថានឹងធ្វើការកិច្ចការរួមគ្នា​ជាបន្ទាន់បំផុត ដើម្បីជួយដល់ប្រជាជនរាប់សិបលាននាក់ ដែលកំពុងត្រូវការស្បៀងអាហារ។ ក្រុមប្រទេសទាំងនេះ បាន​សន្យា បន្ថែមប្រាក់ជំនួយ​ដល់អង្គការមនុស្សធម៌ បង្កើនការផលិតជីកសិកម្ម និង​មិនដាក់ឧបសគ្គរាំងខ្ទប់ ដល់ការនាំចេញផលិត​ផល​កសិកម្ម។

លោក Pedro Sanchez នាយករដ្ឋមន្ត្រីអេស្ប៉ាញ បានលើកឡើងថា គ្មាន​សន្តិភាពទេ​ ប្រសិនបើមនុស្សគ្មានអ្វីបរិភោគ ហើយ​ការប្រយុទ្ធនឹងវិបត្តិ​គ្មានស្បៀងអាហារនេះ ក៏មិនអាចបានជោគជ័យដែរ​ ប្រសិនបើគ្មានសន្តិភាព​។ លោក​បានបន្ថែមថា ការពិតគឺលោកពូទីន ដែល​បានយកបញ្ហាវិបត្តិស្បៀងអាហារនេះ មកសង្កត់ក​ពិភពលោក។​ ដោយឡែក លោកអូឡាហ្វ ស្ហុលស៍ ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ បាន​សង្កត់ធ្ងន់ថា សហគមន៍អន្តរជាតិត្រូវតែគិតថា ការដោះស្រាយវិបត្តិអសន្តិសុខស្បៀងអាហារ គឺជារឿងអាសន្នបំផុត។

គួរកត់សំគាល់ថា ស្ថានភាព​អសន្តិសុខស្បៀងអាហារ កំពុងតែចោទឡើងខ្លាំង ដោយសារមូលហេតុជាច្រើនគួប​ផ្សំគ្នា។ វិបត្តិកូវីដ​១៩ ប្រមាណ​ជិត​៣ឆ្នាំមកនេះ បានរំខានដល់​បណ្តាញ​ចែកចាយ​នឹងដឹកជញ្ជូន។ វិបត្តិអាកាសធាតុ គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ បានបំផ្លាញផលដំណាំធ្វើឲ្យទិន្នផលធ្លាក់ចុះ។ សង្គ្រាម​នៅអ៊ុយក្រែន​ បានធ្វើឲ្យវិបត្តិនេះ​កាន់តែធ្ងន់ធ្ងរ ដោយសារតែ​អ៊ុយក្រែន គឺជា​អ្នកនាំចេញ​ទិន្នផល​គ្រាប់ធញ្ញជាតិដ៏សំខាន់​មួយ របស់ពិភពលោក មានដូចជាគ្រាប់ពោត ស្រូវសាឡី និង​គ្រាប់​ផ្កាឈូករត្នន៍។ ចំណែករុស្ស៊ីវិញ គឺជាអ្នកនាំចេញសារធាតុផ្សំ និង​​ជីកសិកម្ម ​ដ៏ធំជាងគេ។

កាលពីថ្ងៃអង្គារ​ នៅអង្គសន្និបាតអង្គការសហប្រជាជាតិ លោក​ម៉ាក្រុង បាន​អះអាងថា បារាំងកំពុងតែជួយ​​អ៊ុយក្រែន នាំចេញ​គ្រាប់ធញ្ញជាតិ​ ទៅកាន់ប្រទេស​សូម៉ាលី ប្រទេសដែលស្ថិតនៅមាត់ជ្រោះ​គ្រោះទុរ្ភឹក្ស។​ ចំណែកលោក ​ប្រមុខការបរទេសអាមេរិក បានអះអាងថា កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ ដែល​រុស្ស៊ី និងអ៊ុយក្រែន បានស្រុះស្រួលគ្នាកាលពីខែ​កក្កដា គឺវាមានសារៈសំខាន់ណាស់ ព្រោះវាបានជួយ​រំដោះ​ទិន្នផលស្បៀងរបស់អ៊ុយក្រែន នាំចេញ​ទៅ​កាន់ប្រទេសក្រីក្រ ហើយសំដីរបស់​លោកពូទីន ដែល​ថាគ្រាប់ធញ្ញជាតិអ៊ុយក្រែន ត្រូវគេបង្វែរយកទៅប្រទេសអ្នកមាននោះ គឺជាការនិយាយភូតកុហកទាំងស្រុង។

គួរបញ្ជាក់ដែរថា យោងតាមអង្គការ ​Conflict Observatory ទំហំស្តុកគ្រាប់ធញ្ញជាតិ​របស់អ៊ុយក្រែន ចំនួន​យ៉ាងហោច​១៥% ត្រូវបានបំផ្លាញ ឬបាត់បង់ គិតចាប់ពីពេលផ្ទុះសង្គ្រាមមក។ លោក Alvaro Lario ប្រធាន​មូលនិធិអន្តរជាតិដើម្បី​ការអភិវឌ្ឍន៍​កសិកម្ម បានថ្លែងការបារម្ភថា បញ្ហាខ្វះជីកសិកម្មគឺជារឿងធំ ហើយនៅឆ្នាំក្រោយ វិបត្តិខ្វះស្បៀង​នឹងកាន់តែធ្ងន់ធ្ងរ ព្រោះទិន្នផលកសិកម្មអ៊ុយក្រែន កាន់តែធ្លាក់ចុះ។ នៅក្នុងរបាយការណ៍អង្គការសហប្រជាជាតិ​កាលពីខែកក្កដា ក្នុងឆ្នាំ​២០២១មនុស្សចន្លោះពី​៧០២ ទៅ ៨២៨លាននាក់ ​បានជួបបញ្ហាខ្វះស្បៀងអាហារ​។ លោកអង់តូនីញ៉ូ ហ្គូតទែរស៍ បាន​សង្កត់ធ្ងន់ថា ​ប្រសិនបើទីផ្សារជីកសិកម្ម នៅតែ​គ្មានស្ថិរភាពក្នុងឆ្នាំ​២០២២នេះ នោះឆ្នាំ​២០២៣ មនុស្សនឹងគ្មានអ្វីបរិភោគឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ